សៀមរាប៖ សមត្ថកិច្ច​នគរបាល​ខេត្ត​សៀមរាប ​កំពុង​ស្រាវជ្រាវ​ករណី​ក្រុម​អ្នក​ការពារ​កន្លែង​លេង​ល្បែង​ស៊ីសង​ ១ ហ្វូង ​ហ៊ុម​ព័ទ្ធ​ព្រួត​គ្នា​វាយ​អ្នកយក​ព័ត៌មាន​ចំនួន ២ នាក់ ​ក្នុង​ពេល​ចុះ​បំពេញ​បេសកកម្ម ​កាលពី​ថ្ងៃទី ២៩ ​ខែ​មីនា ​នៅចំ​ណុច​ភូមិ​ឈូក​ ឃុំ​ខ្នារពោធិ៍ ​ស្រុក​សូទ្រនិគម​ ជាប់​ព្រំប្រទល់ ​ភូមិ​សុភី ​ឃុំកន្ត្រាំង ​ស្រុក​ប្រាសាទ​បាគង។

​លោក ​ភឹង ចិន្តារេត ​ស្នងការរង ​និង​ជា​ប្រធាន​ផ្នែក​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​ ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ ពី​ម្សិលមិញថា ​លោក​មិនទាន់​អាច​បញ្ជាក់​យ៉ាងណា​បាន​នៅ​ឡើយ​ទេ ​ព្រោះ​កម្លាំង​នគរបាល​ជំនាញ​កំពុង​តែ​ចុះទៅ​ស្រាវជ្រាវ​ ជុំវិញ​ករណី​នេះ​នៅ​មូលដ្ឋាន។

លោក​ថ្លែងថា​៖ «ខ្ញុំ​បាន​ចាត់​កម្លាំង​ជំនាញឲ្យ​ចុះទៅ​ស្រាវជ្រាវ​រឿង​ហ្នឹង​ហើយកាលពី​ព្រឹក​មិញ។ ឥឡូវ​ពួកគេ​មិន​ទាន់​ត្រឡប់​មក​វិញ​នៅ​ឡើយ។ ហេតុនេះ​ខ្ញុំ​ក៏មិន​ទាន់​អាច​បញ្ជាក់ថា ​យ៉ាង​ណា​បាន​ទេ ​បាទ​សូម​អធ្យាស្រ័យ»។

លោក ​លីវ សុខុន ​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​សៀមរាប​ថ្លែងថា ​ក្រុម​អ្នក​យកព័ត៌មាន​មាន​គ្នា​ ៣ នាក់ ​ប៉ុន្តែ​រងគ្រោះ​ក្នុង​ហេតុ​ការណ៍​នោះ​មាន​២នាក់។ ទី១ ​ឈ្មោះ​ ឈិត សាវី ​ភេទ​ប្រុស​ ជាបុគ្គលិក​ទូរទស្សន៍​ប៊ីធីវី ​(BTV)​ ប្រចាំខេត្ត​សៀមរាប​ និង​ទី២​ ឈ្មោះ​ ប្រាក់ សុខឡេង ​ជាភ្នាក់ងារ​កាសែត​រំដោះ​ជាតិ។ អ្នក​ទាំង ២​ ត្រូវក្រុម​អ្នកការពារ​កន្លែង​លេង​ល្បែង​ស៊ីសង ​[លេង​បៀ]​ ១ ហ្វូង​ មាន​គ្នា​ ៦​ ទៅ ៧ នាក់​ហ៊ុមព័ទ្ធ​វាយ ​ព្រមទាំង​ដកយក​កាមេរ៉ា ​វីដេអូ​ទៀត​ផង។ ចំណែក​ម្នាក់​ទៀត​នៅ​ចាំ​រថយន្ត​មិនបាន​រងគ្រោះ​នោះ​ទេ។

លោក​ថ្លែងថា​៖ «ខ្ញុំ​បានសួរ​ទៅ​អ្នក​រងគ្រោះ​ទើបបាន​ដឹងថា ​ការដែល​មក​វាយ​ហ្នឹង​មិនមែន​ព្រួត​វាយ​ម្តង​ទាំង​អស់​គ្នា​ទេ ​គឺ​ដេញ​ប្រតាយ​វាយ​ខាង​ភ្នាក់ងារ​ព័ត៌មាន។ ​អ៊ីចឹង​គាត់​គេច ​គាត់​អី​ចឹង​ទៅ ​មិនមែន​មក​ដល់​ព្រួតគ្នា​វាយ​ម្តង​៦​ទៅ ៧​ នាក់​នោះ​ទេ។ មាន​ន័យថា ​៣ ​ឬ ​៤ នាក់​ រត់​មក​វាយ​អ៊ីចឹង​ទៅ ​អ្នកសារព័ត៌​មាន​គេច​ទៅ​កន្លែង​ផ្សេង​ទៅ​មាន​ ២​ ឬ ៣​ នាក់​ទៀត​ ទៅ​តាម​វាយ​ទៀត​អ៊ីចឹង​ទៅ»។

​ភ្នំពេញ​ ប៉ុស្តិ៍​ មិនអាច​ស្វែងរក​ទំនាក់​ទំនង​សុំ​ការបំភ្លឺ ​ពី​លោក ​ប្រាក់ សុខឡេង ​ជាភ្នាក់ងារ​កាសែត​រំដោះ​ជាតិ​បាន​ទេ​ពី​ម្សិល​មិញ។ ប៉ុន្តែ​លោក​ឈិត សាវី ​អ្នកយក​ព័ត៌មាន​របស់ ​BTV ​ប្រចាំ​ខេត្ត​សៀមរាប ​ថ្លែងថា ​មាន​ប្រជា​ពលរដ្ឋ​រាយ​ការណ៍​ថា ​មាន​មនុស្ស​ជួបជុំ​គ្នា​ជាច្រើន​នាក់​លេង​ល្បែង​ស៊ីសង។ លោក​ក៏​រូតរះ​ទៅ​ថត​យក​រូបភាព ​ដើម្បី​ផ្សព្វ​ផ្សាយ​ពី​ការលែង​ល្បែង​ខុស​ច្បាប់ ​និង​ថត​ពី​ការជួបជុំ​គ្នា​ច្រើន ​ខុស​ពី​ការណែនាំ​របស់​រាជ​រដ្ឋាភិបាល។​ ប៉ុន្តែ​ទៅ​ដល់​បែរជា​ត្រូវ​ក្រុម​ជនសង្ស័យ​ដេញ​វាយ​ទៅ​វិញ។

​លោក​ថា​៖ «គេ​ផ្តល់​ព័ត៌មាន​ថា​មាន​ក្រុម​អ្នក​លេង​ល្បែង​ជួបជុំ​គ្នា​ច្រើន​ខ្ញុំ​ក៏ចេញ​ទៅ​ថត។ ប៉ុន្តែ​ពេល​ទៅ​ពួកគេ​ស្ទាក់​ដោយ​មាន​ដាក់​បារ៉ាស់​ដាក់​អី​តាម​ផ្លូវ​អ៊ីចឹង​ទៅ។ ខ្ញុំ​ក៏ឈប់​ចុះ​ដើរ​ទៅ​ថត ​ស្រាប់តែ​ពេល​យើង​ទៅ​ជិត​ដល់​កន្លែង ​ពួកគេ​ក៏​បាន​ចេញ​មក​ព្រួត​គ្នា​ដេញ​វាយ​ដណ្តើម​យក​កាមេរ៉ា ​ហើយ​យើង​ក៏​រត់​ចេញ​ទៅ​ប្រាប់​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ទៅ»។

​លោក ​លឹម សម្បត្ដិ ​អធិការ​នគរបាល​ស្រុក​ប្រាសាទ​បាគងថ្លែងថា ​ក្រុម​អ្នកសារព័ត៌មាន​បានទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​កន្លង​របស់​លោក​ប៉ុន្តែ​លោក​មិនបាន​ទទួល​ទេ ​ដោយសារ​តែ​ខុស​ដែន​សមត្ថកិច្ច។

លោក​អធិការ​បញ្ជាក់ថា​៖ «គេ​មក​ដាក់​ពាក្យ​បណ្តឹង​ខាង​ខ្ញុំ ​ប៉ុន្តែ​ខ្ញុំអត់​ទទួល​ទេ ​ព្រោះ​អត់​មាន​ពាក់ព័ន្ធ​នៅ​ខាង​ខ្ញុំ។ ករណី​ហ្នឹង​ គឺ​នៅ​ខាង​ទឹក​ដី​ស្រុក​សូទ្រ​និគម។ អ៊ីចឹង​យើង​មិនអាច​រំលោភ​លើ​ដែន​សមត្ថកិច្ច​អាជ្ញាធរ​របស់​គេ​បាន​ទេ ​យើង​ណែ​នាំឲ្យ​អ្នករង​គ្រោះ​ទៅ​ដាក់​ពាក្យ​នៅ​អធិការ​ស្រុក​សូទ្រ​និគម​វិញ​»។

ទោះយ៉ាងណា លោក សម្បត្តិ ប្រាប់ថា បន្ទាប់ពី​ក្រុម​អ្នកសារព័ត៌មាន​​ចេញ​ទៅ​វិញ ក៏​មាន​​ក្រុម​ពលរដ្ឋ​បាន​យក​កាមេរ៉ា​វីដេអូ​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​រក្សា​ទុក បន្ទាប់​មក​លោក​ក៏​ប្រគល់​ជូន​កម្លាំង​ជំនាញ​នៃ​ស្នងការ​នគរបាល​ខេត្ត​សៀមរាប។

ចំណែក​លោក ​ទេព ចាន់ណា ​អធិការ​នគរបាល​ស្រុក​សូទ្រនិគមបានថ្លែង​ថា ​មកដល់​រសៀល​ថ្ងៃទី ៣១ ​ខែមីនា ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប ​កំពុង​ធ្វើការ​សួរនាំ​អ្នក​ពាក់​ព័ន្ធ​ជាបន្ត​បន្ទាប់។

«រឿង​ហ្នឹង​គេ​កំពុង​ធ្វើការ​ហើយ ​តែ​ពេល​នេះ​ខ្ញុំ​ឆ្លើយ​មិន​ចេញ​ទេ ​ព្រោះ​គេ​កំពុង​សួរ ​ដែល​មាន​ខាង​ខេត្ត​ហើយ​និង​កម្លាំង​ស្រុក​ទាំង២​កំពុង​សហការ​គ្នា។ ជន​សង្ស័យ​យើង​ស្គាល់​អត្តសញ្ញាណ​អស់​ហើយ ​គ្រាន់តែ​មិនទាន់​ច្បាស់​លាស់ ​ព្រោះ​គេ​ឆ្លើយ​ដោះសារ​ដាក់​គ្នា។ ណា​មួយ​យើង​សាកសួរ​មនុស្ស​មិនទាន់​ជុំ ​ហើយ​កិច្ចការងារ​ហ្នឹង​មិន​មែន​ឮ​គេ​ថា​ហើយ​យើង​​ទៅ​ឃាត់​ខ្លួន​នោះ​ទេ» ​នេះ​ជាការ​បញ្ជាក់​របស់​លោក​ ទេព ចាន់​ណា៕