ភ្នំពេញៈ ប្រទេសអូស្រ្តាលីនឹងចំណាយយ៉ាងហោចណាស់ ៤៣,៣ លានដុល្លារ ដើម្បីផ្តល់ការតាំងលំនៅថ្មី សម្រាប់ជនភៀសខ្លួនមួយចំនួនតូច ក្នុងប្រទេសកម្ពុជា ក្រោមកិច្ចព្រមព្រៀងដ៏ចម្រូងចម្រាសដែលចុះហត្ថលេខានៅរាជធានីភ្នំពេញ កាលពីឆ្នាំមុន។ នេះបើយោងតាមមន្ដ្រីម្នាក់ដែលបានថ្លែងប្រាប់កាសែតពីម្សិលមិញ។
គណៈកម្មាធិការព្រឹទ្ធសភាមួយនៅទីក្រុង កង់បេរ៉ា ត្រូវបានប្រាប់ កាលពីថ្ងៃអង្គារថា ប្រទេសអូស្រ្តាលីនឹងត្រូវបន្ថែមថវិកាចំនួន ១៥,៥ លានដុល្លារអូស្រ្តាលីទៀត ពីលើការសន្យាដំបូងចំនួន ៤០ លានដុល្លារអូស្រ្តាលីជាជំនួយមកកម្ពុជា។
អ្នកនាំពាក្យនាយកដ្ឋានអន្តោប្រវេសន៍ អូស្រ្តាលី បានថ្លែងកាលពីថ្ងៃអង្គារថា ទឹកប្រាក់ចំនួន ១៥,៥ លានដុល្លារអូស្រ្តាលីនឹងសម្រាប់សេវាគាំទ្រការតាំងលំនៅរបស់ជនភៀសខ្លួនក្នុងប្រទេសកម្ពុជា រួមមាន សេវាសុខភាព សេវាការអប់រំ និងការបណ្តុះបណ្តាល។ វាគឺបន្ថែមលើ ៤០ លានដុល្លារដែលប្រកាសកាលពីពេលកន្លងមក។ លុយនេះនឹងត្រូវផ្តល់ផ្ទាល់ទៅលើការចំណាយសេវាសម្រាប់ជនភៀសខ្លួន ខណៈលុយជំនួយបន្ថែមទៀតនឹងត្រូវផ្ទេរជាលក្ខណៈបណ្តាក់ នៅពេលជនភៀសខ្លួនទៅដល់នាឆ្នាំខាងមុខ»។
ជនភៀសខ្លួនតែបួននាក់ប៉ុណ្ណោះដែលធ្លាប់ត្រូវបានឃុំខ្លួនលើកោះណូរុ ដែលអូស្រ្តាលីជួលក្រុមហ៊ុនឯកជនមួយគ្រប់គ្រងមណ្ឌលឃុំខ្លួននេះបានទទួលយកគម្រោងតាំងលំនៅដំបូងមកកម្ពុជា។ ជនភៀសខ្លួនទាំងបួននាក់នោះ ដែលបីនាក់ជាជនជាតិអឺរ៉ង់ និងម្នាក់ជនជាតិភាគតិចមីយ៉ាន់ម៉ា ត្រូវបានឲ្យនៅមន្ទីរអន្តោប្រវេសន៍អូស្រ្តាលីនៅជិតព្រលានយន្តហោះ Darwin បន្ទាប់ពីត្រូវបានបញ្ជូនដោយស្ងាត់ៗទៅទីនោះកាលពីដើមខែនេះ។
អ្នកនាំពាក្យរបស់សម្ព័ន្ធអ្នកបង់ពន្ធអូស្រ្តាលីបានបដិសេធធ្វើអត្ថាធិប្បាយលើការប្រើប្រាស់ថវិកាសាធារណៈ សម្រាប់ការតាំងទីលំនៅនេះ ខណៈគាត់កាលពីមុន មិនបានដឹងអំពីតួលេខដែលផ្តល់ឲ្យកាលពី ថ្ងៃអង្គារទៅគណៈកម្មាធិការព្រឹទ្ធសភា។ នៅក្នុងថវិកាប្រចាំឆ្នាំរបស់ខ្លួនអូស្រ្តាលីបានប្រកាសថា ខ្លួននឹងកាត់ជំនួយចំពោះប្រទេសជិតខាងជាច្រើនរបស់កម្ពុជាប៉ុន្តែថវិកាសម្រាប់កម្ពុជាគឺមួយភាគធំនៅរក្សាដដែល។
កាលពីថ្ងៃអង្គារ មន្រ្តីអន្តោប្រវេសន៍អូស្រ្តាលីបានបដិសេធឆ្លើយតបនឹងសំណួរអំពីកាលបរិច្ឆេទមកដល់នៃជនភៀសខ្លួនទាំងបួននាក់នោះ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ និង លោក កែម សារិន ប្រធាននាយកដ្ឋានជនភៀសខ្លួននៃក្រសួងមហាផ្ទៃ បានថ្លែងថា ពួកគាត់មិនបានដឹងអំពីផែនការនាពេលខាងមុខណាមួយចំពោះការផ្ទេរក្រុមជនភៀសខ្លួននោះទេ។
ជនភៀសខ្លួនម្នាក់ដែលកំពុងនៅលើកោះណូរុនៅឡើយបានថ្លែងថាការវាយប្រហារនាពេលថ្មីៗនេះ នៅក្នុងសហគមន៍របស់នាងជាពិសេសការវាយប្រហារផ្លូវភេទយ៉ាងព្រៃផ្សៃលើស្រ្តីវ័យក្មេងកាលពីសប្តាហ៍មុន កំពុងជាករណីបន្ថែមទៅលើភាពលំបាក ខណៈមនុស្សជាច្រើន មិនមានឆន្ទៈមករស់នៅកម្ពុជា ដែលជាប្រទេសមួយដែលពួកគេគិតថា ពុករលួយ និងក្រីក្រ។
នាងថ្លែងថា៖ «ជាស្រ្តីវ័យជំទង់ម្នាក់ ខ្ញុំមិនចង់បានអ្វីទេ ប៉ុន្តែចង់បានសេរីភាព។ ខ្ញុំចង់ដើរនៅតាមផ្លូវ និងដើរផ្សារ មើលអគារ និងមនុស្សម្នាផ្សេងៗ។ ខ្ញុំចង់ឃើញបងប្អូនស្រី និងក្មួយរបស់ខ្ញុំ។ នេះគឺជាអ្វីដែលខ្ញុំចង់បានខ្លាំងណាស់។ ខ្ញុំឈឺចាប់ណាស់នៅក្នុងបេះដូងរបស់ខ្ញុំ ហើយខ្ញុំមិនអាចទ្រាំវាបានទៀតទេ»៕ PS