ភ្នំពេញៈ សហភាពអឺរ៉ុបបន្តលើកពីការចាប់ខ្លួនសកម្មជនជាប់ពាក់ព័ន្ធនឹងអតីតបក្សប្រឆាំង ករណីលោក កឹម សុខា និងបញ្ហាផ្អាកប្រព័ន្ធអនុគ្រោះពន្ធEBA នៅក្នុងជំនួបទ្វេភាគីថ្ងៃចុងក្រោយតាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី ២៧ វិច្ឆិកាជាអ្វីដែលមន្ត្រីកម្ពុជាថាមិនមានអ្វីថ្មី ក៏ប៉ុន្តែបានពន្យល់តបវិញយ៉ាងច្បាស់ថា វាជាយន្តការអនុវត្តច្បាប់។ នេះបើតាមលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌។
កម្ពុជា និងសហភាពអឺរ៉ុបបានរៀបចំកិច្ចប្រជុំរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ២៥ ដល់ ២៧ ខែវិច្ឆិកា ដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើគ្រប់វិស័យ។ កិច្ចប្រជុំនេះគ្រោងនឹងបូកសរុបនៅថ្ងៃចន្ទនេះ ប៉ុន្តែកម្ពុជាបានស្នើសុំពន្យារពេលធ្វើការបូកសរុបទៅថ្ងៃក្រោយវិញ ដោយសារតែមានការឆ្លងជំងឺកូវីដ១៩ នៅកម្ពុជាដែលជាករណីឆ្លងក្នុងសហគមន៍លើកទី ១។ កិច្ចប្រជុំនេះគឺជាកិច្ចប្រជុំប្ដូរវេនដែលធ្វើឡើងជាទៀងទាត់រៀងរាល់ ២ ឆ្នាំម្ដង ដើម្បីពិនិត្យមើលទិដ្ឋភាពនៃគ្រប់កិច្ចសហប្រតិបត្តិការ។ នេះបើតាមលោក ជិន ម៉ាលីន។
លោកថ្លែងដូច្នេះថា៖ «កាលពីល្ងាចថ្ងៃសុក្រ ប្រធានបទគឺពាក់ព័ន្ធទៅនឹងប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋ ការអនុវត្តច្បាប់ និងអភិបាលកិច្ចល្អ។ នៅក្នុងនោះខាងសហភាពអឺរ៉ុបបានលើកពីក្ដីកង្វល់មួយចំនួនអំពីការអនុវត្តច្បាប់របស់កម្ពុជាទៅលើសកម្មជនអតីតបក្សប្រឆាំង រួមទាំងករណីលោក កឹម សុខា លោក រ៉ុង ឈុន និងករណីគណបក្សសង្គ្រោះជាតិជាដើម។ ទាំងនេះ មិនមែនជារឿងថ្មីទេ វាជាអ្វីគាត់នៅតែលើកឡើងតាំងពីមុនមក ហើយគាត់នៅតែបារម្ភថា ស្ថានភាពនេះចាត់ទុកថាជាការរំលោភសិទ្ធិមនុស្ស និងជាការធ្វើទុក្ខបុកម្នេញ រឹតត្បិតសិទ្ធិសេរីភាព និងសិទ្ធិផ្នែកនយោបាយជាដើម»។
លោកបន្តថា៖ «ប៉ុន្តែភាគីកម្ពុជាបានធ្វើសេចក្ដីពន្យល់ និងបកស្រាយឆ្លើយតបនឹងក្ដីកង្វល់របស់គាត់ថា បញ្ហាទាំងនេះមិនមែនជាការរឹតត្បិត ឬជាការធ្វើទុក្ខបុកម្នេញសកម្មជនសិទ្ធិមនុស្ស អ្នកការពារសិទ្ធិមនុស្ស ឬក៏ជារឹតត្បិតសិទ្ធិសេរីភាពផ្នែកនយោបាយនោះទេ គឺជាយន្តការនៃការអនុវត្តច្បាប់សុទ្ធសាធ។ យើងក៏បានធ្វើការពន្យល់ពីទិដ្ឋភាពច្បាប់នៅកម្ពុជាអំពីដំណើរការនីតិវិធីរបស់តុលាការ ដើម្បីបញ្ជាក់ប្រាប់គាត់ថា ទាំងអស់នេះគឺជាការអនុវត្តច្បាប់ មិនមែនរឿងសិទ្ធិមនុស្សទេ»។
សហភាពអឺរ៉ុបថ្លែងថា ការបារម្ភរបស់ខ្លួនលើការអនុវត្តច្បាប់ គឺដោយសារតែការអនុវត្តច្បាប់នោះធ្វើឡើងលើមនុស្សជាច្រើនដែលជាសកម្មជនបក្សប្រឆាំងដែលមានរូបភាពជាការអនុវត្តច្បាប់លើសកម្មជននយោបាយ ហើយវាក៏ជាមូលដ្ឋានមួយនៃការផ្អាកប្រព័ន្ធអនុគ្រោះពន្ធ EBA ផងដែរ។ ប៉ុន្តែកម្ពុជាបានពន្យល់ច្បាស់ថា ការអនុវត្តច្បាប់មិនបានសំដៅលើក្រុមណាមួយទេ គឺអនុវត្តលើអ្នកបំពានច្បាប់ ដោយមានមូលដ្ឋានច្បាប់រឹងមាំ។ នេះបើតាមលោក ជិន ម៉ាលីន។
សហភាពអឺរ៉ុបបានសម្រេចផ្អាកប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងតែអាវុធ» ឬ EBA ចំនួន ២០ ភាគរយ កាលពីខែកុម្ភៈហើយការសម្រេចនេះបានចូលជាធរមានកាលពីខែសីហា។ ទោះបីបញ្ហានេះត្រូវបានលើកឡើងក៏ដោយ ក៏លោក ម៉ាលីន បញ្ជាក់ថា វាមិនជាគោលដៅសំខាន់នៃកិច្ចប្រជុំនេះទេ។ កិច្ចប្រជុំផ្ដោតសំខាន់ទៅកិច្ចសហប្រតិបត្តិការជាមួយគ្នាតទៅមុខទៀត ដែលរួមទាំងការរៀបចំយន្តការនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ យន្តការនៃការតាក់តែងច្បាប់តាមគោលការណ៍ប្រជាធិបតេយ្យ នីតិរដ្ឋ។ ក្រៅពីនេះមានការពិភាក្សាគ្នាលម្អិតដើម្បីបង្កើតគម្រោងបណ្ដុះបណ្ដាលមន្ត្រីនៅក្នុងយុត្តិធម៌មួយចំនួន។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយយល់ថា ចាប់តាំងពីមានការផ្អាក EBA មក វិធានការកៀបសង្កត់របស់រដ្ឋាភិបាលលើលោក កឹម សុខា និងសកម្មជនបក្សប្រឆាំង វាហាក់ដូចជាមិនបានថមថយទេ។ ផ្ទុយទៅវិញបើគេសន្និដ្ឋានដោយយោងទៅលើប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមេដឹកនាំទាំងយោធា និងស៊ីវិលផ្សេងទៀត ដែលធ្វើឡើងពីពេលថ្មីនេះ វិធានការទាំងនោះហាក់ដូចជា បានក្លាយជាប្រព័ន្ធ។
លោកថ្លែងដូច្នេះថា៖ «បន្ទាប់ពីមានការជជែកគ្នាជាមួយសហភាពអឺរ៉ុប វាអាចទៅរួច ដែលរដ្ឋាភិបាលអាចពន្យារការកាត់ទោសសកម្មជនបក្សប្រឆាំងប្រមាណ ១៣០ នាក់ដែលថ្មីៗនេះត្រូវបានតុលាការចេញដីកាកោះហៅ»៕