ភ្នំពេញៈ រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ និង​ចិន​ នឹង​បង្កើន​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ដើម្បី​ប្រឆាំងនឹង​ជំងឺឆ្លង COVID-19 តាមរយៈ​ការចែករំលែក​ព័ត៌មាន និង​ឧត្តម្មានុវត្ត​ឱ្យបាន​ទាន់ពេលវេលា​ និង​បាន​ប្តេជ្ញា​ធ្វើការ​រួមគ្នា ដើម្បី​លើកកម្ពស់​សមត្ថភាព​ក្នុង​ការទប់ស្កាត់ និង​គ្រប់គ្រង​ជំងឺឆ្លង​នៅក្នុង​តំបន់​ និង​ពិភពលោក​។

កិច្ចប្រជុំ​ពិសេស​នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន កិច្ចប្រជុំ​ពិសេស​នៃ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន-ចិន​ស្តីពី​ជំងឺឆ្លង​ផ្លូវដង្ហើម​កូរ៉ូណា​ (COVID-19) ​និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​មេគង្គ-ឡានឆាង​លើក​ទី​ ៥ ​បាន​ធ្វើឡើង​រយៈពេល​ ២ ​ថ្ងៃ​ចាប់ពី​ថ្ងៃទី ១៩ ដល់​ថ្ងៃទី ២០ ​ខែ​ កុម្ភៈ​ ឆ្នាំ​ ២០២០ ​នៅ​ទីក្រុង​វៀងចន្ទន៍​ប្រទេស​ ឡាវ​។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា​ដែល​ចេញ​នៅ​ថ្ងៃទី​ ២៣ ខែ​កុម្ភៈ​បាន​ឲ្យ​ដឹងថា ក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំ​ពិសេស​នៃ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន-ចិន​ស្តីពី​ករណី​ជំងឺឆ្លង COVID-19 ក្រោម​ការដឹកនាំ​ដោយ​សហប្រធាន​ដែល​មាន​រដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន​ជា​ប្រទេស​សម្របសម្រួល ដៃគូ​សន្ទនា​អាស៊ាន-ចិន និង​រដ្ឋមន្ត្រី​ការបរទេស​ចិន រដ្ឋមន្ត្រី​ការបរទេស អាស៊ាន​បាន​សម្តែង​នូវ​ទំនុកចិត្ត​យ៉ាង​ពេញទំហឹង​ចំពោះ​រដ្ឋាភិបាល​ និង​ប្រជាជន​ចិន​ដែល​នឹង​អាច​ជម្នះ​លើ​ជំងឺឆ្លង COVID-19​។

ជា​កិច្ច​ឆ្លើយតប​លោក​សហប្រធាន​លោក​ វ៉ាង យី ដែលជា​រដ្ឋមន្ត្រី​ការបរទេស​ចិន បាន​ថ្លែង​អំណរគុណ​ដល់​ប្រទេស​សមាជិក​អាស៊ាន​ចំពោះ​សមានចិត្ត​គាំទ្រ​ និង​ជំនួយ​របស់​អាស៊ាន​។ រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ និង​ចិន​បាន​កត់សម្គាល់​ដោយ​ការពេញចិត្ត​ចំពោះ​ការឆ្លើយតប​រួម​ជាបន្ទាន់ និង​សាមគ្គីភាព​ជា​ប្រពៃណី​ក៏ដូចជា​ការជួយជ្រោមជ្រែង​គ្នា​ទៅវិញ​ទៅមក​ក្នុង​គ្រា​លំបាក​ ជាពិសេស​ការចាត់វិធានការ​ដ៏ម៉ឺងម៉ាត់​ដើម្បី​ដោះស្រាយ​ជំងឺឆ្លង COVID-19 តាមរយៈ​ការចែករំលែក​ព័ត៌មាន​យ៉ាង​ឆាប់រហ័ស​ និង​កិច្ចខិតខំ​ប្រឹងប្រែង​ចាំបាច់​នានា​ក្នុង​ការទប់ស្កាត់​នូវ​ការរីករាលដាល​ជំងឺ និង​ការការពារ​សន្តិសុខ​សុខភាព​សាធារណៈ​ក្នុង​តំបន់ និង​ពិភពលោក​។

សេចក្ដី​ប្រកាស​បញ្ជាក់​ថា​៖ «​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន និង​ចិន​ក៏​បាន​ពិភាក្សា​អំពី​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ និង​វិធានការ​សម្របសម្រួល​រវាង​អាស៊ាន និង​ចិន​មាន​ជាអាទិ៍​៖- ​បង្កើន​កិច្ចសហប្រតិបត្តិការ​រួមគ្នា​ប្រឆាំង​នឹង​ជំងឺឆ្លង COVID-19 តាមរយៈ​ការចែករំលែក​ព័ត៌មាន និង​ឧត្តម្មានុវត្ត​ឱ្យបាន​ទាន់​ពេលវេលា​។ ​ជំរុញ​ឱ្យ​មាន​កិច្ចសន្ទនា​គោលនយោបាយ និង​ការផ្លាស់ប្តូរ​ព័ត៌មាន​វិវត្ត​ចុងក្រោយ​អំពី​ជំងឺឆ្លង COVID-19 ដែល​រួមមាន ការត្រួតពិនិត្យ និង​ការព្យាបាល​។ ធ្វើការ​រួមគ្នា​ដើម្បី​លើកកម្ពស់​សមត្ថភាព​ក្នុង​ការទប់ស្កាត់ និង​គ្រប់គ្រង​ជំងឺឆ្លង​នឹង​ជា​ការរើប​ឡើងវិញ​នូវ​ជំងឺឆ្លង រួមមាន​ករណី COVID-19 ជាដើម​»​។

ក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំ​ខាងលើ​នេះ​លោក​រដ្ឋមន្ត្រី ប្រាក់ សុខុន ​ថ្លែង​ថា ប្រទេស​កម្ពុជា​ប្តេជ្ញាចិត្ត​បន្ត​ជួយ និង​សហការ​យ៉ាង​ក្លៀវក្លា​ជាមួយ​រដ្ឋាភិបាល និង​ប្រជាជន​ចិន​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ COVID-19 និង​ដោយមាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាស៊ាន និង​បន្ត​ជំរុញ​ការសម្របសម្រួល និង​សហការ​ជាមួយ​ចិន​ក្នុង​ការទប់ស្កាត់​ និង​លុបបំបាត់​ទាំងស្រុង​ជំងឺ​ឆ្លង​ COVID-19​។

រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​បាន​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការរួបរួម​គ្នា​ជា​ធ្លុង​មួយ និង​មាន​ការឆ្លើយតប​ខ្ពស់​របស់​អាស៊ាន​ក្នុង​ការដោះស្រាយ​បញ្ហា ជំងឺឆ្លង COVID-19 និង​បាន​សង្កត់ធ្ងន់​ពី​ការប្តេជ្ញាចិត្ត​របស់​ប្រទេស​សមាជិក​អាស៊ាន​ក្នុង​ការទប់ស្កាត់​នូវ​ផលប៉ះពាល់​ដែល​បណ្តាល​មកពី​ជំងឺឆ្លង​នេះ ទៅលើ​ដំណើរ​ការកសាង សហគមន៍ អាស៊ាន ក៏ដូចជា​ដំណើរការ​ជា​ប្រក្រតី​របស់​អាស៊ាន​។

ទន្ទឹម​ជាមួយ​គ្នា​នេះ​ដែរ​នៅ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស មេគង្គ-ឡានឆាង​លើក​ទី​ ៥ ដែលមាន​លោក​ សាលើមសៃ គុំម៉ាស៊ីត​រដ្ឋមន្ត្រី​ការបរទេស​ឡាវ ​និង​លោក ​វ៉ាង ​យី ​ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ការបរទេស​ចិន​ជា​សហប្រធាន​ និង​មានការ​ចូលរួម​ពី​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ ​មីយ៉ាន់ម៉ា​ ថៃ​ និង​វៀតណាម​បាន​សម្តែង​ការកោតសរសើរ​ចំពោះ​វឌ្ឍនភាព​នៃ​ការអនុវត្ត​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​មេគង្គ​ឡានឆាង​លើក​ទី​ ២ និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​មេគង្គ-ឡានឆាង​លើក​ទី​ ៤ ​ព្រមទាំង​ការអនុវត្ត​ផែនការ​សកម្មភាព​ ៥ ​ឆ្នាំ​ មេគង្គ-ឡានឆាង ​(២០១៨-២០២២)​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្តថា​៖ «​រដ្ឋមន្ត្រី​បាន​ឯកភាព​គ្នា​ក្នុង​ការជំរុញ​កិច្ចសន្ទនា​ក្នុងចំណោម​គណបក្ស​នយោបាយ ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​វប្បធម៌​ និង​ប្រជាជន​ព្រមទាំង​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ដោះស្រាយ​បញ្ហា​សន្តិសុខ​មិនមែន​ប្រពៃណី​ដែល​រួមមាន​ភេរវកម្ម​ បទឧក្រិដ្ឋ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​គ្រោះធម្មជាតិ​ ជំងឺឆ្លង ​ការជួញដូរ​មនុស្ស​ និង​គ្រឿងញៀន​ខុសច្បាប់​ និង​ការរត់ពន្ធ​ និង​ការ​ជួញដូរ​សព្វាវុធ​»​។

លោក គិន ភា ​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ថ្លែងថា កិច្ចប្រជុំ​រវាង​រដ្ឋមន្ត្រី​ការបរទេស អាស៊ាន និង​ចិន​បាន​ទទួល​ផ្លែផ្កា​ល្អ ដោយសារ​តែ​ភាគី​ទាំងអស់​បាន​ប្តេជ្ញា​រួមគ្នា​ក្នុង​ការទប់ស្កាត់​ និង​ដោះស្រាយ​ការរីក​រាលដាល​នៃ​ COVID-19 ហើយ​ថា តាមរយៈ​យន្តការ​ថ្មី​នេះ នឹង​ធ្វើឲ្យ​ប្រសើ​ឡើង​នូវ​វិស័យសេដ្ឋកិច្ច​ និង​ទេសចរណ៍ ខណៈ​ដែល​ខ្សែចង្វាក់​ផលិតកម្ម​បាន​ទទួល​រងនូវ​ផលប៉ះពាល់​នៃ​ការរីករាលដាល​នៃ​ជំងឺ​នេះ​។

លោក​បញ្ជាក់​ថា​៖ «​ប្រទេស​ទាំងអស់​នឹង​មាន​វិធានការ​ជាក់លាក់​បន្ថែមទៀត ហើយ​និង​ការផ្លាស់ប្តូរ​ព័ត៌មាន​គ្នា​ក្នុង​ការជួយ​គ្នា​ទៅវិញ​ទៅមក​ក្នុង​ការទប់ស្កាត់​ការរីករាលដាល​ជំងឺ​ដែល​ជា​កង្វល់​រួម​កម្រិត​តំបន់​ និង​ពិភពលោក​។ ចំណុច​នេះ​គឺជា​អាទិភាព​ដែល​ត្រូវការ​ដោះស្រាយ​បន្ទាន់​ពីព្រោះ​វា​មាន​ការគំរាមកំហែង​ពិភពលោក ហើយ​ទំហំ​នៃ​ការប៉ះពាល់​របស់​វា​មាន​ទាំង​វិស័យ​សេដ្ឋកិច្ច​ និង​ទេសចរណ៍​ហើយ​ខ្សែ ចង្វាក់ ផលិតកម្ម​មួយចំនួន​ក៏​ត្រូវ​បាន​រំខាន​ដោយ​បញ្ហា​នេះ​»៕