ភ្នំពេញៈ ក្រុម​ប្រជាពលរដ្ឋ​មកពី​ខេត្ត​កោះកុង​ប្រមាណ​ ២៩០ ​នាក់​ដែល​បាន​មក​តវ៉ា​នៅ​ក្រសួង​​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​កាលពី​ព្រឹក​ម្សិលមិញ​បាន​សម្រេច​ត្រឡប់​ទៅ​ផ្ទះ​វិញ​នាពេល​រសៀល បន្ទាប់ពី​លោក​រដ្ឋមន្ត្រី​បាន​សន្យា​ថា​រក​ដំណោះស្រាយ​ចំពោះ​ជម្លោះ​ដីធ្លី​របស់​ពួកគេ​ដែល​កំពុង​បន្ត​មាន​ជាមួយ​ក្រុមហ៊ុន​ Sugar Industry Co Ltd. កោះកុង និង​ចម្ការ​កោះកុង​។

អ្នកភូមិ​ទាំង​នោះ​បាន​នាំ​គ្នា​ជម្នះ​ដើម្បី​បាន​ទៅ​ដល់​ក្រសួង​នេះ បើ​ទោះបី​ជា​អាជ្ញាធរ​ខេត្ត​​ព្យាយាម​រារាំង​ពួកគេ​នៅតាម​ផ្លូវ​ក៏ដោយ​។

អ្នកស្រី ជឹម ស្រីធួន មកពី​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង ដែល​មាន​ដី​ ៥ ​ហិកតា​ក្នុង​ខេត្ត​បាន​ថ្លែង​ថា​រដ្ឋមន្ត្រី​ក្រសួង​ដែនដី លោក ជា សុផារ៉ា បាន​សន្យា​បញ្ចប់​ជម្លោះ​ដីធ្លី​មិន​ឲ្យ​លើស​ពី​ ២០ ​ថ្ងៃ​មុន​ការបោះឆ្នោត​ថ្ងៃទី​ ២៩ ខែ​កក្កដា​។

អ្នកស្រី បាន​ថ្លែង​ថា​លោក សុផារ៉ា ថា​នឹង​បញ្ជូន​ក្រុម​ការងារ​ទៅ​ខេត្ត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​វាស់ដី​ពួកគេ​ និង​ផ្តល់​សំណង​។

អ្នកស្រី ស្រីធួន បន្ត​ថា​៖ «​អ្វី​ដែល​លោក​បាន​និយាយ​ធ្វើឲ្យ​ខ្ញុំ​ពេញចិត្ត​» ​ហើយ​ «​ផ្អែក​តាម​ការសន្យា​របស់​លោក​ខ្ញុំ​មាន​ជំនឿ​ ៩០ ​ភាគរយ​។ ​ប្រសិន​បើ​លោក​មិន​បាន​ធ្វើ​ដូច​លោក​និយាយ​យើង​នឹង​ត្រឡប់​មក​វិញ​ហើយ​បន្ត​តវ៉ា​នៅ​មុខ​ក្រសួង​»​។

បើ​តាម​អ្នកស្រី ស៊ីធួន យានយន្ត​របស់​ក្រុម​អ្នកស្រី​ត្រូវ​បាន​នគរបាល​រារាំង​មុនពេល​មក​ដល់​​រាជធានី​ភ្នំពេញ​ហើយ​បាន​បង្ខំ​ចិត្ត​ដើរ​ជាច្រើន​ម៉ោង​ដោយ​បាន​សម្រាក​ក្នុង​វត្ត​មួយ​នៅ​ភ្នំពេញ​មុន​ទៅ​ដល់​ក្រសួង​។

អ្នកស្រី ស្រីធួន បាន​ថ្លែង​ថា​៖ «​យើង​បាន​ដើរ​ប្រហែល​ ៦០ ​គីឡូម៉ែត្រ​។ ពួកគេ​មិន​អនុញ្ញាត​ឲ្យ​យើង​បន្ត​ធ្វើ​ដំណើរ​ជាមួយ​យានយន្ត​របស់​យើង ពួកគេ​រក្សា​ទុក​យានយន្ត​ទាំង​នោះ​នៅ​កន្លែង​​ដែល​ពួកគេ​បាន​បញ្ឈប់​យើង​។

អ្នកស្រី អ៊ិត សុខ អាយុ​ ៣៣ ​ឆ្នាំ​បាន​ថ្លែង​ ខណៈ​កំពុង​បីកូន​ប្រុស​អាយុ​ ១ ​ឆ្នាំ​ពេល​កំពុង​តវ៉ា​ថា អ្នកស្រី​មាន​ដី​ ២ ​ហិកតា​ដែល​បាន​កាន់កាប់​តាំងពី​ឆ្នាំ​ ១៩៩៥ ប៉ុន្តែ​ត្រូវ​បាន​ក្រុមហ៊ុន​រំលោភ​យក​នៅ​ឆ្នាំ​ ២០០៦​។

អ្នកស្រី សុខ បាន​ថ្លែង​ថា​អ្នកស្រី​ត្រូវ​តែ​យក​កូនប្រុស​មក​ជាមួយ​ដោយសារ​អ្នកស្រី​មិន​អាច​រក​អ្នក​មើល​កូន​របស់​អ្នកស្រី​បាន​​នៅពេល​អ្នកស្រី​មិន​នៅ​ផ្ទះ​។

អ្នកស្រី​បាន​បញ្ជាក់​ថា​៖ «​នេះ​ជា​ការ​មក​តវ៉ា​លើក​ទី​ ៤ ​របស់​ខ្ញុំ​នៅ​រាជធានី​ភ្នំពេញ​។ នេះ​ជា​លើក​ទី​ ១ ​ហើយ​ដែល​ពួកគេ​រារាំង​យានយន្ត​របស់​យើង​មិន​ឲ្យ​ទៅដល់​រាជធានី​ភ្នំពេញ​»​។

អ្នកស្រី អ៊ិត សុខ បាន​អះអាង​មូលហេតុ​ដែល​គេ​រារាំង​នៅ​តាម​ផ្លូវ​ដោយសារ​ចង់​ឱ្យ​ដោះស្រាយ​នៅ​ខេត្ត តែ​ពួកគាត់​មិន​អាច​រង់ចាំ​បាន​ក៏​សម្រេច​ចិត្ត​នាំ​គ្នា​ដើរ​។

អ្នកស្រី សុខ បាន​ថ្លែង​ទៀត​ថា​៖ «​ពួកគេ​ប្រាប់​យើង​ឲ្យ​រង់ចាំ​ដំណោះស្រាយ​នៅ​ខេត្ត និង​ប្រាប់​យើង​ឲ្យ​ត្រឡប់​ទៅវិញ ប៉ុន្តែ​យើង​ជម្នះ​ហើយ​បាន​ចាប់ផ្តើម​ដើរ​។ ខ្ញុំ​បាន​ធ្វើ​បែប​នេះ​ដោយសារ​ខ្ញុំ​ចង់​បាន​ដី​របស់​ខ្ញុំ​ត្រឡប់​មក​វិញ​។ ខ្ញុំ​មាន​ការ​ភ័យខ្លាច​ណាស់ នៅពេល​ពួកគេ​មក​រារាំង​រថយន្ត​របស់​យើង​»​។

អ្នក​តវ៉ា​ម្នាក់​ទៀត​ឈ្មោះ ម៉ច សំ អាយុ​ ៤៥ ​ឆ្នាំ​មកពី​ស្រុក​បទុមសាគរ ខេត្ត​កោះកុង​បាន​ថ្លែង​ថា​លោក​បាន​កាន់កាប់​ដី​លោក​តាំងពី​ឆ្នាំ​ ១៩៩៧ ដោយ​ដាំចេក និង​ស្វាយ ប៉ុន្តែ​ក្រុមហ៊ុន​បាន​រំលោភ​យក​ដី​នេះ​ពី​លោក​ក្នុង​ឆ្នាំ​ ២០០៦ ​។

លោក​ថា​៖ «​យើង​បាន​ដើរ​ជា​ក្រុម​អស់​ពេល​ជាច្រើន​ម៉ោង​។ កាលពី​មុន​ប្រពន្ធ​ខ្ញុំ​បាន​ទៅ​តវ៉ា ប៉ុន្តែ​ឥឡូវ​នេះ​ខ្ញុំ​មក​ដោយសារ​ខ្ញុំ​ឃើញ​ស្ថានភាព​នេះ​តានតឹង​ណាស់​។ វា​មិន​គួរ​ខ្មែរ​ធ្វើឲ្យ​ខ្មែរ​ឈឺចាប់​ទេ មិន​អនុញ្ញាត​ឲ្យ​យើង​បើក​យានយន្ត​របស់​យើង​ និង​បង្ខំ​​យើង​ឲ្យ​ដើរ​ទៅ​ភ្នំពេញ​»​។

អភិបាលរង​ខេត្ត​កោះកុង​លោក អន ភារៈ ដែល​បង្ហាញ​ខ្លួន​នៅ​កន្លែង​តវ៉ា ដោយ​បាន​​ជំរុញ​ឲ្យ​អ្នកភូមិ​ត្រឡប់​ទៅ​ផ្ទះ​របស់​ខ្លួន​វិញ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​បាន​អង្វរ សូម​ឲ្យ​ត្រឡប់​ទៅ​វិញ​។ ខ្ញុំ​ជឿថា ដំណោះស្រាយ​នឹង​កើត​មាន​នាពេល​ខាង​មុខ​ឆាប់ៗ​»​។

លោក​បាន​បន្ត​ថា​អាជ្ញាធរ​ខេត្ត​កំពុង​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង និង​បង្កើន​សកម្មភាព​វាស់វែង​ដើម្បី​បែងចែក​ដី​សម្រាប់​ប្រជាពលរដ្ឋ​ដោយ​សហការ​​ជាមួយ​ក្រសួង​។

លោក ភារៈ ក៏​បាន​អះអាង​ផង​ដែរ​ថា ពួកគេ​មិន​បាន​បិទផ្លូវ​យានយន្ត​របស់​អ្នកភូមិ​នៅ​តាម​ផ្លូវ​មក​រាជធានី​ភ្នំពេញ​ទេ ប៉ុន្តែ​អាជ្ញាធរ​គ្រាន់តែ​ប្រាប់​ពួកគេ​ឲ្យ​ត្រឡប់​ទៅ​ខេត្ត​វិញ​។

លោក​បាន​សួរ​ថា​៖ «​ប្រសិន​បើ​ពួកគេ​ចង់​ដើរ តើ​យើង​អាច​បញ្ឈប់​ពួកគេ​យ៉ាង​ម៉េច​ទៅ​? ​យើង​មិន​ចង់​ឲ្យ​ពួកគេ​ទៅ​ភ្នំពេញ​ដោយសារ​វា​អាច​ប៉ះពាល់​សណ្តាប់ធ្នាប់​សាធារណៈ ដូចជា​​អង្គុយ​នៅ​តាម​ចិញ្ចើមផ្លូវ ឬ​ឡាន​បុក និង​បាត់​បង់​ជីវិត តើ​នរណា​នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​?»​។

លោក សឹង សែនករុណា អ្នក​នាំពាក្យ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​បាន​ថ្លែង​ថា ពេល​នេះ​អ្នកតវ៉ា​កំពុង​ទុកចិត្ត​ការសន្យា​របស់​រដ្ឋមន្ត្រី​ដើម្បី​រក​ដំណោះស្រាយ​សម្រាប់​ពួកគេ​។ ទោះ​យ៉ាង​ណា​ក្តី​វា​ត្រូវ​តែ​ដោះស្រាយ​ឆាប់ៗ​។

លោក​បាន​បន្ថែម​ថា​៖ «​ដំណោះស្រាយ​បែប​នេះ​មិន​គួរ​ស៊ីពេល​យូរ​ទេ​។ ​នៅពេល​ពួកគេ​ស៊ីពេល​យូរ វា​ពិត​ជា​ប៉ះពាល់​ដល់​ស្ថានភាព​​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​»​។ លោក​បន្ត​ថា​ការរារាំង​អ្នក​តវ៉ា​បែប​នេះ​មិនមែន​ជា​ដំណោះស្រាយ​ទេ គួរ​តែ​អនុញ្ញាត​ឲ្យ​អ្នក​ភូមិ​ដាក់​ញត្តិ​ជា​ជាង​រារាំង​ពួកគេ​៕ PS