ភ្នំពេញៈ ​រដ្ឋ​ម​ន្ត្រី​ក្រសួង​កិច្ចការ​នារី​ ថា​ អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ​ និង​ការ​រំ​លោភ​បំពាន​លើ​ស្ត្រី ​នៅ​តែ​ជា​បញ្ហា​ប្រឈម​របស់​កម្ពុជា ដែល​ត្រូវ​រួមគ្នា​ដោះ​ស្រាយ​ ខណៈ​របាយការណ៍​របស់​អង្គការ​ care​ បាន​រក​ឃើញថា​ ក​ម្ម​ការិ​នី​ ប្រមាណ​ ៥៧​ %​ នៅ​តាម​រោងចក្រ​ទទួល​រង​នូវ​ការ​បៀតបៀន​ផ្លូវ​ភេទក្នុង​រយៈ​ពេល ​១២ ​ខែ​ចុង​ក្រោយ។

​កាល​ពី​ម្សិល​មិញ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ដំណើរការ​កម្ម​វិធី​សហ​ប្រតិ​បត្តិ​ការ​អូស្ត្រា​លី កម្ពុជា​ដើម្បី​ការ​ផ្តល់​សេវា​ប្រកប​ដោយ​និរន្តរភាព ​និង​សម​ធម៌​ ហៅ​កាត់​ថា​ (Access) ​ក្នុង​ទឹក​ប្រាក់​ប្រមាណ ​១៥ លាន​ដុល្លា​រអូស្ត្រាលី​ រយៈ​ពេល​ ៣ ឆ្នាំ​ពី​ឆ្នាំ ២០១៨ ​ដល់​ឆ្នាំ ​២០២១​។​ ដោយ​កម្ម​វិធី​នេះ​ នឹង​អនុ​វត្ត​រួម​គ្នា​រវាង​រដ្ឋាភិ​បាល​ សង្គម​ស៊ីវិល​ វិស័យ​ឯក​ជន​ ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដល់​ការ​ផ្តល់​សេវា​ដល់​ជន​ពិការ​ភាព​ និង​ស្ត្រី​រង​គ្រោះ​ដោយ​អំពើ​ហិង្សា ​និង​ការ​រំលោភ​បំពាន​នានា។​

​លោក​ស្រី ​អឹុង ​កន្ថា​ផាវី​ រដ្ឋ​មន្ត្រី​ក្រសួង​កិច្ច​ការ​នារី ​បាន​ថ្លែង​ថា​ ស្ត្រី​ជិត ​១ ភាគ ​៣ ​ដែល​ជា​កម្មកា​រិនី​នៅ​តាម​រោង​ចក្រ ធ្លាប់​ទទួល​រង​ឥរិ​យា​ប​ថ​នៃ​ការបៀតបៀន​ផ្លូវភេទ បើ​ប្រៀបធៀប​ទៅនឹង​ស្ត្រី​ពិការ ដែល​ធ្លាប់​ទទួលរង​អំពើហិង្សា​បៀត​បៀន​ផ្លូវ​ភេទ​ក្នុង​រង្វង់​គ្រួសារ។​ លោកស្រី​​ទទួល​ស្គាល់​ និង​មាន​ក្ដី​បារម្ភ​ចំពោះ​អំពើ​ហិង្សា​ផ្លូវ​ភេទ​លើ​ស្ត្រី ​ដែល​ពុំមាន​ការ​ថយ​ចុះ​សោះ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​ ខណៈ​អំពើ​ហិង្សា​ក្នុង​រង្វង់​គ្រួសារ​បាន​ធ្លាក់​ចុះ​ខ្លះ។​

​លោក​ស្រី​បញ្ជាក់​ថា​៖ ​«​បើ​ទោះ​បី​ជា​មាន​យន្តការ​ជា​ច្រើន​ក៏​ដោយ​ ក៏​ស្ត្រី​នៅ​តែ​ប្រឈម​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ និង​អំពើ​រំលោភ​បំពាន​ផ្លូវ​ភេទ​ ដែល​ក្នុង​នោះ ​គឺ​មាន​ស្ត្រី ១ ​ក្នុ​ង​ចំណោម​ ៥ នាក់​ ត្រូវ​បាន​គេ​រក​ឃើញ​ថា​ ធ្លាប់​ទទួល​រង​នូវ​អំពើ​ហិង្សា​ក្នុង​ជីវិត​របស់ពួក​គេ​»​។​

លោក​ស្រី​បញ្ជាក់​បន្ត​ថា៖​ «​កម្ម​ការិនី​ដែល​ធ្វើការ​នៅ​តាម​រោង​ចក្រ​ប្រឈម​នឹង​ការ​បៀតបៀន​លើ​ផ្លូវ​ភេទ​ដល់ទៅជិត​ ១ ភាគ ​៣​ នៃ​ស្ត្រី​ដែល​បាន​ផ្តល់​បទ​សម្ភាស​ ក្នុង​អំឡុង​ពេល​ ១២ ខែ​ចុង​ក្រោយ​នេះ។ ​យើង​ដឹង​ថា​ មាន​ក្រុម​ស្ត្រី​ជា​ច្រើន​ដែល​កំពុង​ប្រឈម​នឹង​ហានិភ័យ​នេះ ​ដូច​ជា​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ ស្ត្រី​រស់​នៅ​តាម​តំបន់​ជន​បទ​ និង​ស្ត្រី​ជន​ជាតិ​ដើម​ភាគ​តិច។​ នេះ​ជា​កង្វល់​មួយ​ក្នុង​ប្រទេស​កម្ពុជា​យើង​ដែល​យើង​ត្រូវ​បង្កា​រ និង​គិត​គូរ​ទៅ​លើ​រូបភាព​ថ្មី​ដែល​អាច​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា»។​

​របាយ​ការណ៍​របស់​អង្គការ​ care​ បាន​បង្ហាញ​ថា​ ក្នុង​រយៈ​ពេល​ ១២ ​ខែ​ចុង​ក្រោយ​នេះ ​មាន​ស្ត្រី​ប្រមាណ ​៥៧​​%​ ដែល​ជា​កម្ម​ការិនី​កាត់​ដេរ​នៅ​តាម​រោង​ចក្រត្រូវ​បាន​ទទួល​រង​នូវ​អំពើ​បៀត​បៀន​ផ្លូវភេទ។​

​យ៉ាង​ណា ​រដ្ឋ​មន្ត្រី​ក្រសួង ​កិច្ច​ការ​នារី​​អះអាង​ថា​ បញ្ហា​ប្រឈម​ទាំង​នេះ​ ក្រសួង​កំពុង​សិក្សា​រៀប​ចំ​យុទ្ធ​សាស្ត្រ​ទប់​ស្កាត់​។ ​លោក​ ប៉ាវ ​ស៊ីណា ​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ថ្លែង​ថា​ នេះ​គឺ​ជា​រឿង​អាក្រក់​ដែល​កើត​មាន​នៅ​ក្នុង​ប្រទេស ​ក​ម្ពុ​ជា​ ហើយ​នៅ​តែ​បន្ត​កើត​មាន។​

បើ​ស្ថាប័ន​ពាក់ព័ន្ធពិត​ជាមាន​គោល​ការណ៍​ច្បាស់​លាស់​មែន​នោះ ​អំពើ​ទាំងនោះ​នឹង​​ត្រូវបាន​កាត់​បន្ថយ​ មិន​មែន​ដូច​របាយការណ៍ ​ដែលបង្ហាញ​ថា​វា​មិន​កើន​​ឡើង​នោះ​ទេ។​

លោក​​ថា៖ «​បញ្ហា​រំលោភ​បំពាន​លើ​កម្មករ​នេះ ​គឺ​ជា​ការ​ប្រមាថ​ទៅលើ​ប្រពៃ​ណី ​វប្បធម៌​របស់​ខ្មែរ​យើង​ ព្រោះ​ថា​ ស្ត្រី​ខ្មែរ​ជា​ស្ត្រី​ដែល​ថ្លៃថ្នូ​រ​ ជា​ស្ត្រី​ដែល​ត្រូវបាន​គេ​គោរព​តាមរយៈ​វប្បធម៌ ​និង​ប្រពៃ​ណី​ខ្មែរ។ ​​នេះ​គឺជា​រឿង​មួយ​ដែល​ស្ថាប័ន​ពាក់​ព័ន្ធ​ត្រូវតែ​ដោះ​ស្រាយ​ជា​បន្ទាន់»៕​