ភ្នំពេញៈ ការផ្អាកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ ភាគរយរបស់សហភាពអឺរ៉ុបសម្រាប់កម្ពុជាបានចូលជាធរមានពីថ្ងៃទី ១២ សីហា ម្សិលមិញ ប៉ុន្តែសហភាពអឺរ៉ុបនៅតែបន្តជជែកជាមួយកម្ពុជា និងឃ្លាំមើលបញ្ហាសិទ្ធិមនុស្ស សិទ្ធិការងារនៅកម្ពុជា។ តែមន្ត្រីរដ្ឋាភិបាលថ្លែងថា កម្ពុជាបានត្រៀមខ្លួនរួចរាល់ហើយអាទិភាពរបស់កម្ពុជាពេលនេះគឺដោះស្រាយវិបត្តិកូវីដ ១៩ រក្សាឯករាជភាព និងអធិបតេយ្យរបស់ខ្លួន។
ដូចដែលបានគ្រោងទុកគណៈកម្មការអឺរ៉ុបកាលពីម្សិលមិញបានបញ្ជាក់ថា ការផ្អាកប្រព័ន្ធអនុគ្រោះពន្ធគ្រប់មុខទំនិញលើកលែងតែអាវុធ (EBA) បានចូលជាធរមានហើយកាលពីថ្ងៃទី ១២ សីហា។ ការផ្អាក EBA ២០ ភាគរយនេះធ្វើឲ្យទំនិញចំនួន ៤០ មុខមានតម្លៃសរុបប្រមាណ ១ ពាន់លានអឺរ៉ូត្រូវបង់ពន្ធពេលនាំចូលក្នុងទីផ្សារសហភាពអឺរ៉ុបដែលមាន ២៧ ប្រទេស។
គណៈកម្មការអឺរ៉ុបបានចេញសេចក្ដីប្រកាសព័ត៌មានដោយបញ្ជាក់ថា៖ «ការសម្រេចចិត្តរបស់សហភាពអឺរ៉ុបក្នុងការដកការទទួលបានទីផ្សារមិនជាប់ពន្ធ និងមិនកំណត់កូតារបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបពេលនេះ ចូលជាធរមានហើយ។ ការទទួលបានការអនុគ្រោះរបស់កម្ពុជាក្រោមប្រព័ន្ធ EBA ពេលនេះត្រូវបានដកជាបណ្ដោះអាសន្នដោយសារតែក្ដីបារម្ភរឿងសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងជាប្រព័ន្ធដែលកើតមាននៅក្នុងប្រទេសនេះ។ សហភាពអឺរ៉ុបអនុវត្តវិធានការនេះ ខណៈនៅតែបើកចំហការជជែកជាមួយកម្ពុជាលើកំណែទម្រង់ចាំបាច់នានា»។
ប្រធានគណៈកម្មការអឺរ៉ុបផ្នែកពាណិជ្ជកម្ម លោក Phil Hogan បានថ្លែងថាអឺរ៉ុបបានផ្ដល់ឱកាសឲ្យកម្ពុជាអភិវឌ្ឍឧស្សាហកម្មសម្រាប់នាំចេញ បង្កើតការងារ និងអឺរ៉ុបឈរជាមួយកម្ពុជាក្នុងពេលដែលពិភពលោកប្រឈមនឹងជំងឺរាតត្បាត។
លោកថ្លែងថា៖ «ទោះយ៉ាងណា ការគាំទ្ររបស់យើងមិនបំភ្លេចចោលតម្រូវការចាំបាច់បន្ទាន់ ដែលកម្ពុជាត្រូវគោរពសិទ្ធិមនុស្ស និងសិទ្ធិការងារ។ ខ្ញុំត្រៀមខ្លួនរួចរាល់ដើម្បីបន្តការជជែក និងស្ដារឡើងវិញនូវការទទួលបានទីផ្សារអឺរ៉ុបសម្រាប់ទំនិញពីកម្ពុជាប្រសិនបើយើងមើលឃើញមានការរីកចម្រើនសំខាន់ៗក្នុងកិច្ចការនេះ»។
គណៈកម្មការអឺរ៉ុបបញ្ជាក់ថា កម្ពុជាអាចនាំចូលមុខទំនិញដែលដក ២០ ភាគរយនេះ ដោយត្រូវបង់ពន្ធស្របតាមប្រទេសសមាជិកអង្គការពាណិជ្ជកម្មពិភពលោកនានាអនុវត្ត។ សហភាពអឺរ៉ុបនឹងបន្តជជែកជាមួយកម្ពុជា ដោយផ្ដោតសំខាន់លើការរឹតត្បិតសេរីភាពបញ្ចេញមតិសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ក៏ដូចជាជម្លោះដីធ្លី សិទ្ធិការងារក្នុងបរិបទនៃការធ្វើកំណែទម្រង់ដែលកំពុងបន្ត។
គណៈកម្មការអឺរ៉ុបបន្តថា កម្ពុជាគួរតែចាត់វិធានការដើម្បីស្ដារសេរីភាពផ្នែកនយោបាយ បង្កើននូវលក្ខខណ្ឌសម្រាប់គណបក្សប្រឆាំងបែបប្រជាធិបតេយ្យ និងដែលអាចជឿទុកចិត្តបាន និងផ្ដួចផ្ដើមដំណើរការផ្សាះផ្សាជាតិតាមរយៈការសន្ទនា ដែលស្មោះត្រង់ និងបរិយាប័ន្ន។
សេចក្ដីប្រកាសព័ត៌មានបន្តថា៖ «ប្រសិនបើរដ្ឋាភិបាលកម្ពុជាបង្ហាញការរីកចម្រើនសំខាន់ៗ ជាពិសេសសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ គណៈកម្មការប្រហែលជាពិនិត្យឡើងវិញការសម្រេចចិត្តរបស់ខ្លួន និងអាចផ្ដល់ការអនុគ្រោះពន្ធឡើងវិញក្រោមប្រព័ន្ធគ្រប់មុខទំនិញលើកលែងតែអាវុធដោយស្របតាមគោលការណ៍របស់សហភាពអឺរ៉ុបស្ដីពីប្រព័ន្ធអនុគ្រោះពន្ធ»។
គណៈកម្មការអឺរ៉ុបក៏បានថ្លែងប្រាប់តាមអ៊ីមែលពីម្សិលមិញថា ខ្លួនឃ្លាំមើលយ៉ាងដិតដល់លើការវិវត្តបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា រួមទាំងការចាប់ខ្លួនលោក រ៉ុង ឈុន កាលពីពេលថ្មីៗនេះផងដែរ។
គណៈកម្មការអឺរ៉ុបបញ្ជាក់ថា ទំហំពាណិជ្ជកម្មរបស់ខ្លួនជាមួយកម្ពុជាមានចំនួន ៥,៦ ពាន់លានអឺរ៉ូកាលពីឆ្នាំ ២០១៩។ សហភាពអឺរ៉ុបគឺជាដៃគូពាណិជ្ជកម្មធំលំដាប់ទី ២ របស់កម្ពុជា (១១,៩ ភាគរយ) បន្ទាប់ពីចិន (២៣,៦ ភាគរយ)។ កម្ពុជាគឺជាដៃគូពាណិជ្ជកម្មលំដាប់ទី ៥៤ របស់សហភាពអឺរ៉ុប ឬ មានកម្រិតពាណិជ្ជកម្ម ០,១ ភាគរយ។
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក មាស សុខសេនសាន បានថ្លែងប្រាប់ពីម្សិលមិញថា កម្ពុជាបានត្រៀមខ្លួនលើការដកនេះតាំងពីដើមឆ្នាំ ២០១៩ មុនពេលមានវិបត្តិកូវីដ ១៩ មកដល់។ លោកបានបញ្ជាក់ថា ថវិកាដែលរដ្ឋាភិបាលបានត្រៀមដើម្បីដោះស្រាយបញ្ហាទាំង ២ នេះមានចំនួន ១ ១៦៤ លានដុល្លារ។
លោកបន្តថា កញ្ចប់ថវិកាដែលបានត្រៀម ដើម្បីឆ្លើយតបនឹងផលប៉ះពាល់នៃប្រព័ន្ធអនុគ្រោះពន្ធផ្ដោតលើចំណុចធំៗចំនួន ៤ រួមមាន ការស្រូបយកការប៉ះទង្គិច ការដោះស្រាយបញ្ហាជារចនាសម្ព័ន្ធ ការពង្រឹងភាពធន់នឹងវិបត្តិលើផ្នែកម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ ការបង្កើនប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពនៃស្ថាប័នសាធារណៈ។
ក្នុងការឆ្លើយតបនេះ កម្ពុជានឹងបង្កើតការងារថ្មីឲ្យបានកាន់តែច្រើនដើម្បីជួយសម្រួលដល់ការផ្លាស់ប្ដូរការងារពីវិស័យកាត់ដេរផ្ដល់ការបណ្ដុះបណ្ដាលជំនាញរយៈពេលខ្លី បង្កើនភាពប្រកួតប្រជែងកម្ពុជា ជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច។ កម្ពុជាក៏នឹងធានាស្ថិរភាពហិរញ្ញវត្ថុ អនុវត្តថវិកាជំរុញកំណើនកំណត់ប្រភពហិរញ្ញប្បទានសម្រាប់អន្តរាគមន៍ និងបន្តអនុវត្តគោលនយោបាយរូបិយវត្ថុ និងធនាគារ។ នេះបើតាមលោក មាស សុខសេនសាន ដដែល។
លោកបន្តថា ក្រៅពីនេះកម្ពុជានឹងពង្រឹងសមត្ថភាពស្ថាប័នក្នុងការដឹកនាំគ្រប់គ្រង និងអនុវត្ត បង្កើនប្រសិទ្ធភាពនៃការសម្របសម្រួលស្ថាប័ន ឬមុខងារ ពង្រឹងការអភិវឌ្ឍធនធានមនុស្ស។
លោក មាស សុខ សេនសាន បានបញ្ជាក់ថា៖ «បន្ថែមពីលើនេះ យើងក៏កំពុងធ្វើឲ្យប្រសើរឡើងយ៉ាងច្រើនលើការចំណាយផ្នែកឡូជីស្ទីកមិនចាំបាច់ សម្រាប់ក្រុមហ៊ុននានាដែលប្រតិបត្តិការនៅកម្ពុជាលើផ្នែកប្រកួតប្រជែង។
ការចំណាយមិនចាំបាច់របស់ក្រុមហ៊ុនគឺជាបន្ទុករបស់រដ្ឋាភិបាល។ ក្រៅពីនេះសម្រាប់ពេលបច្ចុប្បន្ននេះ បញ្ហាកូវីដ១៩ គឺជាបញ្ហាអាទិភាពដែលរដ្ឋាភិបាលនានាកំពុងប្រយុទ្ធប្រឆាំងរួមទាំងរដ្ឋាភិបាលកម្ពុជាផង»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងពីម្សិលមិញថា កម្ពុជាបានត្រៀមខ្លួន និងកំពុងធ្វើពិពិធកម្មពាណិជ្ជកម្ម ដោយនឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន និងកំពុងធ្វើកិច្ចការឆ្ពោះទៅរកការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកូរ៉េខាងត្បូង និងជប៉ុន។
លោកថ្លែងថា៖ «យើងមានកញ្ចប់ថវិការបស់យើងដើម្បីធ្វើកំណែទម្រង់ជាកញ្ចប់សម្រាប់បង្កើនភាពប្រកួតប្រជែងរបស់សហគ្រិនដែលជួបប្រទះការបាត់បង់ ២០ ភាគរយនេះ។ ការបាត់បង់ ២០ ភាគរយនេះ មិនបានសេចក្ដីថា យើងបាត់បង់ទីផ្សារអឺរ៉ុបទេ យើងនៅតែមានសុពលភាពដទៃទៀត ហើយយើងបានបង្ហាញសមត្ថភាពមួយទៀតរបស់កម្ពុជាក្នុងការបង់ពន្ធដូចអ្នកដទៃដែរ។ យើងកំពុងរកទីផ្សារដទៃទៀត»។
លោកថ្លែងថា ជាគោលការណ៍កម្ពុជានឹងបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនៅពេលប្រទេសនេះចាកចេញពីស្ថានភាពប្រទេសអភិវឌ្ឍន៍តិចតួច ឬនៅពេលចំណូលរបស់ពលរដ្ឋមានជាង ១ ពាន់ដុល្លារក្នុង ១ ឆ្នាំ។ ដោយឈរលើបញ្ហានេះ កម្ពុជាបានត្រៀមរៀនរស់ខ្លួនឯងដោយការបង់ពន្ធដូចប្រទេសដទៃទៀត។ ការដក ២០ ភាគរយនេះ បានប៉ះពាល់ដល់កម្មន្តសាលមួយចំនួនធំដែលពេលនេះកំពុងបិទទ្វារដោយសារតែមានវិបត្តិកូវីដ១៩។
លោកបានបញ្ជាក់ថា៖ «ដូច្នេះការបាត់បង់ ២០ ភាគរយនេះ គ្រាន់តែជាការបាត់បង់កម្មវិធីមួយរវាងកម្ពុជា និងសហភាពអឺរ៉ុប ប៉ុន្តែជាការពិតពិភពលោកកំពុងជួបប្រទះនឹងវិបត្តិនេះ [កូវីដ]។ ប៉ុន្តែយើងបានត្រៀមលក្ខណៈថា ពេលចំណូលរបស់ពលរដ្ឋយើងកើនដល់ ១ ៥០០ ដុល្លារ វាជាបន្ទាត់ក្រហមដែលកម្ពុជាត្រូវបាត់បង់»។
ពាក់ព័ន្ធនឹងការលើកឡើងរបស់សហភាពអឺរ៉ុបអំពីការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធនៅកម្ពុជា លោក ផៃ ស៊ីផាន ថ្លែងថា កម្ពុជាប្រកាន់គោលជំហរចង់បានសិទ្ធិមនុស្សមួយដែលស្ថិតនៅក្រោមការគោរពច្បាប់។
កម្ពុជាយកសន្តិភាពជាធំ ព្រោះវាជាលក្ខខណ្ឌនៃការអភិវឌ្ឍ ហើយឯករាជ្យ និងអធិបតេយ្យកម្ពុជាត្រូវតែប្ដូរផ្ដាច់ថែរក្សា។
លោកបញ្ជាក់ថា៖ «ការលើកឡើងរបស់មិត្តបរទេសថា ធ្វើអ៊ីចេះ ធ្វើអ៊ីចុះ យើងអរគុណ ក៏ប៉ុន្តែការសម្រេចរបស់កម្ពុជាគឺជាសិទ្ធិផ្ដាច់មុខរបស់កម្ពុជា។ ការសម្រេចនេះយើងយកតាមការសម្រេចចិត្តរបស់ប្រជាពលរដ្ឋដែលចេញមកបោះឆ្នោតជាសកល»។
កាលពីម្សិលមិញ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC និងសមាគមស្បែកជើងកម្ពុជា CFA បានចេញផ្សាយការណែនាំសម្រាប់សមាជិករបស់ខ្លួនក៏ដូចជា អ្នកបញ្ជាទិញ មុខទំនិញទាំង ៤០ មុខដែលត្រូវបង់ពន្ធពេលនាំចូលទីផ្សារអឺរ៉ុប។
លោក កាំង ម៉ូនិកា អគ្គលេខាធិការរងនៃ GMAC ថ្លែងពីម្សិលមិញថា ការប្រកាសដក ២០ ភាគរយនេះមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ តែ GMAC នៅតែសោកស្ដាយចំពោះការដកនេះ។ GMAC បានផ្ដល់ធាតុចូលសម្រាប់រដ្ឋាភិបាលគឺយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ស្បែកជើង និងកាបូប។ លោកបានថ្លែងថា៖ «បញ្ហាចម្បងនាពេលនេះគឺកូវីដ១៩ ដែលលុបទៅលើបញ្ហាបណ្ដាលមកពី EBA»៕
វីដេអូ៖