
ភ្នំពេញៈ បន្ទាប់ពីមានករណីស្លាប់ដោយសារគ្រុនផ្តាសាយបក្សី ចំនួនបួនករណីកាលពីខែមុន អាជ្ញាធរមានសមត្ថកិច្ចនៅទូទាំងប្រទេស កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងកម្ចាត់វីរុសនេះនៅ មុនពិធីបុណ្យចូលឆ្នាំចិនដែលនឹងមកដល់នៅថ្ងៃស្អែក ហើយដែលក្នុងអំឡុងពេលនោះ ការដឹកជញ្ជូនមាន់ ទា នឹងមានចំនួនច្រើន។ នេះបើយោងតាមមន្ត្រីសុខាភិបាល បានឲ្យដឹងកាលពីថ្ងៃពុធ។ លោក ងាន ណានី ប្រធានមន្ទីរកសិកម្ម ខេត្តកំពង់ឆ្នាំង បានថ្លែងថា ក្រុមមន្រ្តីបានធ្វើការបាញ់ថ្នាំសម្លាប់វីរុសនេះ នៅតំបន់នានា ដែលមានសត្វបក្សី មាន់ ទា និងធ្វើការអប់រំប្រជាជន អំពីរបៀបទុកដាក់បក្សី និងការពារមិនឲ្យឆ្លងជំងឺនេះ។ លោកបន្តថា៖ «ក្រុមមន្រ្តីនឹងធ្វើការពិនិត្យមាន់ទាដែលដឹកមកពី ក្រៅខេត្តហើយនឹងធ្វើការបាញ់ថ្នាំសម្លាប់វីរុសនោះ នៅមុនពេលអនុញ្ញាតឲ្យសត្វបក្សីនោះ ចូលមក ហើយសត្វបក្សីនោះនឹងត្រូវដាក់នៅដោយឡែកពីសត្វបក្សីដែលមាន រួចហើយ»។ លោកបន្តថា ប្រជាជនក្នុងភូមិ បានទទួលការណែនាំ ឲ្យធ្វើការរាយការណ៍ភ្លាមៗ ចំពោះករណីសង្ស័យណាមួយថា មានជំងឺគ្រុនផ្តាសាយបក្សី ទៅអាជ្ញាធរមូលដ្ឋាន និងមន្រ្តីសុខាភិបាល។ លោក ឈុំ វណ្ណារិទ្ធិ អភិបាលរងខេត្តបន្ទាយមានជ័យ បានថ្លែងថា បន្ទាប់ពីមានការអំពាវនាវ ឲ្យមានចំណាត់ការប្រយុទ្ធប្រឆាំងនឹងវីរុសH5N1 ពីក្រសួងសុខាភិបាល និងក្រសួងកសិកម្ម ក្រុមមន្រ្តីក្នុងខេត្តរបស់លោក បានចុះទៅតាមភូមិធ្វើការបាញ់ថ្នាំសម្លាប់វីរុសនេះ និងធ្វើការបិទបដាផ្សព្វផ្សាយព័ត៌មាន និងសូមឲ្យប្រជាជននៅក្នុងភូមិ ធ្វើការរាយការណ៍ចំពោះករណីសង្ស័យណាមួយ។ ស៊ុន ដានី អ្នកគ្រប់គ្រងនៅផ្សារកណ្តាល ក្រុងភ្នំពេញ បានថ្លែងកាលពីថ្ងៃពុធថា ផ្សារកណ្តាលគឺមានការបោសសម្អាតជារៀងរាល់ថ្ងៃ ហើយជាពិសេស យកចិត្តទុកដាក់លើកន្លែងដែលមានមាន់ទា។ លោក សូនី គ្រីសនាន មន្រ្តីផ្នែកទំនាក់ទំនងនៅអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បាន មានប្រសាសន៍ថា ការបាញ់ថ្នាំសម្លាប់វីរុសនេះ«មិនប្រាកដថា នឹងសម្លាប់វីរុសបានទាំងអស់នោះទេ។ វាគ្រាន់តែជាការធ្វើឲ្យប្រជាជនស្ងប់ចិត្តប៉ុណ្ណោះ»។ លោកបន្តថា វិធានការណ៍ការពារ ដែលមានប្រសិទ្ធភាពរួមមានការចម្អិនមាន់ទា និងស៊ុត ឲ្យបានត្រឹមត្រូវ ការលាងដៃឲ្យស្អាត និងការហាមមិនឲ្យកូនៗលេងជាមួយសត្វបក្សីមាន់ទា។ ក្នុងខណៈនេះដែរ រដ្ឋាភិបាលវៀតណាម បានប្រកាសកាលពីថ្ងៃអង្គារថា មន្ទីរថ្នាំបង្ការរបស់ខ្លួន «បានធ្វើការព្រមាន ទៅដល់ខេត្តចំនួន ៨ នៅជិតព្រំដែនកម្ពុជា ឲ្យធ្វើការពង្រឹងវិធានការណ៍ការពារ និងការគ្រប់គ្រង ប្រឆាំងនឹងជំងឺគ្រុនផ្តាសាយបក្សី H5N1»។ វិធានការណ៍ទាំងនេះ រួមមានដូចជាការបង្កើនការតាមដានសត្វបក្សី មាន់ទា ការរាយការណ៍អំពីករណីសង្ស័យ និងការត្រៀមខ្លួនទុកជាមុន នៅតាមមណ្ឌលសុខភាព។ នេះបើយោងតាមគេហទំព័រមួយរបស់វៀតណាម៕ PS រាយការណ៍បន្ថែមដោយ Justine Drennan