
ភ្នំពេញៈ សភាអឺរ៉ុប បានអនុម័តសេចក្តីសម្រេចមួយដោយសុំឲ្យស្ថាប័នប្រតិបត្តិរបស់សហភាពអឺរ៉ុបចាត់វិធានការជាបន្ទាន់ទៅលើគម្រោងអនុគ្រោះពាណិជ្ជកម្មរបស់សហជីពអឺរ៉ុបដែលត្រូវបានរកឃើញថា កំពុងអនុវត្តក្នុងលក្ខណៈមានហានិភ័យខ្ពស់ដោយការរំលោភបំពានសិទ្ធិមនុស្សក្នុងប្រទេស កម្ពុជា តាមរយៈការបណ្តេញប្រជាជនចេញពីដីធ្លីដើម្បីការអភិវឌ្ឍឧស្សាហកម្មស្ករស។
នៅក្នុងសេចក្តីសម្រេចថ្ងៃ ទី១៦ ខែ មករា សមាជិកសភាអឺរ៉ុបបានអំពាវនាវឲ្យគណៈកម្មការសហភាពអឺរ៉ុប «ចាត់ការជាបន្ទាន់ដោយផ្អែកទៅលើលទ្ធផលរកឃើញនៃការវាយតម្លៃផលប៉ះពាល់សិទ្ធិមនុស្សថ្មីៗ ចំពោះការអនុវត្តគម្រោងអនុញ្ញាតឲ្យនាំចេញផលិតផលគ្រប់ប្រភេទលើកលែងតែអាវុធ (EBA) នៅប្រទេស កម្ពុជា។ សេចក្តីសម្រេចនេះក៏សុំឲ្យគណៈកម្មការពិចារណាដាក់កាតព្វកិច្ចទៅលើក្រុមហ៊ុននាំចេញដែលចង់ទទួលបានសិទ្ធិ EBA «ឲ្យធ្វើការបង្ហាញថា ពួកគេមិនបានបណ្តេញប្រជាជនពីដីធ្លីនិងផ្ទះសម្បែងដោយមិនមានសំណងគ្រប់គ្រាន់នោះទេ»។
សេចក្តីសម្រេចនេះ គឺជាសេចក្តីសម្រេចថ្មីបំផុតធំមួយពីសភាអឺរ៉ុបស្តីពីបញ្ហាដែលអូសបន្លាយជាយូរមកហើយនេះបន្ទាប់ពីមានសេចក្តីសម្រេចស្រដៀងគ្នាមួយ កាលពីខែ តុលា ២០១២ ដែលបានអំពាវនាវឲ្យគណៈកម្មការនេះធ្វើការស៊ើបអង្កេតការរំលោភបំពានសិទ្ធិមនុស្សដោយក្រុមហ៊ុននាំចេញស្ករសទៅសហភាពអឺរ៉ុប និងដកភាពអនុគ្រោះពាណិជ្ជកម្ម ប្រសិនបើរកឃើញថាមានការរំលោភបំពាននោះមែន។
កាលពីខែ ឧសភា ឆ្នាំមុន មន្រ្តីកំពូលរបស់សហភាពអឺរ៉ុប បានថ្លែងថា ស្ថានភាពនេះ «កំពុងស្ថិតនៅក្នុងការពិនិត្យយ៉ាងយកចិត្តទុកដាក់» ប៉ុន្តែមិនបានព្រមព្រៀងចំពោះការស៊ើបអង្កេត ឬដកភាពអនុគ្រោះឡើយរហូតទាល់តែក្រុមហ៊ុនទាំងនោះបំពេញត្រឹមត្រូវទៅតាមលក្ខខណ្ឌតម្រូវដោយច្បាប់នោះទេ។
ជាការឆ្លើយតប អង្គការសមធម៌កម្ពុជា និងអង្គការអន្តរជាតិសម្រាប់ការអភិវឌ្ឍដោយមានការរួមបញ្ចូល (IDI) ដែលអង្គការទាំងពីរបានធ្វើការងារបញ្ចុះបញ្ចូលសហភាពអឺរ៉ុប ឲ្យចាត់វិធានការលើបញ្ហានេះជាយូរមកហើយនោះ បានធ្វើការវាយតម្លៃផលប៉ះពាល់សិទ្ធិមនុស្សរបស់ខ្លួនដោយរកឃើញថា គម្រោង EBA ដែលអនុវត្តក្នុងប្រទេស កម្ពុជា «មានហានិភ័យខ្ពស់នៃការរំលោភបំពានសិទ្ធិមនុស្ស»។
លោក David Pred ជាអ្នកគ្រប់គ្រងនៅអង្គការ IDI បានថ្លែងកាលពីថ្ងៃចន្ទថា សេចក្តីសម្រេចនេះគឺជា «ការអំពាវនាវយ៉ាងច្បាស់មួយឲ្យមានការចាត់ការ» ដោយស្ថាប័នសហភាពអឺរ៉ុប។ លោកបន្តថា៖ «យើងសង្ឃឹមថា សេចក្តីសម្រេចនេះ នឹងមិនត្រូវបានច្រានចោលជាថ្មីម្តងទៀតដោយពួកការិយាល័យធិបតេយ្យនៅទីក្រុង ប្រ៊ុចសែល នោះទេ»។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លោក Jean-Francois Cautain បានថ្លែងកាលពីថ្ងៃចន្ទថា សេចក្តីសម្រេចរបស់សភាអឺរ៉ុបគឺ «ជាសញ្ញាខ្លាំងថ្មីមួយទៀតដែលប្រធានបទនេះមានលក្ខណៈរសើបនៅក្នុងស្ថាប័នសហភាពអឺរ៉ុប»។
លោកបន្ថែមថា សហភាពអឺរ៉ុបបានកត់សម្គាល់ចំពោះការវាយតម្លៃផលប៉ះពាល់សិទ្ធិមនុស្សដែលឥឡូវនេះការឆ្លើយតបកំពុងត្រូវបានពិចារណា។
លោកនិយាយឲ្យដឹងទៀតថា បើទោះបីជាគម្រោង EBA ផ្តល់អត្ថប្រយោជន៍ខ្លាំងចំពោះការអភិវឌ្ឍនាពេលអនាគតរបស់កម្ពុជាក៏ដោយ ក៏វាមិនអាចទៅរួចទេប្រសិនបើគម្រោងនេះ មិនត្រូវបានអនុវត្តស្របទៅតាមគោលបំណងរបស់វានិងគោរពអត្ថប្រយោជន៍របស់ប្រជាជនកម្ពុជា»៕ PS