ភ្នំពេញៈ អ្នក​ឃ្លាំមើល​សម្តែង​ការ​ព្រួយបារម្ភ​ទៅ​លើ​អ្វី​ដែល​មហាយក្ស​ចិន​បាន​សរសើរ​កម្ពុជា​ថា ហ៊ាន​ប្រឈម​តទល់​នឹង​សម្ពាធ ព្រម​ទាំង​ឥទ្ធិពល​នយោបាយ​ផ្សេងៗ​ពី​ខាង​ក្រៅ ខណៈ​ដែល​ខ្លួន​ជា​ប្រទេស​តូច ដោយ​ពួកគេ​លើក​ឡើង​ថា ការសរសើរ​របស់​ចិន​កុម្មុយនីស្ត​គឺ​ប្រៀប​ដូច​នឹង​ការ​បញ្ជោរ​ឲ្យ​ធ្លាក់ទឹក ប៉ុន្តែ​បក្ស​កាន់​អំណាច​រីករាយ​ទទួល​យក​ការសរសើរ​នេះ​។

កម្ពុជា​ត្រូវ​បាន​ចិន​ចាត់ទុក​ជា​ប្រទេស​តូច​ហើយ​ខ្លាំង​។ ចំណុច​ខ្លាំង​របស់​កម្ពុជា​ដែល​ចិន​កោតសរសើរ​នោះ​គឺ​ដោយសារ​ជំហរ​រឹងមាំ​តទល់​សម្ពាធ​ពី​អន្តរជាតិ ដែល​កំពុង​រុញ​ឲ្យ​កម្ពុជា​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ​ដែល​ថា​កម្ពុជា​កំពុង​ដើរ​ខុស​។

«​ទោះបី​កម្ពុជា​ជា​ប្រទេស​តូចក្តី ប៉ុន្តែ​កម្ពុជា​បាន​បង្ហាញ​នូវ​ឆន្ទៈ​រឹងមាំ​ក្នុង​ការមានះ​តទល់​នឹង​សម្ពាធ និង​ឥទ្ធិពល​​នយោបាយ​ផ្សេងៗ​មក​លើ​ខ្លួន​»​។ នេះ​ជា​ការ​កោតសរសើរ​ពី​ចិន​ចំពោះ​ជំហរ​របស់​កម្ពុជា​នៅក្នុង​សន្និសីទ​កាសែត​មួយ​កាលពី​ថ្ងៃទី​ ១៩ ខែ​កក្កដា​ជាមួយ​លោកស្រី Hua Chunying អ្នក​នាំពាក្យ​ក្រសួង​ការបទេស​ចិន​ជុំវិញ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ ២ រយៈពេល​ ៦០ ​ឆ្នាំ​។

លោក​ សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា និង​លោក​ សឹង សែនករុណា អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស (ADHOC) ​ថ្លែង​ស្រដៀង​គ្នា​ថា កម្ពុជា​មិន​មាន​ផលចំណេញ​សម្រាប់​ភាព​រីកចម្រើន​ពី​ការសរសើរ​របស់​ចិន​នោះ​ទេ ក្រៅតែ​ពី​ប្រឈម​នឹង​ការខាតបង់​ធនធាន​ធម្មជាតិ និង​ប្រែ​ក្លាយ​ទៅ​ជា​កូន​បំណុល​របស់​ចិន​នោះ ខណៈ​ដែល​កម្ពុជា​នៅ​តែ​ត្រូវការ​ការ​ជ្រោមជ្រែង​ពី​សហគមន៍ អន្តរជាតិ​ដែល​ភ្ជាប់​លក្ខខណ្ឌ​ការគោរព​សិទ្ធិមនុស្ស និង​ការលើកតម្កើង​លទ្ធិប្រជាធិបតេយ្យ​។

លោក​ ជ័យ ថ្លែង​ថា​៖ «​ពាក្យ​សរសើរ​របស់​ចិន​មិន​មាន​អំណោយផល​ដល់​សេដ្ឋកិច្ច​កម្ពុជា ជាពិសេស​វិស័យ​កាត់ដេរ និង​វាយនភណ្ឌ​ឡើយ​។ ការ​សរសើរ​របស់​ចិន​អាច​នាំ​ឲ្យ​ខូច​មុខមាត់​កម្ពុជា​ជាមួយ​លោក​ សេរី ​មួយ​ចំនួន​នៅពេល​ដែល​កម្ពុជា​មិនទាន់​រឹងមាំ​លើ​គ្រប់​វិស័យ​នោះ​»​។

លោក​ សឹង សែនករុណា ក៏​បាន​លើកឡើង​ដែរ​ថា នៅ​ពេល​កម្ពុជា​ចាប់ដៃ​ជាមួយ​ចិន ទោះបី​ជា​មាន​ការ​អភិវឌ្ឍ​មែន ប៉ុន្តែ​ឃើញ​មាន​ការ​ប៉ះពាល់​គឺ​ហាក់​ដូចជា​មាន​វប្បធម៌​ថ្មី​មក​ដល់​កម្ពុជា​អ៊ីចឹង នោះ​គឺ​កាស៊ីណូ ក្លិប​កម្សាន្ត និង​មិន​គោរព​ច្បាប់​កម្ពុជា ដោយ​ចិន​ប្រព្រឹត្ត​ហិង្សា​តាម​ទីសាធារណៈ​ជាដើម​។

លោក​ថា​៖ «​ចិន​ហ្នឹង​គឺ​មាន​ផលចំណេញ​ច្រើន​ផ្នែក​វិនិយោគ​នៅ​កម្ពុជា កំពុង​ទាញ​ផលចំណេញ​យ៉ាង​ខ្លាំង​។ បើសិន​ជា​មិន​សរសើរ​កម្ពុជា​មាន​ន័យ​ថា មាន​បញ្ហា​ប៉ះពាល់​ទៅ​នឹង​ទំនាក់​ទំនង​ហើយ​»​។

លោក​ងឿង​ឆ្ងល់​ថា ហេតុអ្វី​កម្ពុជា​ទៅ​ចាប់ដៃ​អភិវឌ្ឍ​ជាមួយ​ប្រទេស​ចិន​ខណៈ​វៀតណាម​ដែល​ជា​រដ្ឋ​កុម្មុយនីស្ត​ដែរ​នោះ​បែរ​ជា​គេ​ចាប់​ដៃគូ​អភិវឌ្ឍន៍​ជាមួយ​លោក​ខាង​លិច សហរដ្ឋអាមេរិក សហគមន៍​អឺរ៉ុប​ដែល​ជា​ប្រទេស​មាន​ការ​វិនិយោគ​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​។

លោក​ ករុណា ថ្លែង​ថា​៖ «​ដូច្នេះ​យើង​គួរតែ​មាន​ការប្រុងប្រយ័ត្ន​ទៅ​លើ​រឿង​ពាក្យ​សរសើរ ឬ​បញ្ជោរ​យើង​ហ្នឹង​»​។

លោក​ថា​៖ «​បើសិន​ជា​ប្រទេស​ដែល​គេ​ចូល​មក​វិនិយោគ​ឲ្យ​យើង​ចម្រុងចម្រើន គឺ​យើង​មិនមែន​ក្លាយ​ជា​កូនបំណុល​ទេ យើង​អាច​ក្លាយ​ជា​ថៅកែ​ដូច​គេ​»​។

ប៉ុន្តែ​លោក​ សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថា​នេះ​ជា​ការ​វាយប្រហារ​ខាង​នយោបាយ​ដែល​លម្អៀង​ទៅ​រក​លោក​ខាង​លិច​ដោយ​លោក​បញ្ជាក់​ថា ប្រទេស​ចិន​ដែល​ជា​ប្រទេស​ធំ​នោះ​ពិតជា​មាន​ប្រយោជន៍​សម្រាប់​កម្ពុជា​ក្នុង​ដំណើរការ​អភិវឌ្ឍ​។

លោក​ថា​៖ «​បើ​និយាយ​ថា​ខ្មែរ​ជា​កូន​បំណុល​ចិន វា​ត្រូវ​និយាយ​អាមេរិកាំង EU និង​បណ្តា​ប្រទេស​នៅ​អាហ្វ្រិក និង​មជ្ឈិមបូព៌ា​ទើប​ចិន​បោះ​លុយ​ឲ្យ​ ២ ​រយ​ពាន់​លាន​ដុល្លារ​ទៅ​ផង​ថា ពិត​ជា​ខ្ញុំ​បម្រើ​ចិន​ទាំងអស់​អាហ្នឹង​បាន​ត្រូវ​»​។

លោក​ថា​៖ «​បើ​យើង​គិត​ប្រជាជន​តិច​ជាង​ចិន​។ អ៊ីចឹង​ចិន​មាន​ប្រយោជន៍​អី​មក​ពឹង​ផ្អែក​ទៅ​លើ​កម្ពុជា អាហ្នឹង​ហើយ​មាន​តែ​កម្ពុជា​ពឹងផ្អែក​លើ​ចិន​ទេ ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​ថ្មី​នៅ​លើ​ពិភពលោក​»​។

លោក​ថា​៖ «​យើង​គ្រាន់តែ​ទទួល​រង​នូវ​ការគាបសង្កត់​ពី​ខាង​ក្រៅ ជាពិសេស​ពី​លោក​ខាង​លិច​ហ្នឹង យើង​មិន​ធ្វើ​តាម​គាត់​ដោយសារ​គាត់​ដាក់​គំនាប ដាក់​លក្ខខណ្ឌ​មក​លើ​យើង ដែល​ជា​ការរំលោភ​លើ​ឯករាជ្យ​ និង​អធិបតេយ្យភាព​របស់​យើង​»៕