
ស្ត្រីជនពិការចូលរួមក្នុងកិច្ចពិគ្រោះយោបល់។ ហេង ជីវ័ន
ភ្នំពេញៈ ដ្ឋាភិបាលអូស្ត្រាលីផ្ដល់ជំនួយថវិកាប្រមាណ ២,៥ លានដុល្លារសហរដ្ឋអាមេរិកតាមរយៈគម្រោង កម្មវិធីសហប្រតិបត្តិការ អូស្ត្រាលី-កម្ពុជា គម្រោងចំណាយលើ កម្មវិធីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌» (ACCESS) រយៈពេល ៣ ឆ្នាំ ២០១៩-២០២៣ ក្នុងវិស័យពិការភាពនៅកម្ពុជា។
លោក ឯម ច័ន្ទមករា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការថ្លែងនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់លើគម្រោងកម្មវិធី ACCESS នៅថ្ងៃទី ២៥ ខែកុម្ភ: នៅសណ្ឋាគារហ៊ីម៉ាវ៉ារីថា គម្រោង ACCESS នេះមាន គោលដៅផ្ដល់សេវាដល់ជនដែលមានពិការភាព និងស្ត្រីដែលរងគ្រោះដោយអំពើហិង្សាលើផ្លូវភេទ genderbased violence in Cambodia (GBV) ឲ្យទទួលបានអត្ថប្រយោជន៍ សេវាកម្ម ប្រកបដោយនិរន្តរភាព គុណភាព។
លោកថ្លែងថា៖ «ថវិកាដែលគ្រោងចាយលើការអនុវត្ដគម្រោង ACCESS មានចំនួន ២,៥ លានដុល្លារអាមេរិក ក្នុងរយៈពេល ៣ ឆ្នាំ ហើយនឹងចាប់ផ្ដើមពីឆ្នាំ ២០១៩ រហូតដល់ឆ្នាំ ២០២១»។
លោកបន្ដថា សិក្ខាសាលាថ្ងៃនេះ ជាការពិគ្រោះយោបល់ ដើម្បីប្រមូលធាតុចូល ដាក់ចូលទៅក្នុងកម្មវិធីដែលបានកំណត់ ជាអត្ថិភាពដែលនឹងសម្ពោធក្នុងខែមីនាខាងមុខ។
លោក ច័ន្ទមករា គម្រោងនៃកម្មវិធីនេះ បានសហការជាមួយក្រសួង ៣ រួមមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកិច្ចការនារី និងក្រសួងសង្គមកិច្ច ជាមួយនឹងក្រុមប្រឹក្សាសកម្មភាពជនពិការ ។
លោកបន្ដថា អ្វីដែលមានចែងនៅក្នុងផែនការយុទ្ធសាស្ដ្រជាតិស្ដីពីពិការភាពនឹងត្រូវបានយកមកអនុវត្ដតាមរយៈកម្មវិធី ACCESS នេះ ដោយរាជរដ្ឋាភិបាលនឹងផ្ដល់នូវបដិភាគថវិកាមួយចំណែក ហើយរដ្ឋាភិបាលអូស្ដ្រាលីផ្ដល់មួយផ្នែក ចូលគ្នា ក្នុងការសម្រេចនូវការអនុវត្ដផែនការជាតិស្ដីពីពិការភាព ឆ្នាំ ២០១៨-២០២៣។
លោក ថ្លែងថា៖ «ខ្ញុំសូមបញ្ជាក់ថា គម្រោង ACCESS នេះ គឺផ្ដោតទៅលើការជួយ រដ្ឋាភិបាលក្នុងការអនុវត្ដផែនការយុទ្ធសាស្ដ្រជាតិស្ដីពី ពិការភាព ២០១៨-២០២៣ ក៏ដូចជាការអនុវត្ដ នូវអនុសញ្ញាស្ដីពីសិទ្ធិជនមានពិការភាព និង ការអនុវត្ដច្បាប់របស់យើងដែលពាក់ព័ន្ធទៅនឹងវិស័យពិការភាព»។
លោក ច័ន្ទមករា ឲ្យដឹងថា រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តជ្រើសរើសជនមានពិការភាពឲ្យចូលធ្វើការនៅតាមក្រសួងស្ថាប័នរដ្ឋឲ្យគ្រប់ ២%។
លោកបន្ដថា មន្ត្រីរាជការមានពិការភាពចំនួន ២ ៨៣៩ នាក់ ក្នុងនោះស្ត្រីពិការចំនួន ៧៥៦ នាក់មន្ត្រីពិការកម្រិតធ្ងន់ចំនួន ១ ៤៧៨ នាក់ បូកសរុបស្មើនឹង ៤ ៤៧១ នាក់គិតជាភាគរយស្មើ ១,៩៣% កំពុងបម្រើការងារនៅតាមស្ថាប័នរដ្ឋមួយចំនួន។ ដោយឡែកនៅវិស័យឯកជនចំនួន ៧៧ អង្គភាព បុគ្គលិកមានពិការភាព គិតទាំងពិការកម្រិតធ្ងន់ មានចំនួនសរុប ៣ ៤៧៥ នាក់។
យោងតាមការធ្វើអង្កេត ថ្នាក់ជាតិប្រជាសាស្ត្រ និងសុខភាពឆ្នាំ ២០១៤ របស់ក្រសួងផែនការបានបង្ហាញថា ព្រះរាជាណាចក្រកម្ពុជា មានអត្រាជនមានពិការភាពប្រមាណ ៩.៥% នៃចំនួនប្រជាជនសរុប។
លោក ច័ន្ទមករា បានស្នើ ដល់បងប្អូនដែលមានពិការភាព ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់ ចូលរួមសហការជាមួយ មន្ត្រីជំនាញនៃក្រសួងផែនការ ក្នុងការផ្តល់ព័ត៌មានសម្រាប់ការធ្វើជំរឿនប្រជាសាស្ត្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០១៩។
លោកស្រី Anne Rouve ប្រធានក្រុមនៃកម្មវិធី Access បានថ្លែងថា កម្មវិធី ការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ (ACCESS) នឹងចាប់ផ្ដើមដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅខែមីនាឆ្នាំ ២០១៩។
លោកស្រីបន្ដថា៖ «ពេលនេះជារយៈពេលមួយសកម្ម ដែលយើងកំពុងពិភាក្សា និងពិនិត្យឡើងវិញ ទៅលើស្ថានភាពគម្រោងកម្មវិធីនេះថាតើកម្មវិធីនេះអាចរួមចំណែកអ្វីខ្លះក្នុងវិស័យពិការភាព»។
លោកស្រីបន្ថែមថា៖ «កម្មវិធីនេះ ជាកម្មវិធីទ្វេភាគីដែលបានផ្ដល់មូលនិធិដោយរដ្ឋាភិបាលអូស្ដ្រាលី ក្នុងភាពជាដៃគូ ក្នុងការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអនុវត្ដនូវយុទ្ធសាស្ដ្រលើវិស័យពិការភាព និងការទប់ស្កាត់នូវសកម្មភាពអំពើហិង្សាលើស្ដ្រី»។
លោកស្រី Angela Corcoran ឯកអគ្គរដ្ឋទូតអូស្រ្ដាលី បានថ្លែងថា៖ «ប្រទេស អូស្រ្ដាលី ក៏ជាអ្នកគាំទ្រដ៏ខ្លាំងក្លាផងដែរលើផ្នែកសមភាពផ្លូវភេទ។ យើងប្ដេជ្ញាថានឹងបន្ដសហការជាមួយដៃគូពាក់ព័ន្ធទាំងអស់ ក្នុងការគាំទ្រឲ្យមានចីរភាព ស្ថិរភាព និងការផ្ដល់សេវាដិតដល់ ដល់ស្រ្ដី និងជនពិការនៅក្នុងប្រទេស កម្ពុជា»៕