ភ្នំពេញៈ លោក យា ថុង អ្នកគាំទ្រគណបក្សសង្គ្រោះជាតិម្នាក់ដែលត្រូវបានអង្គការសិទ្ធិមនុស្សលីកាដូចាត់ចូលក្នុងចំណោមអ្នកទោសនយោបាយកម្ពុជាម្នាក់ដែរនោះ និងជនជាប់ចោទ ២ នាក់ទៀតត្រូវបានសាលាដំបូងរាជធានីបិទបញ្ចប់ការជំនុំជម្រះកាលពីម្សិលមិញពីបទចោទ «ចូលរួមក្នុងកុបកម្ម» ដែលមានការប៉ះទង្គិចគ្នារវាងក្រុមសន្តិសុខខណ្ឌដូនពេញ និងក្រុមអ្នកតវ៉ាគាំទ្រគណបក្សប្រឆាំងនៅក្បែរទីលានប្រជាធិបតេយ្យកាលពីឆ្នាំ ២០១៤។
នៅមុនពេលបិទបញ្ចប់សវនាការជនជាប់ចោទទាំង ៣ រូបបានស្នើឲ្យតុលាការទម្លាក់ចោលបទចោទប្រកាន់មកលើខ្លួនដោយក្នុងនោះ យា ថុង បានអះអាងថាខ្លួនមិនបានចូលរួមប្រើអំពើហិង្សាទេថែមទាំងបានជួយការពារសន្តិសុខម្នាក់ដែលត្រូវបានគេវ៉ៃថែមទៀតផង។
លោក យា ថុង គឺជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិម្នាក់ក្នុងចំណោមអ្នកគាំទ្រ ៣ នាក់ដែលជាប់ចោទពីបទ «ចូលរួមក្នុងកុបកម្ម» កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៤ នៅទីលានប្រជាធិបតេយ្យក្នុងនោះមានជនជាប់ចោទ ២ នាក់ទៀតគឺ រឿន ចិត្រា និង យន់ គឹមហួរ ដែលត្រូវបានតុលាការសួរដេញដោលចប់សពគ្រប់កាលពីដើមខែឧសភា។
នៅក្នុងសវនាការកាលពីម្សិលមិញលោក យា ថុង បាននិយាយថាខ្លួនមានមុខរបរជាអ្នកទិញលក់ម៉ូតូនៅផ្សារអូឫស្សីហើយតែងតែជូនប្រពន្ធទៅធ្វើការជារៀងរាល់ព្រឹកដោយជិះតាមផ្លូវក្បែរទីលានប្រជាធិបតេយ្យ។ នៅថ្ងៃកើតហេតុពេលខ្លួនត្រឡប់ពីជូនប្រពន្ធវិញនៅម៉ោងប្រហែល ៨ កន្លះព្រឹកខ្លួនក៏ឃើញមានការប្រទាញប្រទង់គ្នារវាងបាតុករ និងក្រុមសន្តិសុខ។
លោកនិយាយថា៖ «ពេលឃើញគេរុញច្រានគ្នាខ្ញុំក៏យកម៉ូតូទៅផ្ញើខាងកើតទីលានហើយយកកាមេរ៉ាទូរស័ព្ទមកថតវីដេអូទុកបង្ហាញមិត្តភក្ដិ។ ដំបូងខ្ញុំឃើញសន្តិសុខបានវាយអ្នកតវ៉ាហើយក៏មានភាពច្របូកច្របល់រួចហើយមានសន្តិសុខម្នាក់ត្រូវគេវាយដួលវិញ។ ខ្ញុំក៏បានយកគាត់ចូលទៅក្នុងក្រសួងសាធារណការ។ ពេលនោះក៏មានការបាញ់គ្រាប់បែកផ្សែងចេញពីខាងលិច»។

យា ថុង ត្រូវប៉ូលិសចាប់ខ្លួននៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០១៥ បន្ទាប់ពីការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
យា ថុង បាននិយាយអំពីការចាប់ខ្លួនថា៖ «ប៉ូលិសគាត់ទៅមិនមានក្រដាសស្នាម ដីកា អីទេ។ គាត់ថាមករកឈ្មោះ ស៊ីថា។ ខ្ញុំថាមិនស្គាល់ឈ្មោះនោះទេហើយគាត់ចាប់ខ្ញុំ។ ខ្ញុំគិតថាគាត់ចាប់ច្រឡំ»។ ដោយអះអាងថាលោកបានជួយសន្តិសុខម្នាក់ហើយមានសន្តិសុខមា្នក់ផ្សេងទៀតដែលអាចធ្វើជាសាក្សីបាននោះលោក យា ថុង បានស្នើឲ្យតុលាការកោះហៅសន្តិសុខរូបនោះមកធ្វើជាសាក្សី ប៉ុន្តែតុលាការបានប្រាប់ថាពេលវេលាបង្ហាញសាក្សីបានហួសហើយ។
ដោយសារសំណុំរឿងនេះត្រូវបានបំបែកចេញពីសំណុំរឿងរបស់សកម្មជនគណបក្សសង្គ្រោះជាតិ ១១ រូបផ្សេងទៀតដែលបានកាត់ទោសរួចរាល់ហើយនោះជនជាប់ចោទទាំង ៣ នាក់ចុងក្រោយនេះមិនបានស្តាប់ចម្លើយ ឬស្តាប់សក្ខីកម្មផ្ទាល់មាត់របស់សន្តិសុខខណ្ឌដូនពេញទេ។
មេធាវីការពារក្តីលោក សំ សុគង់ បានស្នើឲ្យមានការធ្វើសក្ខីកម្មដោយសន្តិសុខទាំងនោះប៉ុន្តែតុលាការបានបដិសេធ។
ក្រុមមេធាវីការពារក្តីបានលើកឡើងថាការជម្រះក្តីក្នុងសំណុំរឿងនេះមិនបានធានាភាពយុត្តិធម៌ដល់កូនក្តីរបស់ពួកគាត់ទេដោយសារកូនក្តីរបស់ពួកគាត់មិនបានឃើញការឆ្លើយបំភ្លឺរបស់ជនរងគ្រោះដែលជាសន្តិសុខខណ្ឌ និងការឆ្លើយបំភ្លឺរបស់អ្នកទាំង ១១ នាក់ក្នុងនាមជាសាក្សីដើម្បីកំណត់ថាតើពួកគាត់ទាំង ៣ នាក់ មានជាប់ពាក់ព័ន្ធនឹងអំពើហិង្សានោះឬអត់?
ទោះយ៉ាងណាព្រះរាជអាជ្ញាលោក កែវ សុជាតិ បានអះអាងថា យា ថុង ពិតជាបានចូលរួមក្នុងកុបកម្ម។ លោកបន្តថា៖ «គាត់បានចូលទៅក្នុងទីលានហើយបានយកកាមេរ៉ាមកថត។ តើគាត់ថតធ្វើអី? ដូច្នេះគាត់ពិតជាបានចូលរួមក្នុងអំពើកុបកម្ម»។ ការអះអាងនេះត្រូវបានមេធាវីការពារជំទាស់ដោយលើកឡើងថា យា ថុង គ្រាន់តែប្រើសិទ្ធិបញ្ចេញមតិរបស់គាត់ដោយការចូលរួមក្នុងបាតុកម្មប៉ុណ្ណោះហើយការថតរូបបាតុកម្មទៀតសោតក៏មិនមានច្បាប់ណាហាមឃាត់ដែរ។
ក្រុមមេធាវីការពារក្តីបានអះអាងថាការចូលរួមបាតុកម្មនៅទីលានប្រជាធិបតេយ្យមិនមែនជាអំពើកុបកម្មទេពីព្រោះទីលានប្រជាធិបតេយ្យមិនមែនជាស្ថាប័នរដ្ឋហើយការធ្វើបាតុកម្មនោះមិនមែនរំលោភលើអធិបតេយ្យរបស់ប្រទេសដូចមានចែងក្នុងច្បាប់ស្តីពីអំពើកុបកម្មនោះទេ។
មេធាវី សំ សុគង់ បានដាក់សំណួរថា៖ «បើសិនជាការជួបជុំនោះហៅថាកុបកម្មតើក្រុមសន្តិសុខដែលមិនមែនជាអាជ្ញាធរស្របច្បាប់របស់រដ្ឋគាត់ទៅជួបជុំនៅទីនោះដែរហេតុអ្វីមិនចោទថាពួកគាត់មកធ្វើកុបកម្ម? តាមច្បាប់ពួកគាត់គ្មានសមត្ថកិច្ចទៅបញ្ឈប់បាតុកម្មទេមានតែកងកម្លាំងប៉ូលិសប៉ុណ្ណោះ។ តែពេលនោះសមត្ថកិច្ចដូចជាអត់មានប៉ះទង្គិចជាមួយពួកបាតុករទេ។ ដូច្នេះតុលាការគួរពិចារណារឿងនេះ»។
នៅទីបញ្ចប់ជនជាប់ចោទទាំងបីនាក់បានស្នើសុំឲ្យតុលាការទម្លាក់ចោលបទចោទប្រកាន់លើពួកគេ ឬប្តូរទៅបទចោទផ្សេងដែលស្រាលជាងនេះខណៈមេធាវីរបស់ពួកគេបានស្នើឲ្យតុលាការលើកលែងការចោទប្រកាន់លើកូនក្តីទាំង ៣ នាក់។ តុលាការនឹងប្រកាសសាលក្រមនៅថ្ងៃទី ១៣ ខែមិថុនាខាងមុខ៕