កណ្តាល៖ អ្នក​កាសែត​ម្នាក់ និង​បក្ខពួក ២ នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចាប់​បញ្ជូន​ទៅ​តុលាការ​ខេត្ត​កណ្តាល នៅ​ថ្ងៃទី ២៥ មេសា ករណី​បំពាន​បម្រាម​បិទ​ខ្ទប់ នៅ​ភូមិ​ក្រងស្វាយ ឃុំ​ស្វាយអំពារ ស្រុក​មុខកំពូល ខេត្ត​កណ្តាល កាល​ពី​ថ្ងៃទី ២៣ មេសា។

លោក ឡាក់ ម៉េងធី ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល ប្រាប់​នៅ​ថ្ងៃទី ២៥ មេសា​ថា ជន​សង្ស័យ​ទាំង ៣ នាក់ ទី១-ឈ្មោះ វឿន សុភណ្ណរ៉ា ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ ជា​ជាង​ជួសជុល​រថយន្ត និង​ជា​អ្នក​សារព័ត៌មាន​អនឡាញ ឈ្មោះ យ៉ូម៉ាធីវី ទី២-ឈ្មោះ ស្រ៊ាង ម៉េងលី ភេទ​ប្រុស អាយុ ១៩ ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ អ៊ុយ ភារម្យ ភេទ​ប្រុស អាយុ ២៤ ឆ្នាំ។

ពួក​គេ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ក្រចេះ និង​បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ-សង្កាត់​អូរបែកក្អម ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។

លោក​ថ្លែង​ថា៖ «ជន​ទាំង ៣ នាក់​នេះ គឺ​សមត្ថកិច្ច​របស់​ខ្ញុំ​បញ្ជូន​បន្ត​ទៅ​តុលាការ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់​ដោយសារ​តែ​ពួក​គាត់​ល្មើស​នឹង​បម្រាម​បិទ​ខ្ទប់»។

លោក ឯក លន់ អធិការ​នគរបាល​ស្រុក​មុខកំពូល ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃទី ២៥ មេសា​ថា ជន​សង្ស័យ​ទាំង ៣ នាក់ បាន​បើក​រថយន្ត ១ គ្រឿង​ម៉ាក KiA ពណ៌​ស ពាក់ស្លាក​លេខ​ភ្នំពេញ 2R.2854 បើកបរ​ពី​ទិស​រាជធានី​ភ្នំពេញ​ឆ្ពោះ​ទៅ​ខេត្ត​ក្រចេះ។

ប៉ុន្តែ​ពេល​ពួក​គេ​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​គោលដៅ​ត្រួត​ពិនិត្យ​ត្រង់​ព្រំប្រទល់​ខេត្ត​កណ្តាល និង​ខេត្ត​កំពង់ចាម ក្នុង​ភូមិសាស្រ្ត​ភូមិ​ក្រងស្វាយ ឃុំ​ស្វាយអំពារ ស្រុក​មុខកំពូល ក៏​ត្រូវ​សមត្ថកិច្ច​យាម​គោលដៅ​របស់​លោក​ឃាត់​ខ្លួន​តែ​ម្តង។

លោក​ប្រាប់​ថា បន្ទាប់​ពី​ឃាត់​ខ្លួន​សួរ​នាំ​ឃើញ ឈ្មោះ វឿន សុភណ្ណរ៉ា ជា​អ្នក​កាសែត​ដែល​មាន​កាន់​បណ្ណ​សារព័ត៌​មាន​អង្គភាព​សារព័ត៌មាន​ឈ្មោះ យូម៉ា ធីវី អនឡាញ។ រីឯ​បក្ខពួក​គាត់ ២ នាក់​ទៀត​មិន​មែន​ជា​អ្នក​កាសែត​ទេ។

បើ​តាម​លោក ឯក លន់ ថា៖ «ពួក​គេ​បាន​ដឹង​ឮ​ហើយ​អំពី​បម្រាម​បិទ​ខ្ទប់​នេះ ប៉ុន្តែ​ពួក​គេ​នៅ​តែ​បំពាន។ អ៊ីចឹង​អ្នក​បំពាន​នឹង​បម្រាម​របស់​រាជរដ្ឋាភិបាល​មាន​តែ​ប្រឈម​នឹង​ច្បាប់​ទេ»។

ដោយ​ឡែក លោក ផុស សុវណ្ណ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃទី ២៥ មេសា​ថា សារព័ត៌មាន​ឈ្មោះ យូម៉ា ធីវី អនឡាញ នេះ​ពិត​ជា​មាន​ចុះ​បញ្ជីការ​នៅ​ក្រសួង​ព័ត៌មាន​ពិតមែន។

ចំពោះ​អ្នក​សារព័ត៌មាន​ទាំង​អស់​ដែល​កំពុង​ធ្វើ​សកម្មភាព​ទាំង​តាម​ប្រព័ន្ធ​អនឡាញ​ក្តី គឺ​អស់​លោក​ទាំង​នោះ​គួរ​តែ​មើល​ច្បាប់​បទដ្ឋាន​ដែល​កំពុង​ចេញ​ផង​ថា ស្ថិត​នៅ​ក្នុង​បរិបទ​អ្វី។

លោក​បន្ត​ថា ក្នុង​បរិបទ​នេះ ឃើញ​មាន​ការ​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន ហើយ​ក្នុង​មាត្រា​ច្បាប់​ទាំង​អស់​មាន​ចែង។ សេចក្តី​សម្រេច​មួយ​ទៀត​លេខ ៤៩ និង​សេចក្តី​សម្រេច​លេខ ៥០ ស្តីពី​វិធាន​ក្នុង​ការ​រាំងខ្ទប់។ ហេតុ​ដូច្នេះ អស់​លោក​ជា​អ្នក​សារព័ត៌មាន​គួរ​មើល​ក្នុង​ច្បាប់​នោះ។

លោក សុវណ្ណ ថ្លែង​ថា៖ «កន្លែង​ណា​ដែល​ច្បាប់​អនុញ្ញាត​ឱ្យ​ធ្វើ និង​កន្លែង​ណា​ដែល​ច្បាប់​មិន​អនុញ្ញាត។ អ៊ីចឹង បើ​ពេល​មាន​កើត​បញ្ហា​បែប​នេះ ច្បាប់​មាន​ចែង​ហើយ។ អ៊ីចឹង​មិនមែន​គាត់​ជា​អ្នក​សារព័ត៌មាន មាន​កាត​កាសែត​សារព័ត៌មាន​ហើយ​ចេះ​តែ​ធ្វើ​ស្រេច​ចិត្ត​ទេ​គេ​មាន​វិធាន​របស់​គេ»។

លោក​ថ្លែង​ថា៖ «ខ្ញុំ​ឱ្យ​គាត់​គោរព​តាម​វិធាន​ហ្នឹង​ហើយ បើ​គាត់​មិន​គោរព​សមត្ថកិច្ច​លោក​អនុវត្ត​តាម​វិធាន​របស់​លោក​ហើយ»។

លោក​បន្ត​ថា អ្នក​សារព័ត៌មាន​អាច​ធ្វើ​ដំណើរ​បាន​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​របស់​គាត់ គឺ​គាត់​ធ្វើ​ការ​ក្នុង​ខណ្ឌ​របស់​គាត់ កុំ​រំលោភ​វិធាន​ផ្សេងៗ​ទៀត​របស់​ក្រសួង​អាជ្ញាធរមាន​សមត្ថកិច្ច។

ពាក់ព័ន្ធ​នឹង​បទ​ល្មើស​បំពាន​បម្រាម​បិទ​ខ្ទប់​នេះ​ដែរ តុលាការ​ខេត្ត​កណ្តាល​កាល​ពី​ថ្ងៃទី ២៤ ខែ​មេសា បាន​សម្រេច​ធ្វើ​ការ​ចោទ​ប្រកាន់ និង​បញ្ជូន​បុរស​ម្នាក់​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ។

លោក ឡាក់ ម៉េងធី ប្រាប់​ថា តុលាការ​ខេត្ត​កណ្តាល​បាន​ឃុំ​ខ្លួន​បុរស​ម្នាក់​ឈ្មោះ ស៊ូ ម៉េងសែ អាយុ ៣០ ឆ្នាំ ​ក្នុង​ពន្ធនាគារ​ខេត្ត​​កណ្តាល ដោយសារ​ជន​ម្នាក់​នោះ​គំរាម​វាយ​មេភូមិ និង​ប្រជាការពារ​ក្រុង​តាខ្មៅ ខណៈ​ជន​នោះ​ល្មើស​នឹង​បម្រាម​បិទ​ខ្ទប់ ហើយ​បាន​ឆ្លង​កាត់​គោលដៅ​ទាំង​ស្រវឹង។

លោក​បន្ត​ថា ជន​សង្ស័យ​នៅ​ក្រោយ​ពេល​ឃាត់​ខ្លួន​សមត្ថកិច្ច​ពិនិត្យ​មាន​ជាតិ​អាល់កុល​ក្នុង​ឈាម និង​មាន​ផ្ទុកសារធាតុ​ញៀន​ក្នុង​ទឹក​នោម​ផង។

លោក​ប្រាប់​ថា៖ «លោក​ចៅក្រម វ៉ាន់ សុបញ្ញា ចោទ​បទ​រារាំ​ដល់​ការ​អនុវត្ត​វិធានការ និង​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ញៀន​តាម​បញ្ញត្តិ​មាត្រា ៤ និង​មាត្រា ១១ ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ជំងឺ​កូវីដ»៕