កំពតៈ ប្រធាន​ការិ​យាល័​យ​គយ​នៅច្រកព្រែក​ចាក ​ខេត្ត​កំពត​ម្នាក់កាលពី​ម្សិល​មិញបាន​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​អ្នក​កាសែ​ត​ជិត​ ១០ ​នាក់ ទៅ​តុលា​ការ​ពីបទ​ជេរ​ប្រមាថ​ និង​ជ្រៀត​ជ្រែក​ដោយ​ខុស​ច្បាប់​ ទៅ​ក្នុង​ការបំពេញ​មុខ​ងារ​របស់​ខ្លួន​ បន្ទាប់​ពី​វីដេ​អូ​មួយ​ដែល​បង្ហាញ​ពី​សកម្មភាព​ទំនាស់​ពាក្យសម្តី​រវាង​មន្ត្រី​គយ​រូប​នេះ និង​ក្រុម​អ្នក​កាសែត​បង្ក​ឲ្យ​មាន​ការ​រិះគន់។

តាម​រយៈ​វីដេ​អូ​រយៈ​ពេល​ជាង ​២ នាទី ដែល​ត្រូវ​បាន​បង្ហោះ និង​ចែក​ចាយ​ជា​បន្តប​ន្ទាប់​នៅលើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​កាល​ពី​ចុងខែ​ឧសភា​ បាន​បង្ហាញ​ពី​សកម្មភា​ព​មន្ត្រី​គយ​ម្នាក់បានប៉ះទង្គិច​ជាមួយ​អ្នក​កាសែត​មួយ​ក្រុម​ហើយ​មាន​អ្នក​កា​សែត​ម្នាក់​បាន​រុញ​ច្រានលោក ដោយ​សារ​លោក​បាន​ដក​ហូត​ទូរ​ស័ព្ទពី​អ្នក​កាសែត​ ដែល​កំពុង​តែ​ថត​សកម្ម​ភាព​នៃ​ការ​ដឹក​ទំនិញ​ឆ្លង​ដែន​ពី​ប្រទេស ​វៀតណាម។

ក្រោយ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ ១ ប្រាវ​រួច​មក ភាគី​ទាំង​ ២ មាន​លោក ​យី ថុល ប្រ​ធាន​ការិ​យា​ល័យ​គយ​ និង​រដ្ឋាករ​ព្រែក​​ចាក​ខេត្ត​កំពត​ និង​លោក ហ៊ុន សុខា ប្រធាន​សារ​ព័ត៌មា​ន​នៃ​ក្លិប​អ្នក​កា​សែត​ឯក​រាជ្យបាន​យល់​ព្រម​ទទួល​កំហុសរៀងខ្លួន​ និង​បាន​សុំ​ទោស​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​បញ្ចប់​ជម្លោះ​នេះ​ផងដែរ។

ទោះ​ជា​យ៉ាង​ណា​ ក្រោយ​មាន​ការ​បង្ហោះ និង​ការ​រិះ​គន់​ជា​ហូរ​ហែ នៅ​ថ្ងៃទី​៣ ​ខែមិ​ថុនាម្សិលមិញ លោក ​យី ​ថុល អាយុ​ ៤១​ ឆ្នាំ តំណាង​ឲ្យ​ការិ​យាល័​យ​គយ និង​រដ្ឋាករ ​ព្រែក​ចាក នៃ​សា​ខាគយ និង​រដ្ឋា​ករ​ខេត្ត​កំពត​ បាន​ដាក់​ពាក្យប​ណ្តឹង​ជា​ផ្លូវការ​ទៅ​កាន់​ព្រះរាជ​អាជ្ញា​អម​សា​លាដំ​បូង ខេ​ត្ត​កំពត ដោយ​ប្តឹង​អ្នក​យក​ព័ត៌មាន​ប្រ​មាណ​ជិត​ ១០​ នាក់។​

អ្នកយ​កព័ត៌​មាន​ទាំង​នេះ ទី១ លោក ហ៊ុន សុខា ជា​ប្រ​ធាន​សារ​ព័ត៌​មាន​នៃ​ក្លិប​អ្នក​កាសែ​ត​ឯក​រាជ្យ និង​ជា​នាយក​ការផ្សាយ​ព័ត៌​មាន​ប្រជា​ជន​កម្ពុជា (CPNTV) ទី២ លោក ច​ន យូ​ដេ​ត ទី៣ លោក ស៊ា​ង ប៊ុន​សុង ទី៤ លោក ទុំ ឆោម ទី៥ លោក ប៉ែន រ៉ា ទី៦ លោក កែវ សុផាត ទី៧ លោក ជី ពេជ្រ ទី៨ លោក អ៊ុត ប៊ុន​ធឿន និង​បក្ខ​ពួក​ដែល​មិន​ស្គាល់​ឈ្មោះ ដែល​សុទ្ធ​តែ​ជា​សមា​ជិក​នៃ​ក្លិប​អ្នក​កាសែត​ឯក​រាជ្យ។ នេះ​បើតាម​ពាក្យបណ្តឹង​​របស់ លោ​ក យី​ ថុល​ ដែល​បាន​ដាក់​ទៅ​តុលាការ។

លោក យី ថុល បាន​បញ្ជាក់​ថា៖​ «ប្តឹង​ពីបទជេរ​ប្រមា​ថ​ចំពោះ​អ្នក​រាជ​ការ​សា​ធារ​ណៈ, បទ​ប៉ះ​ពាល់​ដល់​សិទ្ធិ​ខាង​រូប​ភាព​នៃ​បុគ្គល និង​បទ​ជ្រៀត​ជ្រែក​ដោយ​ខុស​ច្បាប់​ទៅ​ក្នុង​ការ​បំពេញ​មុខ​ងា​រ​សាធារ​ណៈ។ ទាម​ទារ​សំណង​ពី​ក្រុម​អ្នក​យក​ព័ត៌​មាន​ទាំង​នោះ​ ១០​ ម៉ឺនដុល្លារ»។

ជា​មួយ​នឹង​ការ​ទាម​ទារ​នេះ លោក យី ថុល បាន​អះ​អាង​ថា ក្រុម​អ្នក​សារ​ព័ត៌​មាន​ខាង​លើ​បាន​ចូល​មក​លួច​ថត​ជា​វីដេអូពាស​ពេញ​បរិវេណ​ទីតាំង​ត្រួត​ពិនិត្យ​ទំនិញ​ដែន​សមត្ថ​កិច្ច​គយ ​និង​រដ្ឋាករ​ព្រែក​ចាក​ដោយ​បាន​ថត និង​ចូល​ឆែក​ឆេរ​ទំនិញ​ដែល​ស្តុក​ទុក​នៅ​ក្នុង​ទីលាន​ត្រួត​ពិនិត្យ​ទំនិញ​ដែន​សមត្ថ​កិច្ច​គយ ហើយ​និយាយ​មួល​បង្កាច់​ថា ​មន្ត្រី​គយ​ពុក​រលួយ​ មិន​បាន​ត្រួត​ពិនិត្យ​ទំនិញ, ឃុប​ឃិត​ជាមួយ​ឈ្មួញ ​និង​នាំ​ទំនិញ​គ្មាន​គុណ​ភាព​ចូល​មក​ប្រទេស​កម្ពុជា​ដោយ​ឥត​ច្បាប់​ទម្លាប់។ លុះ​ប្រហែ​ល​ម៉ោង ១២ៈ០០ នា​ទី មាន​បុគ្គលិ​ក​គយ​មក​ប្រាប់លោក រួច​លោក​ក៏បាន​ចេញ​ទៅមើល​​ហេតុ​ការ​ណ៍​​​នោះ។ប៉ុន្តែ​ក្រុម​អ្នក​សារ​ព័​ត៌មាន​ទាំង​នោះ​បាន​នាំគ្នា​ចេញ​បាត់​អស់។

យ៉ា​ង​ណា​ក្ដី លោ​ក ច​ន យូ​ដេ​ត សមាជិក​នៃ​ក្លិប​អ្នក​កាសែត​ឯ​ករាជ្យ និង​ជា​អ្នក​កាសែត​ម្នាក់ ក្នុង​ចំណោម​អ្នកកាសែត​ ដែល​ជាប់​បណ្តឹង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិល​មិញ​ថា កា​រអះអាង​របស់​ប្រធាន​គយ​រូបនេះ មិន​ត្រឹម​ត្រូវ​​នោះទេ ហើយ​រូបគេ​ក៏​មិន​ខ្លាច​នឹង​ត​តាំង​តាម​ផ្លូវ​តុលា​ការ​ដែរ។ លោក​បន្ត​ថា តាម​ខ្សែ​វីដេអូ ដែល​បាន​កាត់​ត្រឹមតែ​ជាង​ ២ ​នាទី​ គឺជា​ចំណុច​មួយ​ដែល​បង្ហាញ​ពី​កំហុស​របស់​ពួក​ខ្លួន​ប៉ុណ្ណោះ ​ប៉ុន្តែ​ធាតុ​ពិត​ ចំពោះ​វីដេអូ​ពិត​មិន​ដូច​នេះ​ទាំង​ស្រុង​ទេ។

លោក​បន្ត​ថា៖ «សកម្ម​ភាព​យើង​ដែល​បាន​ប្រទូស​រ៉ាយ​គ្នា​គឺ​បាន​កាត់​យកតែ​ចំណុច​អាក្រក់​ដែល​ធ្វើការ​ឡាយ​និង​​ផូស្ត​តែ​ប៉ុណ្ណោះ។ អ៊ីចឹង​ហើយ​បាន​ជា​ធ្វើ​ឲ្យ​មាន​ភាព​ច្របូក​ច្រ​បល់​ឲ្យ​មាន​ការ​យល់​ច្រឡំ​គ្នា​សាជា​ថ្មី​ហ្នឹង​ឯង​ ហើយ​ខ្ញុំ​សុំ​បញ្ជាក់​ថារឿង​នេះបាន​បញ្ចប់​ប្រហែល​ជា​ ២០ នាទី​ក្រោយ នៅ​ពេល​កើត​ហេតុ​បាត់​ទៅ​ហើយ »។

ពាក់​ព័ន្ធ​ករ​ណី​នេះ​ រដ្ឋ​មន្ដ្រី​ក្រ​សួង​ព័ត៌​មាន លោក ​ខៀវ កាញា​រីទ្ធ ​ធ្លាប់​បាន​ថ្លែង​ថា តាម​ច្បាប់​ អាជ្ញា​ធរ​អាច​ប្តឹង​បាន​ពី​ការ​ប្រ​មាថ​មន្ត្រីដែល​កំពុង​បំពេញ​ការងារ​ក្នុង​ដែន​សមត្ថ​កិច្ច​របស់​ខ្លួន។

លោក ផុស សុវណ្ណ អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌​មាន បាន​ថ្លែង​ថា ជុំវិញ​បញ្ហា​នេះ​ក្រសួង​គ្មាន​យោ​បល់​ថ្មី​បន្ថែម​នោះទេព្រោះ​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន​ធ្លាប់​បាន​លើក​ឡើង​រួច​ហើយ​ ដូច្នេះ​លោក មាន​តែ​ចាំ​មើល​នីតិវិធី​របស់​តុលា​ការ​ ក្នុ​ងការ​កាត់​សេច​ក្តី​ដើម្បី​រក​យុត្តិ​ធម៌​ឲ្យ​ភាគី​ទាំង​សង​ខាង​តែប៉ុណ្ណោះ។​

លោក​បាន​បញ្ជាក់​ថា៖​ «វីដេអូ​នេះ មិន​ដឹង​ដើម​ហេតុ​ដើម​ចម​យ៉ាង​ម៉េច​ទេ អ៊ីចឹង​ឲ្យ​គេ​ចាត់​ការ​តាម​ផ្លូវ​តុលាការ​ទៅ ប្រហែល​ជា​មាន​ឱកាស​ខាង​អ្នក​កាសែត ​បាន​ឆ្លើយ​បំភ្លឺ​ និង​បង្ហាញ​ភ័ស្តុ​តាង​ណាមួយ​ ក្រែ​ង​ខ្លួនឯង​ដំណាក់​កាល​​ដំបូងមានអី​ខុសពី​ហ្នឹង ដែល​អាច​យក​មួ​យ​កំណា​ត់​ចុង​ក្រោយ​មក​​ផ្សាយ​ ហើយ​ខាង​ភាគី​ទាំង​សង​ខាង​​គាត់​អាច​មាន​ការបំភ្លឺ​រៀង​ខ្លួន​ទៅ​តុលា​ការ​ទៅ ដើម្បី​ការ​ពារ​សេចក្តី​ថ្លៃថ្នូរ​របស់​ខ្លួន»។

លោក ​ប៉ែន បូ​ណា ប្រធាន​ក្លិប​អ្នក​កាសែត​កម្ពុជា​បាន​ថ្លែងថា តាម​រយៈ​វីដេអូ​ ១ ​ជ្រុង​ដែល​យើង​បាន​ឃើញ ​បង្ហាញ​ថា អ្នក​កាសែត​របស់​យើង​បាន​ដើរ​ហួស​ពី​វិជ្ជា​ជីវៈ ធ្វើឲ្យ​​ប៉ះ​ពាល់​​ដល់​សេច​ក្តី​ថ្លែថ្នូរ​របស់​អ្នក​កាសែត​ទូទៅ។​ ​

ប៉ុន្តែលោក​ថា បញ្ហា​នេះ វា​មិន​មែន​ជា​សម្ពាធ​ឬ​ការ​គាប​សង្កត់​ណា​មួយ​ ដែល​ធ្វើ​ឲ្យ​អ្នក​កាសែត​គោរព​តាម​វិជ្ជាជីវៈ​ មាន​ការ​ភ័យ​ខ្លាច​នោះ​ទេ។ លោក បូ​ណា ស្នើ​ឲ្យ​កាសែត​ទាំង​អស់​ គួរ​គោរព​ក្រម​សីល​ធម៌​វិជ្ជាជីវៈ​របស់​ខ្លួន​បាន​ត្រឹមត្រូ​វ ចៀស​វាង​ធ្វើ​ហួស ដែល​ងាយ​នឹង​ប្រឈម​មុខ​ចំពោះ​ច្បាប់ ហើយ​ឈាន​ដល់​ការ​ប្តឹង​ប្ដល់​នៅ​តុលាការ​ដូច​ករណី​នេះ។

លោក​បាន​បញ្ជា​ក់ថា៖ «ក្នុង​ករណី​ណា​ក៏ដោ​​យ ​ធម្មតា អ្នក​កាសែត​ មាន​តួ​នាទី មាន​ដែន​កំណត់ ​មាន​ភារ​កិច្ច​របស់​យើងដើម្បី​យក​ព័ត៌មាន​ដែល​យើង​មិន​មែន​ជា​សមត្ថ​កិច្ច​ យើង​គ្រាន់​តែ​ជា​អ្នក​ទៅ​ផ្ដិត​យក​រូប​ភាព​ ព័ត៌មាន​ដែល​យើង​អាច​ធ្វើ​ទៅបា​ន ​ដើម្បី​យក​មក​ផ្សាយ។ ក្នុង​ករណី​នេះ អ្ន​កកា​សែត​អត់​មាន​សិទ្ធិ​ទៅ​ចាប់ ទៅ​ទាញ​ ទៅ​ស្រែក​ឡូ​ឡា​ទេ ដូច្នេះយើង​ហាក់​ដូច​ជា​ដើរ​ហួស​ពី​ក្រប​ខ័ណ្ឌ ដែល​នេះ​ហើយ​ជា​បញ្ហា»៕