ភ្នំពេញៈ ក្រុម​អ្នកច្បាប់​យល់​ឃើញ​ខុស​គ្នា​អំពី​រយៈពេល​ដែល​លោក កឹម សុខា ត្រូវ​ស្ថិត​ក្នុង​ការឃុំ​ខ្លួន​នៅក្នុង​ផ្ទះ​របស់​លោក ខណៈ​ដែល​សភា​អឺរ៉ុប​មិន​ទាន់​ឈាន​ដល់​ដំណាក់កាល​បន្ទាប់​ក្រោយ​ពេល​អនុម័ត​ញត្តិ​រួម​មួយ​កាលពី​សប្តាហ៍​មុន​ដែល​ទាមទារ​ឲ្យ​ទម្លាក់​ចោល​បទ​ចោទ​ទាំង​ស្រុង​លើ​លោក កឹម សុខា​។

គិត​មក​ដល់​ពេល​នេះ​លោក កឹម សុខា ត្រូវ​ចាប់​ឃុំ​ខ្លួន​ជាង​ ១ ​ឆ្នាំ​ហើយ​រាប់​ចាប់ពី​ថ្ងៃ​ទី​ ៣ ខែ​កញ្ញា ឆ្នាំ​ ២០១៧ ដោយ​លោក​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋ «​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​» ជា​បទ​ចោទ​ដែល​បណ្តា​ប្រទេស​លោក​សេរី​ចាត់​ទុក​ថា​ជា​រឿង​នយោបាយ​។

ក្រុម​អ្នកច្បាប់​បាន​ពន្យល់​ថា ករណី​បទឧក្រិដ្ឋ​បែប​នេះ​ការឃុំ​ខ្លួន​បណ្ដោះអាសន្ន ដើម្បី​ស៊ើបអង្កេត​មិន​ត្រូវ​លើស​ពី​រយៈពេល ១៨ ខែ​ទេ​ដោយ​ចៅក្រម​ត្រូវ​បិទ​ការស៊ើបអង្កេត​ក្នុង​រយៈពេល​នេះ​ និង​បញ្ជូន​រឿង​ទៅ​ស៊ើបសួរ ឬ​ក៏​ត្រូវ​ទម្លាក់​បទ​ចោទ​។

ក៏ប៉ុន្តែ​មុន​ការឃុំខ្លួន​បណ្ដោះអាសន្ន​គ្រប់​កាលកំណត់ ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​ដោះលែង​លោក​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​លក្ខខណ្ឌ​តឹងរ៉ឹង​រហូត​ដល់​មេធាវី​យល់​ថា​ជា​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​។ លោក​ចៅក្រម គី ឫទ្ធី បាន​កំណត់​ថា​៖ «​ក្រៅ​ពី​លំនៅឋាន​ដែល​មាន​ទីតាំង​ស្ថិត​នៅ​លើ​ផ្លូវ​លេខ ៣១៣ មិន​ត្រូវ​ចេញ​ពី​ព្រំប្រទល់​នៃ​ដែនដី​ដែល​ខណ្ឌ​ដោយ​ផ្លូវ​លេខ ៣១៣ ផ្លូវ ៣១១ និង​ផ្លូវ​ ៦០៨»​។

អ្នក​ជំនាញ​ផ្នែក​ច្បាប់​លោក​មេធាវី សុក សំអឿន យល់​ថា​ការសម្រេច​ឲ្យ​នៅ​ក្នុង​ដែន​កំណត់​ក្នុង​ផ្ទះ​បែប​នេះ​គឺជា​ការឃុំ​ខ្លួន​ក្នុង​ផ្ទះ ហើយ​តាម​នីតិវិធី​ការឃុំ​ខ្លួន​មិន​ត្រូវ​លើស​ពី​ ១៨ ​ខែ​ទេ​។

លោក​បាន​ថ្លែង​ថា​៖ «​បើ​ក្នុង​ករណី​អ៊ីចឹង​ដូច​តែ​ការឃុំ​ខ្លួន​ដដែល ដូច្នេះ​រយៈពេល​តុលាការ​ត្រូវ​កំណត់​ដូច​ការឃុំ​ខ្លួន​ដែរ​ហ្នឹង គឺ ១៨ ខែ​ដដែល​»​។

លោកស្រី ម៉េង សុភារី មេធាវី​ ១ ​រូប​ដែល​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា ក៏​យល់​ឃើញ​ថា​ការដាក់​លក្ខខណ្ឌ​តឹងរ៉ឹង​លើ​លោក កឹម សុខា ស្មើ​នឹង​ការដាក់​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​ដែរ​ដោយ​លោកស្រី​បាន​ថ្លែង​ថា​៖ «​ក្នុង​ដីកា​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ​គឺ​ដោះលែង​គាត់​ឲ្យ​នៅ​ក្រៅ​ឃុំ ប៉ុន្តែ​ដាក់​គាត់​ឲ្យ​នៅ​ក្រោម​ការត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ដោយ​ភ្ជាប់​កាតព្វកិច្ច​មួយ​ចំនួន ហើយ​កាតព្វកិច្ច​នោះ​ទៀត​សោត យើង​ឃើញ​វា​ហាក់បី​ដូចជា​តឹងរ៉ឹង​ខ្លាំង​។ អ៊ីចឹង​នៅក្នុង​ច្បាប់​របស់​យើង​គឺ​អត់​មាន​ចែង​អំពី​ការឃុំ​ខ្លួន​ទេ ប៉ុន្តែ​ដោយសារ​តែ​កាតព្វកិច្ច​ដែល​តុលាការ​បាន​កំណត់​មក​តឹងតែង​ខ្លាំង​ដូចជា​ការកំណត់​ព្រំដែន​នៃ​ការ​ដើរហើរ​របស់​គាត់​ហ្នឹង​វា​រួម​តូច​ពេក​ទៅ អ៊ីចឹង​វា​ហាក់បី​ដូច​មិន​ខុស​អី​ពី​ការឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ​ដែរ​»​។

លោកស្រី​និយាយ​ថា​ការ​បាន​នៅ​ក្រៅ​ឃុំ​នេះ​មាន​ចំណុច​ល្អ​តិចតួច​គឺ​លោក កឹម សុខា គ្រាន់​តែ​ត្រូវ​បាន​ផ្ទេរ​ពី​ការឃុំ​ក្នុង​ពន្ធនាគារ​មក​ផ្ទះ ហើយ​លោក​បាន​ជួបជុំ​ភរិយា និង​ម្តាយ និង​មេធាវី​ប៉ុណ្ណោះ​។

ក៏​ប៉ុន្តែ​លោក​មេធាវី ចាន់ ចេន ដែល​ការពារ​ក្តី​លោក កឹម សុខា ម្នាក់​ទៀត​បាន​យោង​ទៅ​លើ​ភាសា​ច្បាប់​ដោយ​លោក​និយាយ​ថា កូនក្តី​របស់​លោក​មិនមែន​កំពុង​ស្ថិត​នៅ​ក្នុង​ការឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ​ទេ​គឺ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ក្រោម​ការត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ និង​មាន​លក្ខខណ្ឌ​។

លោក​និយាយ​ថា​៖ «​បើ​យើង​ពិនិត្យ​មើល​លើ​ដីកា​សម្រេច​ហ្នឹង​មិនមែន​ជា​ដីកា​សម្រេច​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​ទេ គឺជា​ដីកា​សម្រេច​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ប៉ុន្តែ​ស្ថិត​ក្រោម​ការត្រួតពិនិត្យ​ដោយ​ភ្ជាប់​លក្ខខណ្ឌ​មួយ​ចំនួន​។ អ៊ីចឹង​អាហ្នឹង​គេ​មិន​ហៅថា​ការឃុំ​ខ្លួន​ក្នុង​ផ្ទះ​ទេ​»​។

ក្នុង​ករណី​ដូច្នេះ​លោក សុក សំអឿន យល់​ថា​មេធាវី​ការពារ​ក្តី​គួរ​តែ​តវ៉ា​សុំ​សិទ្ធិ​សម្រាប់​លោក កឹម សុខា នៅ​ពេល​កំណត់​ ១៨ ខែ​មក​ដល់​ដើម្បី​កុំ​ឲ្យ​លោក សុខា ស្ថិត​នៅ​ក្រោម​លក្ខខណ្ឌ​តឹងរ៉ឹង​បែប​នេះ​។

លោក​និយាយ​ថា​៖ «​ច្បាប់​សរសេរ​អត់​ច្បាស់​ដែរ ប៉ុន្តែ​មេធាវី​អាច​បកស្រាយ​ថា អាហ្នឹង​ជា​ការ​ឃុំ​ខ្លួន​មិន​អ៊ីចឹង​? គ្រាន់​តែ​ឃុំ​ខ្លួន​មិន​នៅ​ក្នុង​ពន្ធនាគារ​មក​នៅ​ក្នុង​ផ្ទះ ហើយ​ដូច្នេះ​យើង​យោង​តាម​គោលការណ៍​ហ្នឹង​ទៅ​លើស ១៨ ​ខែ តវ៉ា​សុំ​សិទ្ធិ​ធំ​ជាង​ហ្នឹង​។ ក្រោយ ១៨ ​ខែ យើង​សុំ​ទៅ​ថា​អ្នកឯង​អស់​សិទ្ធិ​កំណត់​ទៀត​ហើយ​ព្រោះ​រយៈពេល​កំណត់​តាម​ច្បាប់​អស់​ហើយ​»​។

លោកស្រី ម៉េង សុភារី បាន​ស្នើ​ថា​តុលាការ​គួរ​តែ​បញ្ចប់​ការស៊ើបអង្កេត​លើ​ករណី​កូនក្តី​លោកស្រី ហើយ​ទម្លាក់​បទចោទ​ពី​កូនក្តី​ និង​ដោះលែង​ឲ្យ​មាន​សេរីភាព​។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគ​នយោបាយ​បាយ​យល់​ថា​គ្មាន​ដែន​កំណត់​អំពី​ការស៊ើបអង្កេត​លើ​ករណី​លោក កឹម សុខា ទេ ដោយ​ដីកា​តុលាការ​ចែង​ថា​លោក​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ហើយ​។

លោក​និយាយ​ថា​៖ «​លោក កឹម សុខា គឺ​ច្បាស់​ណាស់​នឹង​បន្ត​នៅក្នុង​ការឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ​ដោយ​គ្មាន​ការជម្រះ​ទោស​។ ភាពស្មុគស្មាញ​នៃ​សំណុំ​រឿង​ដែល​មាន​ពាក់ព័ន្ធ​នឹង​បរទេស និង​ទាមទារ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​រយៈពេល​វែង ដែល​អាច​យក​មក​អះអាង​ដើម្បី​ការពន្យារ​ដែល​គ្មាន​ដែន​កំណត់​នៃ​ការឃុំ​ក្នុង​ផ្ទះ ហើយ​គេច​ពី​សិទ្ធិ​ក្នុង​ការទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​គ្មាន​ការពន្យារពេល​ដែល​សិទ្ធិ​ក្នុង​ការទទួល​បាន​ការ​ជំនុំជម្រះ​នេះ​មាន​ចែង​ក្នុង​មាត្រា ១៤.៣ នៃ​កតិការ​សញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ស៊ីវិល និង​សិទ្ធិ​នយោបាយ ដែល​កម្ពុជា​ទទួល​ស្គាល់​»​។

ពាក់ព័ន្ធ​នឹង​ករណី​លោក កឹម សុខា នេះ​ដែរ​សភា​អឺរ៉ុប​មិន​ទាន់​មាន​វិធានការ​បន្ទាប់​ទេ ក្រោយ​ពេល​បាន​អនុម័ត​លើ​ញត្តិ​រួម​មួយ​កាលពី​ថ្ងៃ​ទី​ ១៣​ ខែ​កញ្ញា ដោយ​ទាមទារ​ឲ្យ​ទម្លាក់​ចោល​បទ​ចោទ​ពី​លោក កឹម សុខា និង​លក្ខខណ្ឌ​ជាច្រើន​ទៀត​។

លោក Viktor Almqvist អគ្គនាយក​ផ្នែក​ព័ត៌មាន​របស់​សភា​អឺរ៉ុប​បាន​ថ្លែងប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​តាម​សារ​អេឡិចត្រូនិក​កាលពី​ម្សិលមិញ​ថា ញត្តិ​ដែល​បាន​សម្រេច​នោះ​មិនមែន​ជា​ការតម្រូវ​នោះ​ទេ ប៉ុន្តែ​គឺជា​ការស្នើ​លើក​ដំបូង​ឲ្យ​មាន​ការចាត់​វិធានការ​។

លោក​ថ្លែង​ថា​៖ «​ឥឡូវ​នេះ​វា​អាស្រ័យ​លើ​ភាគី​ពាក់ព័ន្ធ ឧទាហរណ៍ ដូចជា​គណៈកម្មការ​អឺរ៉ុប​ក្នុង​ការ​វាយ​តម្លៃភាព​ចាំបាច់​នៃ​ជំហាន​បន្ទាប់​។ ញត្តិ​នេះ​មិន​មាន​ពេលវេលា​កំណត់​ជាក់លាក់​ទេ​ដែល​មាន​ន័យ​ថា វា​គឺជា​ការបន្ត​ការអំពាវនាវ​ពី​សំណាក់​សភា​អឺរ៉ុប​រហូត​ដល់​មាន​ញត្តិ​ថ្មី​មួយ​ទៀត ត្រូវ​បាន​អនុម័ត​»៕