ភ្នំពេញៈ រដ្ឋាភិបាល​អូស្ត្រាលី​ផ្តល់​ជំនួយ​ចំនួន​ ១ ​លាន​ដុល្លារ​អូស្ត្រាលី​ដល់​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ដើម្បី​ពង្រឹង​មន្ទីរពិសោធន៍​ជាតិ ត្រួតពិនិត្យ​ឱសថ និង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ឱសថ​ក្លែងក្លាយ​នៃ​ប្រទេស​ទាំង​ ២​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អូស្ត្រាលី​នៅ​ភ្នំពេញ​កាលពី​ម្សិលមិញ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដីពី​ការជួយ​កម្ពុជា​ប្រយុទ្ធ​ប្រឆាំង​ឱសថ​ក្លែងក្លាយ​បាន​ប្រកាស​ថា ជំនួយ​នេះ​នឹង​ត្រូវ​ផ្តល់​ជូន​តាមរយៈ អង្គការ​ក្រៅ​រដ្ឋាភិបាល​ជំនាញ​ដែល​មាន​ឈ្មោះថា United States Pharmacopeia សម្រាប់​រយៈពេល​ ២ ​ឆ្នាំ​គឺ​ឆ្នាំ ២០២០-២០២២​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​ឱ្យ​ដឹងថា ជំនួយ​របស់​ប្រទេស​អូស្ត្រាលី​នឹង​ជួយ​មន្ទីរពិសោធន៍​ជាតិ​គ្រប់គ្រង​គុណភាព​នៃ​ផលិតផល​វេជ្ជសាស្ត្រ​របស់​កម្ពុជា លើក​កម្ពស់​ប្រព័ន្ធគ្រប់គ្រង​គុណភាព​របស់​កម្ពុជា យុទ្ធសាស្ត្រ និង​ផែនការ ប្រតិបត្តិការ​មន្ទីរពិសោធន៍​ជាតិ​ព្រមទាំង​បង្កើន​ការធ្វើ​តេស្ត និង​រាយការណ៍ អំពី​ផលិតផល​វេជ្ជសាស្ត្រ​ក្លែងក្លាយ និង​អន់​គុណភាព​។

លោក Pablo Kang ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​បាន​ថ្លែងថា​៖ «​មន្ទីរពិសោធន៍​ជាតិ គ្រប់គ្រង​គុណភាព​មាន​សារៈសំខាន់​ក្នុង​ការការពារ​ប្រឆាំង​នឹង​ផលិតផល​វេជ្ជសាស្ត្រ​ក្លែងក្លាយ និង​អន់​គុណភាព​។ ហេតុ​នេះ​ហើយ​អូស្ត្រាលី​មាន​មោទនភាព​ក្នុង​ការជួយ​ឧបត្ថម្ភ​មន្ទីរពិសោធន៍​ជាតិ គ្រប់គ្រង​គុណភាព​ផលិតផល​វេជ្ជសាស្ត្រ​របស់​កម្ពុជា​ដើម្បី​ត្រៀមលក្ខណៈ ទទួល​បាន​ការទទួល​ស្គាល់​គុណភាព​ពី​អង្គការ​សុខភាព​ពិភពលោក​»​។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​ឱ្យ​ដឹងថា អូស្ត្រាលី​គឺជា​អ្នកគាំទ្រ​ដ៏ធំ​មួយ​ចំពោះ​ប្រព័ន្ធ​តាមដាន និង​ត្រួតពិនិត្យ​ជា​សកល​របស់​អង្គការ​សុខភាព​ពិភពលោក​។ ប្រព័ន្ធ​តាមដាន​នេះ​ធ្វើការ​ដើម្បី​លើក​កម្ពស់​បរិមាណ គុណភាព​និង​ការវិភាគ​ទិន្នន័យ​ត្រឹមត្រូវ​ទាក់ទង​នឹង​ផលិតផល​វេជ្ជសាស្ត្រ​ក្លែងក្លាយ និង​អន់​គុណភាព និង​ដើម្បី​ប្រើប្រាស់​ទិន្នន័យ​ទាំងនេះ​ក្នុង​ការធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៃ​ការបង្ការ ការរកឃើញ និង​ការឆ្លើយតប ដើម្បី​ការពារ​សុខភាព​សាធារណៈ​។

ប្រព័ន្ធ​តាមដាន និង​ត្រួតពិនិត្យ​ជា​សកល​របស់​អង្គការ​សុខភាព​ពិភពលោក កំពុង​តែ​ជួយ​បង្កើត​ការមើលឃើញ​ឱ្យ​កាន់តែ​ច្បាស់​នូវ​ប្រភេទ និង​កម្រិត​នៃ​ផលិតផល​វេជ្ជសាស្ត្រ​ក្លែងក្លាយ និង​អន់​គុណភាព ខណៈ​ដែល​ករណី​ខ្លះ​កើន​ឡើង​ដល់​ចំនួន​លាន​ករណី​។ នេះ​បើ​យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នោះ​។

របាយការណ៍​ឆ្នាំ​ ២០១៧ នៃ​ប្រព័ន្ធ​តាមដាន និង​ត្រួតពិនិត្យ​ជា​សកល​របស់​អង្គការ​សុខភាព​ពិភពលោក​បាន​ដកស្រង់​ការសិក្សា​ស្រាវជ្រាវ​ដោយ​បង្ហាញ​នូវ​អត្រា​បរាជ័យ​នៃ​ផលិតផល​វេជ្ជសាស្ត្រ​ក្លែងក្លាយ និង​អន់​គុណភាព​ដែល​ត្រូវគេ​អង្កេត​ឃើញ​នៅក្នុង​ប្រទេស​មាន​ចំណូល​ទាប និង​មធ្យម​មាន​ចំនួន​ប្រហែល​ ១០ ​ភាគរយ​។ នោះ​មាន​ន័យ​ថា ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​ ១០ ​នាក់​អាច​មាន​ ១ ​នាក់​ដែល​ជួបប្រទះ​ឱសថ​ប្រឆាំង​មេរោគ ឱសថ​គ្រុនចាញ់ មហារីក និង​ឱសថ​ផ្សេងៗ​ដែល​ក្លែងក្លាយ​។ ការធ្វើឱ្យ​បទប្បញ្ញត្តិ​កាន់តែ​មាន​ប្រសិទ្ធភាព​នោះ​គឺ​មាន​សារៈសំខាន់​ក្នុង​ការធានា​នូវ​ការទទួល​បាន​ឱសថ និង​វ៉ាក់សាំង​ដែល​មាន​សុវត្ថិភាព ប្រសិទ្ធភាព ​និង​គុណភាព​។

បើ​តាម​ស្ថានទូត​អូស្ដ្រាលី​ប្រចាំ​កម្ពុជា​ជំនួយ​ថ្មីៗ​ចុងក្រោយ​របស់​អូស្ត្រាលី​ចំពោះ​កម្ពុជា គឺ​បន្ថែម​ទៅ​លើ​ជំនួយ ៥០ ​លាន​ដុល្លារ​អូស្ត្រាលី​ដែល​រដ្ឋាភិបាល​អូស្ដ្រាលី​កំពុង​គាំទ្រ​ដល់​គម្រោង លើកកម្ពស់​សមធម៌ និង​គុណភាព​សុខាភិបាល (H-EQIP)​។

លោកស្រី​ ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​ពី​ម្សិលមិញ​មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​ជុំវិញ​ជំនួយ​នេះ​បានទេ​៕