ភ្នំពេញៈ ការរំលោភ​សិទ្ធិមនុស្ស​កើតចេញ​ពី​ការចោទប្រកាន់​ថា ចេះ​អំពើ​អាប​ធ្មប់​នៅ​កម្ពុជា​បាន​ធ្លាក់ចុះ ប៉ុន្តែ​វា​នៅតែ​ជា​ក្ដីកង្វល់​នៅ​តំបន់​ដាច់ស្រយាល​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ការិយាល័យ​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស (OHCHR) ​ប្រចាំ​នៅ​កម្ពុជា​។

ក្នុង​របាយការណ៍​ដែល​ចេញ​ផ្សាយ​កាលពី​ខែ​កក្កដា​កន្លង​ទៅ OHCHR បាន​សរសេរ​ថា​៖ «​ចន្លោះ​ពី​ឆ្នាំ​ ២០១២ ដល់​ឆ្នាំ​ ២០១៨ OHCHR បាន​កត់ត្រា​ករណី​ពាក់ព័ន្ធ​នឹង​អំពើ​អាបធ្មប់​ចំនួន ៤៩ ​ករណី​ ដែល​ក្នុងនោះ ៣៥ ​ករណី​ មាន​ពាក់ព័ន្ធ​នឹង​ការសម្លាប់ ហើយ​ ១៤ ​ករណី​ទៀត​ ជា​ករណី​ប៉ុនប៉ង​ឃាតកម្ម ឬ​ការ​បៀតបៀន​»​។

របាយការណ៍​ដដែល​បាន​ឲ្យ​ដឹងថា​ក្នុង​ចំណោម​ករណី​សម្លាប់​ទាំង​ ៣៥ មាន ៣ ​ករណី ​ដែល​ជនរងគ្រោះ​ជា​ស្ត្រី​។ ករណី​ទាំង​ ៣៥ ​នេះ​គឺជា​ផ្នែក​មួយ​អំពើ​ហិង្សា​ដោយ​មហាជន​ចំនួន​ ៧៣ ​ករណី ​កើតឡើង​ចន្លោះ​ឆ្នាំ​ ២០១០ ដល់​ឆ្នាំ​ ២០១៨ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ ៥៧ ​នាក់​ស្លាប់​។ នៅ​ចន្លោះ​ពី​ឆ្នាំ​ ២០១៧ ដល់​ឆ្នាំ ២០១៨ ក្រសួង​មហាផ្ទៃ​បានកត់សម្គាល់​ឃើញ​មាន​ហិង្សា​ដោយ​មហាជន​ ១៦ ​លើក ហើយ​ក្នុង​ចំនួន​នេះ​មាន​មនុស្ស​ស្លាប់​ ៨ ​នាក់​ បន្ទាប់ពី​ពួកគេ​ត្រូវ​បាន​គេ​ចោទថា ចេះ​អំពើ​អាប​ធ្មប់​។

របាយការណ៍ OHCHR បាន​សរសេរ​ថា​៖ «​ការសម្លាប់ វាយដំ ការ​បៀតបៀន ឬ​ការជម្លៀស​មនុស្ស​ដែល​គេ​ចោទ​ថា​ជា​អាបធ្មប់ មិនមែន​មិន​ធម្មតា​ទេ​នៅ​កម្ពុជា គឺ​អ្នក​ដែល​គេ​ចោទ​ថា​ជា​អាបធ្មប់​បាន​ក្លាយ​ជា​អ្នក​ទទួលរង​ការចោទប្រកាន់​ពី​បញ្ហា​ជាច្រើន​នៅក្នុង​ភូមិ​។ បញ្ហា​ទាំង​នេះ​រួមមាន​ទាំង​គ្រោះ​អកុសល​ដែល​គួរ​ឲ្យ​សង្ស័យ ការឈឺ​ថ្កាត់ ជំងឺ និង​មរណភាព​»​។

របាយការណ៍​ដដែល​លើកឡើង​ថា ការចោទប្រកាន់​លើ​អំពើ​អាប​ធ្មប់​ទំនង​ជា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ភាពក្រីក្រ និង​ការកាត់​ផ្ដាច់​ទំនាក់ទំនង​។ មាន​ករណី​បែប​នេះ​កើតឡើង​ច្រើន​នៅ​តំបន់​ភូមិសាស្ត្រ​ជាក់លាក់​ដែល​មាន​កម្រិត​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ទាប ឬ​ជា​តំបន់​ដែល​ពិបាក​នឹង​ទៅ​ដល់​។

OHCHR សរសេរ​ថា​៖ «​ជា​ឧទាហរណ៍​មាន​ចំនួន​ច្រើន​ករណី​កើតឡើង​នៅ​ស្រុក​មួយ​ចំនួន​នៅ​ខេត្ត​តាកែវ កំពង់ស្ពឺ និង​ពោធិ៍សាត់​ដែល​ជា​ស្រុក​ពិបាក​ទៅដល់​។ នៅ​តំបន់​ដាច់ស្រយាល​ទាំងនេះ អត្រា​នៃ​ភាពក្រីក្រ​នៅ​ខ្ពស់​នៅឡើយ​»​។

កាលពី​ខែ​កក្កដា​ឆ្នាំ​មុន ភ្នំពេញ​ប៉ុស្តិ៍​បាន​រាយការណ៍​ករណី​ចោទប្រកាន់​រឿង​អាបធ្មប់​មួយ​នៅ​ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត ដែល​គ្រួសារ​មួយ​ត្រូវ​បាន​សង្ស័យថា​ជា​អ្នក​ចេញ​អំពើ​អាប​ធ្មប់ ហើយ​ត្រូវ​បង្ខំ​ឲ្យ​ផឹកទឹក​សម្បថ និង​ចាកចេញ​ពី​ភូមិ​។

លោក ព្រំ គឹមជឺ ជំទប់​ទី​ ២ ​ឃុំ​កំពង់ត្រាច​ខាងលិច បាន​ថ្លែងប្រាប់​កាលពី​ម្សិលមិញ​ថា បន្ទាប់ពី​គ្រួសារ​នោះ​បាន​ចាកចេញ​ទៅ​រស់នៅ​ខេត្ត​កែប​មក អ្នកភូមិ​មិន​បាន​ចោទប្រកាន់​អ្នកផ្សេង​ថា​ចេះ​ធ្មប់​ទៀត​ទេ ប៉ុន្តែ​អ្នកភូមិ​នៅ​តែ​មាន​ជំងឺ​ដែល​ពួកគេ​មាន​ដូច​មុន​ដដែល​។

លោក​ថា​៖ «​ឥឡូវ​ពេល​គាត់​ឈឺ គាត់​ទៅ​ព្យាបាល​នៅ​ពេទ្យ តែ​ពីមុន​គាត់​តែង​ចោទ​ទៅ​លើ​គ្រួសារ​គាត់​នោះ​។ ករណី​នេះ​មិន​មាន​ភ័ស្តុតាង​ណា​បញ្ជាក់​ច្បាស់​ទេ តែ​គាត់​ចេះ​តែ​ជឿ​លើ​អបិយជំនឿ​។ តែ​តាមពិត​គាត់​អត់​ទៅ​ព្យាបាល​នៅ​ពេទ្យ​»​។

លោកស្រី Marie-Dominique Parent អនុប្រធាន​ការិយាល័យ OHCHR ប្រចាំ​កម្ពុជា​ និង​ជា​មន្ត្រី​ទទួលបន្ទុក​បាន​ថ្លែង​កាលពី​ម្សិលមិញ​តាមរយៈ​អ៊ីមែល​ថា OHCHR នឹង​បន្ត​កត់ត្រា​ និង​តាមដាន​អំពើ​ហិង្សា​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​អាបធ្មប់ ដើម្បី​ធានា​បាន​ថា ករណី​បែប​នេះ​ត្រូវ​បាន​ស៊ើបអង្កេត និង​ថ្កោលទោស​ភ្លាមៗ ដើម្បី​លើក​ទឹកចិត្ត​ឲ្យ​មាន​ការជួសជុល​ដល់​ការ​ខូចខាត​ទៅ​លើ​ជន​ដែល​រង​ការចោទប្រកាន់​ថា ជា​អាបធ្មប់ ហើយ​ជា​អ្នក​ដែល​រង​ទុក្ខ​ដោយ​ការ​បៀតបៀន វាយដំ ឬ​ការជម្លៀសចេញ​។

OHCHR ក៏​នឹង​លើកកម្ពស់​ការយល់ដឹង​អំពី​សិទ្ធិមនុស្ស​ពាក់ព័ន្ធ​ក៏ដូចជា​បទដ្ឋាន​ច្បាប់​កម្ពុជា​ដើម្បី​ជួយ​ការពារ​មិន​ឲ្យ​អំពើហិង្សា​កើតឡើង​សាជាថ្មី​។ លោកស្រី​បន្តថា OHCHR នឹង​បន្ត​ចុះ​តាម​មូលដ្ឋាន​ក៏​ដូចជា​ជួប​ជាមួយ​ជនរងគ្រោះ ឬ​សាច់ញាតិ​របស់​ពួកគេ ឬ​ជួប​ជាមួយ​អ្នកប្រព្រឹត្ត​ និង​សាច់ញាតិ​របស់គេ និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់​។

លោកស្រី​ថ្លែង​ថា​៖ «​ការិយាល័យ OHCHR កំពុង​ពិភាក្សា​​អំពី​សកម្មភាព​បន្ត​ជាមួយ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ដូចជា​ការចែកចាយ​របាយការណ៍​នេះ និង​សកម្មភាព​លើកកម្ពស់​ការយល់ដឹង​ជា​ប្រព័ន្ធ​សម្រាប់​អាជ្ញាធរ​មូលដ្ឋាន និង​សហគមន៍​នានា​។ ការិយាល័យ​ក៏​កំពុង​ធ្វើការ​ជាមួយ​អគ្គស្នងការ​នគរបាល​ជាតិ​ក្នុង​ការចែករំលែក​របាយការណ៍​នេះ​ទៅ​ដល់​មន្ត្រី​នគរបាល​យុត្តិធម៌​»​។

លោកស្រី​ថា​ នាពេល​បច្ចុប្បន្ន​នេះ​មិន​មាន​គម្រោង​ជាក់លាក់​ ឬ​កញ្ចប់​ថវិកា​សម្រាប់​ការលើកកម្ពស់​ការយល់​ដឹង​លើ​បញ្ហា​នេះ​ទេ ប៉ុន្តែ OHCHR ប្រហែល​ជា​ធ្វើការ​សម្រេចចិត្ត​លើ​វិធានការ​បន្ថែម​ទៀត​ដោយ​ផ្អែកលើ​ការពិភាក្សា​ដែល​កំពុង​កើតមាន​ជាមួយ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង​អគ្គស្នងការ​នគរបាល​ជាតិ​។

លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ​ថា ការធ្លាក់ចុះ​នៃ​អំពើហិង្សា​កើត​ចេញ​ពី​ការចោទប្រកាន់​រឿង​អាបធ្មប់​គឺ ដោយសារ​តែ​ការចូលរួម​សហការ​រវាង​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល​ក្នុងការ​លើកកម្ពស់​ការ​យល់ដឹង​ផ្លូវច្បាប់ និង​ការអប់រំ​។

លោក​ថា​៖ «​ការធ្លាក់ចុះ​នេះ​ក៏ដោយ​សារ​មាន​ការរួមចំណែក​ពី​ការអនុវត្ត​ច្បាប់ ដែល​អ្នកប្រព្រឹត្ត​ត្រូវបាន​នាំ​មក​កាត់ទោស​។ ដូច្នេះ​ឥឡូវនេះ​អំពើ​អាបធ្មប់​បាន​ធ្លាក់​ចុះ​នៅពេល​ដែល​ពលរដ្ឋ​យល់ដឹង​កាន់តែ​ច្រើន​លើ​បញ្ហា​នេះ​»៕

វីដេអូ៖