លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងក្នុងសន្និសីទកាសែតនាពេលកន្លងមក។ រូបថត FN
ភ្នំពេញៈ អង្គការអុកស្វាម បានរកឃើញថា ប្រទេសកម្ពុជា បានបង្ហាញពីការខិតខំប្រឹងប្រែងធ្វើឱ្យកាន់តែប្រសើរដើម្បីកាត់បន្ថយវិសមភាពលើវិស័យសំខាន់ៗចំនួន ៣ រួមមាន សេវាកម្មសាធារណ: ការប្រមូលពន្ធដារ សិទ្ធិ និងប្រាក់ឈ្នួលរបស់កម្មករ ទោះបីជាត្រូវប្រឈមនឹងវិបត្តិកូវីដក៏ដោយ។
សន្ទស្សន៍វិសមភាពសកលឆ្នាំ ២០២០ របស់អង្គការអុកស្វាមបានដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជានៅលេខរៀងទី ៨ ក្នុងចំណោមប្រទេសអាស៊ានទាំង ១០ ហើយកើនឡើងពីចំណាត់ថ្នាក់ ១២១ មកលេខ ១១១ ក្នុងចំណោមប្រទេសចំនួន ១៥៨ ពីឆ្នាំ ២០១៨ មកដល់ឆ្នាំ ២០២០ នេះ។
របាយការណ៍ចេញដោយអង្គការអុកស្វាមកាលពីថ្ងៃទី ២៦ ខែតុលា បង្ហាញថា៖ «ក្នុងឆ្នាំ ២០១៨ សន្ទស្សន៍នេះបានចាត់ចំណាត់ថ្នាក់កម្ពុជាលេខ ១២១ ក្នុងចំណោម ១៥៨ ប្រទេស ហើយសព្វថ្ងៃកម្ពុជាបានកើនឡើងដល់ចំណាត់ថ្នាក់ ១១១។ ការដំឡើងឋានៈបង្ហាញពីវឌ្ឍនភាពវិជ្ជមានដែលប្រទេសកម្ពុជាបានធ្វើនៅក្នុងគោលនយោបាយស្តីពីសេវាសាធារណៈ ពន្ធ និងសិទ្ធិកម្មករ។ វិស័យចំនួន ៣ ដែលមានសារៈសំខាន់ក្នុងការកាត់បន្ថយវិសមភាព និងអំឡុងពេលនៃការទទួលរងដោយវីរុសកូវីដ ១៩»។
របាយការណ៍បន្តថា ក្នុងចំណោមប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាបកម្ពុជាបានបង្កើនខ្លួនជាប្រទេសឈានមុខគេលើគោលនយោបាយពន្ធដែលបង្ហាញពីការរីកចម្រើនជាលំដាប់ជាពិសេសពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន។ ចំណែកសិទ្ធិស្តីពីការងារ និងប្រាក់ឈ្នួលអប្បបរមាទោះបីមានការកែលម្អប្រាក់ឈ្នួលអប្បបរមា តែវានៅតែមានកម្រិតទាបបើប្រៀបធៀបទៅប្រទេសផ្សេងទៀតក្នុងតំបន់ដូចជាមីយ៉ាន់ម៉ា ឬថៃ និងការចំណាយផ្សេងៗលើការរស់នៅ។ ទាក់ទងនឹងការវិនិយោគលើសេវាកម្មសាធារណៈរួមទាំងការចំណាយលើការថែទាំសុខភាព និងការគាំពារសង្គម កម្ពុជាស្ថិតក្នុងកម្រិតទាប បើប្រៀបធៀបនឹងការរក្សាបានចំណាត់ថ្នាក់ស្រដៀងនឹងឆ្នាំ ២០១៨។
បើតាមរបាយការណ៍ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងក្នុងការកាត់បន្ថយភាពក្រីក្រដែលបានធ្វើឱ្យប្រជាជនរាប់លាននាក់ចាកផុតពីភាពក្រីក្រខ្លាំង។ សមិទ្ធផលគំរូនេះអាចធ្វើទៅបានតាមរយៈការរួមបញ្ចូលគ្នានៃកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ច និងបង្កើនការផ្តល់សេវាសាធារណៈដល់សហគមន៍ក្រីក្របំផុត។
អុកស្វាមបន្តថា៖ «រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតនូវកម្លាំងចលករដែលមិនគួរឱ្យជឿដើម្បីជំរុញការអភិវឌ្ឍសង្គម និងមានទំនុកចិត្តថាការវិនិយោគបន្ថែមទៀតនៅក្នុងកិច្ចការពារសង្គមនឹងជួយលើកកម្ពស់ការចូលរួមកាន់តែច្រើន និងឆ្លើយតបទៅនឹងភាពភ័យខ្លាចរបស់ពលរដ្ឋសម្រាប់ឆ្នាំខាងមុខទៀត»។
លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា រាជរដ្ឋាភិបាលពិតជាបានខិតខំប្រឹងប្រែងច្រើន ដោយបានដោះស្រាយទាន់ពេលវេលា ជាពិសេសក្នុងអំឡុងពេលមានវិបត្តិជំងឺកូវីដ ១៩។
លោកថ្លែងថា៖ «ពេលមានវិបត្តិអ្វីមួយមានអ្នកធ្លាក់ទៅក្នុងភាពក្រីក្រច្រើន ប៉ុន្តែរាជរដ្ឋាភិបាលបានខិតខំឱ្យគម្លាតនៃភាពក្រីក្រនេះមិនឆ្ងាយពេក។ ជាមួយគ្នានេះដែរ ក្រសួងរបស់យើងបានគិតគូរគ្រប់បែបយ៉ាងក្នុងការអន្តរាគមន៍លើថវិកាសង្គមដោយមិនឱ្យមានគម្លាតសង្គមខ្លាំងពេកទោះបីជាចៀសមិនផុតពីការមានគម្លាតសង្គមនេះ»។
ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាលោក ប៉ា ចន្ទរឿន ថ្លែងថា លោកទទួលស្គាល់ពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការធ្វើឱ្យប្រសើរឡើងលើវិស័យសំខាន់ៗទាំង ៣ នេះ ប៉ុន្តែគុណភាពនៃការខិតខំប្រឹងប្រែង និងការកែទម្រង់នៅមានកម្រិតនៅឡើយ។
លោកថា៖ «យើងឃើញថា មុនមានជំងឺកូវីដគឺមិនអីទេ ប៉ុន្តែក្រោយមានការផ្ទុះនូវជំងឺនេះឡើង រាជរដ្ឋាភិបាលបានកាត់ការចំណាយសេវាសាធារណៈរហូតដល់ ៥០ ភាគរយ ដែលធ្វើឱ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់លទ្ធភាព និងសមត្ថភាពក្នុងការផ្តល់សេវាកម្មដល់ប្រជាពលរដ្ឋ ដូចជាការអប់រំនៅទីជនបទ និងទីក្រុងជាដើម»។
លោកថា ចំពោះសិទ្ធិការងារទោះបីជាមានការកែប្រែ និងផ្តល់នូវលក្ខខណ្ឌល្អប្រសើរច្រើន ប៉ុន្តែកម្មករនៅមានការប្រឈមនូវការបាត់បង់ការងារដោយសារបញ្ហាកូវីដ ១៩ និងការកាត់ផ្នែកខ្លះនៃ EBA ផងដែរ។ លោកថា៖ «ដំណោះស្រាយគឺរាជរដ្ឋាភិបាលព្យាយាមរកមធ្យោបាយដើម្បីថែរក្សាទីផ្សារសម្រាប់ការងាររបស់កម្មករនៅតាមរោងចក្រជាពិសេសគឺកុំឱ្យបាត់បង់ EBA ថែមទៀត»៕