ភ្នំពេញៈ អ្នកចូលរួម​ក្នុង​វេទិកា​ថ្នាក់​តំបន់​នៃ​គណៈកម្មការ​ទន្លេមេគង្គ​ប្រមាណ ២០០ ​នាក់​ បាន​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​ឡាវ និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​គម្រោង​ទំនប់​វារីអគ្គិសនី Sanakham ធ្វើការ​វាយតម្លៃ​ឱ្យបាន​ទូលំទូលាយ​អំពី​គម្រោង​អភិវឌ្ឍន៍​នេះ និង​ដាក់ចេញ​វិធានការ​បន្ថែមទៀត ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន​ចម្បងៗ​នៃ​ទំនប់ Sanakham ដែល​គេ​រំពឹងថា នឹង​បង្កើត​ថាមពល ៦៨៤ ​មេហ្គាវ៉ាត់​។

វេទិកា​ថ្នាក់​តំបន់​នេះ​រៀបចំ​ឡើង​ដោយ​គណៈកម្មការ​ទនេ្ល​មេគង្គ​កាលពី​ថ្ងៃទី​ ២៤ ខែ​វិច្ឆិកា ​ដែល​ធ្វើឡើង​នៅ​ទីក្រុង​ប៉ាក់សេ ទីក្រុង​សៀមរាប ទីក្រុង​បាងកក និង​ទីក្រុង​ហាណូយ តាម​អនឡាញ​។ ក្រុម​អ្នក​ចូលរួម​ប្រមាណ ២០០ ​នាក់ បាន​បង្ហាញ​ពី​ក្ដីបារម្ភ​អំពី​គម្រោង​នេះ និង​ស្នើថា គម្រោង​នេះ​គួរតែ​មាន​ការពិភាក្សា​គ្នា​ជាមុន​ដើម្បី​យល់ដឹង​ពី​សារៈសំខាន់ និង​ធានាបាន​ថា ផលប៉ះពាល់​អវិជ្ជមាន​ត្រូវ​បាន​ដោះស្រាយ​។ នេះ​បើ​យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មការ​ទន្លេមេគង្គ​។

បើ​តាម​គណៈកម្មការ​ទន្លេ​មេគង្គ​តំបន់ Sanakham ត្រូវគេ​ប៉ាន់ប្រមាណ​ថា មានតម្លៃ​ជាង​ ២ ​ពាន់​លាន​ដុល្លារ ហើយ​វា​ជា​គម្រោង​ទី​៦ ដែល​នឹង​ត្រូវដាក់​ស្នើសុំ​ទៅ​គណៈកម្មការ​ទនេ្ល​មេគង្គ​ក្នុង​ដំណើរការ​ពិភាក្សា​ពិគ្រោះ​យោបល់​។ ទំនប់​នេះ​ស្ថិតនៅ​ចន្លោះ​ខេត្ត Xayaburi និង​ខេត្ត​វៀងច័ន្ទន៍​នៃ​ប្រទេស​ឡាវ ប្រមាណ ១៥៥ គីឡូម៉ែត្រ​ពី​ទីក្រុង​វៀងច័ន្ទន៍ និង​ប្រមាណ ២ ​គីឡូម៉ែត្រ​ពី​តំបន់​ផ្ទៃ​ទឹកទន្លេ​មេគង្គ​នៅ​ព្រំដែន​ថៃ និង​ឡាវ​ក្នុង​ខេត្ត Loei ប្រទេស​ថៃ​។

ក្រុម​អ្នកចូលរួម​ក្នុង​វេទិកា​និយាយ​ថា រដ្ឋាភិបាល​ឡាវ និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​ឈ្មោះ Datang (Lao) Sanakham Hydropower Co. Ltd គួរតែ​ពង្រីក​ការធ្វើការ​វាយតម្លៃ​ពី​ផលប៉ះពាល់​ទៅ​លើ​ផ្នែក​បរិស្ថាន និង​សង្គម​បន្ថែមទៀត​។ ពួកគេ​ក៏​គួរតែ​បង្ហាញ​នូវ​ទិដ្ឋភាព​រួម​នៃ​ផលប៉ះពាល់​ដែល​អាច​កើតមាន​ពី​ទំនប់​ផ្សេងទៀត​ផងដែរ​។

គណៈកម្មការ​ទន្លេមេគង្គ​ថ្លែងថា​៖ «​ពួកគេ​ (​អ្នកចូលរួម​វេទិកា​) ​អះអាង​ថា វិធានការ​បន្ថយ​ផលប៉ះពាល់​ដែល​ក្រុមហ៊ុន​អភិវឌ្ឍន៍​បាន​ស្នើឡើង​នោះ​មិនទាន់​គ្រប់គ្រាន់​ទេ ហើយ​ពួកគេ​បាន​ស្នើថា វិធានការ​បន្ថែម​ដែល​រួមមាន​យន្តការ​ផ្ដល់​សំណង​ដើម្បី​ឆ្លើយតប​នឹង​ការប្រែប្រួល​ជីវភាព គួរតែ​ត្រូវបាន​ផ្ដល់ឱ្យ​អ្នក​រងគ្រោះ​ដោយ​ប្រើប្រាស់​ទិន្នន័យ​បច្ចុប្បន្នភាព និង​ការសិក្សា​ថ្មីៗ​បំផុត​»​។

គ្រោះរាំងស្ងួត​នៅ​ឆ្នាំ ២០១៩ និង​ឆ្នាំ​ ២០២០ ​បាន​ពង្រីក​រយៈពេល​នៃ​រដូវប្រាំង ហើយ​ប៉ះពាល់​ដល់​លំហូរ​បញ្ច្រាស់​នៃ​ទឹក​ទន្លេសាប​របស់​ប្រទេស​កម្ពុជា និង​ប៉ះពាល់​ដល់​ផលិតផល​ត្រី​។ ក្រុម​អ្នកចូលរួម​ក្នុង​វេទិកា​ស្នើឱ្យ​ប្រទេស​សមាជិក​គណៈកម្មការ​ទន្លេមេគង្គ​បញ្ចេញ​ទឹក​ពី​កន្លែង​ស្តុក​ទុក​សម្រាប់​បង្កើត​ថាមពល​វារីអគ្គិសនី​ចូលទៅ​ដៃទន្លេ​នានា​នៅ​ឆ្នាំ​ខាងមុខ​។ ការបញ្ចេញ​ទឹក​នេះ​នឹងធ្វើ​ឱ្យមាន​លំហូរ​កាកសំណល់​ជួយ​ដល់​ការបំផ្លាស់ទី​របស់​ត្រី​នៅ​ផ្ទៃ​ទឹក​ខាងក្រោម និង​រក្សាបាន​នូវ​លំនឹង​អេកូឡូស៊ី​នៅ​តំបន់​ខាងក្រោម​។ នេះ​បើតាម​គណៈកម្មការ​ទន្លេមេគង្គ​។

លោក អាន ពេជ្រហត្ថដា មន្ត្រី​ទទួលបន្ទុក និង​នាយក​ផ្នែក​ផែនការ​របស់​គណៈកម្មការ​ទន្លេមេគង្គ​បាន​ថ្លែងថា​៖ «​វិធានការ​រឹងមាំ​សម្រាប់​កាត់បន្ថយ​ផលប៉ះពាល់​ពី​គម្រោង Sanakham គឺជា​រឿង​ដែល​កាន់តែ​ចាំបាច់​»​។

លោក​ថា សកម្មភាព​សាងសង់​ និង​ផលប៉ះពាល់​នានា​ដែលជា​ធម្មតា​មាន​នៅតែ​ក្នុងស្រុក​នោះ​អាច​មាន​ផលប៉ះពាល់​ដល់​តំបន់​ឆ្លង​ព្រំដែន​។

លោក​ថ្លែងថា ប្រទេស​សមាជិក​គណៈកម្មការ​ទន្លេមេគង្គ​កាលពី​ពេល​ថ្មីៗ​នេះ បាន​ស្វែងរក​នូវ​យន្តការ​ប្រមូល​មូលនិធិ​ក្នុង​តំបន់ ដើម្បី​គម្រោង​គាំទ្រ​ដល់​ជីវភាព និង​ការស្ដារ​ប្រព័ន្ធ​អេកូឡូស៊ី​នៅក្នុង​អាង​ទន្លេមេគង្គ​ក្រោម​។

លោកស្រី Bounkham Vorachit អនុរដ្ឋមន្ត្រី​ក្រសួង​ធនធាន​ធម្មជាតិ និង​បរិស្ថាន​នៃ​ប្រទេស​ឡាវ និយាយ​ក្នុងពេល​បើក​វេទិកា​កាលពី​ថ្ងៃទី​ ២៤ វិច្ឆិកា​ ​ថា រដ្ឋាភិបាល​របស់​លោកស្រី​ស្វាគមន៍​មតិយោបល់ និង​សំណើ​ទាំងនេះ​។

លោកស្រី​ថ្លែង​ដូច្នេះ​ថា​៖ «​យើង​ខិតខំ​ដើម្បី​ធានាថា​បញ្ហា​ធ្ងន់ធ្ងរ​នានា​ត្រូវបាន​ដោះស្រាយ​មុនពេល​យើង​បន្ត​គម្រោង​ទៅ​មុខ​ទៀត​»៕