ព្រះសីហនុៈ ខណៈ​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​យ៉ាង​ជោកជាំ​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស​នៅឡើយ ហើយ​នៅ​ខេត្ត​ព្រះសីហនុ​ដែល​គ្របដណ្ដប់​ដោយ​អាកាសធាតុ​អួអាប់ និង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ស្ទើរតែ​រៀងរាល់​ថ្ងៃ​នោះ បែរ​ជា​កំពុង​ប្រឈម​ចំពោះ​កង្វះខាត​ទឹកស្អាត​ប្រើប្រាស់​ទៅ​វិញ​។ នេះ​បើ​តាម​ប្រជាពលរដ្ឋ និង​មន្ត្រី​រាជការ​មួយ​ចំនួន​នៅក្នុង​ខេត្ត​ទេសចរណ៍​ដ៏ល្បីល្បាញ​ជាប់​មាត់​សមុទ្រ​មួយ​នេះ​កាលពី​ម្សិលមិញ​។

អាជីវករ​ម្នាក់​ក្នុង​សង្កាត់​លេខ​ ៤ ក្រុង​ព្រះសីហនុ​លោក លាង វាសនា អាយុ​ ៣៦ ​ឆ្នាំ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ​ក្នុង​រយៈពេល​ជាង​មួយ​ខែ​នេះ​ពោល​គឺ​ចាប់​តាំងពី​មាន​លំហូរ​នៃ​​វិនិយោគិន​ចិន​ មក​វិនិយោគ​នៅក្នុង​ខេត្ត​ ព្រះសីហនុ​ យ៉ាងគំហុក​មក​អង្គភាព​រដ្ឋាករទឹក​​ស្វយ័ត​ខេត្ត​ ព្រះសីហនុ ​មិន​បាន​ផ្គត់ផ្គង់​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​នោះ​ទេ ធ្វើ​ឲ្យ​ការ​ចំណាយ​របស់​ប្រជាពលរដ្ឋ​ទៅ​លើ​ការទិញ​ទឹក​ពី​វិស័យ​ឯកជន​សម្រាប់​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​កើនឡើង​កាន់តែ​ច្រើន​ថែម​ទៀត​។

លោក​ វាសនា បាន​ថ្លែង​ថា​៖ «​ខ្ញុំ​ត្រូវ​ចំណាយ​លុយ​យ៉ាង​តិច​ ៥០ ​ដុល្លារ​ក្នុង​ ១ ​សប្ដាហ៍​បន្ថែម​ទៀត​ទៅ​លើ​ការទិញ​ទឹក​ពី​វិស័យ​ឯកជន​ផ្សេង​ទៀត​នៅក្នុង​ខេត្ត​នេះ ព្រោះ​អង្គភាព​រដ្ឋាករ​ទឹកស្អាត​ខេត្ត​ព្រះសីហនុ​មាន​ភាពរអាក់រអួល​ក្នុង​ការ​ផ្គត់ផ្គង់​ទឹក​ដល់​ពួកយើង​»​។

លោក​បាន​បញ្ជាក់​ថា​៖ «​ទឹក​ដែល​ផ្គត់ផ្គង់​ដោយ​អង្គភាព​រដ្ឋាករទឹក​ខេត្ត​ព្រះសីហនុ​នៅ​ពេល​នេះ​ចេញ​ដូច​គេ​នោមទាស់​ហើយ​ថ្ងៃ​ខ្លះ​មិន​មាន​ទឹក​សូម្បី​តែ​មួយ​តំណក់​»​។

ចំណែក​លោក រិន ចាន់ធា អាយុ​ ៣៨ ​ឆ្នាំ​ជា​ប្រជាពលរដ្ឋ​នៅ​សង្កាត់​លេខ ១ ក្រុង​ព្រះសីហនុ​បាន​និយាយ​ថា បើ​ពិនិត្យ​អំពី​ការអភិវឌ្ឍ​លើ​វិស័យ​សំណង់​សណ្ឋាគារ កាស៊ីណូ រោងចក្រ សហគ្រាស ភោជនីយដ្ឋាន និង​ផ្ទះសំណាក់ គឺ​មាន​ការរីកចម្រើន​គួរ​ឲ្យ​មោទនៈ ប៉ុន្តែ​បញ្ហា​ចោទ​នៅ​ពេល​នេះ​គឺ​ដំណោះស្រាយ​ទឹកស្អាត​មិន​បាន​ឆ្លើយតប​តាម​តម្រូវការ​ដែល​ធ្វើឲ្យ​មាន​ក្ដី​ព្រួយ​កង្វល់​ខ្លាំង ខណៈ​បឹងបួ​ដែល​ជា​ប្រភព​ទឹកស្អាត​មួយ​ចំនួន​ត្រូវ​បាន​គេ​ចាក់ដី​លុប​ស្ទើរ​អស់​។

លោក​បាន​បញ្ជាក់​ថា៖ «​មនុស្ស​យើង​រស់​បាន​អាស្រ័យ​ដោយ​មាន​ទឹកសាប​សម្រាប់​បរិភោគ និង​ប្រើប្រាស់ ចុះ​បើ​ប្រភព​ទឹកសាប​ដូចជា​បឹង​ព្រែក​ទប់​ត្រូវ​គេ​ចាក់ដី​លុប​ស្ទើរ​អស់​ទៅ​ហើយ​នោះ​អ៊ីចឹង​ទៅ​ថ្ងៃ​អនាគត​តើ​ការ​រស់នៅ​របស់​យើង​ជា​ប្រជាពលរដ្ឋ​ទៅ​ជា​យ៉ាង​ណា?»​។

ពាក់ព័ន្ធ​ករណី​នេះ​លោក ផន រតនៈ ប្រធាន​អង្គភាព​រដ្ឋាករ​ទឹក​ខេត្ត​ព្រះសីហនុ បាន​ថ្លែង​ដោយ​ទទួល​ស្គាល់​ថា​ការផ្គត់ផ្គង់​ទឹកស្អាត​របស់​អង្គភាព​នេះ ពិត​ជា​មាន​ភាពរអាក់រអួល​មែន ដោយសារ​តែ​អង្គភាព​នេះ​ផលិត​ទឹកស្អាត​បាន​ប្រមាណ​ត្រឹមតែ​ ៦០០០ ​ម៉ែត្រគុប​ក្នុង​ ១ ​ថ្ងៃ​ប៉ុណ្ណោះ​គឺ​ស្មើ​ ៥ ​ភាគរយ​នៃ​តម្រូវ​ការសរុប​ដែល​មាន​រហូត​ដល់​ ៣៨០០០ ​ម៉ែត្រគុប​ក្នុង​ ១ ​ថ្ងៃ​។

លោក​បាន​ថ្លែង​ថា​៖ «​បច្ចុប្បន្ន​អង្គភាព​យើង​បាន​ទិញ​ទឹកស្អាត​ពី​ក្រុមហ៊ុន​ផលិត​ទឹកស្អាត​អានកូ​ប្រមាណ​ ៩៥ ភាគរយ ដើម្បី​ផ្គត់ផ្គង់​ដល់​អតិថិជន ប៉ុន្តែ​ដោយសារ​ក្រុមហ៊ុន​អានកូ​ត្រូវ​ផ្គត់ផ្គង់​ដល់​អតិថិជន​របស់​គេ​ច្រើន​ទៀត​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​តំបន់​សណ្ឋាគារ កាស៊ីណូ​ធំៗ​នោះ​បាន​ធ្វើឲ្យ​ការផ្គត់ផ្គង់​មក​អង្គភាព​រដ្ឋាករ​ទឹក​ខេត្ត​យើង​មិន​បាន​គ្រប់​តាម​តម្រូវការ​គឺ​បាន​ប្រមាណ​ត្រឹមតែ ៨៥ ភាគរយ​ទៅ​ ៩០ ​ភាគរយ​ប៉ុណ្ណោះ​ធ្វើឲ្យ​ការផ្គត់ផ្គង់​របស់​យើង​បាន​ត្រឹម​ចន្លោះ​ពី​ ៣២០០០ ​ទៅ​ ៣៤០០០ ​ម៉ែត្រគុប​ក្នុង​មួយ​ថ្ងៃ​ពោល​គឺ​ខ្វះខាត​ចន្លោះ​ពី ៤០០០ ​ម៉ែត្រគុប​ទៅ​ ៦០០០​ ម៉ែត្រគុប​ក្នុង​ ១ ​ថ្ងៃ​»​។

ជាមួយ​គ្នា​នេះ​លោក​ រតនៈ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ក៏ដូចជា​មន្ត្រី​រាជការ និង​អាជីវករ​ទាំងអស់​មេត្តា​អត់ធ្មត់​រហូត​ដល់​ចុងខែ​ធ្នូ​នឹង​មាន​ទឹកស្អាត​ប្រើប្រាស់​គ្រប់គ្រាន់​ឡើង​វិញ ព្រោះ​ក្រុមហ៊ុន​អានកូ​កំពុង​ជំរុញ​ល្បឿន​ដំណើការ​អភិវឌ្ឍ​ខ្សែបណ្ដាញ​ទុយោ​ទឹក និង អាង​ចម្រោះ​ទឹកស្អាត​របស់​ខ្លួន​ដែល​មាន​សមត្ថភាព​ផលិត​ទឹកបាន​រហូត​ដល់​ ៦ ​ម៉ឺន​ម៉ែត្រគុប​ក្នុង​មួយ​ថ្ងៃ​។

ជុំវិញ​ករណី​នេះ​លោក ណាំ គៀតេង នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ទឹកស្អាត​អានកូ ខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​ដាក់​ទុយោមេ​ដែល​មាន​មុខកាត់​រហូត​ដល់​ ៤០០ ​សង់ទីម៉ែត្រ​ចំនួន​ពី​ខ្សែ​ជិត​រួចរាល់​ហើយ​ខណៈ​អាង​ចម្រោះ​ទឹក​ស្អាត​ដែល​មាន​សមត្ថភាព​ផលិត​ទឹកស្អាត​បាន​រហូត​ដល់​ ៦ ​ម៉ឺន​ម៉ែត្រគុប និង​ត្រូវ​ស្ថាបនា​រួចរាល់​នៅ​ពាក់កណ្ដាល​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​ដែល​នឹង​អាច​ចាប់ផ្ដើម​សាកល្បង​បូមទឹក​បញ្ចូល​នៅ​ដើម​ខែ​ធ្នូ​ខាង​មុខ ហើយ​យូរបំផុត​នៅ​ចុង​ខែ​ធ្នូ ការផ្គត់ផ្គង់​ទឹកស្អាត​ក្នុង​ខេត្ត​ព្រះសីហនុ​នឹង​លែង​មាន​បញ្ហា​អ្វី​ទៀត​ហើយ បើ​ទោះ​ជា​មាន​កំណើន​ប្រជាជន និង​រោងចក្រ​កើនឡើង​ច្រើន​ជាង​នេះ​ក៏ដោយ​៕