ភ្នំពេញៈ អ្នក​គាំទ្រ​អតីត​គណប​ក្ស​សង្គ្រោះ​ជាតិ​រាប់​ពាន់​នាក់​បាន​ជួប​ជុំគ្នា​ កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ទីក្រុង Qwangju ប្រទេស​ កូរ៉េ​ខាង​ត្បូង​ ដើម្បី​ធ្វើ​ ​«បាតុកម្ម​ភ្លើង​ទៀន»​ ទាមទារ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។

លោក​ យឹម ស៊ីណន​ សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​ថា ​តាម​ការ​ប៉ាន់​ប្រមាណ​របស់​លោក​ អ្នក​ចូល​រួម​បាតុកម្ម​មាន​ប្រហែល ៧ ពាន់​នាក់​ គឺ​ច្រើន​ជាង​ការ​រំពឹងទុក​ និង​ការ​ត្រៀម​ទៀន​ចំនួន​ ៤​ ពាន់​ដើម។ បាតុកម្ម​នេះ​ក៏​មាន​ការ​ចូល​រួម​ពី​សំណាក់​លោក​ សម រង្ស៊ី ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ហើយ​បច្ចុប្បន្ន​ជា​ប្រធាន​ស្តីទី​បក្ស ​និង​លោក​ស្រី​ មូ សុខហួរ ​អនុ​ប្រធាន​បក្ស ​និង​មន្ត្រី​ជាន់ខ្ពស់​មួយ​ចំនួន​ទៀត​របស់​បក្ស។

លោក​ ស៊ីណន ​បញ្ជាក់​ថា ​បាតុកម្ម​ភ្លើង​ទៀន​នេះ​គឺ​ជា​លើក​ទី២​ ហើយ ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ប្រទេស​ កូរ៉េ​ខាងត្បូង​ ដោយ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។ បាតុកម្ម​ភ្លើងទៀន​នេះ​យក​គំរូ​តាម​បដិវត្ត​ន៍​ភ្លើង​ទៀន​ដែល​នាំ​ឲ្យ​លោក Moo Jaein អាច​យក​ឈ្នះ​ការ​បោះ​ឆ្នោត​ទម្លាក់​លោកស្រីអតីត​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ Park Geunhye កាល​ពី​ឆ្នាំ ២០១៧។

លោក​ថ្លែងថា​៖ «គោល​បំណង​របស់​យើង​គឺ​ច្បាស់​ហើយ ​យើង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រំដោះ​លទ្ធិ ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​បាន​ជាប់​គាំង ​ហើយ​លេប​ដោយ​របប​សព្វ​ថ្ងៃ។ យើង​ត្រូវ​បង្ខំ​ឲ្យ​ពួកគាត់ ​(រដ្ឋាភិបាល)​ ខ្ជាក់​ចេញ​លទ្ធិ​ប្រជាធិប​តេយ្យ​មក​វិញ» ។

លោក​បន្ត​ថា​៖ «មាន​ន័យ​ថា​យើង​ចង់​ឲ្យ​មាន​ការ​ដោះ​លែង​លោក​ កឹម សុខា។ ​ព្រោះ​តែ​ការ ចាប់​ខ្លួន​គាត់​ ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ ធ្វើ​ឲ្យ​លទ្ធិ​ប្រជាធិបតេយ្យ​ធ្លាក់​ចុះ។ ប្រសិន​បើ​គាត់​មិន​ត្រូវ​បាន​ចាប់​ខ្លួន​ ហើយ​សង្គ្រោះ​ជាតិ​មិន​ត្រូវ​បាន​រំលាយ​ទេ​ យើង​ក៏​មិន​ទាមទារ​អ្វី​ដែរ»។

ថ្លែង​នៅ​ចំពោះ​មុខ​បាតុករ​រាប់​ពាន់​នាក់ ​លោក​សម រង្ស៊ី ​បាន​អំពាវ​នាវ​ឲ្យ​ពលករ​កម្ពុជា​ដែល​ធ្វើ​ការនៅ​ក្រៅប្រទេស​វិល​ត្រឡប់​ចូល​ស្រុក​ខ្មែរ​វិញ​ជា​មួយ​លោក​ដើម្បី​ទៅ​រំដោះ​ប្រទេស​កម្ពុជា​ពី​លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន។ លោក​ប្រាប់​ឲ្យ​អ្នកគាំទ្រ​ដើរ​តាម​គំរូ​របស់​ពលរដ្ឋ​កូរ៉េ​ ដែល​បាន​តស៊ូ​ដើម្បី​ប្រជា​ធិបតេយ្យ​នៅ​ក្រុង Qwangju កាល​ពី​ឆ្នាំ ១៩៨០។

លោក​ថ្លែង​ថា​៖ «ការ​ប្ដេជ្ញាចិត្ត​របស់​យើង​ មុន​អ្វីៗ​ទាំងអស់​នោះ​គឺ​យក​ប្រទេស​កម្ពុជា​មក​វិញ​ ពីព្រោះ​ ហ៊ុន សែន​ គ្រួសារ​ ហ៊ុន សែន​ បាន​ប្លន់​កម្ពុជា​ពី​ប្រជាជន​កម្ពុជា។ តើ​ពិត​ទេ?​ ដូច្នេះ​ យើង​ត្រូវ​តែ​តស៊ូ​ជាមួយ​គ្នា​ដើម្បី​យក​ប្រទេស​ កម្ពុជា​ មក​ជូន​ពលរដ្ឋ​កម្ពុជា​វិញ»។

លោក​ សម រង្ស៊ី បាន​លើកឡើង​សាជា​ថ្មី​នូវ​សារ​របស់​លោក​ដែល​ធ្លាប់​និយាយ​ជាច្រើន​លើក​ថា​ លោក​នឹង​វិល​មក​កម្ពុជា​វិញ។ លោក​ រង្ស៊ី ​បញ្ជាក់​ថា ​ពលករ​ចំណាក​ស្រុក​នឹង​វិល​មក​កម្ពុជា​ជាមួយ​លោក​ដើម្បី​ចាប់​លោក ​ហ៊ុន សែន​ ហើយ​ប្រគល់​ឲ្យ​ប្រជារាស្ត្រ​កាត់​ទោស។

ស្រប​ពេ​លជាមួយ​គ្នា​នេះ​ អង្គការ​មួយ​ដែល​មិន​សូវ​ល្បី​ឈ្មោះ​គឺ «វេទិកា​សិទ្ធិមនុស្ស ​និង សន្តិភាពអាស៊ី»​ មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​នេះ​បាន​ប្រគល់​ពាន​រង្វាន់ ​«ជើង​ឯក​ប្រជា ធិបតេយ្យនៅ​កម្ពុជា» ​ដល់​លោក​ សម រង្ស៊ី។ ​អង្គការ​នេះ​លើក​ឡើង​ថា ​លោក ​សម រង្ស៊ី ​ជា «​ថ្នាក់​ដឹកនាំ​ដែល​បំផុស​គំនិត​និង​មាន​ការ​ប្ដេជ្ញា​មិន​ងាក​រេ ក្នុង​ការ​ត្រួស​ត្រាយ​ផ្លូវ​ និង​បាន​បូជា​យ៉ាង​ខ្លាំង​ក្នុង​ការ​តស៊ូ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​នៅ​ក្នុង​រយៈ​ពេល​ ៣ ​ទសវត្សរ៍​ចុង​ក្រោយ»។

ប៉ុន្តែ​លោក ​សុខ ឥសាន​ អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ហៅ​ការ​ធ្វើ​បាតុកម្ម​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ជា ​«បាតុកម្ម​ឆ្កួត» ​ដោយ​លោក​លើក​ហេតុ​ផល​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​តុលាការ​កំពូល​រំលាយ​តាំងពីឆ្នាំ​ ២០១៧​ ហើយ​ការ​បោះ​ឆ្នោត​ជាតិ​ធ្វើ​ឡើង​កាល​ពី​ខែ​កក្កដា​ ឆ្នាំ​ ២០១៨ ​ប៉ុន្តែ​បាតុកម្ម​តវ៉ា​ទើប​តែ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី​ ២០ ខែ​មេសា ឆ្នាំ ២០១៩ ទៅ​វិញ។

លោក​ថ្លែង​ថា​៖ «តើ​នេះ​មិន​មែន​ជា​បាតុ​កម្ម​ឆ្កួត​ទេ​ឬ? ​បើ​ឆ្កួត​ស្រែក​ឡូឡា​ដូច​ឆ្កួត​យ៉ាង​ហ្នឹង​អាច​នឹង​ត្រូវ​គេ​ចាប់​បញ្ជូន​មក​ស្រុក​ខ្មែ​រវិញ​ជា​មិន​ខាន ​កុំ​ឲ្យ​នៅ​ឆ្កួត​ឯស្រុក​គេ​ត​ទៅ​ទៀត»។

លោក ​មាស នី​ អ្នកវិភាគ​នយោបាយ​ និងជា​អ្នក​ស្រាវជ្រាវ​បញ្ហា​សង្គម​ថ្លែង​ថា ​អ្វី​ដែល​សំខាន់​ក្នុង​ការ​ធ្វើ​បាតុកម្ម​ភ្លើង​ទៀន​នេះ​គឺ​នៅ​លើ​ចំនួន​អ្នក​ចូលរួម។ លោក​ថា ​ចំនួន​អ្នក​ចូល​រួម​ផ្ញើ​សារ​ទៅ​កាន់​បក្ស​កាន់​អំណាច​ និង​បក្ស​សង្គ្រោះ​ជាតិ។

ចំពោះ​បក្ស​កាន់​អំណាច​ គឺ​បើ​សិន​ចំនួន​អ្នក​ចូល​រួម​មាន​ច្រើន​វា​បង្ហាញ​សារ​មួយ​ថា ​ការ គំរាម​កំហែង​មិន​អាច​ទាក់​យក​បេះ​ដូង​ពលករ​នៅ​ក្រៅ​ប្រទេស​បាន​ទេ។ ចំណែក​បក្ស​ប្រឆាំង​វិញ​លោក​ថា​ បើ​សិន​ជា​បាតុករ​មាន​ចំនួន​តិច​នោះ ​វា​បង្ហាញ​សារ​ដល់​ពួក​គេ​ថា ​កម្លាំង​របស់​ខ្លួន​បាន​ថយ​ចុះ ​ហើយ​គួរ​តែ​ធ្វើ​អ្វី​មួយ​ដើម្បី​ពង្រឹង​ឡើង​វិញ។

លោក​ មាស នី បានថ្លែង​ថា​៖ «ប៉ុន្តែ​បញ្ហា​គឺ​នៅ​ត្រង់​ថា​ ការ​រាយការណ៍​អំពី​ចំនួន​អ្នក​ចូល​រួម​ខុស​គ្នា។ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋាភិបាល​ថា​ ចំនួន​មាន​ការ​ថយចុះ​យ៉ាង​គំហុក ​ប៉ុន្តែ​សង្គ្រោះ​ជាតិ​ថា ​ចំនួន​អ្នក​ចូល​រួម​អាច​មាន​រហូត​ដល់​ម៉ឺន​នាក់​»។

លោក ​គិន ភា ​អ្នកវិភាគ​ និងជាប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃរាជបណ្ឌិត្យសភាកម្ពុជា​បាន​ថ្លែង​ថា ​វា​ជា​រឿង​ធម្មតា​ដែល​ពលរដ្ឋ​ធ្វើ​បាតុកម្ម​នៅ​ពេល​ពួក​គេ​មិន​សប្បាយ​ចិត្ត​នឹង​រឿង​អ្វីមួយ។​

ប៉ុន្តែ​លោក​ថា​៖ «ខ្ញុំ​គិត​ថា​វា​មិន​មាន​ឥទ្ធិពល​អ្វី​ទៅ​លើ​រដ្ឋាភិបាល​ទេ​ ពីព្រោះ​រដ្ឋាភិបាល​កំពុង​ដំណើរ​ការ​ជា​ធម្មតា។ ខ្ញុំ​គិត​ថា​ បើ​រដ្ឋាភិបាល​រៀប​ចំ​ឲ្យ​មាន​បាតុកម្ម​ដូច​គ្នា​នោះ​ ចំនួន​អ្នក​ចូល​រួម​នឹង​មាន​ច្រើន​ជាង​នេះ​រាប់​សិប​ដង»៕