ព្រះវិហារៈ ក្រុម​ល្បាត​សហគមន៍​បាន​ឃាត់​សួរ​នាំ​អ្នក​កាប់​ឈើ​ ១០ ​នាក់ និង​ដកហូត​ម៉ាស៊ីន​អារឈើ​ ១២ ​គ្រឿង ហើយ​បាន​លើក​ឡើង​ថា​បទល្មើស​ព្រៃឈើ និង​សត្វព្រៃ​ក្នុង​ដែនជម្រក​សត្វព្រៃ ព្រៃឡង់​កំពុង​តែ​កើត​មាន​ឡើង​ដោយ​គ្មាន​ស្រាកស្រាន្ត​។

ក្រុម​ល្បាត​សហគមន៍​ចំនួន​ ១៧ ​រូប និង​មន្ត្រី​នគរបាល​ម្នាក់​បាន​រួម​គ្នា​ចុះ​ល្បាត​ព្រៃ​រយៈពេល​ ៣ ​ថ្ងៃ​នៅក្នុង​ដែនជម្រក​សត្វព្រៃ ព្រៃ​ឡង់​ស្ថិត​នៅ​ឃុំ​ធ្មា ស្រុក​ជ័យសែន​ដោយ​ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​មក​។ អ្នកស្រី ថី ជា អ្នក​ល្បាត​ម្នាក់​បាន​ឲ្យ​ដឹង​ថា​លទ្ធផល​នៃ​ការចុះ​ល្បាត​នោះ​ពួកគាត់​បាន​ប្រទះ​ឃើញ​បទល្មើស​ព្រៃឈើ​ជាច្រើន​កន្លែង​នៅ​ក្នុង​ចំណុច​អូរគោ ចំបឹង ចំ​ឫស្សី និង​ចំណុច​ចំ​អណ្តូង​ជាដើម​។ ក្នុង​នោះ​បាន​ធ្វើការ​ឃាត់​សួរ​នាំ​អ្នក​កាប់​ឈើ​ចំនួន​ ១០ ​នាក់​ដកហូត​ម៉ាស៊ីន​អារឈើ​ចំនួន​ ១២ ​គ្រឿង និង​ប្រេង​ចាក់​ម៉ាស៊ីន​អារឈើ​ចំនួន​ ៣ ​កាន​ពី​ជនល្មើស​ផង​ដែរ​។

អ្នកស្រី​បញ្ជាក់​ថា​៖ «​ពួកគេ​កំពុង​តែ​អារច្រៀក​ដើម​ជ័រច្បោះ និង​ឈើទាល​របស់​សហគមន៍​។ អារ​មួយ​កន្លែងៗ​មាន​ ៣ ​ទៅ​​ ៤ ​ម៉ាស៊ីន​។ គេ​អារ​ជា​ឈើ​គ្រឿង​ផ្ទះ ដែល​សរុប​ទៅ​មាន​ប្រមាណ​ជា​ ៥០ ​ម៉ែត្រគុប តែ​ទុក​ចោល​នៅក្នុង​ព្រៃ​ព្រោះ​គ្មាន​មធ្យោបាយ​ដឹក​ពី​ព្រៃ​បាន​»​។

អ្នកស្រី ថី បាន​បន្ត​ថា​អ្នក​អារឈើ​បាន​បោះជំរំ​ស្នាក់​នៅក្នុង​ព្រៃ​ជា​ក្រុមៗ ដើម្បី​ប្រព្រឹត្ត​បទល្មើស​។ អ្នកប្រព្រឹត្ត​បទល្មើស​អះអាង​ថា​ពួកគេ​មកពី​ខេត្ត​ផ្សេងៗ​ពី​គ្នា​ដូចជា​កំពង់ធំ ក្រចេះ និង​កំពត​ជាដើម ហើយ​ត្រូវ​ថៅកែ​ឈ្មោះ​ ឌី និង​ម៉ៅ​ជួល​ឲ្យ​អារឈើ​នេះ​ដោយ​ក្នុង​ ១ ​ម៉ែត្រគុប​ទទួល​បាន​ ១៥ ​ម៉ឺន​រៀល​។

អ្នកស្រី​ថ្លែង​ដូច្នេះ​ថា​៖ «​ពិបាក​ណាស់​។ គេ​អារ​ហើយ​ដឹក​កាត់​ស្នាក់ការ​មន្ត្រី តែ​អត់​មាន​ឃើញ​អ្នក​ណា​ធ្វើ​អី​ផង​។ ខ្ញុំ​សួរ​ថា មិន​ខ្លាច​មន្ត្រី​ទេ​អី​? គេ​ឆ្លើយ​ថា​មិន​ពិបាក​ទេ ព្រោះ​មេ​ [​ថៅកែ​] ​ខ្ញុំ​បង់​លុយ​ឲ្យ​មន្ត្រី​ជំនាញ​រួច​អស់​ហើយ​មាន​អី​ពិបាក​។ មាន​តែ​ក្រុម​សហគមន៍​មួយ​ទេ​ដែល​មិន​យក​លុយ​»​។ អ្នក​កាប់​ឈើ​ទាំង​ ១០ ​នាក់​នោះ​ត្រូវ​បាន​ដោះលែង​វិញ ដោយ​មិន​ចាប់​ប្រគល់​ជូន​មន្ត្រី​បរិស្ថាន​នោះ​ទេ​។ អ្នកស្រី​ថា​បើ​ប្រគល់​ឲ្យ​មន្ត្រី​ជំនាញ ក៏​គង់​តែ​គេ​ដោះលែង​ដដែល​។ ចំពោះ​វត្ថុតាង​ដែល​រឹប​អូស​បាន​នោះ​សហគមន៍​កំពុង​តែ​រៀបចំ​ប្រគល់​ឲ្យ​មន្ត្រី​ជំនាញ​ហើយ​។

អ្នកស្រី ថី បាន​សង្កេត​ឃើញ​ថា​បទល្មើស​មិន​មាន​ការ​ថមថយ​នោះ​ទេ កើតឡើង​ទាំង​ថ្ងៃ​ទាំង​យប់​។ អ្នកស្រី​ថា​ពេល​ខ្លះ​ក្នុង​ ១ ​យប់​មាន​រថយន្ត​ធំៗ​ចូល​ដឹកឈើ​ ៥ ​គ្រឿង​ក៏​មាន​ដែរ និង​ដឹក​ចេញ​តាម​ឃុំ​ធ្មា​, រៀបរយ និង​ឃុំ​ពុទ្រា​ជាដើម​។ ក្រៅ​ពី​នោះ​បទល្មើស​សត្វព្រៃ​ក៏​កំពុង​តែ​សម្បូរ​ដែរ​ដោយ​អ្នកភូមិ​ខ្លះ​ប្រើប្រាស់​កាំភ្លើង​កែច្នៃ និង​មាន​ ១ ​ករណី​នោះ​ឃើញ​មាន​អ្នកភូមិ​មាន​កាំភ្លើង​ម៉ាក AK យក​ទៅ​បរបាញ់​សត្វ​ផង​ដែរ​។

លោក​ ឡី ទួន នាយប៉ុស្តិ៍​ធ្មា​បាន​ឲ្យ​ដឹង​ថា លោក​បាន​បញ្ជូន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ម្នាក់​ឲ្យ​ទៅ​ចូលរួម​ទប់ស្កាត់​បទល្មើស និង​ការពារ​សុវត្ថិភាព​សហគមន៍​ក្នុង​ពេល​ចុះ​ទៅ​ល្បាត​នោះ ហើយ​ឃើញ​មាន​ការ​រឹបអូស​បាន​វត្ថុតាង​នោះ​មែន​។

លោក​ថា​ បទល្មើស​ដែល​កំពុង​កើត​មាន​នោះ​គឺជា​បទល្មើស​តូចតាច​ដែល​ប្រព្រឹត្ត​ដោយ​ប្រជាពលរដ្ឋ ដើម្បី​យក​ឈើ​ទៅ​លក់​ដោះស្រាយ​ជីវភាព​គ្រួសារ​។

លោក​បញ្ជាក់​ថា​៖ «​វា​កើត​មាន​តិចតួចៗ​ហ្នឹង​។ ពលរដ្ឋ​មិន​ដឹង​រកស៊ី​អី​ផង​។ គ្នា​រក​ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​។ ពេល​ចុះ​ល្បាត​ផ្អាក​ទៅ​»​។

លោក ​ជិន មនោរិទ្ធ អនុប្រធាន​ដែនជម្រក​សត្វព្រៃ​ឡង់​ក៏​បាន​ថ្លែង​ផង​ដែរ​ថា បទល្មើស​នៅ​មាន​តិចតួច​មែន តែ​វា​មិន​មាន​ការកើនឡើង​នោះ​ទេ​។ លោក​ថា អ្នក​កាប់​ឈើ​ជា​ពលរដ្ឋ​មូលដ្ឋាន​ដែល​ពេល​ខ្លះ​មាន​ការសុំ​ការអនុញ្ញាត​ពី​អាជ្ញាធរ​ដើម្បី​អារឈើ​យក​ទៅ​ធ្វើ​ផ្ទះ​តែ​ពួកគាត់​ឆ្លៀត​កាប់​លើស​ដើម្បី​យក​ទៅ​លក់​ខ្លះ​ក៏​មាន​។

លោក​អះអាង​ថា​៖ «​ពេល​ខ្លះ​បទល្មើស​លួច​ធ្វើ​ពេល​យប់ តែ​យើង​ធ្វើ​តែ​ពេល​ថ្ងៃ​ទេ ព្រោះ​កម្លាំង​យើង​តិច និង​គ្មាន​អាវុធ​គ្មាន​អី​»​។

លោក​បន្ថែម​ថា​កម្លាំង​បរិស្ថាន​តែងតែ​ចុះបង្ក្រាប​បទល្មើស​ជាប្រចាំ​ជាមួយ​សហគមន៍ តែ​លើក​ចុង​ក្រោយ​នេះ​មិន​បាន​ចូលរួម​ទេ ដោយសារ​តែ​កម្លាំង​ជាប់​រវល់​ប្រជុំ​។ លោក​បន្ត​ថា​ក្នុង​ខែ​នេះ កម្លាំង​បរិស្ថាន​បាន​រឹបអូស​ម៉ាស៊ីន​អារ​ឈើ​ប្រមាណ​ ៥ ​គ្រឿង និង​អាវុធ​កែច្នៃ​ ៦ ​ដើម​ផង​ដែរ​៕