ភ្នំពេញៈ បញ្ហា​ប្រឈម​ជាច្រើន​របស់​កុមារ​នៅ​ទីជនបទ​នៅតែ​បន្ដ​កើតមាន ដោយសារ​ឪពុកម្ដាយ​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ទីក្រុង និង​ក្រៅ​ប្រទេស​ដែល​កត្ដា​នេះ សហភាព​អឺរ៉ុប​បាន​បន្ដ​ជួយ​កុមារ​កម្ពុជា ដោយ​ធ្វើ​ការងារ​ជាមួយ​អង្គការ​សង្គ្រោះ​កុមារ​អន្ដរជាតិ និង​អង្គការ​ផ្នែក​សិទ្ធិ​កុមារ​ជាច្រើន​ទៀត​លើ​គម្រោង​ «​លើក​កម្ពស់​ការចូលរួម​របស់​កុមារ​ក្នុង​អភិបាលកិច្ច​មូលដ្ឋាន​»​។

លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា ថ្លែង​ថា​ «​សហភាព​អឺរ៉ុប​ផ្ដល់​ការគាំទ្រ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​អាជ្ញាធរ​នៅ​ថ្នាក់ក្រោម​ជាតិ ដើម្បី​បញ្ចូល​កុមារ​នៅក្នុង​ដំណើរការ​នៃ​ការធ្វើ​សេចក្ដី​សម្រេច​ចិត្ដ និង​ផ្ដល់​ភាព​អង់អាច​ដល់​កុមារ​ដែល​អាច​ឲ្យ​ពួកគេ​លើក​ឡើង​ពី​សំឡេង​របស់​ពួកគេ​ដើម្បី​ទាមទារ​នូវ​អ្វី​ដែល​ពួកគេ​ត្រូវការ​ពី​រាជរដ្ឋាភិបាល សហគមន៍ និង​គ្រួសារ​»​។

លោក​បន្ដ​ថា​៖ «​គោលដៅ​ចុងក្រោយ​យើង​ចង់​ឃើញ​ការអភិវឌ្ឍ​នៅក្នុង​ប្រទេស​កម្ពុជា យើង​ចង់​ឃើញ​ប្រជាពលរដ្ឋ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​សេដ្ឋកិច្ច មាន​ជីវភាព​ធូរធារ​ជាង​មុន ជាពិសេស​ប្រជាពលរដ្ឋ​ក្រីក្រ​»​។

លោកស្រី Elizabeth Pearce នាយិកា អង្គការ Save The Children ប្រចាំ​កម្ពុជា​ថ្លែង​ថា​បញ្ហា​ការធ្វើ​ចំណាក​ស្រុក​ជា​បញ្ហា​មួយ​ដែល​អង្គការ​លោកស្រី​តែងតែ​លើកឡើង​គ្រប់​កម្មវិធី​ទាំងអស់​ទាំង​ពេល​កន្លងមក​។

លោកស្រី​ឲ្យ​ដឹង​ថា​៖ «​ពេល​នេះ​យើង​មិនទាន់​មាន​ភ័ស្ដុតាង​ឲ្យ​ច្បាស់ ដើម្បី​បង្ហាញ​ពី​ផលប៉ះពាល់​នៃ​ការធ្វើ​ចំណាក​ស្រុក​របស់​ឪពុកម្ដាយ​ទាំងនោះ​មក​លើ​កុមារ​នៅ​ឡើយ​ទេ​»​។

តាមរយៈ​កម្មវិធី​មួយ​ដែល​អង្គការ Save The Children បាន​អនុវត្ដ​គឺ​គម្រោង​ថែទាំ​កុមារ​បាន​ល្អ ដំបូង​បំផុត​គឺ​គ្រួសារ (Family Care First) ដែល​លោកស្រី​បញ្ជាក់​ថា អង្គការ​នេះ​កំពុង​ធ្វើការ​ស្រាវជ្រាវ​ និង​សិក្សា​ស្វែងយល់​ទៅ​លើ​ថា តើ​ការធ្វើ​ចំណាកស្រុក​របស់​ឪពុកម្ដាយ​នឹង​មាន​ផលប៉ះពាល់​អ្វី​ខ្លះ​ដល់​សិទ្ធិ​កុមារ និង​ការអភិវឌ្ឍ​របស់​កុមារ​។ ការស្រាវជ្រាវ​នេះ​នឹង​មាន​ការវាយតម្លៃ​លម្អិត​ទៅ​លើ​ការ​អនុវត្ដ​របស់​កុមារ​ដែល​នឹង​បែងចែក​ទៅ​តាម​ផ្នែក​មាន​ដូចជា​ការអភិវឌ្ឍ​ផ្លូវកាយ ផ្លូវ​ចិត្ដ​ជាដើម​ដើម្បី​ឲ្យ​កាន់តែ​ដឹង​ច្បាស់​។

លោកស្រី​បន្ថែម​ថា​៖ «​ដូច​យើង​បាន​ដឹង​ហើយ កុមារ​ភាគច្រើន​នៅ​តាម​ទីជនបទ​ត្រូវ​បាន​ឪពុកម្ដាយ​ទុក​ឲ្យ​រស់នៅ​ជាមួយ​ជីដូន​ជីតា ជា​អ្នក​មើលថែ​ពួកគាត់ ហើយ​ឪពុកម្ដាយ​ទាំងនេះ​បាន​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើ​ការងារ​នៅ​ទីក្រុង​ភ្នំពេញ និង​នៅ​ក្រៅ​ប្រទេស​ក៏​មាន​»​។

ពាក់ព័ន្ធ​នឹង​ផលប៉ះពាល់​លោកស្រី​ឲ្យ​ដឹង​ថា កន្លង​មក​មានការ​ពិភាក្សា​ច្រើន​ណាស់​ចំពោះ​ផលប៉ះពាល់​ដល់​កុមារ នៅពេល​ឪពុកម្ដាយ​បាន​ធ្វើ​ចំណាក​ស្រុក ប៉ុន្ដែ​មាន​អ្នក​ខ្លះ​លើកឡើង​ថា ការធ្វើ​ចំណាកស្រុក​របស់​ឪពុកម្ដាយ​នេះ គឺជា​ការល្អ​ទៅ​វិញ​ដែល​ពួកគាត់​អាច​ផ្ញើ​លុយ​មក​វិញ​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ និង​អាច​មាន​លុយ​ឲ្យ​កូន​ទៅ​រៀន​បាន​។ ឯ​អ្នកខ្លះ​ទៀត​ថា​ការធ្វើ​ចំណាកស្រុក​បែប​នេះ​មិនមែន​ជា​ការល្អ​សម្រាប់​កុមារ​ទេ ពីព្រោះ​ជីដូន ជីតា គាត់​មិន​សូវ​បាន​មើលថែ​កុមារ​ឲ្យ​បាន​ដិតដល់​។

លោកស្រី​ថា​៖ «​ដូច្នេះ​យើង​សង្ឃឹម​ថា​នៅ​ឆ្នាំ​ក្រោយ​យើង​នឹង​ទទួល​បាន​លទ្ធផល​អំពី​ការស្រាវជ្រាវ​នេះ​។ បច្ចុប្បន្ន​ការស្រាវជ្រាវ​នេះ​គឺ​កំពុង​ធ្វើ​ហើយ បន្ទាប់ពី​ស្រាវជ្រាវ​ចប់​យើង​នឹង​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ទៅ​សហគមន៍​អន្ដរជាតិ​ និង​រាជរដ្ឋាភិបាល​អំពី​រឿង​នេះ​»​។

ជាមួយ​គ្នា​នេះ​លោកស្រី​ នង យ៉ារីដា ប្រធាន​គម្រោង​នៃ​អង្គការ Save the Children បន្ថែម​ថា​៖ «​តាមរយៈ​គម្រោង​ [​ខាង​លើ​] ក្រុម​កុមារ​បាន​រកឃើញ​ថា គឺ​កុមារ​ខ្វះ​ការថែទាំ​ពី​ឪពុកម្តាយ ដោយសារ​តែ​ឪពុកម្ដាយ​ធ្វើ​ចំណាកស្រុក អ៊ីចឹង​នេះ​ក៏​ជា​បញ្ហា​ចម្បង​មួយ​ដែរ​»៕