ភ្នំពេញ៖ ប្រទេស កម្ពុជា បានរកឃើញអ្នកឆ្លងកូវីដ ១៩ សរុបកើនឡើងដល់ ៣៣ នាក់ហើយ ខណៈដែលក្រសួងសុខាភិបាលបានយកសណ្ឋាគារ Great Duke និងមណ្ឌលសុខភាពចាក់អង្រែ ធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកឆ្លងវីរុសនេះ និងបានប្រកាសបិទខារ៉ាអូខេ និងរោងភាពយន្តទូទាំងប្រទេស ជាវិធានការ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ។
ក្រសួងសុខាភិបាលកាលពីម្សិលមិញបានប្រកាសថា កម្ពុជាបានរកឃើញអ្នកផ្ទុកកូវីដ ១៩ ចំនួន ២១ ករណីថ្មីទៀត ដែលធ្វើឲ្យចំនួនអ្នកផ្ទុកសរុបមានចំនួន ២៤ នាក់។ ករណី ២១ ថ្មីនេះ ត្រូវបានរកឃើញនៅខេត្តផ្សេងៗរួមមាន ៤ ករណីនៅខេត្តបាត់ដំបង ២ ករណីនៅបន្ទាយមានជ័យ ៤ ករណីនៅភ្នំពេញ ៣ ករណីនៅកំពង់ឆ្នាំង ១ ករណី នៅកំពត ២ ករណីត្បូងឃ្មុំ ១ ករណីនៅសៀមរាប ៣ ករណី នៅកែប និង ១ ករណី នៅកោះកុង។
ក្រសួងបញ្ជាក់ថា ក្នុងចំណោមករណីថ្មីទាំង ២១ មាន ១៧ ករណី រកឃើញលើខ្មែរអ៊ិស្លាមដែលត្រឡប់ពីចូលរួមពិធីតាមបែបសាសនានៅប្រទេស ម៉ាឡេស៊ី ហើយពួកគេស្ថិតក្នុងចំណោមមនុស្ស ៧៩ នាក់ ដែលបានទៅចូលរួមពិធីសាសនានោះ។ ចំណែកបុរសជនជាតិខ្មែរម្នាក់ ដែលមានវិជ្ជមានកូវីដ ១៩ ដែរនោះ គឺជាពលរដ្ឋរស់នៅក្រុងសិរីសោភ័ណ ដែលបានត្រឡប់មកពីប្រទេស ថៃ កាលពីពេលថ្មីៗនេះ។ បើបូកបញ្ចូលករណី ២ ទៀតដែលរកឃើញកាលពីសប្ដាហ៍មុន អ្នកដែលត្រឡប់ពីម៉ាឡេស៊ីសរុប ១៣ នាក់ ក្នុងចំណោម ៧៩ នាក់ មានផ្ទុកកូវីដ ១៩។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា៖ «ក្រុមឆ្លើយតបបន្ទាន់ និងក្រុមគ្រូពេទ្យថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ កំពុងបន្តតាមដានរកអ្នកប៉ះពាល់យ៉ាងសកម្ម ជាពិសេសអ្នកដែលបានចូលរួមនៅក្នុងពិធីសាសនាអ៊ិស្លាម នៅប្រទេស ម៉ាឡេស៊ី កន្លងមកនេះបន្ថែមទៀត»។
អ្នកមានផ្ទុកជំងឺនេះម្នាក់នៅខេត្តបាត់ដំបង ដែលសុំមិនបញ្ចេញឈ្មោះបានរៀបរាប់ពីដំណើរទៅប្រទេស ម៉ាឡេស៊ី ថា ពួកគេបានចាកចេញទៅម៉ាឡេស៊ីនៅថ្ងៃទី ២៧ ខែកុម្ភៈ ហើយបានត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី ៣ ខែមីនា។ លោកថា ក្នុងពិធីបួងសួងនោះ ការជួបជុំត្រូវបានបែងចែកទៅតាមប្រទេសនីមួយៗ មិនមានការបួងសួងលាយឡំគ្នាទេ។
លោកបន្តថា៖ «ចំពោះការ-ហូបបាយ គឺយើងហូបបាយជុំគ្នាទាំងអស់ដោយមិនបែងចែកតាមប្រទេសទេ គឺគេបម្រើយើង យើងគ្រាន់តែអង្គុយគេលើកម្ហូបយកមក។ យើងអង្គុយជុំគ្នាទូទាំងពិភពលោកតែភាគច្រើន ខ្ញុំអង្គុយជាមួយគ្នាខ្ញុំដោយមានជនជាតិហ្វីលីពីន និងជនជាតិឥណ្ឌូនេស៊ីម្នាក់ ឬ ២ នាក់»។
លោកនិយាយថា លោកមិនអាចគិតឃើញថា តើលោកបានឆ្លងមេរោគនេះពេលណាទេ។ លោកបានត្រឡប់មកកម្ពុជានៅថ្ងៃទី ៣ ខែមីនា តាមយន្តហោះ ដោយចុះនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ពេលមកដល់ លោកត្រូវបានគេវាស់កម្តៅដែរ ប៉ុន្តែកម្តៅខ្លួនរបស់លោក មានសភាពធម្មតា។ បន្ទាប់ពីលោកបានទៅដល់ផ្ទះនៅខេត្តបាត់ដំបង ១ ថ្ងៃ លោកបានធ្វើដំណើរទៅខេត្តកំពង់ចាម ដើម្បីចូលរួមពិធីបុណ្យមួយ តែដោយសារពិធីបុណ្យត្រូវលុបចោល លោកក៏បានមកផ្ទះវិញ និងបានធ្វើដំណើរទៅកន្លែងផ្សេងទៀត។ នៅថ្ងៃទី ១៣ ខែមីនា សំណាករបស់លោកត្រូវបានយកទៅធ្វើតេស្តហើយលោកត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ១៤ ថ្ងៃ។
ខណៈពេលដែលករណីវិជ្ជមាន ត្រូវបានរកឃើញជាបន្តបន្ទាប់ក្រសួងសុខាភិបាលបានសម្រេចយកអតីតសណ្ឋាគារ Great Duke (អតីតសណ្ឋាគារអ៊ីនធើខុនធឺណិនថល) ធ្វើជាមន្ទីរពេទ្យសម្រាប់ពិនិត្យថែទាំ និងព្យាបាលអ្នកជំងឺកូវីដ ១៩។ នេះបើតាមសេចក្ដីប្រកាសចេញផ្សាយកាលពីម្សិលមិញ។
ក្រសួងក៏ស្នើឲ្យសាធារណជន រក្សាភាពនឹងនរក្នុងចិត្ត កុំមានការភ័យខ្លាច និងជឿទុកចិត្តលើវិធានការប្រយុទ្ធនឹងជំងឺកូវីដ ១៩ របស់រាជរដ្ឋាភិបាល។ «ដើម្បីបញ្ចៀសការចម្លងក្នុងសហគមន៍ជាយថាហេតុ រាជរដ្ឋាភិបាលបានឲ្យក្រសួងសុខាភិបាលសហការជាមួយកងកម្លាំងសុខាភិបាលនៃកងយោធពលខេមរភូមិន្ទរបស់ក្រសួងការពារជាតិ និងកងកម្លាំងសុខាភិបាលនៃនគរបាលជាតិរបស់ក្រសួងមហាផ្ទៃ ដើម្បីរួមគ្នាសហការប្រយុទ្ធនឹងកូវីដ ១៩ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់»។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃចន្ទក្រសួងសុខាភិបាលបញ្ជាក់ថា ក្រសួងបានត្រៀមរួចជាស្រេចហើយ នូវឧបករណ៍ សម្ភារបរិក្ខារធនធាន និងមធ្យោបាយ ដើម្បីឆ្លើយតបជាយថាហេតុចំពោះការរាតត្បាតនៃជំងឺនេះ។
កន្លងមកក្រសួងបានរៀបចំកន្លែងថែទាំ និងព្យាបាលអ្នកជំងឺនេះ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យកុមារជាតិមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ មន្ទីរពេទ្យជ័យវរ្ម័នទី ៧ សៀមរាប និងមន្ទីរពេទ្យខេត្តទាំង ២៤។
ក្រៅពីយកអតីតសណ្ឋាគារ Great Duke ជាទីតាំងថែទាំ និងព្យាបាល ក្រសួងក៏សម្រេចយកអតីតមណ្ឌលសុខភាពចាក់អង្រែ មានចំណុះ ១០០ គ្រែ ក្នុងសង្កាត់ចាក់អង្រែក្រោម ក្នុងខណ្ឌមានជ័យជាទីតាំងសម្រាប់ថែទាំ និងព្យាបាលផងដែរ។ ក្រសួងក៏ស្នើសុំកិច្ចសហការពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ គ្រូពេទ្យដែលស្ម័គ្រចិត្តអាចទាក់ទងក្រសួងហើយក្រសួងនឹងបណ្ដុះបណ្ដាលបន្ថែមនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ។ បើតាមក្រសួងសុខាភិបាល នាពេលបច្ចុប្បន្ននេះ ការស្នើសុំធ្វើតេស្តរកមេរោគនេះមានការកើនឡើងខ្លាំង។
ជាវិធានការក្នុងការប្រយុទ្ធនឹងជំងឺកូវីដ ១៩ នេះ ក្រសួងសុភិបាលក៏បានតម្រូវឲ្យគណៈអភិបាលរាជធានី-ខេត្តរៀបចំបង្កើតគណៈកម្មការប្រយុទ្ធនឹងកូវីដ ១៩ ដោយមានសមាសភាពមកពីស្ថាប័ន មន្ទីរពាក់ព័ន្ធជុំវិញខេត្ត ដោយអភិបាលខេត្តជាអ្នកទទួលបន្ទុក ធ្វើជាប្រធានផ្ទាល់នៃគណៈកម្មការនេះ។ ការបង្កើតគណៈកម្មការនៅថ្នាក់ខេត្តនេះ ធ្វើឡើងយោងតាមការសម្រេចរបស់រាជរដ្ឋាភិបាលដែលបានបង្កើតគណៈកម្មការអន្តរក្រសួងមួយ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ ១៩ ដោយគណៈកម្មការអន្តរក្រសួងនេះដឹកនាំដោយក្រសួងសុខាភិបាល និងមានសមាសភាពមកពីទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួង ១២ ផ្សេងទៀត និងអភិបាលនៃគណៈអភិបាលរាជធានីខេត្តទាំងអស់។
គណៈកម្មការអន្តរក្រសួងនេះ ប្រើកញ្ចប់ថវិកាជាតិ និងជំនួយផ្សេងៗពីដៃគូអភិវឌ្ឍន៍ និងសប្បុរសជន និងមានសិទ្ធិប្រើត្រារបស់ក្រសួងសុខាភិបាល។ តួនាទីរបស់អន្តរក្រសួងនេះរួមមាន រៀបចំផែនការឆ្លើយតបនឹងកូវីដ ១៩ ទៅតាមការវិវត្តនៃវីរុស អនុវត្តផែនការដាក់ចេញដោយរាជរដ្ឋាភិបាល តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តការប្រយុទ្ធនឹងជំងឺ លើកទិសដៅប្រតិបត្តិជាយថាហេតុ តាមស្ថានភាពជាក់ស្ដែង និងរាយការណ៍ជូនរាជរដ្ឋាភិបាល អំពីការវិវត្តនៃជំងឺនេះ។
ស្របពេលជាមួយគ្នានេះ វិធានការមួយទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគនេះ ក្រសួងសុខាភិបាលសម្រេច ពីម្សិលមិញឲ្យបិទ KTV និងរោងភាពយន្តនៅទូទាំងប្រទេស ដែលជាការសម្រេចចិត្តតាមអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ការសម្រេចនេះ ត្រូវអនុវត្តចាប់ពីថ្ងៃអង្គារម្សិលមិញ រហូតដល់ស្ថានភាពជំងឺនេះមានភាពធូរស្រាល៕