ភ្នំពេញៈ លោកនាយករដ្ឋមន្រ្តីអូស្រ្តាលី Tony Abbott កំពុងសើរើប្រព័ន្ធស្មុំកូនពីបរទេសសម្រាប់ប្រទេសលោក ហើយចង់ឲ្យកម្ពុជាពាក់ព័ន្ធក្នុងដំណើរការមួយនេះដែរ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរបស់អូស្ត្រាលីថ្មីៗនេះ។
នាយករដ្ឋមន្រ្តីអូស្ត្រាលី បានស្នើឲ្យអគ្គមេធាវីទីប្រឹក្សារដ្ឋាភិបាលលោក George Brandis ស្វែងរកកិច្ចព្រមព្រៀងថ្មីនិងធ្វើការចរចា អំពីការស្មុំកូនជាមួយប្រទេសកម្ពុជា ប្រទេសប៊ុលហ្គារី ប្រទេសឡេតូនី ប្រទេសកេនយ៉ា។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយ Sunday Telegraph ដែលបានរាយការណ៍កាលចុងសប្តាហ៍នេះ។
ការិយាល័យអគ្គមេធាវីរបស់ អូស្រ្តាលី មិនបានឆ្លើយតបនឹងសំណើសុំអត្ថាធិប្បាយទេកាលម្សិលមិញ ដែលជាថ្ងៃឈប់សម្រាករបស់អូស្ត្រាលី។
ទោះយ៉ាងណាក្តី អ្នកនាំពាក្យស្ថានទូតអូស្ត្រាលីប្រចាំរាជធានីភ្នំពេញបានថ្លែងថា៖ «ដូចបានកត់សម្គាល់នៅលើគេហទំព័រស្ថានទូតអូស្ត្រាលី ការហាមប្រាមជនបរទេសស្មុំកូនពីប្រទេសកម្ពុជាក្រោមការរៀបចំស្មុំកូនអន្តរប្រទេសចាប់ផ្តើមកាលថ្ងៃទី៣ ធ្នូ ឆ្នាំ២០០៩ កំពុងស្ថិតនៅជាធរមាន»។
ជាការពិត កម្ពុជាបានលុបចោលការហាមប្រាមចំពោះការស្មុំកូនដោយបរទេសដែលរស់នៅក្រៅប្រទេស កាលឆ្នាំ២០១៣ ហើយភ្លាមៗបន្ទាប់ពីនោះ ប្រទេសអូស្ត្រាលីក្លាយជាប្រទេសទី១ ដែលបានស្មុំកូនពីកម្ពុជា។ នេះបើតាមក្រសួងសង្គមកិច្ចបានបញ្ជាក់។
អនុស្សរណៈនៃការយោគយល់គ្នារបស់អូស្ត្រាលីបានបញ្ចប់កាលឆ្នាំ ២០០១ ភ្លាមៗបន្ទាប់ពីមានការហាមប្រាមរបស់អាមេរិកមិនឲ្យមានការស្មុំកូនជាអន្តរប្រទេសពីប្រទេសកម្ពុជាដោយសារភ័យខ្លាចមានការជួញដូរកុមារនិងការបរាជ័យមិនបានលើកកម្ពស់ច្បាប់អន្តរជាតិសម្រាប់លើកស្ទួយដល់កុមារ។
លោក រឿង រិទ្ធីរ័ត្ន ប្រធានទទួលបន្ទុកផ្នែកស្មុំកូន នៅក្រសួងសង្គមកិច្ចបានថ្លែងថា៖ «វាមិនដូច្នោះទៀតទេ ឥឡូវនេះ ការស្មុំកូនពីកម្ពុជាត្រូវឆ្លងកាត់ច្បាប់តឹងរ៉ឹងនិងពិនិត្យសាវតារជាមុន»។
លោកក៏ថ្លែងស្វាគមន៍ការចរចាជាមួយនឹងអូស្ត្រាលី ប៉ុន្តែថា នៅពុំទាន់ត្រូវបានទាក់ទងដោយតំណាងរដ្ឋាភិបាលអូស្ត្រាលីនៅឡើយ។
លោករំពឹងថា«MoU នឹងត្រូវចុះហត្ថលខាជាមួយន័រវែសនិងលុចសំបួ បន្ទាប់ពីបញ្ចប់សេចក្តីព្រាងកិច្ចព្រមព្រៀងនេះនៅខែក្រោយ»៕PS