បាងកកៈ មេ​ដឹកនាំ​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​អ្នក​សរសេរ​ប្លុក​ប្រមាណ​ ៣០ នាក់​ មកពី ១០ ប្រទេស​រួម​ទាំង​កម្ពុជា​ផង​នោះ ​បាននិង​កំពុង​ជួប​ពិភាក្សា​ជាមួយ​មេ​ដឹក​នាំ​អាស៊ាន​សំខាន់ៗ​ នៅ​ទីក្រុង​បាង​កក​ប្រ​ទេស ​ថៃ ​ស្តីពី​ការទទួល​ខុសត្រូវ​របស់​អាស៊ាន​ក្នុង​ការឆ្លើយតប​នឹង​ការប្រឈម​របស់​ពិភព​លោក ​ក្នុង​វេទិកា​សារ​ព័ត៌មាន​អាស៊ាន ​(AMF)​ លើក​ទី៣។

វេទិកា​សារព័ត៌មាន​អាស៊ាន ​គឺជា​គម្រោង​មួយ​របស់​អាស៊ាន ​ក្នុងការ​បញ្ជូន​សារ​បស់​ខ្លួន​ទៅកាន់​ថ្នាក់​ដឹក​នាំ​កំពូលៗ​ នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដើម្បី​រួមគ្នា​ពិភាក្សា ​វែកញែក​ជាល​ក្ខណៈ​អន្តរ​ជាតិ ​និង​ក្នុង​តំបន់​ ដើម្បី​ឆ្លើយតប​នឹង​គោលបំណង​ បញ្ហា​ប្រឈម និង​សមិទ្ធផល​ដែល​អាស៊ាន​សម្រេច​បាន។ ​កិច្ច​ពិភាក្សានេះ ​បាន​ផ្តោត​សំខាន់​ទៅ​លើ​ការទទួល​ខុសត្រូវ​របស់​អាស៊ាន ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការប្រឈម​របស់​ពិភព​លោក។ ជាពិសេស​បញ្ហា​សង្រ្គាម​ពាណិជ្ជកម្ម ​រវាង​ចិន ​និង​អាមេរិក ​ខណៈ​បញ្ហា​ទាំងនេះ​ ត្រូវបាន​មើលឃើញ​ថា​ កំពុង​ជះ​ឥទ្ធិ​ពល​ទៅ​កាន់​ប្រទេស​នៅ​ក្នុង​តំបន់។

លោក​ Dato Lim Jock Hoi អគ្គលេខា​ធិការ​អាស៊ាន ​(ASEAN SecretaryGeneral) ​ថ្លែងថា ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បានដើរ​តួ​យ៉ាង​សំ​ខាន់​ក្នុង​ដំណើរ​ការសមាហរណកម្ម​តំបន់​របស់​អាស៊ាន។ លោក​បន្តថា​ ថ្នាក់​ដឹកនាំ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ ​ដែល​បាន​ចូល​រួម ​នឹង​ចែករំលែក​នូវ​សារ​ល្អៗ​របស់​អាស៊ាន ​ទៅកាន់​ពិភព​លោក ​និង​តំបន់។

វេទិកា​សារព័ត៌មាន​អាស៊ាន ​លើក​ទី៣ ​គឺជា​កិច្ច​ខិតខំ​ប្រឹងប្រែង​មួយ​របស់​អាស៊ាន ​ដើម្បី​បង្កើន​ភាព​ជាដៃគូ​ជាមួយ​មេដឹកនាំ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយនៅ​ក្នុង​តំបន់។

លោក​ Lee Yoong Yoong ​នាយក​កិច្ចការ​ទំនាក់​ទំនង​នៃ​លេខា​ធិការដ្ឋាន​អាស៊ាន​និយាយ​ថា​៖ «ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដើរ​តួនាទី​សំខាន់​នៅ​ក្នុង​ដំណើរការ​សមាហរណកម្ម​តំបន់​អាស៊ាន។ យើង​សង្ឃឹមថា​ តាម​រយៈ​ AMF នេះ​ថ្នាក់​ដឹកនាំ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទាំងនេះ​ នឹងមាន​ឱកាស​កាន់តែ​ច្រើន ​ដើម្បី​ពាំនាំ​រឿង​រ៉ាវ​របស់​អា​ស៊ាន​ ប្រាប់​ទៅកាន់​ពលរដ្ឋ​នៅ​មូលដ្ឋាន ​ខណៈពេល​ដែល​យើង​កំពុងតែ​ធ្វើឲ្យ​អាស៊ាន​កាន់​តែ​ខិត​ជិត​ពលរដ្ឋ​របស់​ខ្លួន​ថែម​ទៀត»។

លោក​ ហាស់ សុភ័ក្ត្រ​ អគ្គនាយករង​ អគ្គនាយកដ្ឋាន​រដ្ឋបាល ​និង​ហិរញ្ញវត្ថុ​នៃ​ក្រសួង​ព័ត៌​មាន ​និយាយថា ​វេទិកា​នេះ​ ពិតជា​មាន​សារៈ​សំខាន់​ដល់​ភាគី​ពាក់ព័ន្ធ ​ជាពិសេស​អាស៊ាន ​និង​មេដឹកនាំ​ប្រព័ន្ធ​ផ្សព្វផ្សាយ ​ដែលបាន​ចូលរួម​កាន់តែ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា។ បន្ថែម​ពីនេះ ​ក៏អាច​លើកឡើង​ពី​បញ្ហា​នានា​ដែល​ប្រទេស​ក្នុង​តំបន់​កំពុង​ជួបប្រទេះ ​ជាពិសេស​ បញ្ហា​ប្រឈម​ធំ​របស់​ពិភព​លោក​ ដែលតែង​តែ​ជះឥទ្ធិពល​មក​លើ​ប្រទេស​តូចៗ​ក្នុង​តំបន់។

លោក​បញ្ជាក់ថា​៖ «ព្រោះ​ជាទូទៅ​ប្រទេស​នៅក្នុង​តំបន់​របស់​អាស៊ាន​យើង​ទេ ​រួមទាំង​កម្ពុជា​ផង​ដែរ​មិនមែន​ជា​ប្រទេស​ធំ ​ប៉ុន្តែ​យើង​គឺជា​សំឡេង​មួយ​ដែរ។ មាន​គំនិត​ជាច្រើន​នៅក្នុង​អង្គប្រជុំ​នេះ ​ដែល​អាចផ្សព្វផ្សាយ​ពី​កម្ពុជា ​ហើយ​យើង​នឹង ​[ឈ្វេង]​ យល់​អំពី​បញ្ហា​នេះ​ ព្រោះ​បញ្ហា​អាស៊ាន​ គឺជា​បញ្ហា​របស់​កម្ពុជា ​ហើយ​បញ្ហា​របស់​សកលលោក​ ក៏ជា​បញ្ហា​ដែល​​កម្ពុជា ​កំពុង​ប្រឈម​មុខ​ក្នុង​ពេល​បច្ចុប្បន្ន​ផងដែរ»។

​អគ្គលេខា​ធិការ​អាស៊ាន ​បាន​រៀបចំ​វេទិកានេះ​ឡើង ​បន្ទាប់ពី​សមា​ជិក​នៃ​ប្រទេស ​១០ ​បានបង្កើត​វេទិកា​នេះ​ តាំង​ពី​ឆ្នាំ ២០១៧ ​ហើយ​នៅ​ឆ្នាំ ២០២០​ ខាងមុខ ​វេទិកាសារ​ព័ត៌​មាន​អាស៊ាន​នេះនឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ប្រទេស​ វៀតណាម៕