
ស្ត្រីជាប់ចោទពាក់ព័ន្ធបទល្មើសគ្រឿងញៀនកន្លងមក។ ហុង មិនា
ភ្នំពេញៈ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានគណៈកម្មាធិការជាតិ លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ បានឲ្យដឹងថា បច្ចុប្បន្នមានស្ដ្រីនៅតាមពន្ធនាគារ ប្រហែលជិត ៨០ ភាគរយ បានជាប់ទោសដោយសារតែបទល្មើសគ្រឿងញៀន។
លោកស្រី អុឹង កន្ថាផាវី បានថ្លែងក្នុងសន្និបាតបូកសរុបការងារលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ឆ្នាំ ២០១៧-២០១៨ និងលើកទិសដៅឆ្នាំ ២០១៩-២០២០ ដែលរៀបចំធ្វើឡើង នៅសណ្ឋាគារភ្នំពេញកាលពីថ្ងៃទី ២៤ ខែ មេសា ថា៖ «បញ្ហាសំខាន់ដែលស្ដ្រី ជាប់ទោសបច្ចុប្បន្ន នៅតាមគុក បើយើងនិយាយទៅ យើងមិនទាន់បានធ្វើការវាយតម្លៃឲ្យបានច្បាស់លាស់នោះទេ ប៉ុន្ដែបើយើងចូលទៅមើលស្ថានភាពស្ដ្រីនៅតាមគុកប្រហែល ៨០ ភាគរយ ជាប់ទោសដោយបទល្មើសគ្រឿងញៀន»។
លោកស្រីបញ្ជាក់ថា នេះជាបញ្ហាថ្មី ដែលយើងត្រូវតែរកមធ្យោបាយ ដើម្បីកាត់បន្ថយ ចំពោះការប្រព្រឹត្តបទល្មើសគ្រឿងញៀននេះ។ លោកស្រីបន្ដថា ការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ និងការលុបបំបាត់នូវភាពអសកម្មទាំងឡាយក្នុងសង្គម គឺជាការងារអប់រំសង្គម ដែលមានភាពលំបាក ស្មុគស្មាញ ហើយការងារនេះ មិនអាចអនុវត្តដោយក្រសួងឬស្ថាប័នណាមួយដោយឡែកបានទេ គឺត្រូវតែមានការចូលរួមទាំងអស់គ្នា ទាំងស្ថាប័ននីតិប្បញ្ញតិ្ត នីតិប្រតិបត្តិ តុលាការ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល ផ្នែកឯកជន ក៏ដូចជាប្រជាជនគ្រប់រូប។
លោកស្រីបញ្ជាក់ថា ការងារសីលធម៌សង្គម គឺជាការងារដែលពាក់ព័ន្ធដល់ការផ្លាស់ប្តូរអាកប្បកិរិយាក៏ដូចជាផ្នត់គំនិតរបស់ប្រជាជន និងជាការងារមួយដែលមិនអាចធ្វើដោយតក់ក្រហល់ សម្រេចបានជោគជ័យ នៅក្នុងរយៈពេលខ្លីបានឡើយ គឺត្រូវទាមទារនូវពេលវេលា គួបផ្សំនឹងទស្សនៈរួមរបស់សង្គមព្រមទាំងការប្តេជ្ញាចិត្តខ្ពស់ពីគ្រប់មជ្ឈដ្ឋាន។
លោក ផុន ពុធបូរី ប្រធាននាយកដ្ឋានការពារផ្លូវច្បាប់នៃក្រសួងកិច្ចការនារី បានបញ្ជាក់ប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា ប្រសាសន៍របស់លោកស្រីរដ្ឋមន្រ្ដី គឺជា «ទិន្នន័យក្រៅផ្លូវការ» ដែលបានមកពីសេចក្ដីសន្និដ្ឋានរបស់ក្រុមការងារក្រសួងចុះទៅសិក្សាស្វែងយល់ពីស្ថានភាពស្រ្ដីជាទណ្ឌិត និងពិរុទ្ធជន នៅគ្រប់ពន្ធនាគារទូទាំងរាជធានី-ខេត្ដ ក្នុងខែ មេសា នេះ ហើយមិនបានឆ្លុះបញ្ចាំងពីប្រេវ៉ាឡង់ នៃបទល្មើស ឬការប្រើប្រាស់គ្រឿងញៀនជារួមនៅកម្ពុជានោះឡើយ។
លោកថា ក្រសួងយល់ឃើញថា បញ្ហាគ្រឿងញៀនទោះបទល្មើសតិចឬច្រើន គឺពិតជាប៉ះពាល់ មិនត្រឹមតែស្រ្ដីនោះទេ ប៉ុន្ដែនឹងប៉ះពាល់ដល់ក្រុមគ្រួសាររបស់ពួកគេ និងសង្គមទាំងមូលតែម្ដង ព្រោះគ្រឿងញៀន ជាកត្ដារួមចំណែកក្នុងការជំរុញឱ្យអ្នកប្រើប្រាស់ប្រព្រឹត្ដអំពើហិង្សាក្នុងគ្រួសារ។
លោក ពុធបូរី បញ្ជាក់ថា៖ «យើងបារម្ភខ្លាំងមែនទែនយើងអត់ចង់ឱ្យស្រ្ដីគាត់ ក្លាយជាអ្នកប្រើប្រាស់អត់ចង់ឱ្យគាត់ក្លាយជាអ្នកចែកចាយទៀតទេ។ យើងកំពុងមើលរឿងនេះមែនទែន»។
លោក កៅ ឌីណា ប្រធានកម្មវិធីយុត្ដិធម៌ស្ដ្រី នៃអង្គការជំនួយផ្លូវច្បាប់នៃកម្ពុជា បានលើកឡើងថា ស្ត្រីដែលប្រព្រឹត្តបទល្មើសគ្រឿងញៀនអាចមកពីពួកគាត់ក្រីក្រ ពុំមានការងារធ្វើ ទើបទៅប្រព្រឹត្តបទល្មើសបែបនេះដើម្បីជីវភាពគ្រួសារ។
លោកបន្តថា៖ «ច្បាប់ត្រូវផ្ដល់ការអប់រំ ណែនាំ ផ្សព្វផ្សាយឲ្យបានទូលំទូលាយ។ យើងឃើញថា ច្បាប់មានការបង្កើតច្រើន ប៉ុន្ដែហាក់បីដូចជាការផ្សព្វផ្សាយមិនបានទូលំទូលាយដល់ប្រជាពលរដ្ឋ»។
លោក ឌីណា លើកឡើងថា ជួនកាលបទល្មើស របស់ស្ដ្រីនោះតូចតាចទេ ប៉ុន្ដែចៅក្រមស៊ើបសួរគាត់មានអំណាចធំទូលាយពេក ទើបធ្វើឱ្យមានការឃុំខ្លួនបែបនេះ ដោយមិនបានអនុវត្ដនូវគោលការណ៍មិនឃុំខ្លួន។
លោកបន្តថា៖ «មានន័យថា រឿងព្រហ្មទណ្ឌរបស់គាត់នោះ គឺនៅតែដំណើរការដដែល ប៉ុន្ដែគេអត់ឃុំខ្លួនមនុស្សទេ គេឱ្យមនុស្សមានសេរីភាពធម្មតា នៅពេលគេរកឃើញទោសទណ្ឌ មានឬមិនមានវាមិនបានប៉ះពាល់ដល់សេរីភាពរបស់ពួកគាត់ (ស្ដ្រី) ដល់មុខរបររបស់ពួកគាត់»។
លោក មាស សុវណ្ណ ប្រធានសមាគមសង្គ្រោះជនរងគ្រោះដោយសារគ្រឿងញៀន Drug Addict Relief Association of Cambodia បានឱ្យដឹងដែរថា ចំពោះចំនួនស្ដ្រីដែលជាប់ឃុំលើករណីបទល្មើសគ្រឿងញៀននេះ មានមួយចំនួនជាអ្នកប្រព្រឹត្ដជាក់ស្ដែង ចំណែកមួយចំនួនទៀតគ្រាន់តែជាប់ពាក់ព័ន្ធប៉ុណ្ណោះ។
លោកបានបញ្ជាក់ថា៖ «ស្ដ្រីដែលនៅជាប់ពន្ធនាគារភាគច្រើននោះ សំណុំរឿងរបស់ពួកគាត់នូវមិនទាន់បានសើរើ ស្រាវជ្រាវ ដើម្បីដោះស្រាយឱ្យពួកគាត់ទេ ដែលជួនកាល ពួកគាត់គ្រាន់តែពាក់ព័ន្ធក៏ឃាត់ខ្លួនដោយទៅជាមួយគេដែរ ចំណែកអ្នកជួញដូរនោះជាអ្នកផ្សេង»។
មន្ត្រីមួយចំនួនមិនបានដឹងថា តើបច្ចុប្បន្នមានអ្នកកំពុងជាប់ឃុំក្នុងពន្ធនាគារដោយសារគ្រឿងញៀនចំនួនប៉ុន្មាននាក់នោះទេ ខណៈដែលលោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ មិនអាចទាក់ទងសុំអធិប្បាយបាន។
ប៉ុន្តែ លោក ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានថ្លែងកាលពីអំឡុងខែធ្នូឆ្នាំ ២០១៨ ថា ពីមួយឆ្នាំទៅមួយឆ្នាំចំនួនអ្នកជាប់ឃុំមានការកើនឡើងជាលំដាប់ និងថា បច្ចុប្បន្ននៅពន្ធនាគារទាំង ២៨ នៅទូទាំងប្រទេស បានផ្ទុកអ្នកជាប់ឃុំជាង ៣ ម៉ឺននាក់ ហើយក្នុងនោះមានអ្នកជាប់ឃុំជាទណ្ឌិតប្រមាណ ៩ ០០០ នាក់ ក្រៅពីនោះ គឺអ្នកដែលជាប់ឃុំរង់ចាំនីតិវិធីតុលាការ មានចំនួនជាង ២ ម៉ឺននាក់៕