The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អ្នក​ចេញចូល​ខេត្ត-ក្រុង មាន​តិចតួច​ ​បន្ទាប់ពី​នាយក​រដ្ឋមន្ត្រី​ចេញ​បម្រាម




អ្នក​ចេញចូល​ខេត្ត-ក្រុង មាន​តិចតួច​ ​បន្ទាប់ពី​នាយក​រដ្ឋមន្ត្រី​ចេញ​បម្រាម

Content image - Phnom Penh Post
សមត្ថកិច្ច​ដាក់​រនាំង​ហាមឃាត់​ប្រជាពលរដ្ឋ​មិនឱ្យ​ធ្វើដំណើរ​ឆ្លង​ពី​ខេត្ត​ ១ ​ទៅ​ខេត្ត​ ១ ​នៅ​ខណ្ឌ​ជ្រោយចង្វារ ជាយ​រាជធានី​ភ្នំពេញ​ពី​ម្សិលមិញ​។ ហុង មិនា

អ្នក​ចេញចូល​ខេត្ត-ក្រុង មាន​តិចតួច​ ​បន្ទាប់ពី​នាយក​រដ្ឋមន្ត្រី​ចេញ​បម្រាម

ភ្នំពេញៈ ចលនា​ពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លង​កាត់ចេញ-ចូល​ពី​ខេត្ត​ ១ ​ទៅ​ខេត្ត​ ១ ​នៅមាន​ចំនួន​តិចតួច បន្ទាប់ពី​រាជរដ្ឋាភិបាល​ចេញ​បម្រាម​ហាមឃាត់​ការឆ្លងកាត់​ចេញចូល​ខេត្ត-ក្រុង ខណៈ​ថ្នាក់ដឹកនាំ​ខេត្ត​ទូទាំង​ប្រទេស​កំពុង​រឹតបន្តឹង​នៅតាម​គោលដៅ​ដើម្បី​កាត់ផ្តាច់​ការឆ្លង​នៃ​ជំងឺ​កូវីដ ​១៩​។ ​នេះ​បើតាម​ថ្នាក់ដឹកនាំ​ខេត្ត​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ម្សិលមិញ​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ៦ ខែមេសា បានចេញ​សេចក្តី​សម្រេច​ស្តីពី​ការហាមឃាត់​ការធ្វើដំណើរ និង​ការបិទ​រមណីយដ្ឋាន​ទេសចរណ៍​នៅ​ទូទាំង​ប្រទេស​ជា​បណ្តោះអាសន្ន​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ រយៈពេល​ ១៤ ​ថ្ងៃ គិត​ចាប់ពី​ម៉ោង​សូន្យ​នៃ​ថ្ងៃទី​ ៧ ខែមេសា រហូត​ដល់​ថ្ងៃទី​ ២០ ខែ មេសា ឆ្នាំ​ ២០២១​។

អភិបាលខេត្ត​កំពង់ស្ពឺ​លោក វ៉ី សំណាង ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ថា ជារួម​លោក​សង្កេត​ឃើញ​ថា ពលរដ្ឋ​ដែល​សម្រុក​ចេញ ឬ​សម្រុក​ចូលក្នុង​ទឹកដី​របស់ខ្លួន​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​។ លោក​ថា​៖ «​ជា​ការកត់សម្គាល់​ដូចជា ព្រឹក​មិញ​មាន​តែ​ករណី​តិចតួច​ដែល​គាត់​ចេញទៅ​ខេត្ត​ផ្សេង ប្រហែល​ជា​គាត់​ពុំទាន់​ទទួលបាន​ព័ត៌មាន ប៉ុន្តែ​បន្ទាប់ពី​យើង​ណែនាំ​គាត់​​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទៅ​»​។

លោក​ឱ្យដឹង​ដែរ​ថា ក្រោយពី​ទទួលបាន​សេចក្តី​សម្រេច​ភ្លាម​គឺ​គណៈបញ្ជាការ​ឯកភាព​ខេត្ត​បាន​អនុវត្ត​តាំងពី​ម៉ោង​សូន្យ​នៃ​យប់​ថ្ងៃទី​ ៧ មេសា​។ ក្នុងនោះ​គណៈបញ្ជាការ​ឯកភាព​ខេត្ត​បានដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ ២៤ ​ម៉ោង​លើ ២៤ ​ម៉ោង ចំនួន​ ៤ ​កន្លែង​នៅតាម​ព្រំប្រទល់​ជាប់​ខេត្ត​នីមួយៗ​។

លោក​បាន​បញ្ជាក់ថា​៖ «​ទី១ ប៉ុស្តិ៍​គោលដៅ​ត្រួតពិនិត្យ​នៅ​សំរោងទង​ (​ម្តុំ​ថ្នល់ទទឹង​) ទី​២ ដាក់​នៅ​ពេជ្រនិល​នៅ​ភូមិសាស្ត្រ​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ទី​៣ ដាក់​នៅ​ឃុំ​បសេដ្ឋ ស្រុក​បសេដ្ឋ ព្រំប្រទល់​ជាមួយ​ស្រុក​ត្រាំកក់ ខេត្តតាកែវ និង​ទី​៤ គឺ​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ក្បែរ​សាលាស្រុក​ឧដុង្គ​»​។

ស្រដៀង​គ្នា​នេះដែរ អភិបាល​ខេត្តកណ្តាល​លោក គង់ សោភ័ណ្ឌ បាន​លើកឡើង​ដូចគ្នា​នឹង​អភិបាលខេត្ត​កំពង់ស្ពឺ​ដែរ ខណៈ​ពលរដ្ឋ​ទទួលបាន​ព័ត៌មាន​ស្តីពី​បម្រាម​នេះ​លឿន ដូច្នេះ​ពុំ​សូវ​មាន​ពលរដ្ឋ​ធ្វើដំណើរ​ចេញ-ចូល​ខេត្ត​ឡើយ​។

លោក​បានឱ្យ​ដឹងថា​៖ «​គ្រាន់តែ​ផ្លូវជាតិ​លេខ​ ១ ម្តុំ​ស្ពាន​អ្នកលឿង​មាន​ពលរដ្ឋ​ធ្វើដំណើរ​ច្រើន​ជាងគេ ក្រៅពីនេះ​គោលដៅ​ផ្សេង​មាន​ពលរដ្ឋ​ធ្វើដំណើរ​ចេញចូល​ខេត្ត​មួយៗ​ធម្មតា ព្រោះ​បងប្អូន​ពលរដ្ឋ​មិនសូវ​ធ្វើដំណើរ​ចេញចូល​ទេ ព្រោះ​គាត់​បារម្ភ​សុខភាព​រៀងៗ​ខ្លួន​មិន​ឈូឆរ​អី​ទេ​»​។

Content image - Phnom Penh Post
សកម្មភាព​ត្រួតពិនិត្យ​អ្នក​ចេញចូល​ខេត្ត​-​ក្រុង​នៅ​ផ្លូវជាតិ​លេខ​ ៦ កាលពី​ម្សិលមិញ​។ ហុង មិនា

ជាមួយ​គ្នា​នេះ​លោក​បានឱ្យ​ដឹងថា គណៈបញ្ជាការ​ឯកភាពខេត្ត​ក៏បាន​រឹតបន្តឹង​នៅតាម​គោលដៅ​ចេញចូល​ខេត្ត​ផងដែរ​។ លោក​ថា​៖ «​យើង​ដាក់​គោលដៅ​ភាគច្រើន​នៅតាម​ព្រំប្រទល់​ដូចជា ផ្លូវជាតិ​លេខ​ ១ ម្តុំ​ស្ពាន​អ្នកលឿង ផ្លូវជាតិ​លេខ​ ៤ ​ព្រំប្រទល់​កំពង់ស្ពឺ​ព្រំប្រទល់​ខេត្តតាកែវ​ផ្លូវជាតិ​លេខ​ ២ ​ផ្លូវជាតិ​លេខ​ ៣ និង​ព្រំប្រទល់​ខេត្ត​កំពង់ចាម​ផ្លូវជាតិ​លេខ​ ៦ យើង​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​នៅ​ទីនោះ ដើម្បី​កុំឱ្យ​បងប្អូន​ឆ្លង​ចេញ ឆ្លង​ចូល ដែល​ផ្ទុយ​ពី​បម្រាម​»​។

លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​សេចក្តី​សម្រេច​ដដែល​នេះដែរ​ថា​ក្នុង​រយៈពេល​ ២ ​សប្តាហ៍​នេះ គណៈ​អភិបាល​រាជធានី-ខេត្ត​ត្រូវ​ចាត់វិធានការ​ចាំបាច់​នានា​ក្នុង​ភូមិសាស្ត្រ​រាជធានី-ខេត្ត​របស់​ខ្លួន​សំដៅ​គ្រប់គ្រង និង​ធានា​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​ឱ្យ​បាន​ល្អប្រសើរ​។

អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ​លោក ឃាង ភារម្យ ដែលជា​ខេត្ត​ពលរដ្ឋ​ធ្លាប់​សម្រុក​ទៅលេង​នាឱកាស​បុណ្យ​ចូលឆ្នាំ​បាន​ថ្លែងថា តាមពិតទៅ​ខេត្ត​ព្រះសីហនុ​បាន​បិទ​ច្រកចេញ-ចូល​ខេត្ត​ចំនួន ៤ ​គោលដៅ​តាំងពី​ថ្ងៃទី​ ៤ ខែមីនា មក​ម្ល៉េះ ដូច្នេះ​ពលរដ្ឋ​យល់ដឹង​ច្រើន ដោយ​មិន​ធ្វើដំណើរ​ចេញចូល​ឡើយ​។

លោក​បន្តថា ចំណែក​សេចក្តី​សម្រេច​របស់​រាជរដ្ឋាភិបាល​ដែល​បានដាក់​ចេញ​ថ្មីៗ​ស្តីពី​ការហាម​ធ្វើដំណើរ​ឆ្លងខេត្ត សមត្ថកិច្ច​គ្រាន់តែ​រឹតបន្តឹង​ទៅ​​លើ​ការអនុវត្ត​ដែលមាន​ស្រាប់ ខណៈ​ខេត្ត​ព្រះសីហនុ​ក៏​បាន​បិទ​រមណីយដ្ឋាន​នៅ​ទូទាំង​ខេត្ត​ផង​ដែរ​។

លោក​ថា​៖ «​ប្រជាពលរដ្ឋ​​មិនមាន​ក ញ្ជ្រោល​ចេញ-ចូល​​ខេត្ត​ខ្លាំង​ទេ មាន​តែ​សកម្មភាព​ដឹកជញ្ជូន​ទំនិញ ការធ្វើ​ដំណើរ​ករណី​បងប្អូន​កម្មករ-កម្មការិនី រថយន្ត​ពេទ្យ ចេញ-ចូល​តែប៉ុណ្ណោះ​»​។

ទាក់ទង​សេចក្តី​ណែនាំ​ហាម​មិនឱ្យ​ធ្វើដំណើរ​ពី​ខេត្ត​ ១ ​ទៅ​ខេត្ត​ ១ អ្នកនាំពាក្យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​លោក សាន សុខសីហា បាន​ថ្លែង​ថា​៖ «​បន្ទាប់ពី​យើង​ទទួលបាន​សេចក្តី​ណែនាំ​របស់​រដ្ឋាភិបាល​ភ្លាម ​គឺ​យើង​បាន​អនុវត្ត​ភ្លាមៗ​ស្របពេល​សមត្ថកិច្ច​កំពុង​អនុវត្ត​បម្រាម​គោចរ​អ៊ីចឹង យើង​ដាក់​កម្លាំង​បន្ថែម​ច្រកចេញ-ចូល​​ក្រុង​ទាំងអស់​ដើម្បី​រឹតបនឹ្តង​ការត្រួតពិនិត្យ​»​។

យោងសេចក្តី​សម្រេច​របស់​រដ្ឋាភិបាល​ក៏បាន​លើកលែង​ចំពោះ​ការដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ​ពី​ខេត្ត​ ១ ​ទៅ​ខេត្ត​ ១,​ ការធ្វើដំណើរ​របស់​មន្ត្រី​រាជការ​សាធារណៈ​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ក្នុង​គោលដៅ​​បំពេញការងារ​ប្រចាំថ្ងៃ​ដោយ​​ត្រូវ​បង្ហាញ​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច​ត្រួតពិនិត្យ​នូវ​បណ្ណសម្គាល់​ការងារ​របស់​ខ្លួន និង​រថយន្ត​សង្គ្រោះបន្ទាន់​របស់​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន ក៏ដូចជា​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាដើម​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍