ភ្នំពេញៈ ក្រសួង​ពាណិជ្ជកម្ម អំពាវនាវ​ដល់​ម្ចាស់​ហាង​លក់ទំនិញ អាជីវករ និង​អ្នកលក់ដូរ​ទំនិញ​តាម​ប្រព័ន្ធ Online មួយ​ចំនួន​ចូលរួម​រក្សា​តម្លៃ​ទំនិញ​លើ​ទីផ្សារ ហើយ​ក៏​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ផងដែរ​លើ​ជនខិលខូច​ដែល​ឆ្លៀតឱកាស​លក់ទំនិញ​ឡើងថ្លៃ ខណៈ​ដែល​ប្រទេសជាតិ​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​​ ១៩​។

សេចក្តី​អំពាវនាវ​របស់​ក្រសួង​ពាណិជ្ជកម្ម​ចុះ​ថ្ងៃទី​ ២៧ មីនា បាន​ឲ្យ​ដឹងថា​ក្នុង​កាលៈទេសៈ​ដែល​ប្រទេសជាតិ​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​កូវីដ​១៩ ក៏បាន​សង្កេត​ឃើញ​មាន​ម្ចាស់​ហាង​លក់ទំនិញ អាជីវករ និង​អ្នកលក់ដូរ​ទំនិញ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​មួយចំនួន​បាន​ឆ្លៀតឱកាស​លក់​ដំឡើងថ្លៃ​ទំនិញ ដូចជា ម៉ាស់​ការពារ​មុខ អាល់កុល​លាងដៃ ចាហួយ​ជាតិ​អាល់កុល​លាងដៃ ឧបករណ៍​ស្ទង់កម្តៅ និង​គ្រឿងឧបភោគ​បរិភោគ​ចាំបាច់​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​លើ​ទីផ្សារ​ទូទាំង​ប្រទេស​។

ក្រសួង​ពាណិជ្ជកម្ម​ចាត់​ទុក​សកម្មភាព​ទាំងនេះ​អាច​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​សន្តិសុខ​សង្គម​ធ្ងន់ធ្ងរ​។ ក្រសួង​ទាមទារ​ឲ្យ​មានការ​ដាក់ចេញ​នូវ​វិធានការ​ចំនួន​ ៣ ​ចំណុច​ដែល​មាន​ដូចជា សូម​សាធារណជន​មេត្តា​រក្សា​នូវ​ភាពនឹងនរ កុំ​ជ្រួលច្របល់​ហួសហេតុ​នាំឲ្យ​ជន​ឱកាសនិយម​អាច​ឆ្លៀត​យកចំណេញ តាមរយៈ​ការលក់​ដំឡើងថ្លៃ​ទំនិញ​ដោយ​មិន​សម​ហេតុផល​។

ក្រសួង​បន្ត​អំពាវនាវ​ដល់​ម្ចាស់​ហាង​ទំនិញ និង​អាជីវកម្ម​ទាំងអស់​ត្រូវ​បិទ​ស្លាក​តម្លៃ​ជា​ប្រាក់រៀល​លើ​មុខទំនិញ ដែល​ចរាចរ​លើ​ទីផ្សារ​សំដៅ​ធានា​បាន​នូវ​យន្តការ​សេដ្ឋកិច្ច​ទីផ្សារសេរី ការប្រកួត​ប្រជែង​ដោយ​សមធម៌ និង​លើកស្ទួយ​ដល់​ចរាចរណ៍​រូបិយវត្ថុ​ក្នុងស្រុក​។

ក្រសួង​បញ្ជាក់ថា​៖ «​ចំពោះមុខ​ទំនិញ​ជា ម៉ាស់​ការពារ​មុខ អាល់កុល​លាងដៃ ចាហួយ​ជាតិ​អាល់កុល​លាងដៃ និង​ឧបករណ៍​ស្ទង់កម្តៅ អ្នកលក់​ត្រូវ​លើក​ស្លាក​ថ្លៃ​ជា​ប្រាក់រៀល​ដែល​មាន​ទំហំ​ធំ​អាច​ឲ្យ​សាធារណជន​មើលឃើញ​ច្បាស់​ពី​ចម្ងាយ​»​។

ក្រសួង​ពាណិជ្ជកម្ម​ក៏បាន​បង្ហាញ​ការជឿជាក់ថា សាធារណជន​ម្ចាស់​ហាង​ទំនិញ អាជីវករ​ទាំងអស់​ទាំង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ចូលរួម​អនុវត្តតាម​ការណែនាំ​នេះ ដើម្បី​អនុវត្ត​ច្បាប់​ជា​ធរមាន និង​បង្ហាញ​ពី​ស្មារតី​សាមគ្គី​ជាតិខ្មែរ​ក្រោម​ដំបូល​សន្តិភាព​ទាំងអស់​គ្នា​។

ក្នុងករណី​បំពាន ក្រសួងពាណិជ្ជកម្ម​នឹង​ចាត់​មន្ត្រី​ជំនាញ​ចូលរួម​សហការ​ជាមួយ​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ចុះ​ស្រាវជ្រាវ​ត្រួតពិនិត្យ​គុណភាព សុវត្ថិភាព និង​តម្លៃ​ទំនិញ ព្រមទាំង​អនុវត្ត​នូវ​វិធានការ​តាមផ្លូវ​ច្បាប់​ក្នុង​ករណី​រកឃើញ​ជន​ខិលខូច​ដែល​ឆ្លៀតឱកាស​លក់ទំនិញ​ឡើងថ្លៃ​កេងចំណេញ​ហួសហេតុ​។

អ្នកលក់​ម៉ាស់​តាម​អនឡាញ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ដំបូង​ឡើយ​ការលក់​ម៉ាស់​ក្នុង​ប្រទេស​គឺ​មាន​តម្លៃ​ធូរ​ថ្លៃ​។ ប៉ុន្តែ​ក្រោយពី​ជំងឺ​នេះ​ផ្ទុះឡើង​បាន​ធ្វើឲ្យ​ប្រទេស​ដែល​ផ្គត់ផ្គង់​ម៉ាស់​ឡើងថ្លៃ​។ លោក​បន្តថា ការដែល​ផលិតផល​លក់​ចេញ​ដូចជា​ម៉ាស់​ការពារ​មុខ​ជាដើម​មាន​តម្លៃ​ថ្លៃ ព្រោះ​ការនាំ​ចូល​ផលិតផល​ទាំងនោះ​មានតម្លៃ​ហក់​ឡើង​ដូចគ្នា​។

លោក​បញ្ជាក់ថា​៖ «​យើង​ក៏​មិន​ចង់​លក់​ថ្លៃ​ដែរ ប៉ុន្តែ​នាំចូល​ថ្លៃ​ដូចគ្នា ហើយ​ខ្ញុំ​បាន​ឈប់​លក់​ម៉ាស់​នេះហើយ ព្រោះតែ​ថ្លៃ​ពេក​។ ពលរដ្ឋ​ខ្មែរ​មួយចំនួន​គាត់​មិនមាន​លទ្ធភាព​ទិញ​នោះទេ ព្រោះ​តម្លៃ​ម៉ាស់​អាស្រ័យ​ទៅ​លើ​ផលិតផល​។ ពេលខ្លះ​យើង​កុម្ម៉ង់​ចូល​មាន​តម្លៃ​ចាប់ពី ១៦ ​ដុល្លារ ដល់​ ២០ ​ដុល្លារ​អី​ជាដើម ដែល​យើង​យក​ចំណេញ​តែ​ប៉ុន្មាន​កាក់​ប៉ុណ្ណោះ ព្រោះ​ខ្ញុំ​ទិញ​មកពី​គេ​លក់​បន្ត​ដែរ​»​។

ជាមួយ​នឹង​ការទទួលស្គាល់​ពី​តម្លៃ​លក់​មាន​ការឡើងថ្លៃ​នេះ អ្នកលក់​ម៉ាស់​តាម​អនឡាញ​រូបនេះ​ចង់​ឲ្យ​ប្រទេស​ កម្ពុជា​ មាន​រោងចក្រ​ផលិត​ម៉ាស់​ដោយ​ខ្លួនឯង ដើម្បី​ចូលរួម​ជួយ​រក្សា​តម្លៃ​ម៉ាស់​ដែល​នាំចូល​មានតម្លៃ​ថ្លៃ​។ ទោះយ៉ាងណា​លោក​គាំទ្រ​ចំពោះ​ការចាត់វិធានការ​ក្នុង​ការរក្សា​តម្លៃ​ទំនិញ​លើ​ទីផ្សារ​ផងដែរ​។

អ្នកស្រី​មួយ គាង ពលរដ្ឋ​ម្នាក់​រស់នៅក្នុង​រាជធានី​ភ្នំពេញ​លើកឡើងថា ទំនិញ​នៅលើ​ទីផ្សារ ជាពិសេស​ផលិតផល​ដែល​ចាំបាច់​ប្រើប្រាស់ ដើម្បី​ការពារ​ពី​ជំងឺ​កូ​វីដ​នេះ​ឡើងថ្លៃ​ខ្ពស់​ខ្លាំង​ធ្វើឲ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​អ្នកស្រី និង​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ក្រីក្រ​។ ពួកគេ​គ្មាន​លទ្ធភាព​ទិញ​ប្រើប្រាស់ ខណៈ​ចំណូល​រកបាន​ប្រចាំថ្ងៃ​បាន​ធ្លាក់ចុះ និង​រក​មិនសូវ​បានជា​ដើម​។

អ្នកស្រី​បន្តថា​៖ «​វិធានការ​ចេះតែមាន តែ​ការ​អនុវត្តបាន​អត់​នោះ​ត្រូវតែ​តាមដាន ព្រោះ​ជន​ឱកាសនិយម​នៅ​តែ​មាន​អ៊ីចឹង​។ បើសិន​ជា​អាច​ឲ្យ​ប៉ូលិស​ចុះទៅ​បង្ក្រាប​ [​អ្នកលក់​ឆ្លៀតឱកាស​ដំឡើង​តម្លៃ​] ជាក់ស្តែង​ដោយ​យើង​បង្ក្រាប​ ១ ព្រមាន​ ១០ ​អ៊ីចឹង​។ ព្រោះ​យើង​មិន​បង្ក្រាប​ទេ គេ​ចេះតែ​បានដៃ គ្មាន​ការចុះ​សោះ​»៕

វីដេអូ៖