
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចាប់ដៃជាមួយលោកនាយករដ្ឋមន្ត្រី អូស្ត្រាលី Malcolm Turnbull អំឡុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ។ AFP
ភ្នំពេញៈ កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលីបានបញ្ចប់កាលពីថ្ងៃអាទិត្យ ហើយថ្នាក់ដឹកនាំប្រទេសទាំងនោះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រឆាំងភេរវកម្ម និងបានប្រកាសថាជា «សករាជថ្មី» មួយនៃទំនាក់ទំនងជិតស្និទ្ធ។
គេក៏សង្កេតឃើញមានបាតុកររាប់រយនាក់បានប្រមូលផ្តុំគ្នានៅឧទ្យាន Hyde Park ក្នុងទីក្រុងស៊ីដនីប្រទេសអូស្ត្រាលី កាលពីថ្ងៃសុក្រ ដើម្បីធ្វើការតវ៉ាប្រឆាំងនឹងបុរសខ្លាំងកម្ពុជាលោក ហ៊ុន សែន ដែលទើបតែបានទទួលជំនួយរាប់លានដុល្លារពីរដ្ឋាភិបាលអូស្ត្រាលីនៅមុនកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលីកាលពីចុងសប្ដាហ៍កន្លងទៅ។
តាមការប៉ាន់ប្រមាណមានក្រុមអ្នកតវ៉ាប្រហែល ៣០០ នាក់ដែលភាគច្រើននៃពួកគេគឺមកពីសហគមន៍ខ្មែរ-អូស្ត្រាលីដោយពួកគេបានកាន់បដាទាមទារឱ្យដោះលែងលោក កឹម សុខា អតីតមេដឹកនាំគណបក្សប្រឆាំងដែលកំពុងជាប់ពន្ធនាគារ។
លោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីខែកញ្ញាកន្លងទៅដែលត្រូវបានចោទប្រកាន់ពីបទ «ក្បត់ជាតិ» ហើយការចោទប្រកាន់នេះត្រូវបានគេគិតថាជារឿងនយោបាយ។ ២ ខែក្រោយមកគណបក្សរបស់គាត់ដែលជាគូប្រជែងដ៏ពិតប្រាកដតែមួយគត់របស់គណបក្សប្រជាជនកម្ពុជាសម្រាប់ការបោះឆ្នោតនាខែកក្កដា ឆ្នាំ ២០១៨ នាពេលខាងមុខនេះត្រូវបានរំលាយទាំងបង្ខំ។
នៅក្នុងការតវ៉ានោះគេឃើញវត្តមានរបស់ប៉ូលិសជាច្រើននាក់ បន្ទាប់ពីលោក ហ៊ុន សែន បានធ្វើការគំរាមកំហែងថានឹងទៅតាមវាយអ្នកតវ៉ាដែលដុតរូបទីងមោងបិទរូបលោកដល់ផ្ទះ។ ប៉ុន្តែគ្មានរូបទីងមោងបិទរូបលោកនាយករដ្ឋមន្ត្រីត្រូវបានដុតនៅក្នុងការតវ៉ានៅឧទ្យាន Hyde នោះទេ ប៉ុន្តែរូបទីងមោងមានបិទរូបលោកនាយករដ្ឋមន្ត្រីត្រូវបានគេដុតនៅក្នុងការតវ៉ា កាលពីលើកមុនៗ។
ឃើញមានព្រះសង្ឃជាច្រើនអង្គស្លៀកស្បង់ជីវរពណ៌ទឹកក្រូចបានសូត្រធម៌មុនពេលស្ងប់ស្ងាត់មួយនាទីដើម្បីគោរព និងរំឭកដល់ជនរងគ្រោះនៃអំពើឃាតកម្មនយោបាយនៅកម្ពុជារួមទាំងអ្នកវិភាគនយោបាយដ៏ល្បីមួយរូបគឺលោក កែម ឡី ផងដែរ។
ភរិយាលោក កែម ឡី អ្នកស្រី ប៊ូ រចនា ដែលទើបតែបានផ្លាស់ទៅរស់នៅទីក្រុងមែលប៊នប្រទេសអូស្ត្រាលីទាំងគ្រួសារកាលពីពេលថ្មីៗនេះបានថ្លែងអំណរគុណដល់ក្រុមអ្នកគាំទ្រទាំងអស់។ ព្រះសង្ឃមួយអង្គព្រះនាម នូ សង (Nou Sorng) បានអំពាវនាវដល់រដ្ឋាភិបាលអូស្ត្រាលីជំរុញលោក ហ៊ុន សែន ឲ្យគោរពសិទិ្ធមនុស្ស។
ព្រះអង្គថ្លែងថា៖ «លោក ហ៊ុន សែន តែងតែយកប្រជាពលរដ្ឋរបស់ខ្លួនធ្វើជាចំណាប់ខ្មាំងដោយប្រើអំពើហិង្សា និងបំភិតបំភ័យពួកគេ ហើយគាត់ថែមទាំងគំរាមកំហែងប្រជាពលរដ្ឋរបស់ខ្លួនថែមទៀតផង ប្រសិនបើពួកគេមិនបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា។ ពួកគេនឹងមិនអភិវឌ្ឍអ្វីទេនៅក្នុងប្រទេសកម្ពុជា»។
ព្រះអង្គបន្តថា៖ «យើងមិនអាចរៀបរាប់ពីសកម្មភាពអាក្រក់ៗរបស់លោក ហ៊ុន សែន អស់ទេ។ គាត់ត្រូវតែដោះលែងលោក កឹម សុខា និងអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិចូលធ្វើនយោបាយវិញ»។

បាតុកររាប់រយនាក់បានប្រមូលផ្តុំគ្នា ដើម្បីធ្វើការតវ៉ាប្រឆាំងនឹង លោក ហ៊ុន សែន នៅឧទ្យាន Hyde Park ក្នុងទីក្រុងស៊ីដនីប្រទេសអូស្ត្រាលី កាលពីថ្ងៃសុក្រ។ រូបថត AFP
កាលពីព្រឹកថ្ងៃសុក្រលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបជាមួយក្រុមអ្នកគាំទ្រខ្មែរ-អូស្ត្រាលីជាច្រើននាក់នៅតាមដងផ្លូវក្នុងទីក្រុងស៊ីដនីដោយលោកបានចាប់ដៃ និងថតរូបសែលហ្វ៊ី (Selfies) ជាមួយអ្នកគាំទ្រទាំងនោះផងដែរ។
លោក ហ៊ុន សែន បានថ្លែងថា៖ «ខ្ញុំទើបតែបានជួបជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី។ ហើយគេបានសម្រេចផ្តល់ជំនួយហិរញ្ញវត្ថុចំនួន ៧៨ លានដុល្លារ សម្រាប់អភិវឌ្ឍន៍នៅកម្ពុជា»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញកាលពីថ្ងៃសៅរ៍អ្នកនាំពាក្យក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលីបានឲ្យដឹងថា៖ «ជំនួយអភិវឌ្ឍន៍របស់អូស្ត្រាលីដល់ប្រទេសកម្ពុជាគឺមិនមានការផ្លាស់ប្តូរនោះទេ។ គឺចំនួន ៨៧.៤ លានដុល្លារដដែលជាជំនួយអភិវឌ្ឈន៍សម្រាប់ឆ្នាំ ២០១៧-២០១៨»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានគូសបញ្ជាក់ផងដែរថាក្រៅពីផ្តល់ថវិកានេះ អូស្ត្រាលីក៏សន្យាផ្តល់ជំនួយអភិវឌ្ឍន៍ផ្សេងៗទៀតផងដែរ។ ភ្នាក់ងារព័ត៌មានគាំទ្ររដ្ឋាភិបាល Fresh News បានរាយការណ៍ថា លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានថ្លែងឲ្យដឹងថា រដ្ឋាភិបាលអូស្ត្រាលីបានសន្យាផ្តល់ជំនួយសម្រាប់ការអភិវឌ្ឍនៅកម្ពុជា»។
ការផ្តល់ជំនួយបែបណាមួយគឺអាចផ្ទុយទៅនឹងចំណាត់ការពីអន្តរជាតិកាលពីពេលថ្មីៗនេះ។ ជំនួយរបស់សហរដ្ឋអាមេរិកដល់កម្ពុជាជាច្រើនត្រូវបានកាត់ផ្តាច់ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាបានឈ្នះអាសនៈនៅក្នុងការបោះឆ្នោតព្រឹទ្ធសភាទាំងអស់កាលពីខែមុន។
ជាមួយគ្នានេះវាក៏ផ្ទុយទៅនឹងការទាមទារពីក្រុមអ្នកនយោបាយបក្សប្រឆាំង និងក្រុមការពារសិទ្ធិមនុស្សទាំងនៅក្នុងប្រទេសអូស្ត្រាលី និងកម្ពុជាផងដែរ ដែលពួកគេបានអំពាវនាវលោកនាយករដ្ឋមន្ត្រី Turnbull ម្តងហើយម្តងទៀតឱ្យចាត់វិធានការឆ្លើយតប និងសាកសួរកម្ពុជាចំពោះការបង្ក្រាបលើបក្សប្រឆាំងអ្នកសារព័ត៌មានឯករាជ្យ និងអង្គការសង្គមស៊ីវិល។
លោក Carlyle Thayer អ្នកឯកទេសផ្នែកសន្តិសុខប្រចាំតំបន់នៅសាកលវិទ្យាល័យ New South Wales បានសរសេរនៅក្នុងអ៊ីមែលថា៖ «វាមិនមានការសង្ស័យទេពីសម្ពាធរបស់ពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលីដែលនាំឲ្យលោកនាយករដ្ឋមន្ត្រី Turnbull លើកបញ្ហាទាំងនោះជាមួយលោក ហ៊ុន សែន» ។
លោកបន្ថែមថា៖ «ការប្រមូលផ្ដុំតវ៉ាប្រឆាំងលោក ហ៊ុន សែន និងការរំលាយប្រព័ន្ធប្រជាធិបតេយ្យសេរីនៅកម្ពុជានេះគឺបានទាក់ទាញការយកចិត្តទុកដាក់ពីសាធារណជនចំពោះបញ្ហានេះហើយវាទំនងមិនថមថយទេ»។
នាយកអង្គការឃ្លាំមើលសិទិ្ធមនុស្ស Human Rights Watch ប្រចាំប្រទេសអូស្ត្រាលី លោកស្រី Elaine Pearson ដែលបានថ្លែងនៅឯការតវ៉ាកាលពីថ្ងៃសុក្រនោះបានបញ្ជាក់ថាអស់ពេលបីទសវត្សរ៍មកហើយលោក ហ៊ុន សែន បានប្រើអំពើហិង្សានយោបាយការគំរាមកំហែងជាបន្តបន្ទាប់ក៏ដូចជាអំពើពុករលួយដើម្បីរក្សាអំណាច។
លោកស្រីថ្លែងថា៖ «ការប្រើអំពើហិង្សា និងការគាបសង្កត់កាលពីពេលថ្មីៗនេះគឺមានសភាពខ្លាំងក្លាណាស់។ កុំធ្វើឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅបន្តបង្ក្រាបប្រជាជនរបស់គាត់កាន់តែខ្លាំងទៀតពីព្រោះគាត់មើលឃើញថាវាគ្មានតម្លៃទេចំពោះចំណាត់ការទាំងនេះ»។
លោកស្រីបន្ថែមថា៖ «ការតវ៉ានេះគឺមានសារៈសំខាន់ណាស់។ ហើយរដ្ឋាភិបាលអូស្ត្រាលីអាចព្យាយាមលើកយកបញ្ហាសិទិ្ធមនុស្សចេញពីកិច្ចប្រជុំកំពូលពិសេសនោះ។ ប្រជាជនអូស្ត្រាលីឈរលើសាមគ្គីភាពជាមួយប្រជាជនកម្ពុជាហើយយើងនឹងនិយាយប្រឆាំងការព្យាយាមលុបបំបាត់បក្សប្រឆាំងរបស់លោក ហ៊ុន សែន ដែលកំពុងធ្វើនេះ»។
ជាមួយគ្នានេះដែរកាលពីថ្ងៃសុក្រកន្លងទៅអតីតប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ក៏បានអំពាវនាវឱ្យដោះលែងអ្នកផលិតខ្សែភាពយន្តជនជាតិអូស្ត្រាលីលោក James Ricketson ផងដែរដែលត្រូវបានចោទប្រកាន់ពីបទចារកម្មបន្ទាប់ពីគាត់បានបង្ហោះយន្តហោះ គ្មានមនុស្សបើក (drone) ពីលើក្បួនបាតុកម្មរបស់បក្សប្រឆាំង។
នៅលើទំព័រហ្វេសប៊ុកលោក សម រង្ស៊ី បានជំរុញឲ្យលោក ហ៊ុន សែន ដោះលែងលោក Ricketson ដែលបានជាប់ពន្ធនាគារចាប់តាំងពីខែមិថុនាមកនោះ។ លោក សម រង្ស៊ី បានសរសេរថា៖ «លោក Ricketson ត្រូវបានចាប់ជាចំណាប់ខ្មាំងដោយលោក ហ៊ុន សែន ដើម្បីបំភិតបំភ័យអ្នកសារព័ត៌មានបរទេស កុំឲ្យហ៊ាននិយាយការពិតពីរបបរបស់គាត់»៕NS