ភ្នំពេញៈ ក្រសួង​បរិស្ថាន និង​អង្គការ World Wide Fund(WWF) ប្រចាំ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​បន្ត​អំពាវនាវ​ និង​ធ្វើ​យុទ្ធនាការ​ឱ្យ​ពលរដ្ឋ​ចូលរួម​ថែរក្សា​អភិរក្ស​សត្វព្រៃ និង​ធនធាន​ធម្មជាតិ បញ្ឈប់​ការបរិភោគ​សាច់​សត្វព្រៃ ខណៈ​ពិភពលោក​ប្រារព្ធ​ទិវា​សត្វព្រៃ​ពិភពលោក​ថ្ងៃទី​ ៣ ​មីនា​ក្រោម​ប្រធានបទ​ «​ធ្វើឱ្យ​មាន​និរន្តរភាព​ជីវិត​លើ​ភពផែនដី​» ដើម្បី​បង្ហាញ​ពី​គុណតម្លៃ​ជីវចម្រុះ​លើ​ភពផែនដី​ដែល​បាន​ផ្តល់​ផលប្រយោជន៍​ច្រើន​ដល់​មនុស្ស​។

លោក​ នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ថ្លែង​ថា ទិវា​សត្វព្រៃ​ពិភពលោក​ត្រូវបាន​ប្រារព្ធ​ឡើង​ដើម្បី​បង្ហាញ​ពី​ជីវិត​សត្វ​ និង​រុក្ខជាតិ​ដ៏សម្បូរបែប​ដែលមាន​នៅលើ​ភពផែនដី និង​ផ្សព្វផ្សាយ​ពី​គុណ​តម្លៃ​នៃ​ជីវចម្រុះ​ទាំងនេះ​ដែល​បានផ្តល់​ផលប្រយោជន៍​យ៉ាង​ច្រើន​ដល់​ប្រជាពលរដ្ឋ​។ ទិវា​នេះ​ក៏​ជាការ​រំឭក​ដល់​មនុស្ស​គ្រប់រូប​អំពី​ភាពចាំបាច់​នៃ​ការចាត់​វិធានការ​ប្រឆាំង​ឧក្រិដ្ឋកម្ម​លើ​សត្វព្រៃ និង​ការធ្លាក់ចុះ​នូវ​ប្រភេទ​សត្វព្រៃ​ខ្លះ ដោយ​សកម្មភាព​មនុស្ស​ដែល​អាច​ធ្វើឱ្យ​ប៉ះពាល់​សេដ្ឋកិច្ច បរិស្ថាន និង​សង្គម​។

លោក​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ទី​ ៣ មីនា ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​យកចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការថែរក្សា​ និង​អភិរក្ស​ជីវចម្រុះ​ជីវិត​សត្វ និង​រុក្ខជាតិ​តូចធំ​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ ដើម្បី​រក្សា​ឱ្យបាន​គង់វង្ស​សម្រាប់​មនុស្ស​រាប់​ជំនាន់​ទៅ​មុខ​ទៀត​។

លោក​ថា​៖ «​ក្នុងការ​សង្គ្រោះ​សត្វព្រៃ​ និង​អភិរក្ស​សត្វព្រៃ មន្ត្រី​ឧទ្យានុរក្ស​ដែល​បាន​ឈរជើង​ការពារ​តំបន់​ការពារធម្មជាតិ​នានា​បាន​ដោះ​អន្ទាក់​ចេញពី​ក្នុងព្រៃ​បាន​ ១៧ ១៧៥ ​អន្ទាក់​ កាលពី​ឆ្នាំ​ ២០១៩ គឺមាន​ការ​កើនឡើង​ជាង​ឆ្នាំ​ ២០១៨ ​ចំនួន​ ៥ ០០០ អន្ទាក់​។ ខេត្ត​ដែល​ដោះ​អន្ទាក់​បាន​ច្រើន​ជាងគេ​គឺ​ខេត្តកោះកុង​ដែល​ដោះ​បាន​ចំនួន​ ៧ ០៧៤ ​អន្ទាក់​នៅ​ឆ្នាំ​ ២០១៩»​។

តាម​លោក​បង្ហាញ​របាយការណ៍​ជាតិ​លើក​ទី​ ៤ ​ស្តីពី​ជីវចម្រុះ​គឺថា​កម្ពុជា​ជា​ប្រទេស​សម្បូរ​ទៅដោយ​ជីវៈចម្រុះ​ដែល​បង្ហាញ​វត្តមាន​ប្រភេទ​ថនិកសត្វ​ ១២៣ ​ប្រភេទ សត្វ​ស្លាប​ ៥៤៥ ​ប្រភេទ ឧរង្គសត្វ​ ៨៨ ​ប្រភេទ រុក្ខជាតិ​តូចៗ​ (vascular plants) ២ ៣០៨ ​ប្រភេទ ត្រី​ ៨៧៤ ​ប្រភេទ ផ្កាថ្ម​រឹង​ ២៤ ​ប្រភេទ ផ្កាថ្ម​ទន់​ ១៤ ​ប្រភេទ ស្មៅ​សមុទ្រ​ ១០ ​ប្រភេទ និង​ថលជលិក​ ៦៣ ​ប្រភេទ​។

លើសពីនេះ​លោក​បញ្ជាក់ថា នៅមាន​វត្តមាន​ប្រភេទ​រុក្ខជាតិ និង​សត្វ​មួយចំនួន​ទៀត​ដែល​មិនទាន់​សិក្សា​ស្រាវជ្រាវ​ និង​កំណត់​អត្តសញ្ញាណ​នៅ​ទ្បើយ​។ មាន​ប្រភេទ​រុក្ខជាតិ និង​សត្វ​ដែល​បានកំណត់​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​សហភាព​អន្តរជាតិ ដើម្បី​ការអភិរក្ស​ធម្មជាតិ​ (IUCN) ​ដូចជា ថនិកសត្វ​ ៣៩ ​ប្រភេទ​។ ក្នុងនោះ​ប្រភេទ​សត្វ​ដែល​ជិត​ផុត​ពូជ​ និង​ងាយ​រងគ្រោះ​រួមមាន ដំរីអាស៊ី ខ្លាដំបង ខ្លាឃ្មុំ​ធំ ខ្លា​ពពក ខ្លាត្រី ខ្លា​លឿង​មាស រមាំង កែះ ប្រើស​ស្បូវ ខ្ទីង ទន្សោង ពង្រូល ទោច​មកុដ ទោច​ថ្ពាល់​លឿង រញី​ប្រផេះ ស្វា​ត្រោស ឆ្កែព្រៃ​។

រីឯ​សត្វ​ស្លាប​ ៣៦ ​ប្រភេទ​ដែល​ជិត​ផុត​ពូជ​ និង​ងាយ​រងគ្រោះ​រួមមាន ត្រយង​យក្ស ត្រដក់​ធំ កេងកង​ធំ ត្មាត​ប្រផេះ ត្មាត​ត្នោត ត្មាតភ្លើង ក្រផល​ក្បាល​ក្រហម អង្កត់ខ្មៅ​ជាដើម ឧរង្គសត្វ​ ១៣ ប្រភេទ រុក្ខជាតិ​តូចៗ​ (vascular plants) ៣៨ ​ប្រភេទ និង​ថលជលិក​ ១២ ​ប្រភេទ​។

លោក​ ភក្ត្រា ថ្លែងថា​៖ «​សត្វព្រៃ​ និង​រុក្ខជាតិ​ដែលមាន​នៅលើ​ភព​ផែនដី​នេះ​គឺ​ពិតជា​មាន​សារៈប្រយោជន៍​មិនអាច​កាត់ថ្លៃ​បាន​ផ្នែក​ប្រព័ន្ធ​អេកូឡូស៊ី ហ្សេនេទិក សង្គម សេដ្ឋកិច្ច វិទ្យាសាស្ត្រ ការអប់រំ វប្បធម៌ ផ្សារភ្ជាប់​នឹង​ជីវិត​រស់នៅ​របស់​មនុស្ស​ និង​ការអភិវឌ្ឍ​ដោយ​ចីរភាព​។ សត្វព្រៃ​ និង​សត្វ​ស្លាប​មួយចំនួន​ដែល​ពិភពលោក​ជិត​ផុត​ពូជ​គឺមាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា​។ តាងនាម​ក្រសួង​បរិស្ថាន ខ្ញុំ​សូម​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ការពារ និង​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា និង​បញ្ឈប់​ការបរបាញ់​សត្វ ចាប់​សត្វព្រៃ​ខុសច្បាប់​ដែល​ត្រូវ​ប្រឈម​នឹង​ច្បាប់​»​។

លោក​អំពាវនាវ​ប្រជាពលរដ្ឋ​កុំ​បរិភោគ​សាច់សត្វ​ព្រៃ ព្រោះ​មាន​មេរោគ និង​គ្មាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ​ដែល​ធ្វើឱ្យ​មាន​ការប៉ះពាល់​ដល់​សុខភាព​។ ក្នុងនោះ​ក្រោយពី​ការផ្ទុះ​ជំងឺ​កូវីដ​ ១៩ ប្រទេស​ចិន​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំ​បរិភោគ​សាច់សត្វ​ព្រៃ និង​កុំ​ជួញដូរ​សត្វព្រៃ​។

បើតាម​លោក​ ភក្ត្រា គឺ​មន្ត្រី​ឧទ្យានុរក្ស និង​អាជ្ញាធរ​ពាក់ព័ន្ធ​នៅតាម​បណ្តា​ខេត្ត​នានា​បាន​ចុះពិនិត្យ​ជាប្រចាំ​នៅ​តាម​ទីផ្សារ​នានា​ និង​នៅតាម​ភោជនីយដ្ឋាន​មិន​អនុញ្ញាត​ឱ្យ​លក់​សាច់​សត្វ​ព្រៃ​ឡើយ​។ លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ប្រសិន​បើ​ឃើញ​មាន​ការលក់​សាច់​សត្វព្រៃ សូម​ទាក់ទង​មក​មន្ត្រី​ជំនាញ​ដើម្បី​ចាត់​វិធានការ​តាមច្បាប់​»​។

នៅ​ទិវា​សត្វព្រៃ​ពិភពលោក​នេះដែរ អង្គការ WWF ចេញ​សេចក្តី​ថ្លែងការណ៍​ស្តីពី​ភាព​ចាំបាច់​ក្នុងការ​បញ្ឈប់​ជាបន្ទាន់​រាល់​ការជួញដូរ​ និង​បរិភោគ​សាច់សត្វ​ព្រៃ​នៅ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។

សេចក្ដី​ថ្លែងការណ៍​បញ្ជាក់​ថា​៖ «​អង្គការ WWF ទាំងអស់​ដែល​មាន​ទីស្នាក់ការ​នៅក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក​សូម​អបអរសាទរ​ចំពោះ​សេចក្តីសម្រេច​របស់​គណៈកម្មាធិការ​អចិន្រៃ្តយ៍​សភា​ប្រជាជាតិចិន​ដែល​ជា​អង្គនីតិប្បញ្ញត្តិ​កំពូល​របស់​ចិន​ក្នុង​ការហាមឃាត់​ការបរិភោគ​សាច់សត្វ​ព្រៃ​ និង​ការជួញដូរ​សត្វព្រៃ​គ្មាន​ការអនុញ្ញាត​។ អង្គការ WWF ទាំងអស់​ដែល​មាន​ទីស្នាក់ការ​នៅក្នុង​តំបន់​សូម​អំពាវនាវ​ដល់​ប្រទេស​ទាំងអស់​នៅក្នុង​តំបន់​អាស៊ី​បូព៌ា និង​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ឲ្យ​យក​គំរូ​តាម​ប្រទេស​ចិន​ដើម្បី​គាំពារ​សុខភាព និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ខ្លួន​»​។

ដោយឡែក​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​ក៏បាន​ចាប់ផ្តើម​ធ្វើ​យុទ្ធនាការ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម​ស្តីពី ​«​បញ្ឈប់​ការបរិភោគ​សត្វព្រៃ Stop Eating Wildlife» ផងដែរ​។ អង្គការ​នេះ​បញ្ជាក់ថា​៖ «​គោលបំណង​នៃ​យុទ្ធនាការ​នេះ​គឺ​ដើម្បី​ប្រឆាំង​ទៅនឹង​ការផ្គត់ផ្គង់​តម្រូវការ​ និង​ការបរិភោគ​សាច់សត្វ​ព្រៃ​ដោយ​ឱ្យ​អ្នក​បរិភោគ​សាច់សត្វ​ព្រៃ​ទាំងអស់​យល់​ឱ្យបាន​កាន់តែ​ច្រើន​ពី​ហានិភ័យ ចំពោះ​សុខភាព​ដែល​បណ្តាល​មកពី​ការហូប​សត្វព្រៃ​ និង​របៀប​នៃ​ការធ្វើ​ពាណិជ្ជកម្ម​សាច់សត្វ​ព្រៃ​»​។

លោក​ ទេព អស្នារិទ្ធ ប្រធាន​កិច្ចការ​សាធារណៈ​នៃ​អង្គការ WWF កម្ពុជា បញ្ជាក់ថា​៖ «​អត្ថន័យ​រួម​នៃ​សេចក្ដីថ្លែងការណ៍​នេះ គឺ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​នៅក្នុង​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ចូលរួម​ក្នុង​ការជួយ​ទប់ស្កាត់​ហាមឃាត់​ជា​អចិន្រៃ្តយ៍​ចំពោះ​ការបរិភោគ និង​ការជួញដូរ​សត្វព្រៃ​។ អ្វី​ដែលជា​ភាពចាំបាច់​នោះ​គឺ​ការយក​គំរូ​តាម​ការសម្រេច​របស់​អង្គនីតិប្បញ្ញត្តិ​កំពូល​របស់​ចិន​ដែល​ការសម្រេច​នោះ​មាន​ ២ ​គឺ​បិទ​ទីផ្សារ​ជួញដូរ​សត្វព្រៃ និង​ហាម​មិន​ឲ្យ​ប្រជាជន​ចិន​បរិភោគ​សាច់សត្វ​ព្រៃ​តទៅទៀត​ទេ​»៕