ភ្នំពេញៈ ប្រទេស​អូស្ត្រាលី​ ស្វាគមន៍​ជំហរ​របស់​កម្ពុជា​ក្នុង​ការទិញ​តែ​វ៉ាក់សាំង​ណា​ដែល​ទទួលស្គាល់​ដោយ​គំនិត​ផ្ដួចផ្ដើម​របស់​កូវ៉ាក់ (COVAC) ហើយ​អូស្ត្រាលី​នឹង​ជួយ​ដល់​កម្ពុជា​លើ​ការធ្វើ​លទ្ធកម្ម ការដឹកជញ្ជូន និង​ការប្រឹក្សា​ផ្នែក​សុខភាព​។

អ្នកនាំពាក្យ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​បាន​ថ្លែងប្រាប់​តាម​អ៊ីមែល​កាលពី​ថ្ងៃទី​ ២៤ ខែធ្នូ ដូច្នេះ​ថា​៖ «​ប្រទេស​អូស្ត្រាលី​ស្វាគមន៍​ការប្ដេជ្ញាចិត្ត​របស់​កម្ពុជា​ក្នុង​ការទិញ​តែ​វ៉ាក់សាំង​ណា​ដែល​បានធ្វើ​តេស្ត​ឃើញថា​មាន​គុណភាព​ជា​មុន​ដោយ​អង្គការ​សុខភាព​ពិភពលោក​។ នេះ​ជា​ជំហរ​ដែល​អូស្ត្រាលី​គាំទ្រ​យ៉ាង​ពេញទំហឹង ពីព្រោះ​វា​មាន​សារៈសំខាន់​ដើម្បី​ធានា​បាន​ថា វ៉ាក់សាំង​នេះ​មាន​សុវត្ថិភាព និង​ភាពស័ក្ដិសិទ្ធិ​»​។

លោក ប៉ាប្លូ កាំង (Pablo Kang) ​ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​បាន​ជួប​ជាមួយ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃទី​ ២៣ ធ្នូ ដើម្បី​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​របស់​អូស្ត្រាលី​ជាមួយ​កម្ពុជា​ដោយ​ក្នុង​នោះ​ក៏មាន​ការទទួល​បាន​វ៉ាក់សាំង​ប្រឆាំង​កូវីដ​ ១៩​ ដោយ​ស្មើភាព​គ្នា និង​មាន​សុវត្ថិភាព​។

អ្នកនាំពាក្យ​ស្ថានទូត​អូស្ត្រាលី​បាន​ថ្លែងថា អូស្ត្រាលី​បាន​ពិភាក្សា​រួចហើយ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា និង​ដៃគូ​អភិវឌ្ឍន៍​សំខាន់ៗ​ផ្សេងទៀត​ដើម្បី​រកមើល​លទ្ធភាព​ថា តើ​ពួកគេ​អាច​ចូលរួម​ជាមួយ​កម្ពុជា​អ្វីខ្លះ​ក្នុង​ការទិញ​​វ៉ាក់សាំង​កូវីដ ​១៩?

អ្នកនាំពាក្យ​ដដែល​បាន​ឱ្យ​ដឹងថា ការគាំទ្រ​របស់​អូស្ត្រាលី​លើ​បញ្ហា​នេះ​ឈរលើ​ការគាំទ្រ​របស់​អូស្ត្រាលី​អស់​រយៈពេល​ជាយូរ​មកហើយ​លើ​វិស័យ​សុខាភិបាល​កម្ពុជា​។ ទំនាក់ទំនង​របស់​អូស្ត្រាលី​តាមរយៈ​គម្រោង​លើកកម្ពស់​គុណភាព និង​សមធម៌​សុខាភិបាល និង​ជំនួយ​ឥតសំណង​មាន​ទឹកប្រាក់​ ៥០០ ​លាន​ដុល្លារ​អូស្ត្រាលី​ សម្រាប់​ទិញ​វ៉ាក់សាំង​ដែល​ផ្ដល់​ឱ្យ​ទៅ​ប្រទេស​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក រួមទាំង​កម្ពុជា​ផង​។

អ្នកនាំពាក្យ​រូបនេះ​ថ្លែងថា​៖ «​ការគាំទ្រ​របស់​យើង​ដែល​បាន​គ្រោងទុក​សម្រាប់​បញ្ហា​វ៉ាក់សាំង​កូវីដ​ ១៩​ នៅ​កម្ពុជា​នឹង​រួមមាន​ការដឹក​នាំយក​វ៉ាក់សាំង ការ​ចែកចាយ​វ៉ាក់សាំង និង​ការប្រឹក្សា​ផ្នែក​សុខភាព​»​។

នៅ​ប្រទេស​អូស្ត្រាលី រដ្ឋាភិបាល​អូស្ត្រាលី​បាន​ឈានដល់​ដំណាក់កាល​ចុះ​កិច្ចព្រមព្រៀង​ជាច្រើន​ក្នុង​ការទិញ​វ៉ាក់សាំង​នេះ​។ ការដាក់​ប្រើប្រាស់​វ៉ាក់សាំង​នៅ​អូស្ត្រាលី​វា​អាស្រ័យ​លើ​លទ្ធផល​នៃ​ការធ្វើ​តេស្ត​សាកល្បង​នៅ​មន្ទីរពិសោធន៍ និង​ទទួលស្គាល់​ដោយ​និយតករ​ឱសថ​អូស្ត្រាលី ដែល​មាន​ឈ្មោះថា «​រដ្ឋបាល​ទំនិញ​ពេទ្យ​»។ នេះ​បើតាម​អ្នកនាំពាក្យ​ស្ថានទូត​ដដែល​។

ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃ​ទី​ ២៤ ធ្នូ បានចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​អំពី​ជំនួប​រវាង​លោក ប៉ាប្លូ និង​លោក អូន ព័ន្ធមុនីរ័ត្ន ដោយ​បញ្ជាក់ថា លោក អូន ព័ន្ធមុនីរ័ត្ន សម្ដែង​ក្ដីសោមនស្ស​រីករាយ​ចំពោះ​ការគាំទ្រ​របស់​អូស្ត្រាលី​ក្នុង​ការអភិវឌ្ឍ​នៅ​កម្ពុជា បូករួម​ទាំង​រឿង​វ៉ាក់សាំង​នេះ​ផង​។

លោក អូន ព័ន្ធមុនីរ័ត្ន បាន​ថ្លែងប្រាប់​ទៅ​លោក ប៉ាប្លូ ដូច្នេះ​ថា​៖ «​បច្ចុប្បន្ន រាជរដ្ឋាភិបាល​កម្ពុជា​បាននិង​កំពុង​រៀបចំ​កិច្ចប្រជុំ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ពាក់ព័ន្ធ​នានា​ទាំង​ពហុភាគី និង​ទាំង​ទ្វេភាគី ជាពិសេស​អង្គការ​សុខភាព​ពិភពលោក ដើម្បី​ពិភាក្សា​អំពី​គម្រោង​លទ្ធកម្ម​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ និង​កម្មវិធី​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ក្នុង​គោលបំណង​ទទួល​បាន​នូវ​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​, ស័ក្តិសិទ្ធិភាព​នៃ​ផែនការ និង​សកម្មភាព​ជា​យុទ្ធសាស្ត្រ​ក្នុង​ការចាត់ចែង​បញ្ជា​ទិញ​»​។

លោក​បាន​បន្តថា​៖ «[​ទាំងនេះ​គឺ​] ​ដើម្បី​ធានា​បាន​នូវ​ការគ្រប់គ្រង​សុវត្ថិភាព គុណភាព និង​ប្រសិទ្ធភាព​នៃ​ការប្រើប្រាស់ វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ សម្រាប់​ផ្តល់ជូន​ប្រជាជន​កម្ពុជា​ឱ្យបាន​ឆាប់រហ័ស និង​ទាន់ពេលវេលា​។ ឯកឧត្តម​អគ្គបណ្ឌិត​សភាចារ្យ ឧបនាយករដ្ឋមន្ត្រី​ក៏បាន​គូសបញ្ជាក់​បន្ថែម​ផងដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​បញ្ជា​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ទាំងឡាយ​ណា​ដែល​មាន​ការទទួល​ស្គាល់​ពី​អង្គការ​សុខភាព​ពិភពលោក​តែប៉ុណ្ណោះ​»​។

កាលពី​ថ្ងៃទី​ ១៥ ធ្នូ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ថ្លែងថា ព្រះរាជាណាចក្រ​កម្ពុជា​ត្រៀម​ថវិកា​រហូត​ដល់​ទៅ​ ២០០ ​លាន​ដុល្លារ​ សម្រាប់​ទិញ​វ៉ាក់សាំង​ប្រឆាំង​កូវីដ​ ១៩ ដែល​ទទួលស្គាល់​ដោយ​គំនិត​ផ្ដួចផ្ដើម​កូវ៉ាក់​របស់​អង្គការ​សុខភាព​ពិភពលោក​។ ពលរដ្ឋ​កម្ពុជា​ប្រមាណ ១៣ លាន​នាក់ ​ក្នុងចំណោម ១៦ ​លាន​នាក់ ​នឹង​ទទួលបាន​វ៉ាក់សាំង​នេះ​។

ពលរដ្ឋ​កម្ពុជា​គ្រប់​ស្រទាប់វណ្ណៈ​បាន​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ដើម្បី​ចូលរួម​ក្នុង​ការទិញ​វ៉ាក់សាំង​នេះ​។ ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​សុំ​ការបញ្ជាក់​ពី​ចំនួន​ទឹកប្រាក់​បរិច្ចាគ​ពី​សប្បុរសជន​ពី​សំណាក់​លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល និង​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បានទេ​។ ប៉ុន្តែ​សារព័ត៌មាន​ប្រេសញូវ​សរសេរ​ថា គិត​ត្រឹម​ថ្ងៃទី​ ២៣ ខែ​ធ្នូ ទឹកប្រាក់​បរិច្ចាគ​ពី​សប្បុរសជន​មាន​សរុប​ជាង ៥៤ ​លាន​ដុល្លារ​។

ពាក់ព័ន្ធ​នឹង​ការទិញ​វ៉ាក់សាំង​កូវីដ​ ១៩ ​នេះ សារព័ត៌មាន​បរទេស​មួយចំនួន​តែង​ភ្ជាប់​ការប្ដេជ្ញាចិត្ត​របស់​កម្ពុជា​ក្នុង​ការទិញ​វ៉ាក់សាំង​ពី​គំនិត​ផ្ដួចផ្ដើម​ទៅនឹង​វ៉ាក់សាំង​របស់​ប្រទេស​ចិន​។

កាលពី​ថ្ងៃ​ទី​ ១៧ ធ្នូ កាសែត The New Strait Times បាន​ចុះផ្សាយ​ដាក់​ចំណងជើង​ថា «​កម្ពុជា​បដិសេធ​ធ្វើជា​សត្វ​ជ្រូក​របស់​ចិន​សម្រាប់​វ៉ាក់សាំង​កូវីដ​»​។ ស្រដៀង​គ្នា​នេះដែរ កាសែត South China Morning Post បាន​រាយការណ៍​នៅ​ថ្ងៃទី​ ២០ ​ធ្នូ​ដោយ​ដាក់​ចំណងជើង​ថា «​អ្នកវិភាគ​និយាយថា​ការប្រុងប្រយ័ត្ន​របស់​កម្ពុជា​លើ​វ៉ាក់សាំង​កូវីដ ​១៩​ របស់​ចិន បង្ហាញ​សញ្ញា​ថា​ [​កម្ពុជា​] ​ទៅ​អាមេរិក​»​។

ក៏ប៉ុន្តែ​លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​កាសែត​បរទេស​មួយចំនួន រួមទាំង​កាសែត​ក្នុង​ស្រុក​ខ្លះ ហាក់​ដូចជា​ជាប់សោ​ទៅនឹង​ទំនាក់ទំនង​កម្ពុជា-ចិន​។ ប្រសិនបើ​សម្ដេចនាយក​រដ្ឋមន្ត្រី​និយាយ​ថា កម្ពុជា​នឹង​ទិញ​វ៉ាក់សាំង​ចិន ពួកគេ​នឹង​និយាយថា​កម្ពុជា​ស្ថិតក្រោម​ឥទ្ធិពល​ចិន​។ ប៉ុន្តែ​នៅពេល​ដែល​សម្ដេច​នាយករដ្ឋមន្ត្រី​មិនបាន​និយាយ​សូម្បី​ ១ ​ម៉ាត់​អំពី​ប្រទេស​ចិន​រឿង​វ៉ាក់សាំង​នេះ ពួកគេ​បកប្រែ​ថា ទៅ​ជា​រឿង​ផ្សេង​»​។

លោក​បន្តថា​៖ «​សម្ដេចនាយក​រដ្ឋមន្ត្រី​បានបញ្ជាក់​ច្បាស់​ហើយ​ថា កម្ពុជា​មិន​បដិសេធ​វ៉ាក់សាំង​ចិន ឬ​វ៉ាក់សាំង​ប្រទេស​ណា​ទេ ប៉ុន្តែ​យើង​ទិញ​តែ​វ៉ាក់សាំង​ណា​ដែល​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក​ប៉ុណ្ណោះ ព្រោះ​ដើម្បី​ធានា​ពី​សុវត្ថិភាព​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​។ ជំហរ​សម្ដេច​ ហ៊ុន សែន មិន​ប្រែប្រួល​ទៅ​លើ​ប្រទេស​ណាមួយ​ទេ ប៉ុន្តែ​ដើម្បី​ធានា​សុវត្ថិភាព​របស់​ប្រជាជន​»៕