មណ្ឌលគិរីៈ សាលាដំបូងខេត្តមណ្ឌលគិរីបានចេញដីការកោះហៅអ្នកសារព័ត៌មានម្នាក់ឈ្មោះ សាត ចាន់បុត្រ ភ្នាក់ងារកាសែតរស្មីកម្ពុជា និងទូរទស្សន៍អប្សរាប្រចាំខេត្តនេះឲ្យចូលបំភ្លឺនៅថ្ងៃទី ២ ខែធ្នូនេះក្រោមបទចោទ «បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមបណ្ដឹងរបស់មន្ត្រីយោធាម្នាក់ឈ្មោះ សុផាត សិរីវុទ្ធី មានឋានន្តរស័ក្តិពាក់ស័កិ្ត ៥ ជានាយទាហាននៅខេត្តមណ្ឌលគិរី។
តាមដីកាកោះរបស់លោក ម៉ម វ៉ាន់ដា តំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរីចុះថ្ងៃទី ១៩ ខែវិច្ឆិកា ដែលភ្នំពេញប៉ុស្ដិ៍ទទួលបានកាលពីថ្ងៃទី ២៨ វិច្ឆិកា អញ្ជើញឈ្មោះ សាត ចាន់បុត្រ ភេទប្រុស អាយុ ៣៤ ឆ្នាំ រស់នៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរីឲ្យចូលមកអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរីនៅថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ២០១៩ នេះដើម្បីបំភ្លឺ និងសាកសួរ។
ដីកាបញ្ជាក់ថា៖ «ការកោះនេះពីដំណើររឿងពាក់ព័ន្ធបណ្ដឹងរបស់ឈ្មោះ សុផាត សិរីវុទ្ធី តំណាងដោយលោកមេធាវី សេង សឹង្ហហេង ប្ដឹងពីបទបរិហារកេរ្ដិ៍ជាសាធារណៈ និងញុះញង់ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ដែលបានប្រព្រឹត្តកាលពីអំឡុងខែកក្កដាដល់ខែសីហា ឆ្នាំ ២០១៩ នេះ។ សាមីខ្លួនត្រូវអញ្ជើញតាមដីកានេះឲ្យបានទាន់ពេលវេលា និងយកលិខិតផ្សេងៗដែលទាក់ទងនឹងរឿងខាងលើមកជាមួយផង ប្រសិនបើមាន»។
លោក សាត ចាន់បុត្រ ដែលជាចុងចោទបានបញ្ជាក់ថា លោកនឹងចូលបំភ្លឺនៅតុលាការតាមកាលកំណត់។ លោកថាការផ្សាយរបស់លោកកាលពីអំឡុងខែកក្កដានោះតាមរយៈការធ្វើបទសម្ភាសជាមួយពលរដ្ឋជនជាតិដើមភាគតិច។ ពួកគាត់បានចោទប្រកាន់លោក សុផាត សិរីវុទ្ធី ថាបានព្យាយាមបោះបង្គោលព្រំដីរំលោភយកដីធ្លីរបស់គ្រួសារពួកគាត់ក្នុងឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
លោកបន្តថាក្នុងអំឡុងពេលនោះលោកបានថតវីដេអូខ្លីមួយអមដោយអត្ថាធិប្បាយខ្លះៗ និងសម្ភាសជាមួយពលរដ្ឋជនជាតិដើមភាគតិច។ ប៉ុន្ដែនៅពេលបញ្ចប់បទសម្ភាសជាមួយពលរដ្ឋមានមនុស្សម្នាក់ដែលជំនិតនឹងលោក សុផាត សិរីវុទ្ធី បានទូរស័ព្ទមកលោកដើម្បីសុំឲ្យលុបវីដេអូនោះចោល តែលោកមិនបានលុបទេ។
លោក ចាន់បុត្រ បញ្ជាក់ថា៖ «ខ្ញុំបានរៀបចំឯកសារពាក់ព័ន្ធរួចរាល់ហើយ ខ្ញុំនឹងនិយាយរៀបរាប់ការពិតជូនដល់តុលាការពីការប្រព្រឹត្តរបស់លោក សុផាត សិរីវុទ្ធី។ រីឯជនជាតិដើមភាគតិចក៏នឹងទៅអមដំណើរខ្ញុំដែរ គឺពួកគាត់នឹងធ្វើជាសាក្សីឲ្យខ្ញុំផង។ ខ្ញុំមានការបារម្ភខ្លះដែរ ព្រោះខ្លាចតុលាការមិនបានស៊ើបអង្កេតឲ្យបានត្រឹមត្រូវកាត់ក្ដីលម្អៀងទៅអ្នកមានអំណាច»។
លោក សុផាត សិរីវុទ្ធី ត្រូវបានគេស្គាល់ថាជាទាហានស័ក្តិ ៥ នោះមិនទាន់អាចស្វែងរកប្រភពទាក់ទងសុំការបញ្ជាក់ជុំវិញករណីនេះបានទេ។
ប៉ុន្ដែលោក សេង សឹង្ហហេង មេធាវីការពារក្ដីឲ្យលោក សុផាត សិរីវុទ្ធី ប្រាប់ភ្នំពេញប៉ុស្ដិ៍ថា កាលពីអំឡុងខែកក្កដាកន្លងទៅនេះលោក សាត ចាន់បុត្រ បានទៅដល់ទីតាំងដីកំពុងមានទំនាស់ ហើយបានផ្សាយថាកូនក្តីលោកបានរំលោភយកដីរបស់ពលរដ្ឋជនជាតិដើមភាគតិចដោយការផ្សាយនេះខុសពីការពិតទាំងស្រុង។
លោកថា កូនក្ដីលោកបានព្យាយាមសម្របសម្រួលឲ្យអ្នកសារព័ត៌មានរូបនេះកែសម្រួលពាក្យពេចន៍ ឬបើអាចលុបវីដេអូនោះចោលតែម្ដង។ ប៉ុន្ដែលោក ចាន់បុត្រ មិនបានធ្វើតាមការអង្វរករនេះទេ ទើបកូនក្ដីលោកសម្រេចចិត្តដាក់ប្ដឹងទៅតុលាការតែម្ដង។
លោកថា៖ «គាត់ផ្សាយព័ត៌មានថា កូនក្ដីខ្ញុំមានដីជិត ៤០ ហិកតាដែលបានពីការរំលោភយកដីពលរដ្ឋជនជាតិដើមភាគតិច។ ប៉ុន្ដែជាក់ស្ដែងកូនក្ដីខ្ញុំមានដីតែ ២ ហិកតាប៉ុណ្ណោះដែលគាត់បានទិញតាំងពីឆ្នាំ ២០០៥ មានលិខិតស្នាមត្រឹមត្រូវតាមច្បាប់ ហើយគាត់មិនបានទៅរំលោភយកដីពលរដ្ឋទេ»។
លោក មឿន ឈានណារិទ្ធិ នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាសារព័ត៌មានថ្លែងថា បើអ្នកសារព័ត៌មាននោះពិតជាបានផ្សាយព័ត៌មានពិត ឬដំណឹងពិតគឺមិនចាំបាច់មានការព្រួយបារម្ភអ្វីទេ ដោយព្យាយាមប្រមូលឯកសារពាក់ព័ន្ធ ដើម្បីដោះបន្ទុកពីតុលាការ។ ប៉ុន្ដែបើគាត់ផ្សាយព័ត៌មានមិនពិត ឬមួលបង្កាច់គេមែន គួរតែមានការកែសម្រួលខ្លឹមសារអត្ថបទ ឬសរសេរលិខិតសុំទោសគេវិញចំពោះការភាន់ច្រឡំ។ លោកបន្តថាការដែលមានកំហុសឆ្គងបន្ដិចបន្តួចមិនគួរប្ដឹងអ្នកសារព័ត៌មានទៅតុលាការទេ ព្រោះវាជាការបំភិតបំភ័យអ្នកសារព័ត៌មានដទៃទៀត។
លោកថ្លែងថា៖ «ការពិតទៅឲ្យតែមានការដាក់ពាក្យបណ្ដឹងណាមួយប្ដឹងអ្នកសារព័ត៌មានគឺតែងតែប៉ះពាល់ ឬគំរាមកំហែងទៅលើសេរីភាពសារព័ត៌មានហើយ។ ប៉ុន្ដែអ្នកព័ត៌មានខ្វះវិជ្ជាជីវៈផ្សាយព័ត៌មានមិនពិតចោទប្រកាន់អ្នកដទៃគ្មានមូលដ្ឋាននោះអ្នករងគ្រោះក៏មានសិទ្ធិរកយុត្តិធម៌ជូនខ្លួនគាត់ដែរ»៕