ភ្នំពេញៈ រដ្ឋាភិបាលអូស្ត្រាលីតាមរយៈកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានផ្ដល់កុំព្យូទ័រថេប្ល៊ិត (Tablet) ចំនួន ១ ៧០០ គ្រឿង រួមនឹងកញ្ចប់កម្មវិធី (software) ដល់ក្រសួងផែនការ ដើម្បីជួយធ្វើឱ្យប្រព័ន្ធគាំពារសង្គមនៅកម្ពុជាកាន់តែមានភាពល្អប្រសើរ ខណៈការប្រមូលទិន្នន័យគ្រួសារពលរដ្ឋក្រីក្រជំហានទី ២ ត្រូវបានបញ្ចប់នៅត្រឹមយប់ថ្ងៃទី ១៥ ខែកក្កដា។
យោងតាមសេចក្ដីប្រកាសព័ត៌មានរួមកាលពីថ្ងៃទី ១៥ ខែកក្កដា ស្ដីពីការផ្ដល់ថេប្ល៊ិតចំនួន ១៧០០ គ្រឿង និងកញ្ចប់កម្មវិធី (software) ដល់ក្រសួងផែនការនេះបង្ហាញថា ថេប្ល៊ិតទាំងនេះនឹងជួយឱ្យមន្ទីរផែនការរាជធានី ខេត្ត ក៏ដូចជាឃុំ សង្កាត់ អាចចុះឈ្មោះគ្រួសារដែលត្រូវមកទទួលបណ្ណសមធម៌ថ្មី កាន់តែលឿនដើម្បីឱ្យពួកគេអាចទទួលបានការឧបត្ថម្ភប្រាក់ឱ្យបានឆាប់។
លោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការបានថ្លែងក្នុងពិធីប្រគល់ទទួល ថេប្ល៊ិត នៅក្រសួងផែនការនៅថ្ងៃទី ១៥ ខែកក្កដា ថា កម្ពុជាក៏ដូចជាសកលលោកទាំងមូលដែរ គឺរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ជាពិសេសចំពោះគ្រួសារក្រីក្រ។ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាជន រាជរដ្ឋាភិបាលបានសម្រេចជួយឧបត្ថម្ភជាសាច់ប្រាក់ជូនគ្រួសារក្រីក្រ ដែលមានបណ្ណសមធម៌។ ប៉ុន្តែនៅមានគ្រួសារក្រីក្រខ្លះ អវត្តមានពីការចុះឈ្មោះទទួលបណ្ណសមធម៌ ហើយគ្រួសារខ្លះទៀតទើបធ្លាក់ខ្លួនក្រ ដោយសារបាត់បង់ចំណូល បណ្តាលមកពីវិបត្តិកូវីដ១៩។
លោករដ្ឋមន្ដ្រីថ្លែងថា៖ «ដើម្បីពន្លឿនការចុះឈ្មោះក្រុមគ្រួសារក្រីក្រទាំងនេះនៅតាមឃុំ-សង្កាត់បន្ថែមទៀត ក្រសួងផែនការបានស្នើសុំកុំព្យូទ័រ Tablet ចំនួន ១៧០០ គ្រឿងពីអង្គការ UNDP។ ខ្ញុំសូមថ្លែងអំណរគុណដោយស្មោះបំផុត ចំពោះ UNDP និងរដ្ឋាភិបាលអូស្ត្រាលីដែលបានរួមចំណែកគាំទ្រតាមរយៈការផ្តល់នូវថេប្ល៊ិតទាំងនេះដល់ក្រសួង»។
លោក Nick Beresford តំណាង UNDP ប្រចាំប្រទេសកម្ពុជាថ្លែងថា រដ្ឋាភិបាលអូស្ត្រាលី និង UNDP បានផ្តល់ Tablet ទាំងនេះដល់ក្រសួងផែនការក្នុងគោលដៅជួយដល់ការពង្រីកវិសាលភាពនៃប្រព័ន្ធគាំពារសង្គម ដើម្បីធានាថា គ្រួសារដែលបានចុះឈ្មោះទទួលបានបណ្ណសមធម៌អាចទទួលបានការឧបត្ថម្ភសាច់ប្រាក់។ លោកថ្លែងថា៖ «វាជាការចូលរួមធ្វើឱ្យកិច្ចការគាំពារសង្គមរបស់អង្គការសហប្រជាជាតិកាន់តែធំទូលាយ និងកសាងភាពជាដៃគូជាមួយអង្គការ GIZ ដើម្បីជួយដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងនូវប្រព័ន្ធកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ តាមប្រព័ន្ធឌីជីថលពេញលេញមួយ»។
ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា លោក Pablo Kang ថ្លែងថា រដ្ឋាភិបាលអូស្ត្រាលីមានមោទនភាព ដែលការគាំទ្រក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ រាប់បញ្ចូលទាំងការឧបត្ថម្ភ Tablet ទាំងនេះបានជួយកសាងកម្មវិធីកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ ឱ្យក្លាយជាប្រព័ន្ធពិតប្រាកដមួយរបស់កម្ពុជា។ ការគាំទ្រនេះក្លាយជាប្រព័ន្ធគោលសម្រាប់ជួយសម្រួលដល់ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលកម្ពុជាជូនគ្រួសារងាយរងគ្រោះក្នុងអំឡុងពេលនៃវិបត្តិកូវីដ ១៩។
លោកឯកអគ្គរដ្ឋទូតថ្លែងថា៖ «ក្នុងពេលជាមួយគ្នានេះ វាក៏បានផ្តល់ការឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋក្រីក្របំផុតនៅកម្ពុជា ដោយប្រើលក្ខណវិនិច្ឆ័យប្រកបដោយតម្លាភាព ដែលនេះជាលទ្ធផលមួយដ៏ប្រសើរប្រកបដោយសមធម៌កើតចេញពីការអនុវត្តកម្មវិធីសហប្រតិបត្តិការអភិវឌ្ឍន៍រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសអូស្ត្រាលីជាច្រើនឆ្នាំ»។
លោក ថេង បញ្ញាធន អគ្គនាយកផែនការនៃក្រសួងផែនការក៏បានថ្លែងក្នុងពិធីនេះដែរថា រហូតមកដល់ពេលនេះ គ្រួសារក្រីក្រទាំងជាង ៥៦ ម៉ឺនគ្រួសារបានទៅបើកសាច់ប្រាក់ពីរាជរដ្ឋាភិបាល ដែលបានឧបត្ថម្ភបានជាង ៩០ ភាគរយហើយ។
លោកបញ្ជាក់ថា រឿងដែលសំខាន់គឺការងារដែលត្រូវចុះអនុវត្ដបន្តចំពោះការដោះស្រាយបញ្ហាទិន្នន័យគ្រួសារក្រីក្រដែលត្រូវទទួលបានសាច់ប្រាក់ឧបត្ថម្ភក្នុងជំហានទី ២ ឱ្យបានទាន់ពេលវេលា។ ពិសេសតាមអ្វីដែលបានសម្រេចពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺក្រសួងផែនការត្រូវផ្ដល់ទិន្នន័យគ្រួសារក្រីក្រជំហានទី ២ គឺត្រឹមម៉ោង ៨ យប់ថ្ងៃទី ១៥ ខែកក្កដា។
ប៉ុន្ដែលោកបញ្ជាក់ថា៖ «ជាលទ្ធផលដែលបានទទួលគិតត្រឹមថ្ងៃទី ១៤ ខែកក្កដា គឺមានគ្រួសារក្រីក្រថ្មី (ជំហានទី ២) នៅក្នុងបញ្ជីចំនួន ៤៦ ១០៥ គ្រួសារ។ ក្នុងចំណោមគ្រួសារក្រីក្រថ្មីនេះមានគ្រួសារក្រីក្រនៅក្នុងតំបន់ទីប្រជុំជនចំនួន ៦ ៨២៨ គ្រួសារនៃគ្រួសារក្រីក្រជំហានទី ២ សរុប»។
ស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅកម្ពុជាក៏បានចេញសេចក្ដីប្រកាសព័ត៌មាន ១ ដែរកាលពីថ្ងៃទី ១៤ ខែកក្កដា ដោយបញ្ជាក់ថា៖ «ប្រទេសអាល្លឺម៉ង់បានប្រកាសផ្ដល់ថវិកាចំនួន ១ លានអឺរ៉ូបន្ថែមទៀតសម្រាប់កម្មវិធីអត្ដសញ្ញាណកម្មគ្រួសារក្រីក្រ (IDPoor) ដើម្បីផ្ដល់ការគាំទ្របច្ចេកទេស ដល់កម្មវិធីផ្ទេរប្រាក់សម្រាប់ប្រជាជនក្រីក្រ»៕