The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អាស៊ាន ​កំពុង​ពិចារណា​ការជំរុញ​ឲ្យ​មាន​ការធ្វើ​ដំណើរ




អាស៊ាន ​កំពុង​ពិចារណា​ការជំរុញ​ឲ្យ​មាន​ការធ្វើ​ដំណើរ

Content image - Phnom Penh Post
ភ្ញៀវ​ទេសចរ​ចូលមកទស្សនាប្រាសទបាយ័ននៅខេត្តសៀមរាប នាពេលកន្លងមក។ ហុង មិនា

អាស៊ាន ​កំពុង​ពិចារណា​ការជំរុញ​ឲ្យ​មាន​ការធ្វើ​ដំណើរ

ភ្នំពេញៈ ក្រសួង​ទេសចរណ៍​កម្ពុជា​ឲ្យ​ដឹងថា អាស៊ាន​កំពុង​ពិចារណា​លើ​ការជំរុញ​ឲ្យ​មាន​ការធ្វើ​ដំណើរ​ក្នុង​តំបន់​ឡើងវិញ ខណៈ​ដែល​វិបត្តិ​នៃ​ការរាតត្បាត​ជំងឺ​កូវីដ ១៩ បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ភ្នាក់ងារ​ទេសចរណ៍​នៅ​កម្ពុជា ហើយ​ភ្ញៀវទេសចរ​បាន​ធ្លាក់ចុះ​រហូត​ដល់​ប្រមាណ​ ៩០ ​ភាគរយ​។

កាលពី​ថ្ងៃទី​ ១៩ ខែមិថុនា ឆ្នាំ​ ២០២០ បណ្តា​ប្រទេស​អាស៊ាន​បើក​កិច្ចប្រជុំ​រួមគ្នា​ក្នុង​ក្របខ័ណ្ឌ​សហព័ន្ធ​សមាគម​ការធ្វើដំណើរ​អាស៊ី (FATA) តាមរយៈ​ប្រព័ន្ធ Video Conference ដើម្បី​ពិភាក្សា​លើ​ការបើក​ព្រំដែន​ឡើងវិញ សម្រាប់​ទេសចរណ៍​ក្នុង​តំបន់​អាស៊ាន​។

តាម​ទំព័រ​ហ្វេសប៊ុក​ក្រសួង​ទេសចរណ៍​ឲ្យ​ដឹង​ពីថ្ងៃ​ទី​ ២០ មិថុនា​ ថា កិច្ចពិភាក្សា​នេះ ក៏​លើកឡើង​ពី​គោលនយោបាយ​ក្នុង​ការជំរុញ​ការធ្វើ​ដំណើរ​របស់​ទេសចរ​ក្នុង​ស្រុក​រវាង​ប្រទេស​អាស៊ាន ក៏ដូចជា​ការលើក​ទឹកចិត្ត និង​ផែនការ​ជំរុញ​ការផ្សព្វផ្សាយ​ដើម្បី​ឲ្យ​មានការ​ធ្វើដំណើរ​ក្នុង​អាស៊ាន​ផងដែរ​។

លោក ថោង រដ្ឋសក្តិ អគ្គនាយក​អភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ក្រសួង​ទេសចរណ៍​ដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​កាលពី​ថ្ងៃអាទិត្យ​ថា តំណាង​ប្រទេស​នីមួយៗ​បាន​លើកឡើង​អំពី​គោលនយោបាយ និង​វិធានការ​ពិសេស​មួយចំនួន​របស់​ប្រទេស​រៀងៗ​ខ្លួន ប៉ុន្តែ​ចំពោះ​ដំណើរ​នៃ​ការបើក​ព្រំដែន​ឡើងវិញ​នៅ​មិនទាន់​មាន​ភាពច្បាស់លាស់​នៅឡើយ​ទេ​។ «​ប្រទេស​អាស៊ាន​ទាំងអស់​គាត់​គ្រាន់តែ​ថា ឲ្យ​មាន​ផែនការ​របៀបវារៈ​ជាមុនសិន​ក្នុង​ការធ្វើ​ដំណើរ​ក្នុង​តំបន់​នេះ គ្រាន់តែ​ថា ការបើក​ព្រំដែន ឬ​លម្ហ​នៃ​ជើង​អាកាស​នៅ​មិនទាន់​មាន​ប្រទេស​ណាមួយ​ជាក់លាក់​បាន​ប្រកាស​នៅ​ថ្ងៃ​ណា​នៅឡើយ​ទេ​»​។

លោក រដ្ឋសក្តិ បាន​បញ្ជាក់ថា កម្ពុជា​ពុំដែល​បិទ​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​ឡើយ ហើយ​ក៏​មិនដែល​ហាមឃាត់​ភ្ញៀវ​ទេសចរ​មិន​ឲ្យ​ចូល​មក​កម្ពុជា​នោះ​​ដែរ​។ ប៉ុន្តែ​លោក​បញ្ជាក់ថា កម្ពុជា​គ្រាន់តែ​តម្រូវ​ឲ្យ​ភ្ញៀវទេសចរ​អន្តរជាតិ ដែល​មក​កម្ពុជា​ត្រូវ​មាន​លិខិតធានា​រ៉ាប់រង​សុខភាព​យ៉ាងតិច ៥ ​ម៉ឺន​ដុល្លារ និង​តម្កល់​ប្រាក់​ចំនួន​ ៣ ​ពាន់​ដុល្លារ​សម្រាប់​សេវាកម្ម​ផ្សេងៗ​ពាក់ព័ន្ធ​កូវីដ​១៩ អម​ជាមួយ​លិខិត​បញ្ជាក់​អវិជ្ជមាន COVID-19 ពី​សំណាក់​អាជ្ញាធរ​សុខាភិបាល​របស់​ប្រទេស​នៃ​​ភ្ញៀវទេសចរ​រូបនោះ​ដែល​មាន​សុពលភាព​ ៧២ ​ម៉ោង តែប៉ុណ្ណោះ​។

បើ​តាម​លោក រដ្ឋសក្តិ ចាប់ពី​ខែមករា​ដល់​ខែ​មីនា ឆ្នាំ ២០២០ ភ្ញៀវទេសចរ​អន្តរជាតិ​ចូល​កម្ពុជា​មាន​ចំនួន​ ១,១៦ ​លាន​នាក់ ហើយ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៩ មាន​ការថយចុះ ៣៨ ភាគរយ ខណៈ​ក្នុង​អំឡុងពេល​ត្រីមាស​ទី ២ ​នេះ​ចំនួន​ភ្ញៀវទេសចរ​មាន​ការធ្លាក់ចុះ​ខ្លាំង​ដល់​ទៅ​ ៩០ %​។

លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍ (CATA) ក៏បាន​លើកឡើង​អំពី​ស្ថានភាព​ទីភ្នាក់ងារ​ទេសចរណ៍​នៅ​កម្ពុជា​ផងដែរ​ថា ៩៥ ​ភាគរយ​នៃប្រតិបត្តិករ​ទេសចរណ៍​បាន​ផ្អាក​អាជីវកម្ម ស្រប​ពេល​ដែល​ជំងឺ​កូវីដ ១៩ បន្ត​រាតត្បាត​។ លោកស្រី​ថា ចំណែក​ប្រតិបត្តិករ​ទេសចរណ៍ ៥% ​ទៀត​នៅ​កម្ពុជា​កំពុង​ខិតខំ​បង្កើត​សកម្មភាព ផលិតផល​ថ្មី ដើម្បី​ទាក់ទាញ​ទេសចរ​ក្នុងស្រុក​ក្នុង​នោះ​ទេសចរ​វ័យ​ជំទង់​កំពុង​ពេញនិយម​ក្នុង​ការឡើង​ភ្នំ និង​បោះតង់​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍