ភ្នំពេញៈ ភរិយា​របស់​លោក ​រ៉ាត់ រ័ត្នមុនី​ ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា ​ដែល​ពាក់ព័ន្ធ​នឹង​ភាពយន្ត​ខ្លី «ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ»​ អ្នកស្រី ​ឡុង គឹម​ហ៊ាង ​និង​មនុស្ស​ប្រមាណ​ជិត​ ១០ នាក់​ទៀត​បាន​ប្រមូល​ផ្តុំ​​គ្នា​តវ៉ា​នៅមុខ​ស្ថានទូត​រុស្ស៊ី​ជា​លើក​ទី ៤ ​ពី​ម្សិលមិញ ​ដើម្បី​តវ៉ា​សុំ​អន្តរាគមន៍​ឲ្យ​ដោះលែង​លោក​រ័ត្ន​មុនី ​ក្រោយពី​សាលាឧទ្ធរណ៍​ប​ដិ​សេធ​ការសុំ​នៅក្រៅ​ឃុំ ​ខណៈ​បណ្តឹង​សារទុក្ខ​ក៏ត្រូវបាន​ដាក់ទៅ​ដល់​តុលាការ​កំពូល​រួច​ហើយ។

សាលាឧទ្ធរណ៍​បានប្រកាស​សាលដីកា​សម្រេច​មិន​អនុ​ញ្ញា​ត​ឲ្យ​ជន​ត្រូវចោទ​លោក​រ៉ាត់ រ័ត្នមុនី ​នៅក្រៅ​ឃុំ ​ដោយ​តម្កល់​​សា​ល​ក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ឲ្យនៅ​ដដែល ​កាលពី​ថ្ងៃ​ទី ៣១ ​មករា​ ក្រោយពី​ជំនុំជម្រះ​កាល​ពី​​ថ្ងៃទី ​៣០ ​មករា ​ដោយ​មាន​សមាស​ភាព​លោក​ចៅក្រម ​សួស សំអាត ​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ ​និង​លោក​ព្រះរាជ​អាជ្ញា ​តាន់ សេណា​រ៉ុង ​តំណាង​មហា​អយ្យការ។

អ្នកស្រី ឡុង គឹម​ហ៊ាង បាន​ថ្លែងថា ការប្រមូល​ផ្តុំគ្នា​​តវ៉ា​លើក​នេះ ដើម្បី​តាម​ដាន​ថា តើ​ស្ថានទូតរុស្ស៊ី​មាន​វិធានការ​ហើយ ឬ​នៅ​ទាក់ទង​នឹង​ការអន្តរាគមន៍​ជួយ​ឲ្យ​ប្តី​អ្នកស្រី​ឲ្យ​មាន​សេរីភាព​ឡើងវិញ ព្រោះ​ខណៈ​នេះ​ស្ថានភាព​សុខភាព​របស់​គាត់​ដែ​ល​​កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ គឺ​កំពុងមាន​បញ្ហា​ដោយមាន​សភាព​ស្គមស្គាំង និង​ដក​ដង្ហើម​ថប់។

អ្នកស្រី​បញ្ជាក់ថា​៖ «ខ្ញុំ​មក​តាមដាន​ញត្តិ​របស់ខ្ញុំ​ដែល​បាន​ផ្ញើ​តាម​អ៊ីមែល​ ពីព្រោះ​លើក​មុន​គាត់​ក៏​អត់​បាន​ចេញ​មក​ទទួល​ញត្តិ​ពី​ពួកយើង​ដែរ ​ហើយ​យើង​បានដឹងថា​ខាង​ស្ថានីយទូរទស្សន៍​រុស្ស៊ី​ក៏បាន​ផ្ញើលិខិត​សុំ​ឲ្យ​អន្តរាគមន៍​ពី​ស្ថានទូត​ផង​ដែរ​ អ៊ីចឹង​យើង​ចង់ដឹងថា ​គាត់​បានធ្វើ​អ្វីខ្លះ​ហើយ​ ដើម្បី​ជួយ​ប្តី​របស់​ខ្ញុំ?»។

ការសម្រេច​របស់​សាលាឧទ្ធរណ៍ ​អ្នកស្រី​ គឹម​ហ៊ាង​ បានសម្តែង​នូវ​ការ​សោកស្តាយ​ខ្លាំង ​ដែល​តុលាការ​បាន​​បន្ត​​ឲ្យ​គាត់​នៅជាប់​ឃុំ​តទៅ​ទៀត។

អ្នកស្រី​អះអាងថា​៖ «ខ្ញុំ​នឹង​បន្ត​ស្វែងរក​យុ​ត្តិ​ធ​ម៌​បន្តទៀត​ ហើយ​ខ្ញុំ​បាន​ជួបពិភាក្សា​ជា​មួយ​​មេធាវី​ខ្ញុំ​រួចហើយ​ ហើយ​មេធាវី​ខ្ញុំ​បានដាក់​ពាក្យបណ្ដឹង​ប្តឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​រួចហើយ​កាលពី​ម្សិលមិញ ​ប៉ុន្ដែ​ពេលនេះ​យើង​កំពុង​រង់ចាំ​ការឆ្លើយតប​ពី​តុលាការ​កំពូល»។

លោក ​សំ ទិត្យ​សីហា ​មេធាវី​ការពារក្តី​លោក រ៉ាត់ រ័ត្ន​មុនី ​ប្រាប់​ភ្នំពេញ​ប៉ុ​សិ៍្ត​ ថា ​លោក​បាន​យក​ពាក្យ​បណ្ដឹង​ជំទាស់​ទៅ​ដាក់​នៅ​តុលាការ​កំពូល​រួចហើយ ​ពី​ម្សិលមិញនេះ ​ដោយ​កំពុង​រង់ចាំ​ការ​ឆ្លើយ​តប​ពី​តុលាការ។ លោក​បន្តថា ​ការប្ដឹង​ជំទាស់​នេះ ​គឺជា​ការ​សម្រេច​ចិត្ត​របស់​លោក​ រ៉ាត់ រ័ត្ន​មុនី ​ដែលមិន​ពេញ​ចិត្តនឹង​សេ​ច​ក្ដី​សម្រេច​របស់​សាលា​ឧទ្ធរណ៍។ ម្យ៉ាងទៀត ​ជន​ត្រូវ​ចោទ​មាន​សិទ្ធិ​ស្នើសុំ​ស្ថិតនៅ​ក្រៅ​ឃុំ ​ហើយ​សិទ្ធិ​នេះ​ត្រូវបាន​កំណត់​ដោយ​ច្បាប់​ដែល​មាន​ចែង​នៅក្នុង​ក្រម​រដ្ឋប្បវេណី។

លោកទិត្យ​សីហា​ បញ្ជាក់ថា​៖ «បទល្មើស​គាត់​ហ្នឹង​វា​មិនមាន​ព្យសនកម្ម​ធ្ងន់ធ្ងរ​អ្វី​ដល់​សណ្ដាប់ធ្នាប់​ខ្លាំង​ទេ ​ហើយ​​ក៏​មិនមាន​ការ​គំរាម​កំហែង​ដល់​ជនណាម្នាក់​ដែរ។ អ្វី​ដែល​សំខាន់​មួយទៀត​នោះ ​គឺ​រឿង​នីតិវិធី​របស់​តុលាការ​នោះ គឺ​មិន​ចាំ​បាច់​ទៅ​ឃុំខ្លួន​ជន​ត្រូវ​ចោទ​នោះទេ ​ដោយ​ទុក​គាត់​ឲ្យ​នៅក្រៅ​ឃុំ ហើយ​បន្ត​ការស៊ើបអង្កេត​តាម​ក្រោយ​ទៀត​ទៅ»។

លោក​នៅ មុនី​ជោ​ត អ្នកនាំពាក្យ​តុលាការ ​និង​មហាអយ្យការ​អមតុលាការ​កំពូល ពី​ម្សិលមិញ​មិនទាន់​អាច​ទាក់​ទង​សុំ​ការបញ្ជាក់​ជុំវិញ ​លោក​មេធាវី ​សំ ទិត្យ​សីហា ​យកពាក្យ​បណ្ដឹង​ប្ដឹង​ជំទាស់​ទៅ​ដាក់​នោះ​ទេ។

ចំណែក​ភាគី តំណាង​ស្ថានទូត​រុស្ស៊ី​ប្រចាំ​នៅ​ប្រទេស​កម្ពុជា ​ក៏​មិនទាន់បាន​ឆ្លើយតប​តាម​សារ​អេឡិច​ត្រូ​និក ​ហើយ​ក៏​មិន​បាន​ចេញមក​ជួប​ក្រុម​អ្នកតវ៉ា​នៅខាងមុខ​ស្ថានទូត​ខ្លួន​ដែរ។

គួរ​រំឭកថា ​លោក ​រ៉ាត់ រ័ត្ន​មុនី ​ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃទី ៧ ខែធ្នូ​ ឆ្នាំ ២០១៨ តាម​ការស្នើសុំ​ពី​អាជ្ញាធរ​កម្ពុជា​ ហើយ​បាន​បញ្ជូនមក​កម្ពុជា​វិញ ពាក់ព័ន្ធ​ករណី​ផលិតភាព​យន្ត​ឯកសារ​ដែល​និយាយ​អំពី​ការលក់​ព្រហ្មចារីយ៍​។ ភាពយន្ត​ឯកសារ​នេះ​ត្រូវបាន​ផលិត​ដោយ​ទូរទស្សន៍​រុស្ស៊ី RT ហើយ​បាន​ចេញ​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ ១៤​ ខែតុលា​ ឆ្នាំ ២០១៨​ កន្លង​ទៅ​នេះ។

នៅមុន​ពេល​បញ្ជូន​ខ្លួន​ពី​ថៃ ​លោក ​ឆាយ គឹម​ខឿន ​អគ្គ​ស្នងការរង​នគរបាលជាតិ​ថ្លែងថា​ វីដេអូ​ឯកសារ​នោះ​ជា​ការ​ប្រឌិត​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រពៃណី​កម្ពុជា ហើយបើ​តាម​ម្តាយ និង​កូនស្រី​ឈ្មោះ កែវ ម៉ាឡៃ ​និង​ឈ្មោះ ​ឃៀង ស្រីម៉ិច​ បាន​​ប្រាប់​សមត្ថកិច្ច​ថា ​ឈ្មោះ រ៉ាត់ រ័ត្ន​មុនី បាន​ប្រាប់​ពួកគេ​ទាំង ២ ថា ការ​ថត​នោះ​គឺរឿង «ប្រទេស​ខ្មែរ​ក្រោយ​របប​ប៉ុល​ពត» ហើយ​ការ​ល្បួង​ឲ្យ​ពួកគេ​ថត​រឿង​នោះ​ក៏​មាន​ជនបរទេស ៤ រូប​ជួយ​ថត និង​រៀបចំ​ឈុត​ឆាក​ផងដែរ។ ប៉ុន្តែ​ពេល​ឃើញ​ឃ្លី​ប​វីដេអូ​បែរ​ទៅជា​រឿង​ «ម្តាយ​​ខ្ញុំ លក់​ខ្ញុំ» ធ្វើ​ឲ្យ​ពួកគាត់​ខកចិត្ត ហើយ​បាន​ប្តឹង​មក​សមត្ថកិច្ច។

នាង ​កែវ ម៉ាឡៃ ម្តាយ​ក្មេង​ស្រី និង​ជា​តួសម្ដែង​ជា​ម្ដាយ​មិនអាច​ទាក់​ទង​សុំ​ការបកស្រាយ​បានទេ​ម្សិល​មិញ៕