ភ្នំពេញៈ រដ្ឋាភិបាល​អូស្ត្រាលី​កាលពី​ម្សិលមិញ​បានប្រកាស​ផ្ដល់​ជំនួយឥតសំណង​ជា​ទឹកប្រាក់​ចំនួន​ប្រមាណ​ ២៨ ​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ សម្រាប់​កម្មវិធី​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ​១៩ ដែល​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក​នៅ​កម្ពុជា​ចាក់​ដល់​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ ១ ​លាន​ ៥ ​សែន​នាក់​។

យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​រួម​រវាង​លោក ផាប្លូកាង ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​ និង​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បាន​ឱ្យដឹងថា​៖ «​ហិរញ្ញប្បទាន​ឥត​សំណង​របស់​អូស្ត្រាលី​នេះ អាច​នឹង​រួមចំណែក​ក្នុង​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ដល់​ប្រជាជន​កម្ពុជា​ប្រមាណ​ ១,៥ ​លាន​នាក់​។ ការរួមចំណែក​នេះ​នឹង​ជួយ​ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​​កម្ពុជា​សម្រេចបាន​កាន់តែ​ឆាប់រហ័ស​នូវ​គោលដៅ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ដល់​ប្រជាជន​កម្ពុជា​ឱ្យបាន​ ៨០ ​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​»​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នេះ​បាន​បញ្ជាក់ថា ហិរញ្ញប្បទាន​ឥត​សំណង​នេះ នឹងត្រូវ​បាន​ប្រើប្រាស់​ភាគច្រើន​សម្រាប់​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩ និង​មួយចំនួន​តូច​នឹងត្រូវ​ប្រើប្រាស់​សម្រាប់​ជួយ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការបែងចែក​ និង​គ្រប់គ្រង​វ៉ាក់សាំង ធានា​សុវត្ថិភាព និង​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង និង​ដើម្បី​ធានា​ថា ប្រជាជន​កម្ពុជា​អាច​ទទួលបាន​ព័ត៌មាន​ច្បាស់លាស់​អំពី​ដំណើរការ​នៃ​ការចាក់​វ៉ាក់សាំង​បង្ការ​នេះ​។

លោក ផាប្លូ កាង បាន​ថ្លែង​នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​ថា​៖ «​ក្នុងនាម​ជា​អ្នកជិតខាង និង​ជា​មិត្ត​ដ៏យូរអង្វែង​របស់​កម្ពុជា អូស្ត្រាលី​មាន​សេចក្ដី​សោមនស្ស​រីករាយ​ក្នុង​ការគាំទ្រ​កម្ពុជា​ក្នុង​គ្រា​លំបាក​នេះ​។ អូស្ត្រាលី​ទទួលស្គាល់​ថា គ្មាន​នរណាម្នាក់​មាន​សុវត្ថិភាព​ទេ ប្រសិន​បើ​គ្រប់គ្នា​មិនទាន់​មាន​សុវត្ថិភាព ហើយ​ការគាំទ្រ​របស់​អូស្ត្រាលី​នឹង​ការជួយ​ដល់​កម្មវិធី​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ​-១៩​ជូន​ប្រជាជន​កម្ពុជា​យ៉ាងហោចណាស់​ចំនួន​ ១,៥ ​លាន​នាក់ និង​ការចាក់​វ៉ាក់សាំង​ដែល​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក​នៅ​កម្ពុជា​»​។

សេចក្ដីប្រកាស​ព័ត៌មាន​នេះ​បានឱ្យ​ដឹងថា ត្បិត​កម្ពុជា​បាន​ចៀសផុត​នូវ​ផលប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​ពី​ជំងឺ​កូវីដ​ ១៩ ក៏ដោយ ការផ្តល់​វ៉ាក់សាំង​បង្ការ​កូវីដ​១៩ ជូន​ប្រជាពលរដ្ឋ​ខ្លួន​នៅ​ទូទាំង​ប្រទេស​នៅតែ​ជា​កត្តា​ដ៏សំខាន់​ក្នុង​ការទប់ស្កាត់​ និង​បង្ការ​ការរាលដាល​នៃ​ជំងឺ​​កូវីដ​ ១៩ ​នាពេល​អនាគត និង​ការស្តារ​ឡើងវិញ​នូវ​សេដ្ឋកិច្ច​របស់​កម្ពុជា​។

លោក​ អូន ព័ន្ធមុនីរ័ត្ន ក៏បាន​ថ្លែង​នៅក្នុង​សេចក្ដី​ប្រកាស​​ព័ត៌មាន​រួម​នេះដែរ​ថា ការផ្តល់​ជំនួយ​ជា​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ របស់​អូស្ត្រាលី​សម្រាប់​កម្ពុជា​នេះ​គឺជា​ការបង្ហាញ​ជាថ្មី អំពី​ការប្តេជ្ញាចិត្ត​ដ៏យូរអង្វែង និង​ការគាំទ្រ​ប្រកប​ដោយ​និរន្តរភាព​របស់​រដ្ឋាភិបាល​អូស្ត្រាលី​ដល់​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច និង​អនាគត​ដ៏រុងរឿង​របស់​កម្ពុជា​។

ការផ្តល់​ជំនួយ​ជា​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ​១៩ របស់​អូស្ត្រាលី​សម្រាប់​កម្ពុជា​នេះ គឺជា​ជំនួយ​ដែល​បន្ថែម​លើ​ជំនួយ​អភិវឌ្ឍន៍​ប្រមាណ​ ៥០ ​លាន​ដុល្លារ​អាមេរិក​ដែល​រដ្ឋាភិបាល​អូស្ត្រាលី​នឹង​ផ្តល់ជូន​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២១ ​ស្ថិតក្រោម​ផែនការ​អភិវឌ្ឍន៍​សម្រាប់​ឆ្លើយតប​នឹង​ជំងឺ​កូវីដ​ ១៩ ​កម្ពុជា-អូស្ត្រាលី​ដែល​បានប្រកាស​ដាក់ឱ្យ​អនុវត្ត​ជា​ផ្លូវការ​កាលពី​ខែធ្នូ ឆ្នាំ​ ២០២០ កន្លងទៅ​។

លោក អូន ព័ន្ធមុនីរ័ត្ន ថ្លែងថា​៖ «​ការផ្ដល់​ជំនួយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ របស់​អូស្ត្រាលី​នេះ​ជា​ការបំពេញ​បន្ថែម​លើ​ជំនួយ​ជា​វ៉ាក់សាំង​បង្ការ​កូវីដ​ ១៩ ដែល​កម្ពុជា​នឹង​ទទួល​បាន​ពី COVAX ដែល​គ្រោង​សម្រាប់​ ២០ ​ភាគរយ​នៃ​ប្រជាជន​កម្ពុជា​ដោយ​ឥតគិតថ្លៃ​។ រដ្ឋាភិបាល​អូស្ត្រាលី​ក៏បាន​​រួមចំណែក​ផ្ដល់​មូលនិធិ​ដល់​ COVAX ដែរ​»​។

លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​ផងដែរ​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​រោងចក្រ​ប្រព្រឹតិ្តកម្ម​ទឹកស្អាត​បាក់ខែង និង​ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​ចំការមន​នៅ​ថ្ងៃ​ម្សិលមិញ​នេះ​ថា ជំនួយ​ថវិកា​របស់​អូស្ត្រាលី​ចំនួន​ ២៨ ​លាន​ដុល្លារ​នេះ កម្ពុជា​នឹង​ទទួលបាន​វ៉ាក់សាំង​កូវីដ​ ១៩ ​ចំនួន​ ៣ ​លាន​ដូស​សម្រាប់​ឆ្នាំ​ ២០២០-២០២៣ តាមរយៈ​ «​គំនិត​ផ្តួចផ្តើម​ទទួលបាន​វ៉ាក់សាំង​កូវីដ​ ១៩ ​តំបន់​» ដែល​កញ្ចប់​ដំបូង​នឹងត្រូវ​បាន​ផ្តល់​ជូន​នៅ​ពាក់កណ្តាល​ឆ្នាំ​ ២០២១​។

លោក​ ហ៊ុន សែន បានបញ្ជាក់​ផងដែរ​ថា កម្ពុជា​ត្រូវ​ត្រៀម​បម្រុង​វ៉ាក់សាំង​ចំនួន​ ២០ ​លាន​ដូស​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​ ១០ ​លាន​នាក់​ដោយ​មិន​គិតថ្លៃ ដែល​មកដល់​ពេល​នេះ​កម្ពុជា​ទទួលបាន​ជំនួយ​វ៉ាក់សាំង​ចំនួន​ ១១ ​លាន​ដូស​ហើយពី​ប្រទេស​ជា​មិត្ត និង​ដៃគូ​អភិវឌ្ឍន៍​នានា ទោះបីជា​មិនទាន់​ទទួល​បាន​ដល់ដៃ​ក៏ដោយ​។

លោក​បាន​បញ្ជាក់ទៀត​ថា​៖ «​យើង​នៅ​ខ្វះ​ ៩ ​លាន​ដូស​ទៀត តើ​យើង​អាច​បាន​មកពីណា​? ខ្ញុំ​បាន​សរសេរ​លិខិត​ទៅ​នាយករដ្ឋមន្ត្រី​ចិន​ដើម្បី​សុំ​បន្ថែម ខ្ញុំ​បាន​សរសេរ​លិខិត​ទៅ​នាយករដ្ឋមន្ត្រី​ឥណ្ឌា ប៉ុន្តែ​យើង​បាន​គិតគូរ​រួចហើយ​នូវ​ការទិញ​វ៉ាក់សាំង​ AstraZeneca របស់​ប្រទេស​អង់គ្លេស​ផងដែរ​»​។

លោក ហ៊ុន សែន បាន​ថ្លែង​ដោយ​បញ្ជាក់ថា រាជរដ្ឋាភិបាល​នៅតែ​មាន​វិធាន​សុខាភិបាល​ដោយ​តម្រូវឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ពិសេស​ពលករ​ខ្មែរ​ និង​អ្នកដំណើរ​មកពី​ក្រៅប្រទេស ដែល​ត្រូវតែ​ធ្វើ​ចត្តាឡីស័ក​ចំនួន​ ១៤ ​ថ្ងៃ​ជា​កំហិត ដើម្បី​ចៀសវាង​នូវ​ការនាំចូល​ជំងឺ​នេះ​ទៅក្នុង​សហគមន៍​សាជាថ្មី​ទៀត​។

លោក​បាន​ថ្លែងថា​៖ «​បទពិសោធ​របស់​យើង​គ្រប់គ្រាន់​ដើម្បីឱ្យ​យើង​ដឹងថា ការគ្រប់គ្រង​កូវីដ​ ១៩​ គឺ​តម្រូវឱ្យធ្វើ​ចត្តាឡីស័ក​ក្នុង​រយៈពេល​ ១៤ ​ថ្ងៃ​ ដោយ​ខានមិនបាន ដោយ​មិនអាច​បន្ថយ​មក​នៅ​ ១០ ​ថ្ងៃ​ ឬ​ ៧ ​ថ្ងៃ​បានទេ​។ ​ការធ្វើ​បែបនេះ​គឺ​ដើម្បី​ប្រាកដថា ជំងឺ​កូវីដ​ ១៩​ មិន​ត្រូវបាន​នាំចូល​ទៅក្នុង​សហគមន៍​សាជាថ្មី​ទេ​»​។

បើតាម​លោកនាយក​រដ្ឋមន្ត្រី ពលករ​ខ្មែរ​ចំនួន​ជាង ៧ ០០០ ​នាក់​ កំពុង​ធ្វើ​ចត្តាឡីស័ក​នៅតាម​ខេត្ត​ជាប់​ព្រំដែន​ចំនួន​ ៧ ​ដោយ​ក្នុងនោះ​ខេត្ត​ដែលមាន​មនុស្ស​ធ្វើ​ចត្តាឡីស័ក​ច្រើនជាងគេ​គឺ​ខេត្ត​បន្ទាយមានជ័យ​ចំនួន​ជាង​ ៣៦០០ ​នាក់ ឧត្តរមានជ័យ​ជាង ២ ០០០ ​នាក់ ខេត្តបាត់ដំបង​ជាង​ ១ ០០០ ​នាក់ និង​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​។

លោក ហ៊ុន សែន ថ្លែងថា​៖ «​ខ្ញុំ​ធ្លាប់ជា​ទាហាន​ដែល​ចូល​សមរភូមិ​ជាមួយ​គ្រាប់​ប្រសេចប្រសាច ខ្ញុំ​ចូល​ចរចា​ជាមួយ​នឹង​ប្រមុខរដ្ឋ​លើ​ពិភពលោក​ច្រើនណាស់ ខ្ញុំ​មិនដែល​ញ័រដៃ​ញ័រជើង​ទេ មិនដែល​តក់ស្លុត​ទេ ប៉ុន្តែ​ការធ្វើ​មេបញ្ជាការ​ប្រឆាំង​ជាមួយ​នឹង​កូវីដ​នេះ​គឺជា​រឿង​ដ៏​លំបាក​ភ័យញ័រ​ដៃជើង​»​។

នៅ​ថ្ងៃ​ម្សិលមិញ​នេះដែរ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានសម្រេច​បន្ត​ផ្តល់ជំនួយ​ថវិកា​ចំនួន​ ២៥០ ​លាន​រៀល​ទៀត​ដល់​ខេត្ត​ចំនួន ២ ​គឺ​ខេត្ត​បន្ទាយមានជ័យ​ចំនួន​ ២០០ ​លាន​រៀល និង​ខេត្តកោះកុង​ចំនួន​ ៥០ ​លាន​រៀល ដើម្បី​សម្រួល​ដល់​ការធ្វើ​ចត្តាឡីស័ក​របស់​ពលករ​ខ្មែរ​ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ​។

ជំនួយ​វ៉ាក់សាំង​កូវីដ​១៩​របស់​ចិន​ ១ ​លាន​ដូស​នឹង​មកដល់​កម្ពុជា​ដំបូង​ ៦០ ​ម៉ឺន​ដូស​នៅក្នុង​ខែកុម្ភៈ​។ ខណៈ​កាលពី​ម្សិលមិញ​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​កាលពី​ម្សិលមិញ​នៅ​វិទ្យាស្ថាន​ទ័ពជើងគោក ខេត្ត​កំពង់ស្ពឺ ថា អ្នក​ជំនាញ​វ៉ាក់សាំង​ចិន​បាន​មក​ដល់​កម្ពុជា​ហើយ។

លោក ទៀ បាញ់ ថ្លែងថា​៖ «​ខ្ញុំ​សូម​បញ្ជាក់ជូន​ថា ខាង​កងទ័ព​របស់​ប្រជាជន​ចិន​នោះ គឺ​បាន​បញ្ជូន​មកជា​បន្តបន្ទាប់​រហូត​មក​ដល់​ពេលនេះ​គឺមាន​អ្នកជំនាញ​ផ្ទាល់​អំពី​ការថែរក្សា ទុកដាក់ និង​ប្រើប្រាស់​នូវ​វ៉ាក់សាំង​កូវីដ​១៩ គឺ​ស្ថិតនៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ហើយ​។ ក្រសួង​ការពារជាតិ​បាន​កំណត់ថា​ថ្ងៃទី​ ៣ នេះ (​កុម្ភៈ​នេះ​) នឹង​ឱ្យ​ក្រុម​កង​យោធា​ចិន ជា​អ្នកជំនាញ​ខាង​ផ្នែក​វ៉ាក់សាំង ឧទ្ទេសនាម​ទៅ​ក្រុមគ្រូពេទ្យ​ទាំងអស់​ឱ្យ​ដឹងពី​របៀបរបប​ថែរក្សា ទុកដាក់ និង​ឈានដល់​ប្រើប្រាស់ ពិសេស​ការដឹកជញ្ជូន​វ៉ាក់សាំង​កូវីដ​១៩»​។

លោក​បញ្ជាក់​ថា​៖ «​និយាយ​រួម​ខាង​ក្រសួង​ការពារជាតិ​បាន​ត្រៀម​អ្វីៗ​គ្រប់បែបយ៉ាង​ទាំងអស់​គ្រប់​ជ្រុងជ្រោយ​អស់ហើយ​។ ក្រសួងសុខាភិបាល ក៏បាន​ឯកភាព​បញ្ជូន​ក្រុម​វេជ្ជបណ្ឌិត​ដើម្បី​មក​រួមគ្នា​ស្ដាប់​ការឧទ្ទេសនាម​លើ​ការថែរក្សា ទុកដាក់ និង​ឈានទៅដល់​ការចាក់​វ៉ាក់សាំង​កូវីដ​១៩»៕