ភ្នំពេញ: អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ​កាលពី​ម្សិលមិញ​បាន​រារាំង​អ្នក​សារព័ត៌មាន អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​របស់​អង្គការ​សហប្រជាជាតិ​មិន​ឲ្យ​ចូល​ជួប​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​មក​ប្រមូល​ផ្ដុំគ្នា​នៅ​ក្នុង​​ទីលាន​ប្រជាធិបតេយ្យ​ថ្មី​ដើម្បី​សុំ​ឲ្យ​មន្ត្រី​រាជរដ្ឋាភិបាល​ជួយ​រក​ដំណោះស្រាយ​ដីធ្លី​របស់​ពួកគេ​ដែល​មាន​ជម្លោះ​រ៉ាំរ៉ៃ​ជាមួយ​ម្ចាស់​ក្រុមហ៊ុន​ដីសម្បទាន​សេដ្ឋកិច្ច​។

លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន​កាលពី​ម្សិលមិញ​ដោយ​អះអាង​ថា​ការហាម​មិន​ឲ្យ​អ្នក​សារព័ត៌មាន​ចូល​យក​ព័ត៌មាន​ពី​ក្រុម​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នេះ ដោយសារ​មិន​ចង់​ឲ្យ​មាន​ការរំខាន​ដល់​ការធ្វើ​ការងារ​របស់​អាជ្ញាធរ​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​មិន​ទាន់​ថា ហាម​មិន​ឲ្យ​ចូល​ទេ តែ​ឥឡូវ​ចាំ​ឲ្យ​ពួកខ្ញុំ​ធ្វើ​ការងារ​ហ្នឹង​សិន​។ ចាំ​ខ្ញុំ​ធ្វើ​កិច្ចការងារ​ហ្នឹង​ចប់​សព្វគ្រប់ ចាំ​ខ្ញុំ​ផ្តល់​កិច្ចសម្ភាសន៍​ជូន ព្រោះ​អី​រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​អ្នក​នាំពាក្យ​។ អ៊ីចឹង​ពេល​យើង​ធ្វើការ​ចប់ យើង​នឹង​សង្ខេប​ព្រឹត្តិការណ៍​ទាំងអស់​ទៅ​ឲ្យ​អ្នក​នាំពាក្យ​»​។

នៅ​ថ្ងៃទី​ ៦ វិច្ឆិកា​នេះ​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ប្រហែល​ជាង ៧០០ ​នាក់​មកពី​តាម​សហគមន៍​នានា​នៃ​ខេត្ត​ព្រះសីហនុ ស្វាយរៀង ត្បូងឃ្មុំ ព្រះវិហារ កណ្ដាល និង​រាជធានី​ភ្នំពេញ​បាន​ប្រមូល​គ្នា​មក​ធ្វើការ​ដាក់​ពាក្យ​បណ្ដឹង និង​ដាក់​ញត្តិ ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ហា​របស់​ពួកគេ​នៅ​តាម​ស្ថាប័ន​ជាតិ​សំខាន់ៗ​ដូចជា ក្រសួង​យុត្តិធម៌ រដ្ឋសភាជាតិ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង​គណៈកម្មការ​ទទួល​ពាក្យ​បណ្ដឹង​នៃ​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។

លោក យូរ វាសនា តំណាង​សហគមន៍​ទំនាស់​ដីធ្លី​មកពី​ខេត្ត​ព្រះសីហនុ​បាន​អះអាង​ថា បញ្ហា​ទំនាស់​ដីធ្លី​មាន​ស្ទើរតែ​ពេញ​ប្រទេស​កម្ពុជា និង​អូសបន្លាយ​ពេលវេលា​ច្រើន​ឆ្នាំ​ដោយ​មិន​បាន​ជួយ​ដោះស្រាយ​បញ្ចប់ ព្រោះ​អាជ្ញាធរ​មិន​មាន​ឆន្ទៈ​ពិតប្រាកដ និង​ខ្លាច​អំណាច​ម្ចាស់​ក្រុមហ៊ុន​ដែល​មាន​សែស្រឡាយ​មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល ឬ​មាន​លុយ​ច្រើន​។

លោក វាសនា ថ្លែង​ថា​៖ «​ខ្ញុំ​គិតថា​អំណាច​ក្រុមហ៊ុន និង​អំណាច​ទឹកលុយ​ធ្វើ​ឲ្យ​មាន​ការ​អូសបន្លាយ​ដោះស្រាយ​ទំនាស់​ដីធ្លី​របស់​ពួក​ខ្ញុំ ព្រមទាំង​បណ្ដាល​ឲ្យ​ជីវភាព​ពលរដ្ឋ​ធ្លាក់ចុះ​ខ្លាំង ព្រោះ​រវល់​តែ​មក​តវ៉ា​យក​ដីធ្លី​របស់​ខ្លួនឯង​មកវិញ ដោយ​គ្មាន​ពេល​ប្រកបមុខរបរ​ចិញ្ចឹមជីវិត​»​។

លោក វាសនា ថ្លែង​បន្ត​ថា​៖ «​ឯកឧត្តម ជា សុផារ៉ា មាន​ឆន្ទៈ​ពិតប្រាកដ ប៉ុន្ដែ​មន្ត្រី​ផ្សេងៗ​ទៀត​គឺ​គ្មាន​ឆន្ទៈ​ជួយ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​ទេ ម្នាក់ៗ​គិត​តែ​លើក​ដាក់​គ្នា តិច​ថា​ឲ្យ​ទៅ​រក​អ្នក​នេះ តិច​ថា​ឲ្យ​ទៅ​រក​អ្នក​នោះ​ជួយ​ដោះស្រាយ ប៉ុន្ដែ​លទ្ធផល​ចុងក្រោយ​គ្មាន​បាន​អ្វី​ទាំងអស់ ខ្ញុំ​ពិតជា​មាន​​ការសោកស្ដាយ​ចំពោះ​មន្ត្រី​ទាំងនេះ​ណាស់​»​។

អ្នកស្រី លឹម សុភី តំណាង​ពលរដ្ឋ​សហគមន៍​ទំនាស់​ដីធ្លី​មកពី​ខេត្ត​កោះកុង​បាន​ថ្លែង​ថា ការប្រមូល​ផ្ដុំគ្នា​តវ៉ា និង​ដាក់​ពាក្យបណ្ដឹង​ដាក់​ញត្តិ​នេះ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ដីធ្លី​ឲ្យ​បាន​ឆាប់រហ័ស​នៅតាម​ស្ថាប័ន​ជាតិ​សំខាន់ៗ​។

ស្ថាប័ន​រដ្ឋាភិបាល​ដែល​មាន​ក្រសួង​ពាក់ព័ន្ធ​គួរ​ចុះ​ដោះស្រាយ​ជម្លោះដីធ្លី​ពលរដ្ឋ​ជាមួយ​អ្នក​មាន​អំណាច ក្រុមហ៊ុន​ឯកជន និង​ការឃុបឃិត​ពី​សំណាក់​អាជ្ញាធរ​មួយ​ចំនួន​បាន​រឹបអូស​ដីធ្លី​។ ក្រៅ​ពី​នេះ​ពលរដ្ឋ​ស្នើ​ឲ្យ​អាជ្ញាធរ​អន្តរាគមន៍​ដោះលែង​ប្រជាពលរដ្ឋ ឬ​សកម្មជន​ដីធ្លី​ដែល​កំពុង​ជាប់​ពន្ធនាគារ​ឲ្យ​មាន​សេរីភាព និង​បញ្ឈប់​ការគំរាមកំហែង​តាមរយៈ​ការប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ប្ដឹង​លើ​ប្រជាពលរដ្ឋ​ដែល​ធ្វើការ​តវ៉ា ឬ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​លើ​បញ្ហា​ដីធ្លី​។

អ្នកស្រី លឹម សុភី បាន​ថ្លែង​ថា​៖ «​បើ​ពួកគាត់​មិន​សូវ​មាន​ឆន្ទៈ​ដោះស្រាយ​ទេ ព្រោះ​ពួកគាត់​តែងតែ​លើក​ឲ្យ​គ្នា​ទៅវិញ​ទៅមក​។ ហើយ​បញ្ហា​ដែល​ពួកគាត់​ឆ្លើយ​ថា កំពុង​សិក្សាៗ​នេះ​គឺ​ខ្ញុំ​បាន​ឮ​ពាក្យ​នេះ​អស់​រយៈពេល​ជិត ១០ ឆ្នាំ​ហើយ​នៅ​តែ​មិនទាន់​សិក្សា​ចេញ​ជា​លទ្ធផល​ទៀត​»​។

លោក ស៊ឹង សែនករុណា មន្ត្រី​អង្កេត​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក (ADHOC) បាន​ថ្លែង​ថា​ចំពោះ​ម្ចាស់​ក្រុមហ៊ុន​មាន​អំណាច និង​ក្រុមហ៊ុន​មាន​លុយ​ច្រើន​ដែល​អភិវឌ្ឍ​បង្ក​ឲ្យ​ប៉ះពាល់​ដីធ្លី និង​ផ្ទះសំបែង​របស់​ពលរដ្ឋ​ធ្វើឲ្យ​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​ពិបាក​ដោះស្រាយ និង​រក​យុត្តិធម៌​ជូន​ពលរដ្ឋ​។

លោក​បាន​ថ្លែង​ថា​៖ «​ក្រុមហ៊ុន​មាន​អំណាច ឬ​មាន​អ្នក​ឈរ​កាង​ពីក្រោយ គឺ​អាច​ជា​ការ​ព្រួយបារម្ភ​ខ្លាំង និង​ពិបាក​សម្រាប់​ពលរដ្ឋ​គ្មាន​អំណាច​ក្នុង​ការ​ស្វែងរក​យុត្តិធម៌ និង​ដំណោះស្រាយ​ព្រោះ​កន្លងមក​យើង​ឃើញ​ថា ក្រុមហ៊ុន​ទាំងនោះ​ជួល​មន្ត្រី​ឲ្យ​ធ្វើបាប​ពលរដ្ឋ ប៉ុន្ដែ​បើ​និយាយ​ពី​ច្បាប់​ហាក់​មិន​សូវ​មាន​ប្រសិទ្ធភាព​ទេ​»​។

លោក​ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​បញ្ជាការដ្ឋាន​អង្គរក្ស និង​ជា​ប្រធាន​ក្រុម​ដឹកនាំ​មន្ត្រី​ចម្រុះ​ដោះស្រាយ​បណ្ដឹង​នៅ​ភូមិគ្រឹះ​លោក​នាយក​រដ្ឋមន្ត្រី​កាលពី​ម្សិលមិញ​បាន​ថ្លែងថា លោក​បាន​ទទួល​ព័ត៌មាន​ទាក់ទង​នឹង​ពលរដ្ឋ​នាំគ្នា​មក​តវ៉ា​នេះ​រួចហើយ ដោយ​លោក​បាន​ចាត់តាំង​មន្ត្រី​ជំនាញ​ពិនិត្យ​ញត្តិ និង​ពាក្យបណ្ដឹង​ទាំងអស់​របស់​ប្រជាពលរដ្ឋ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​បាន​ទទួល​សំណុំរឿង​ទាំងអស់​ហ្នឹង​ហើយ ហើយ​មន្ត្រី​យើង​កំពុង​ធ្វើការ​តាម​ជំនាញ​រៀងៗ​ខ្លួន​។ ឥឡូវ​នេះ​ពួកគាត់​បាន​នាំគ្នា​ទៅ​ផ្ទះ​វិញ​អស់​ហើយ អត់​អី​ទេ យើង​នឹង​ដោះស្រាយ​ជូន​គាត់​»៕