រតនគិរីៈ អ្នកសារព័ត៌មាន ៨ នាក់បានដាក់ពាក្យបណ្តឹងទៅក្រសួងព័ត៌មាន សហភាពសហព័ន្ធសារព័ត៌មានកម្ពុជា និងក្លិបអ្នកកាសែតកម្ពុជា ដើម្បីស្វែងរកយុត្តិធម៌ ករណីដែលក្រុមហ៊ុន SK បានប្តឹងពួកគេហើយសមត្ថកិច្ចបានឃាត់ខ្លួនពួកគេ ១ យប់ដែលជាការរំលោភទៅលើសិទ្ធិសេរីភាពសារព័ត៌មាន និងសិទ្ធិពលរដ្ឋ។
លោក លី សុវណ្ណារ៉ា អ្នកយកព័ត៌មានពីទូរទស្សហង្សមាសប្រាប់ភ្នំពេញប៉ុស្តិ៍ពីថ្ងៃទី ២៥ ខែមីនាថា កាលពីថ្ងៃទី ២០ ខែមីនាលោក និងអ្នកយកព័ត៌មាន ៧ នាក់ផ្សេងទៀតដែលមកពីស្ថាប័នខុសៗគ្នាបាននាំគ្នាចុះទៅភូមិហាត់ប៉ក់ ឃុំហាត់ប៉ក់ ស្រុកវើនសៃ ដើម្បីស្វែងរកព័ត៌មាន។ ចៃដន្យអ្នកភូមិបានធ្វើពិធីតមភូមិតាមប្រពៃណីហើយមិនអនុញ្ញាតឱ្យអ្នកមកពីក្រៅចូលបើមិនដូច្នោះទេ ពួកគេនឹងត្រូវពិន័យតាមច្បាប់ភូមិ។
បន្ទាប់ពីឮដូច្នេះក្រុមលោកក៏បានចាកចេញពីភូមិនេះ ហើយបន្តដំណើរទៅកាន់ផ្លូវផ្សេងទៀត។ ក្រោយពីចេញពីភូមិពួកលោកក៏បានសួរអ្នកដំណើរតាមផ្លូវ ដើម្បីរកផ្លូវទៅកាន់ស្រុកកូនមុំ។ អ្នកដំណើរនោះក៏ប្រាប់ផ្លូវទៅកាន់ស្រុកនេះ ក្រុមលោកក៏បន្តដំណើរតាមផ្លូវដែលអ្នកដំណើររូបនោះប្រាប់រហូតចូលទៅដល់ក្រុមហ៊ុន SK ដែលជាក្រុមហ៊ុនឥណ្ឌា ហើយក្រុមហ៊ុននេះមិនមានដាក់ស្លាកសញ្ញាហាមឃាត់ណាមួយឡើយ។
លោក សុវណ្ណារ៉ា ថ្លែងថា៖ «តាមពិតយើងមិនមានបំណងទៅក្រុមហ៊ុនរបស់គាត់ទេ។ ពេលទៅដល់ហ្នឹង ក៏សុំការអនុញ្ញាតពីមនុស្សនៅក្នុងហ្នឹងដែរ ថាផ្លូវហ្នឹងអាចទៅដល់ផ្លូវធំ ឬក៏ឆ្លងកាត់ទៅកាន់ស្រុកកូនមុំបានអត់? គាត់ថាបាន ប៉ុន្តែគាត់ថាទាល់តែចាំជួបមេការគាត់សិន បានយើងអាចទៅបាន ហើយចាំមេកាគាត់ហ្នឹងប្រហែល ២ ម៉ោង។ ពេលមេការគាត់មកដល់ក៏ឱ្យពួកយើងបំពេញឈ្មោះហើយនឹងលេខទូរស័ព្ទ។ ពេលបំពេញរួចហើយ ក៏សួរគាត់ថាទៅបាននៅ? គាត់ថាអត់ទាន់ទៅបានទេ ចាំបន្តិចសិន»។
លោកបន្តថា ប្រមាណ ២ ម៉ោងក្រោយមករថយន្តកម្លាំងនគរបាលស្រុកកូនមុំ ក៏បានមកនាំខ្លួនក្រុមលោកទៅកាន់អធិការដ្ឋានស្រុកកូនមុំតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន SK ដែលបានប្តឹងពីបទចូលក្រុមហ៊ុនដោយគ្មានការអនុញ្ញាត។ សមត្ថកិច្ចក៏បានឃុំខ្លួនក្រុមលោកទាំង ៨ នាក់ ១ យប់រហូតដល់ព្រឹកឡើងទើបដោះលែង បន្ទាប់ពីបានធ្វើកិច្ចសន្យាមិនឱ្យចូលទៅក្រុមហ៊ុនសាជាថ្មីដោយមិនមានការអនុញ្ញាត។
លោក សុវណ្ណារ៉ា ថ្លែងថា៖ «គាត់ធ្វើអ៊ីចឹង វាអាចប៉ះពាល់ដល់កិត្តិយស និងសិទ្ធិសេរីភាពសារព័ត៌មាន និងសិទ្ធិពលរដ្ឋ»។
លោក ភោគ បូរិទ្ធិ អធិការស្រុកកូនមុំប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ២៥ ខែមីនាថា សមត្ថកិច្ចបានឃាត់ខ្លួនក្រុមនេះមកសួរនាំនៅអធិការដ្ឋានស្រុកនៅម៉ោងជិត ៦ ល្ងាចតាមបណ្តឹងរបស់ក្រុមហ៊ុន SK ហើយទំរាំសួរនាំធ្វើនីតិវិធីចប់សព្វគ្រប់គឺដល់យប់ជ្រៅ។ ដោយការធ្វើនីតិវិធីមិនទាន់ចប់នៅយប់ថ្ងៃនោះពួកគាត់ត្រូវបានឃាត់ខ្លួនរហូតដល់ព្រឹក ដើម្បីបន្តនីតិវិធី ហើយបន្ទាប់មកត្រូវបានដោះលែង។
លោកថា៖ «អាហ្នឹង (ការឃុំខ្លួន) បើនីតិវិធីត្រឹមត្រូវហើយ។ យកគាត់មកហើយយើងសួរនាំគាត់អត់ទាន់ចប់ហើយបើលែងគាត់ទៅទាំងយប់ទី ១ ធ្វើអត់ទាន់ ហើយទី ២ ទុកឱ្យគាត់ដើរអាណាធិបតេយ្យទៅស្រាប់តែគាត់ជិះម៉ូតូជិះឡានទៅ ត្រូវឡានបុក ឬក៏គាត់គ្រោះថ្នាក់តាមផ្លូវអី វាខុសដល់សមត្ថកិច្ច»។
លោកថ្លែងថា បន្ទាប់ពីមានការសម្របសម្រួលពីព្រះរាជអាជ្ញារងតុលាការខេត្ត តំណាងក្រុមហ៊ុនសូមឱ្យពួកគាត់ឈប់ចូលទៅក្នុងក្រុមហ៊ុនដោយគ្មានការអនុញ្ញាត។ ពួកគាត់ទាំង ៨ នាក់ក៏បានធ្វើកិច្ចសន្យាថា ទៅថ្ងៃមុខបើចូលក្នុងទីតាំងក្រុមហ៊ុនត្រូវមានការអនុញ្ញាត ហើយក៏មានការសម្របសម្រួលបញ្ចប់រឿងនេះទៅ។ បន្ទាប់មកពួកគាត់ត្រូវបានដោះលែង។
លោក ផុស សុវណ្ណ អ្នកនាំពាក្យក្រសួងព័ត៌មានមិនអាចទាក់ទងដើម្បីសុំការបញ្ជាក់បានទេកាលពីម្សិលមិញ។ ទោះយ៉ាងណាលោក បូរិទ្ធិ អះអាងថាការប្តឹងរបស់ក្រុមហ៊ុន SK នេះធ្វើឡើងដោយសារពួកគាត់ចូលក្នុងទីតាំងក្រុមហ៊ុនដោយគ្មានការអនុញ្ញាតដោយមិនមានស្លាកសញ្ញាសម្គាល់ថា ជាអ្នកកាសែត ហើយក្រុមហ៊ុនព្រួយបារម្ភទៅលើការរាលដាលជំងឺកូវីដ ១៩ ទៅដល់កម្មករទើបឃាត់ខ្លួនពួកគេ។
ភ្នំពេញប៉ុស្តិ៍មិនអាចស្វែងរកប្រភពទាក់ទងតំណាងក្រុមហ៊ុន SK ដើម្បីសុំការបញ្ជាក់លើបញ្ហានេះបានទេកាលពីថ្ងៃព្រហស្បតិ៍។ ប៉ុន្តែបើតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន SK ដែលផ្តិតមេដៃដោយតំណាងក្រុមហ៊ុន លោក ប៉ែន វង្ស ធ្វើនៅថ្ងៃទី ២០ ខែមីនា បញ្ជាក់ថា៖ «សូមប្តឹងអ្នកសារព័ត៌មាន (៨ នាក់ ជិះម៉ូតូ ៤ គ្រឿង) ចូលក្នុងក្រុមហ៊ុនខ្ញុំបាទដោយគ្មានការអនុញ្ញាត»៕