​ភ្នំពេញៈ ​បណ្ដាញ​ផ្លូវ​សត្វ​ស្លាប​អាស៊ាន ​(ASEAN Flyway Network) បាន​បើក​កិច្ចប្រជុំ​លើក​ទី២ ​ស្ដី​ពី​ការ​អភិ​រក្ស​ដី​សើម ​និង​ការ​ផ្លាស់​ទី​របស់​សត្វ​ស្លាប​លើ​ទឹក​ ដើម្បី​ចែក​អំពី​ព័ត៌​មាន​ និង​សកម្មភាព​ដ៏​ល្អ​ប្រ​សើរ ដែល​អាច​មាន​សារៈ​សំខាន់​សម្រាប់​ដាក់​បញ្ចូល​ឱ្យ​អនុវត្ត​ដំណាក់​កាល​ទី២ ​របស់​គម្រោង​ស្ដី​ពី​ការ​លើក​កម្ពស់​ការ​អភិរក្ស​ជីវ​ចម្រុះ​នៅ​តំបន់​ដី​សើម​ និង​ការ​ផ្លាស់​ទី​របស់​សត្វស្លាបនៅ​លើ​ទឹក។​ យោង​តាម​សេចក្ដី​ប្រ​កាស​ព័ត៌​មាន​របស់​បណ្ដាញ​ផ្លូវ​សត្វ​ស្លាប​អាស៊ាន​ ដែល​ភ្នំ​ពេញ​ប៉ុស្តិ៍​ទទួល​បាន​ថ្មីៗ​នេះ។

សេច​ក្ដី​ប្រ​កាស​ព័ត៌​មាន​នេះ​បាន​ឲ្យ​ដឹង​ថា​ កិច្ច​ប្រជុំ​លើកទី២​ នេះ​ ដែល​មាន​អ្នក​តំណាង​មក​ពី​ប្រទេស​ កម្ពុជា​ ​ឥណ្ឌូ​នេ​ស៊ី ​ឡាវ​ ​ម៉ាឡេស៊ី ​មី​​យ៉ាន់​ម៉ា​ ហ្វី​លី​ពីន​ វៀត​ណាម​ និង​ប្រទេស ​ថៃ​ គឺ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ១៣​ ដល់​ថ្ងៃ​ទី​ ១៥​ ឧសភា​កន្លង​ទៅ​នេះ​ នៅ​ក្នុង​ទីក្រុង​ ​Kuching​ រ​ដ្ឋ​ Sarawak​ ប្រទេស ​ម៉ាឡេ​ស៊ី ​បាន​​ពិភា​ក្សា​គ្នា​អំពី​ការ​ចុះ​សិក្សា​ និង​ការ​ធ្វើ​សកម្ម​ភាព​ផ្សេងៗ​ ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ដំណាក់​កាល​ទី១ ​នៃ​គម្រោង​ ​និង​បាន​ពិភាក្សា​គ្នា​ស្វែង​រក​អនុ​សាសន៍​បន្ថែម​ ​ស្ដី​ពី​ការ​ពង្រឹង​សមត្ថ​ភាព​ក្នុង​ការ​គ្រប់​គ្រង​ដី​សើម​ និង​ការ​ផ្លាស់​ទី​របស់​សត្វ​ស្លាប​នៅ​លើ​ទឹក​ ​និង​ស្ដីពី​ការ​លើក​កម្ពស់​ ​ការ​ទំនាក់​ទំនង​ កា​រ​អប់​រំ កា​រ​យល់​ដឹង​របស់​ម​ហា​ជន​ ​ពាក់​ព័ន្ធ​គុណ​តម្លៃ​នៃការ​ផ្លាស់​ទី​ ​និង​ជម្រក​រប​ស់​​សត្វ​ស្លាប​លើទឹក​ សម្រាប់​ការ​អនុវត្ត​ក្នុង​ដំណាក់​កាល​ទី២។​

​សេច​ក្ដី​ប្រ​កាស​ព័ត៌​មាន​ដដែល​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ​គម្រោង​លើក​កម្ពស់​ការ​អភិ​រក្ស​ការ​ផ្លាស់​ទី​សត្វ​ស្លាប​លើ​ទឹក​និង​ដី​សើម​នៅ​ក្នុង​តំបន់​អាស៊ាន​ គឺ​ជា​គំនិត​ផ្ដួច​ផ្ដើម​មួយ​គាំទ្រ​ដោយ​មូលនិ​ធិ​​រួម​គ្នា​ជប៉ុន-អា​ស៊ាន (JAIF) ​និង​មជ្ឈ​មណ្ឌល​អាស៊ាន​សម្រាប់​ជីវ​ចម្រុះ​ដែល​ដឹក​នាំ​ដោយ​ប្រទេស ​សិង្ហ​បុរី​។​

កម្ពុ​ជាមាន​ដី​សើម​ប្រមា​ណ​ ៥ លាន​ហិកតា ដែល​ស្មើនឹង ២៨ ​ទៅ ៣៣% នៃ​ផ្ទៃដី​សរុប ហើយ​ដល់ពេលនេះ រដ្ឋាភិ​បា​ល​​​បាន​បង្កើតឱ្យមាន​តំបន់​រ៉ា​ម​សារ​បាន​ចំនួន ៥ កន្លែង ដែលមាន​ផ្ទៃក្រឡា​សរុប​ចំនួន​ ៨៥.​២៣​៥ ហិកតា ស្ថិតនៅ​តំបន់​ទន្លេ​មេ​គង្គ​​ខេត្តស្ទឹងត្រែង កោះ​កាពិ​​ ខេត្ត​កោះកុង បឹង​ទន្លេសាប​ក្នុង​ខេត្ត​បាត់ដំបង និង​បឹង​ទន្លេ​ឆ្មារ​ និង​ស្ទឹងសែន​នៅក្នុង​ខេត្តកំពង់ធំ។ នេះ​បើតាម​របាយការណ៍​រ​ស់​ក្រសួ​ងបរិស្ថាន។

លោក នេ​ត ភក្ដ្រា មន្ត្រី​នាំ​ពាក្យ​ក្រសួងបរិស្ថាន​បាន​បញ្ជាក់ថា ក្រសួង​បានរៀបចំ​ផែនការ​ជា​បន្ត​បន្តា​ប់​ដើម្បី​ការពារ​ដី​សើម​ទាំង​នេះ។

លោក​ថា៖ «ក្រសួងបរិស្ថាន​បាន​និង​កំពុង​រៀបចំ និង​អនុវត្ត​ផែនការ​គ្រប់គ្រង រួមទាំង​ផែន​ការ​ប្រចាំឆ្នាំ​សម្រាប់​គ្រប់​គ្រង​តំបន់ដីសើម​ទាំង​នោះ ដែល​ផ្ដោត​​សំខាន់​លើ​ការ​បោះ​បង្គោ​ល​​ព្រំប្រទល់ ការចូលរួម​គ្រប់គ្រង​របស់​សហគមន៍​ និង​លើកស្ទួយ​ជីវភាព​រស់នៅ ការអភិវឌ្ឍ​អេកូ​ទេសចរណ៍ ការអប់រំ​ផ្សព្វផ្សាយ សិក្សា​ស្រាវជ្រាវ និង​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់»។

​លោក​ ​ប៊ូ ​វរ​សក្ស ​នាយក​កម្មវិធី​នៃ​អង្គ​ការ​ជីវិត​សត្វ​ស្លាប​អន្តរ​ជាតិ ​(Birdlife)​ ប្រចាំ​ប្រទេស​កម្ពុជា​បាន​លើក​ឡើង​ដែរ​ថា​ ​តំបន់​រ៉ា​ម​សារ​ គឺ​ជា​តំបន់​ដី​សើម​ដែល​អន្តរ​ជាតិ​ទទួល​ស្គាល់​ថា​មាន​សារៈសំខាន់​ជា​លក្ខណៈ​អន្តរជាតិ​ ដោយ​សារ​តំបន់​ទាំង​នេះ​កំពុង​មាន​សត្វ​ស្លាប​ដែល​រង​ការ​ផុត​ពូជ​កំពុង​រស់​នៅ​ និង​តម្រូវ​ឱ្យ​មាន​ការ​អភិរក្ស។​

ប៉ុន្តែ​លោក​ថា ​តំបន់​អភិរក្ស​ទាំង​នេះ ​កំពុង​ត្រូវ​រង​ការ​គំរាម​កំហែង​ជា​បន្តបន្ទាប់​ ​ដោយ​សារ​ការ​ទន្ទ្រាន​យក​ដី​ ការ​ប្រើប្រាស់​ជី​ក្នុង​វិស័យ​កសិកម្ម​ធ្វើ​ឱ្យ​ប៉ះពាល់​ប្រព័ន្ធ​អេកូ​ឡូស៊ី ​ការ​បរ​បាញ់​និង​នេសាទ​ខុស​ច្បាប់ ​និង​ការ​ប្រែប្រួល​អាកាស​ធាតុ។​

លោក​​ថា​៖ «​ពាក់​ព័ន្ធ​នឹង​ការ​កាត់​បន្ថយ​ការ​ទន្ទ្រាន​យក​ដី​ហ្នឹង​ ​យើង​ (អង្គការ​សង្គមស៊ីវិល​ និង​ក្រសួង​បរិ​ស្ថាន​) កំពុង​សហ​ការ​គ្នា ​ដើម្បី​ធ្វើ​តំបន់​គ្រប់​គ្រង ​តំបន់​ណា​ត្រូវ​ទុក​ឱ្យ​ប្រជា​ជន​ប្រើប្រាស់ ​តំបន់​​ណា​​ដែល​គួរ​តែ​ទុក​ដើម្បី​អភិ​រក្ស​ ​ហើយ​យើង​មាន​សកម្ម​ភាព ​អប់រំ​ផ្សព្វ​ផ្សាយ ​និ​ង​សំខាន់​បំផុត​ គឺ​យើង​មាន​​សកម្ម​ភាព​លើក​កម្ពស់​ជីវភាព​សហ​គម​ន៍​តាម​រយៈ​ជួយ​លើ​វិស័យ​កសិកម្ម​របស់​ពួក​គាត់​ ​ក៏​ដូច​ជា​ជួយ​គាត់​បង្កើត​ជា​សហ​គមន៍​នេសាទ​ជាដើម»។​

​​លោក​ ​ប៊ូ វរ​សក្ស ​ថ្លែង​ថា​រដ្ឋាភិ​បាល​កំពុង​សិក្សា​ដើម្បី​បង្កើត​តំបន់​រ៉ា​ម​សារ​ថែម​ទៀត​ ព្រោះ​ការ​ការពារ​​ដី​សើម​ ​គឺ​ជា​សារ:សំខាន់​សម្រាប់​ប្រើប្រាស់​ធ្វើជា​តំបន់​ទេស​ចរណ៍ ​និង​ជា​ពិសេស​គឺ​ជួយ​ការពារ​ធនធាន​ត្រី​ឱ្យ​មាន​និរន្ត​រ​ភាព​អាច​ប្រើប្រាស់​បាន​យូរអង្វែង។​

​សេច​ក្ដី​ប្រ​កាស​ព័ត៌​មាន​នេះ​បាន​ឲ្យ​ដឹង​ដែរ​ថា​ តំបន់​ដី​សើម​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ​គឺ​ជា​ផ្នែក​ដ៏​សំខាន់​សម្រាប់​បរិស្ថាន​ធម្ម​ជាតិ​ ​ដោយ​សារ​វា​ជួយ​ការពារ​ការ​បាក់​ច្រាំង ​ទប់​ស្កាត់​ទឹក​ជំនន់ ​ស្រូប​ជាតិ​ពុល លើក​កម្ពស់​គុណភាព​ទឹក​ ​ហើយ​បាន​ផ្ដល់​ជាទី​តាំង​សម្រាប់​ធ្វើ​ជម្រក​​របស់​សត្វ​ស្លាប ​សត្វ​គ្រប់​ប្រភេទ​ ព្រៃ​ឈើ និង​ជាទី​តាំង​សម្បូរ​ជីវ​ចម្រុះ​រស់នៅ។​

​សម្រាប់​សត្វ​ស្លាប​ ដី​សើម​គឺ​ជា​ប្រភព​ទឹក​សម្រាប់​ផឹក​ ហើយ​ត្រូវ​បាន​ប្រើប្រាស់​ទីតាំង​ធ្វើ​ជម្រក​ ​បង្កាត់​ពូជ ​ធ្វើ​សម្បុក​ ​ការ​ប្រាស្រ័យ​ទាក់​ទង​រវាង​បក្សី​ឈ្មោល​ញី ​និង​ទីតាំង​សម្រាប់​សត្វ​បក្សី​ចិញ្ចឹម​កូន៕​