ត្បូងឃ្មុំ: អ្នកកាប់ជ្រូក​លក់​ចំនួន​ ៧៤ ​គ្រួសារ​នៅ​ផ្សារសួង ខេត្ត​ត្បូងឃ្មុំ​បាន​កំពុង​ទាមទារ​ដល់​អាជ្ញាធរខេត្ត​បញ្ឈប់​ការយក​ពន្ធ​លើ​អាជីវកម្ម​របស់​ពួកគេ​ច្រើន​ហួសហេតុ និង​ផ្ទុយ​ពី​​សេចក្ដី​ណែនាំ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប៉ុន្តែ​អាជ្ញាធរ​បាន​អះអាង​លើ​ហេតុផល​ផ្សេង​ក្នុង​ការប្រមូល​ពន្ធ​នេះ​។

លោក ហេង ហុងសេង តំណាង​ឲ្យ​អ្នក​កាប់ជ្រូក​លក់ ៧៤ ​គ្រួសារ​ នៅក្នុង​ផ្សារ​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹងថា មន្ត្រី​ពន្ធដារ​ខេត្ត​ត្បូងឃ្មុំ​បាន​តម្រូវ​ឲ្យ​អ្នក​កាប់ជ្រូក​លក់​ចំនួន ៧៤ ​គ្រួសារ​បង់ពន្ធ​លើ​តម្លៃ​ជ្រូក ​១ ​ក្បាល​ចំនួន​ ៤ ០០០-៤ ៥០០ ​រៀល​ជា​រៀងរាល់​ថ្ងៃ ប្រសិន​មាន​អ្នក​ខកខាន​ក្នុង​ការបង់ពន្ធ​នឹង​ត្រូវ​ពិន័យ​ថែម​លើស​ពី​នេះ​ទៀត​។

លោក ហុងសេង បាន​ឲ្យ​ដឹងថា អ្នក​កាប់ជ្រូក​លក់​ទាំង ៧៤ ​គ្រួសារ​ បាន​ប្រកបមុខរបរ​នេះ​ចាប់​តាំងពី​ឆ្នាំ​ ១៩៩៧ ដោយ​បាន​បង់ពន្ធ​ជា​ហូរហែ និង​ជា​រៀងរាល់ឆ្នាំ​រហូត​ដល់​ឆ្នាំ ២០១៧ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ដាក់​សំណើសុំ​ទៅ​រដ្ឋាភិបាល ដើម្បី​សុំ​លើកលែង​ការបង់ពន្ធ​ចំពោះ​អាជីវករ​កាប់​ជ្រូក ឬ​គោ​ទាំងអស់ លើកលែង​តែ​អាជីវកម្ម​ជា​លក្ខណៈ​ក្រុមហ៊ុន​ធំៗ​ត្រូវ​គោរព​តាម​ច្បាប់​ដដែល​។

លោក ហុងសេង ថ្លែងថា​៖ «​ចាប់​តាំងពី​ឆ្នាំ​ ២០១៧ គឺ​ក្រោយពី​ពួកខ្ញុំ​បាន​ឃើញ​លិខិត​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ស្នើ​ទៅ​សម្ដេច​តេជោ ហ៊ុន សែន សុំ​លើកលែង​ពន្ធ​ដល់​អ្នក​កាប់ជ្រូក​តូចតាច​ដូច​ពួកខ្ញុំ​នេះ ពួកខ្ញុំ​មិន​បាន​ទៅ​បង់ពន្ធ​ជូន​រដ្ឋ​ទៀត​ទេ ប៉ុន្ដែ​ថ្មីៗ​នេះ​ស្រាប់​តែ​ខាង​មន្ត្រី​ពន្ធដារ​ខេត្ត​ត្បូងឃ្មុំ មក​ទារលុយ​ពី​ពលរដ្ឋ​ថា ជំពាក់​ថ្លៃ​បង់ពន្ធ ព្រោះ​ពួកខ្ញុំ​មិនបាន​បង់​ជាច្រើន​ខែ​ហើយ ប៉ុន្ដែ​ពួកខ្ញុំ​ក៏បាន​តវ៉ា​ទៅ​មន្ត្រី​វិញ តែ​គាត់​មិន​ស្ដាប់​ទេ គឺ​នៅ​តែ​តម្រូវ​ឲ្យ​យើង​បង់​ពន្ធដារ​ដដែល បើ​មិន​បង់ពន្ធ​ទេ គឺ​គេ​នឹង​កាត់លុយ​តាមរយៈ​ការលក់​ដី ឬ​លក់​ផ្ទះ​»​។

ពលរដ្ឋ​ជា​អ្នក​កាប់ជ្រូក​ម្នាក់ទៀត​ថ្លែង​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា មន្ត្រី​ខាង​ពន្ធដារ​នៅ​តែ​មក​ទារពន្ធ​ពី​អាជីវករ​កាប់​ជ្រូក​លក់​ដដែល​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​សម្ដេច​តេជោ និង​អាជ្ញាធរខេត្ត​ត្បូងឃ្មុំ កុំ​យក​ពន្ធ​ពី​អ្នកកាប់ជ្រូក​តូចតាច​ដូច​ពួកខ្ញុំ​ទៀត ព្រោះ​ជ្រូក​ឡើង​ថ្លៃ លក់​ក៏​មិន​សូវ​ដាច់​ទៀត អ៊ីចឹង​ពួកខ្ញុំ​គ្មាន​លុយ​បង់ពន្ធ​ជូន​រដ្ឋ​ទេ​»​។

លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​ជា​សមាជិក​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​ដែល​បាន​ចុះ​សិក្សា​ស្រាវជ្រាវ​បញ្ហា​នេះ​បាន​ឲ្យ​ដឹងថា ក្រោយពី​ការស្រាវជ្រាវ និង​ស៊ើបអង្កេត​គឺ​ពលរដ្ឋ​នៅតែ​មិនទាន់​អាច​ទទួល​យក​ដំណោះស្រាយ​ពី​អាជ្ញាធរ ដូច្នេះ​ទើប​លោក​គ្រោង​នឹង​ជួបពិភាក្សា​ជាមួយ​លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៅ​សប្ដាហ៍​ក្រោយ ដើម្បី​ពិភាក្សា​ពី​ករណីនេះ​។

លោក ស្រស់ បាន​ឲ្យ​ដឹងថា​៖ «​រឿងនេះ ខ្ញុំ​នៅ​បន្ត​សិក្សា​ទៀត ព្រោះ​ដោះស្រាយ​មិនទាន់​ចប់​ទេ ដោយសារ​នៅពេល​ខ្ញុំ​បាន​ជួប​ជាមួយ​មន្ត្រី​ពន្ធដារ​នៅ​ខេត្ត​ត្បូងឃ្មុំ គឺ​ខាង​ពន្ធដារ គេ​សង្កត់ធ្ងន់​ថា គេ​មិន​យក​ពន្ធ​ពី​ការកាប់​ជ្រូក​ទេ ប៉ុន្ដែ​គេ​យកពន្ធ​ពី​ការលក់​សាច់ជ្រូក​ហ្នឹង​។ ឧទាហរណ៍​ថា ពលរដ្ឋ​កាប់​ជ្រូក​ ១ ​ក្បាល​ គឺ​ខាង​ពន្ធដារ​គេ​អត់​យក​ពន្ធ​ទេ តែ​បើ​ពលរដ្ឋ​យក​សាច់ជ្រូក​នេះ​ទៅ​លក់​នៅ​ផ្សារ​គឺ​គេ​យក​ពន្ធ​ពី​ការលក់​សាច់ជ្រូក​ហ្នឹង​»​។

លោក ពេជ្រ ស្រស់ បាន​ឲ្យ​ដឹង​ទៀត​ថា ពលរដ្ឋ និង​មន្ត្រី​ពន្ធដារ​នៅ​បន្ត​ចម្រូងចម្រាស​គ្នា ដោយ​ភាគី​ពលរដ្ឋ​មាន​អំណះអំណាង​លើ​លិខិត​ដែល​ប្រកាស​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ឆ្នាំ​ ២០១៧ ដែល​លើកលែង​ពន្ធដារ​ការកាប់​ជ្រូក ឬ​គោ​ជា​លក្ខណៈ​តូចតាច រីឯ​មន្ត្រី​ពន្ធដារ គេ​មាន​ហេតុផល​ផ្សេង​ពី​នេះ​ទៀត​។

មន្ត្រី​ពន្ធដារ​ខេត្ត​ត្បូងឃ្មុំ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​តាមរយៈ​ហ្វេសប៊ុក​ផេច​កាលពី​ម្សិលមិញ​ថា ចំពោះ​ករណីនេះ​គឺ​ពុំ​ពិត​តាម​ការតវ៉ា​របស់​ពួកគាត់​ទេ​។ ដោយ​ពួកគាត់​មាន​ការភ័ន្ដច្រឡំ និង​ពុំបាន​យល់ច្បាស់​ពី​ច្បាប់​សារពើពន្ធ អំពី​ការប្រកប​អាជីវកម្ម​នេះ​។

ចំពោះ​ការប្រកប​អាជីវកម្ម​លក់​សាច់ជ្រូក-គោ​នេះ​ពី​មុន​មក ច្បាប់​តម្រូវ​ឲ្យ​ពួកគាត់​ត្រូវបំពេញ​កាតព្វកិច្ច​បង់​ពន្ធ​សត្តឃាត គឺ​ពន្ធ​ទៅ​លើ​ការពិឃាតសត្វ និង​ពន្ធ​ផ្សេងៗ​ពាក់ព័ន្ធ​ទៅនឹង​អាជីវកម្ម​របស់​ពួកគាត់​។ ប៉ុន្តែ​ក្រោយមក​អនុវត្ត​តាម​ចំណារ​របស់​សម្ដេច​តេជោ ហ៊ុន សែន ចុះ​ថ្ងៃទី​ ២៤ ខែកក្កដា ឆ្នាំ​ ២០១៧ រាជរដ្ឋាភិបាល​បាន​រៀបចំ​និរាករណ៍​ពន្ធ​សត្តឃាត​តាមរយៈ​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​ ២០១៨ រួចហើយ​។ ចំពោះ​ការនិរាករណ៍​ពន្ធ​សត្តឃាត​នេះ ពុំមែន​មាន​ន័យថា ត្រូវ​និរាករណ៍​គ្រប់​ប្រភេទ​ពន្ធ​នោះទេ​។

អាជីវករ​ត្រូវបំពេញ​កាតព្វកិច្ច​សារពើពន្ធ​ផ្សេងទៀត​ដែល​នៅ​ជា​ធរមាន ដូចជា ពន្ធ​ប៉ាតង់​, ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់​ចំណូល​ (​ប្រចាំខែ​) អាករ​លើ​តម្លៃបន្ថែម (​បច្ចុប្បន្ន​ត្រូវបាន​ព្យួរ ចាត់​ជា​បន្ទុក​របស់​រដ្ឋ​) ការប្រកាស​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំ​ឆ្នាំ​រួម​នឹង​ពន្ធ​តែមប្រិ៍​លើ​ស្លាក​យីហោ និង​ពន្ធ​កាត់​ទុក​លើ​ឈ្នួល​ផ្ទះ ករណី​ដែល​មាន​លើក​ស្លាក​អាជីវកម្ម និង​ជួល​ផ្ទះ​ធ្វើ​ជា​ទីស្នាក់ការ​សហគ្រាស បើ​ពុំ​មាន​ការលើក​ស្លាក​យីហោ ឬ​ជួល​ផ្ទះ​ទេ ក៏​ពុំ​ត្រូវ​បង់ពន្ធ​តែមប្រិ៍ ឬ​ពន្ធ​កាត់​ទុក​លើ​ឈ្នួល​ផ្ទះ​នេះដែរ​។

មន្ត្រី​រូបនេះ​ថ្លែងថា​៖ «​សរុបមក អាជីវកម្ម​លក់​សាច់ជ្រូក-គោ​គឺ​ត្រូវ​បាន​បញ្ឈប់​ការប្រមូល​តែ​ពន្ធ​លើ​សត្តឃាត​តែ​ ១ ​មុខ​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​និរាករណ៍​រួចហើយ ចំណែក​ប្រភេទ​ពន្ធ​ដទៃទៀត​ដែល​នៅ​ជា​ធរមាន​ត្រូវ​បាន​អនុវត្ត​ការប្រមូល​បន្ត​»៕