កណ្តាលៈ បុរស​ជនជាតិ​វៀតណាម​ម្នាក់​ត្រូវបាន​ចាប់​បញ្ជូនទៅ​សាលា​ដំបូង​ខេត្តកណ្តាល​កាលពី​ថ្ងៃទី ​១៤ មករា ក្រោយពី​ចាប់ខ្លួន​នៅ​ភូមិ​ស្តៅ​កន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​កាលពី​ថ្ងៃទី ១២ ខែមករា ពាក់ព័ន្ធ​នឹង​ការផលិត​ឧបករណ៍​ឆក់​ត្រី ហើយ​បង្ហោះ​លក់​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​។

លោក​ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ១៤ ខែមករា ថា ករណី​ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម​ម្នាក់​ឈ្មោះ​ ង្វៀន យ៉ាំងតេវ អាយុ​ ៣១ ​ឆ្នាំ ដែល​ច្នៃ​ឧបករណ៍​ឆក់​ត្រី​ផ្សាយ​លក់​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​នោះ ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកណ្តាល​រួចហើយ​។

លោក​ប្រាប់ថា​៖ «​បុរស​ម្នាក់​នោះ​ខ្ញុំ​បាន​បញ្ជូនទៅ​តុលាការ​ហើយ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​តែ​មិនដឹងថា តុលាការ​ចោទ ឬ​នៅទេ តែ​ព្រឹក​មិញ​ (​ថ្ងៃទី​ ១៣ ​មករា​) ​គាត់​ដល់​តុលាការ​ហើយ​»​។

ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ពី​តុលាការ​យ៉ាងណា​នោះ​ពី​ម្សិលមិញ​ភ្នំពេញប៉ុស្តិ៍​បាន​ព្យាយាម​ទូរស័ព្ទ​ទំនាក់ទំនង​លោក​ សូ សារិន អ្នកនាំពាក្យ​សាលា​ដំបូង ខេត្ត​កណ្តាល​ជាច្រើន​លើក​ដែរ​តែ​លោក​មិន​លើក​ទូរស័ព្ទ​។

លោក​បញ្ជាក់ថា ប្រតិបត្តិការ​នេះ​គឺ​នាយកដ្ឋាន​របស់​លោក​បាន​ទទួលបញ្ជា​ឲ្យ​ចុះ​អនុវត្ត​ពី​នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​តាម​សំណើ​ស្នើសុំ​ពី​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។ ប្រតិបត្តិការ​នេះ​ក៏​មាន​ការសម្របសម្រួល​ពី​លោក​ ទិន សុចិត្រា ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល​ផង​ដែរ​។

ជា​លទ្ធផល​នៃ​ការស្រាវជ្រាវ​លើ​ការផលិត​ឧបករណ៍​នេះ​គឺ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​របស់​លោក​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ ង្វៀន យ៉ាំងតេវ អាយុ​ ៣១ ​ឆ្នាំ​នៅ​ចំណុច​មុខផ្ទះ​ជួល​គ្មាន​លេខ ផ្លូវជាតិ​លេខ​ ១ ភូមិ​ស្ដៅ​កន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​ដោយ​រឹបអូស​បាន​ឧបករណ៍​ឆក់ត្រី​ដែល​បាន​កែច្នៃ​រួច​ចំនួន ​២ ​គ្រឿង​ជាប់​នឹង​ខ្លួន​។ បន្ទាប់មក​កម្លាំង​របស់​នាយកដ្ឋាន​ជលផល សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បាន​ឆែកឆេរ​ផ្ទះ​ជនសង្ស័យ រកឃើញ​ឧបករណ៍​ឆក់​ត្រី​កែច្នៃ​រួច​ចំនួន​ ៩ ​គ្រឿង​ទៀត​។

លោក​ ជា ពៅ បាន​ថ្លែងថា​៖ «​គាត់​បង្ហោះ​មិន​ខុសច្បាប់​ទេ តែ​គាត់​លក់​ជាការ​ខុសច្បាប់​។ អាហ្នឹង​ហើយ​ដែល​បំផ្លាញ​មច្ឆជាតិ​។ ការប្រើប្រាស់​ឧបករណ៍​ឆក់ ដើម្បី​នេសាទ​ត្រី​ជា​បទល្មើស​ព្រហ្មទណ្ឌ​ដែល​បានចែង​នៅ​​ក្នុង​ច្បាប់​ជលផល​»​។

ជនសង្ស័យ ង្វៀន យ៉ាំងតេវ ក៏បាន​សារភាព​ដែរ​ថា គាត់​ជាជាង​ជួសជុល​ម៉ូទ័រ កង្ហារ ឆ្នាំង​ដាំបាយ និង​ធ្វើ​សោ ក្រោយមក​ទៀត​គាត់​បាន​ទៅ​រៀន​ធ្វើ​ឧបករណ៍​ឆក់​ត្រី​។

បន្ទាប់មក​ខ្លួន​ក៏បាន​ចាប់ផ្ដើម​ផលិត​ឧបករណ៍​ឆក់​ត្រី ហើយ​ក៏បាន​ផ្សព្វផ្សាយ​លក់​ដែល​កន្លងមក ក៏​ធ្លាប់បាន​លក់​ទៅ​ឲ្យ​អតិថិជន​ជាច្រើន រួមមាន ខេត្ត​កំពង់ចាម រតនគិរី ពោធិ៍សាត់ តាកែវ ជាដើម​៕