កំពង់ស្ពឺ: ក្រុម​មនុស្ស​ ៤ នាក់​ ដែល​កាន់​កាត​កាសែត​ហួស​សុពល​ភាព​មក​ពី​អង្គភាព​សារព័ត៌​មាន​ផ្សេងៗ​គ្នា​ត្រូវ​បាន​ឃាត់​ខ្លួន​សាក​សួរ​ប្រមាណ​ជា​ ២ ម៉ោង ​នៅ​ក្នុង​សាលា​នាយ​ទាហាន​សកម្ម​ត្មាន​ពង​ ក្នុ​ង​ស្រុក​ឧដុង្គ​ ខេត្ត​កំ​ពង់​ស្ពឺ ​កាលពី​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ ​ហើយ​មន្ត្រី​នៅ​ក្នុង​សាលា​នោះ​បាន​គំរាម​ពួក​គេ​មិន​ឲ្យ​ចុះ​ផ្សាយ​ព័ត៌​មាន​អំ​ពី​ការ​ធ្វើ​អាជី​វ​កម្ម​នៃ​ការ​ជីក​កាយ​រណ្ដៅ​ដី​នៅ​ក្បែរ​នោះ​ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។​

​ក្រុម​អ្នក​កា​សែត​ទាំង​ ៤ នាក់​នោះ​ គឺ​លោក​ កែ​ម ស្រស់ ​អ្នកយក​ព័ត៌​មាន​កាសែត​អំណាច​ខ្មែរ។​ លោក​ តូច​ សំបូរ​ អ្នក​យក​ព័ត៌​មាន​​កាសែត​រំដោះ​ជាតិ។​ លោ​ក​ តូច សម្បត្តិ ​និពន្ធ​នាយក​គេហ​ទំព័រ​ akktv online.net​ និង​អ្នក​ស្រី ​ស្រេង ​សុង​ អ្នក​យក​​ព័ត៌​មាន​កាសែត​ជួយ​ខ្មែរ។​

លោក​ ខៀវ​ កាញារីទ្ធ​ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មានបាន​បង្ហោះ​ខ្លឹមសារ​អត្ថា​ធិប្បាយ​របស់​អ្នក​សារព័ត៌មាន​ទាំង​នោះ​កាល​ពី​ថ្ងៃ ២​១​ មេសា​ ដោយ​បាន​អះ​អាង​ថា​៖​ «​យើង​ខ្ញុំទាំង​ ៤​ អង្គ​ភាព​ចុះ​ទៅ​យ​ក​ព័ត៌​មាន​ជូន​អង្គ​ភាព​ ​(​នៅ​រណ្ដៅ​ដី​)​ និង​ផ្ដិត​យក​រូប​ភាព​នៅ​ទីនោះ​ ដើម្បី​សុំ​ការ​បំភ្លឺ​ពី​ម្ចាស់​​អាជី​វកម្ម​ តែ​មិន​បាន​ជួប​ម្ចាស់​អាជី​វ​កម្ម​នោះ​​ទេ យើង​ខ្ញុំ​ក៏បាន​បើក​ឡាន​ចេញ​មក​វិញ​ដល់​លើ​ផ្លូវ​ជាតិ​ស្រាប់​តែ​មាន​ទាហាន​ ២ នាក់​ ដៃ​កាន់​អាយកូម​ជិះ​ម៉ូតូ​មក​ឃាត់​ស្ទាក់​ផ្លូវ​ហើយ​បង្ខំ​ឲ្យ​យើង​ខ្ញុំ​បើក​ឡាន​ចូល​បន្ទាយ​ពី​ច្រក​ចំ​ហៀង​ដោយ​និយាយ​ថា​ មេ​ឲ្យ​ទៅ​ជួប​ ​ពេល​ទៅ​ដល់​គាត់​គំរាម​ដាក់​ខ្នោះ​ពួក​យើង​ខ្ញុំ​ ​(​ឮតាម​វិទ្យុ​ទាក់​ទង​)​ នឹង​បញ្ជូន​ទៅ​កង​រាជ​អាវុធ​ហត្ថ​ បើ​យើង​ខ្ញុំ​ហ៊ាន​ចុះផ្សាយ​ពី​ការ​កាយ​ដី​នេះ ​និង​បង្ខំ​ឲ្យ​យើង​ខ្ញុំ​លុប​រូបភាព​ដែល​ក្រុម​ការងារ​អ្នក​សារ​ព័ត៌​មាន​ថត​បាន ​(រូប​នៅ​រណ្ដៅ​ដី)​ មួយ​សន្ទុះ​ក្រោយ​មក​លោក​នាយក​សាលា​នាយ​ទាហាន​បាន​ចេញ​មក​សួរ​យើង​ខ្ញុំ​ថា ​ហេតុ​អ្វីប្អូនៗ​ជា​អ្នក​សារព័ត៌​មាន​ចូល​មក​កន្លែង​ខ្ញុំ​ដោយ​គ្មាន​ការ​អនុញ្ញាត​? ​នៅ​ពេល​នោះ​ពួក​ខ្ញុំ​ឆ្លើយ​ថា​ ខ្ញុំ​មិន​បាន​ចូល​មក​ទេ​ គឺ​កូន​ចៅ​រ​ប​ស់​បង​ជា​អ្នក​ឃាត់​ឡាន​បញ្ជា​ឲ្យ​ពួក​ខ្ញុំ​ចូល​មក​ជួប​បង​ ដើម្បី​ពិភាក្សា​គ្នា»។​

​ក្រុម​អ្នក​កាសែត​ទាំង​នោះ​បាន​អះ​អាង​បន្ថែម​ទៀត​ថា​៖​ «​បន្ទាប់​មក ​លោក​ សុខ ​ទូច​ (កូន​ចៅ)​ បាន​ឲ្យ​យើង​ខ្ញុំ​ផ្ដិត​មេដៃ​លើ​កិច្ច​សន្យា​ ដែល​សរសេរ​ដោយ​ខ្លួន​គាត់​ផ្ទាល់​ថា​ មិន​ឲ្យ​ពួក​យើង​ខ្ញុំ​ចុះផ្សាយ​ពី​បញ្ហា​កាយ​ដី​នេះ​ទេ។​ ក្រោ​យ​ពី​ផ្តិត​មេដៃ​ថា​ មិន​ចុះផ្សាយ​រួច​មក​ គាត់​ក៏​បាន​ទិញ​ទឹក​សុទ្ធ​ ៦ ដប​ឲ្យ​ពួក​យើង​ខ្ញុំ​ហូប​ និង​សំណេះ​សំណាលគ្នា​លេង​ បន្ទា​​​ប់​ពី​សំណេះ​សំណាល​គ្នា​រួច​ពួកយើង​ក៏​គោរព​លា​គាត់​ត្រឡប់​មក​ផ្ទះ​រៀងៗ​ខ្លួន​វិញ»។​ ​

​​ប្រធាន​មន្ទីរ​ព័ត៌​មាន​ខេត្ត​កំពង់​ស្ពឺ​លោក​ស្រី​ ម៉ែន​ ស៊ីនួន​ កាល​ពី​ម្សិល​មិញ​បាន​អះ​អាង​ថា ​​ក្រុម​ភ្នាក់​ងារ​សារព័​ត៌​មាន​ទាំង​ ៤ នាក់​នេះ​ ពិ​ត​ជា​មិន​មាន​​ឈ្មោះ​ក្នុង​បញ្ជី​ស្ថិតិ​អ្នក​សារព័ត៌មាន​ប្រចាំ​ខេត្ត​កំពង់​ស្ពឺ​មែន​ ហើយ​បណ្ណ​ព័ត៌​មា​ន​ដែល​ពួក​គាត់​ប្រើ​ប្រាស់​នោះ​ ក៏​ហួស​​សុពលភាព​ដែរ។​

លោក​ស្រី​ ស៊ីនួន​ ថ្លែង​ថា​៖ «​​សកម្ម​ភាព​ចូល​សាលា​នាយ​ទាហាន​សកម្ម​ត្មាត​ពង ​និង​ក្រុម​ហ៊ុន​ដឹក​ដី​ ដោយ​គ្មាន​ការ​អនុ​ញ្ញាត​ ដើម្បី​សុំ​លុយ​នោះ ​មិន​ត្រូវ​បាន​សមត្ថ​កិច្ច​ឃាត់​ខ្លួន​ទេ​ ដោយ​គ្រាន់​តែ​ហៅ​ទៅ​សាកសួរ»។

​លោក​ស្រី​ ​ម៉ែន​ ​ស៊ីនួន​ ​បាន​អះ​អាង​ផង​ដែរ​ថា​៖ ​«​អ្នក​កាសែត​ហ្នឹង​ ​ទៅ​មើល​រណ្ដៅ​ដី​មួយ​ហ្នឹង​ ហើយ​គាត់​ទៅ​ទារ​លុយ​គេ ហើយ​​គ្រួសា​រ​ខ្ញុំ​ ​គាត់​ធ្វើ​នាយក​រង​នៅ​ហ្នឹង​គាត់​ថា​ ​យី​! ​មាន​អ្នក​កាសែត​ចុះ​មក​ទារ​លុយ​ ​ទារ​ហ្នឹង​មិន​ច្រើន​ទេ​ ​គឺ​អ្នក​កា​សែត​តូច​តាច​អ៊ីចឹ​ង​?​ ​គ្រាន់​តែ​ថា ​ឲ្យ​គាត់​ធ្វើ​ឲ្យ​មាន​ច្បាប់​ទម្លាប់​អ៊ីចឹង​ទៅ?​ ​ប៉ុន្ដែ​ខ្ញុំ​ច​ង់​ដឹង​ទេ តើ​កា​សែត​ខាង​ណា?​ ហើយ​ខ្ញុំ​ចង់​ដឹង​ថា​ ​ពួកគាត់​នៅ​អង្គ​ភាព​ណា ​ហើយ​ក៏​ឲ្យ​គេ​ថត​កាត​ពួក​គាត់​បញ្ជូន​មក​ខ្ញុំ​ ពេ​ល​ខ្ញុំ​មើល​ទៅ​ឃើញ​ថា​ ​ពួក​គាត់​កាន់​កាត​​កាសែត​សុទ្ធ​តែ​ហួស​សុពលភាព»។​ ​

​ក្រុម​ហ៊ុន​ដឹក​ដី​ និង​សាលា​នាយ​ទា​ហាន​សកម្ម​ត្មាត​ពង​ ស្រុក​ឧ​ដុង្គ​ កាល​ពី​ម្សិល​មិញ​មិន​អាច​រក​ប្រភព​ទាក់​ទ​ង​សុំ​ការ​បញ្ជាក់​បាន​ទេ។​​

​លោក ​ផុស ​សុវណ្ណ​ អ្នក​នាំពាក្យ​ក្រសួង​ព័​ត៌មាន​ កាល​ពី​ម្សិល​មិញ​បាន​ទទួល​ស្គាល់​ថា​ ក្រុម​ភ្នាក់​ងារ​អ្នក​សារ​ព័ត៌មាន​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​មិន​សូវ​មាន​ជំនាញ ​និង​វិជ្ជា​ជីវ:ត្រឹម​ត្រូវ​ទេ ​ខណៈ​អ្នកសារ​ព័ត៌​មាន​មួយ​ចំនួ​ន​ទៀត​មាន​មុខរបរ​ផ្សេងៗ​បន្ថែម​ទៀត។​

​លោក ​សុវណ្ណ បាន​ថ្លែង​ថា​៖​ «​យើង​ប្រកាន់​ជំហរ​អប់រំ​ណែនាំ​ច្រើន​ជាង​ ប្រសិន​មាន​អ្នក​សារ ព័ត៌​មាន​យើង​គាត់​ធ្វើបែប​នេះ ​ព្រោះ​មិន​ចង់​ចាត់​វិធាន​ការ​ក្ដៅ​អ្វី​ទៅ​លើ​គាត់​ទេ គឺ​ជំរុញ​ឲ្យ​គាត់​គោរព​តាម​គោល​ការណ៍​ វិជ្ជា​ជីវៈ ​ក្រម​សីលធម៌»។

​លោក​ ​តូច​ ​ណូរ៉ា​ ចា​ង​ហ្វាង​សារ​ព័ត៌​មាន​ជួយ​ខ្មែរ​ ​កាល​ពី​ម្សិល​មិញ​បាន​ថ្លែង​ថា​៖​ «​ក្រុម​ការ​ងារ​កាសែត​របស់​ខ្ញុំ​បាន​ទៅ​យក​ព័ត៌​មាន​កន្លែង​រណ្ដៅ​ដី​ដែល​ជីក​ដល់​ក្បាល​ប្រេត​នោះ​ ​ហើយ​ក្រុម​អ្នក​កាសែត​បាន​ថត​ ​ថត​ហើយ​ក៏​បើក​ឡាន​មក​វិញ​ ​ឡើង​ដល់​ផ្លូវ​ជាតិ​ ក៏​មាន​កូន​ទាហាន​២ ​ឬ​៣នាក់​បាន​មក​ឃាត់​ឲ្យ​ចូល​ក្នុង​បន្ទាយ​ពួកគេ។​ ​ក្រោយ​មក​ ​ទាហាន​បាន​គំរា​ម​ឲ្យ​លុប​រូប​ថត​ទាំង​អស់​ចេញ​ ​ហើយ​ហាម​មិន​ឲ្យ​ផ្សាយ​ព័ត៌​មាន​នេះ​ទេ​ ហើយ​បែរ​ជា​មក​ចោទ​ប្រកាន់​ថា ក្រុម​អ្នក​កា​សែត​ជំរិត​ទារ​ប្រាក់​ទៅ​វិញ​ ​រឿង​នេះ​អយុត្តិធម៌​ណាស់»។​

ទោះ​ជា​យ៉ាង​ណា​ ​លោក​ ​យស​ ​មន្នី​រ៉ាត់​ ​អគ្គនាយកនៃ​អគ្គ​នាយកដ្ឋាន​​ធន​ធាន​រ៉ែ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ​ ​និង​ថា​ម​ពល​ ​បាន​អះ​អាង​ថា​ មិន​ទទួល​បាន​ដំណឹង​នេះ​ទេ។

លោក​ ​មន្នី​រ៉ាត់​ ថ្លែង​ថា​៖ ​«​ខ្ញុំ​អត់​ទាន់​ដឹង​ទេ​ ​ចាំ​មើល​ខ្ញុំ​សួរ​គេ​សិន​ថា​ ​តើ​អា​ជីវ​កម្ម​ខាង​នេះ​បាន​សុំច្បាប់​ ហើយ​ឬ​នៅ ​ហើយ​គេ​បា​ន​គោរព​តាម​ការណែ​នាំរ​បស់​ក្រសួ​ង​រ៉ែ​ និង​ថា​ម​ពល​ដែរ​ ​ឬ​អត់​?​ អ៊ីចឹង​?​​ ខ្ញុំ​ឆែក​មើល​សិន»។​

​​លោក​ តូច​ សម្បត្តិ ​និពន្ធ​នាយក​គេហទំ​ព័រ​ដែល​បាន​នៅ​ក្នុង​ហេតុ​ការណ៍​នោះ​បាន​អះអាង​ថា​ទី​តាំង​​ដី​ដែល​គេ​កំ​ពុង​ជីក​កកាយ​នោះមាន​ទំ​ហំ​ប្រមាណ​កន្លះ​ហិក​តា ហើយ​បាន​​ជីក​ជម្រៅ​ប្រមាណ ១០ ម៉ែត្រ៕​​