កំពង់ចាមៈ ក្រសួង​សុខាភិបាល​បានប្រកាស​នៅ​ថ្ងៃ​ម្សិលមិញ​ថា អ្នកដំណើរ​ទាំងអស់​ចំនួន​ ៦៤ ​នាក់​នៅលើ​នាវា​ទេសចរណ៍ Viking Cruise Journey គឺមាន​ចំនួន​កើនឡើង​រហូតដល់ ៣ ​នាក់​ហើយ​ដែល​ត្រូវបាន​ធ្វើតេស្ដ​វិជ្ជមាន​ជាមួយ​វីរុស​កូវីដ​ ១៩ ខណៈ​ចំនួន​ ៦១ ​ទៀត​បន្ត​ដាក់​ឱ្យនៅ​ដាច់ដោយឡែក​ដើម្បី​តាមដាន​សុខភាព​។

សេចក្ដី​ជូនដំណឹង​របស់​ក្រសួង​សុខាភិបាល​កាលពី​ថ្ងៃ​ម្សិលមិញ​បញ្ជាក់ថា ប្ដី​ប្រពន្ធ​ជនជាតិ​អង់គ្លេស​ចំនួន​ ២ ​នាក់​ដែល​ប្ដី​មាន​អាយុ​ ៧៣ ​ឆ្នាំ និង​ប្រពន្ធ​អាយុ ​៦៩ ​ឆ្នាំ​ត្រូវ​បាន​រកឃើញ​វិជ្ជមាន កូវីដ​ ១៩ កាលពី​យប់​ថ្ងៃទី​ ១១ ខែ​មីនា នៅក្នុង​ចំណោម​​អ្នកដំណើរ​ចំនួន​ ៥៩ ​នាក់​ដែល​ត្រូវបាន​យក​សំណាក​មក​ធ្វើតេស្ដ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​។

ប្ដី​ប្រពន្ធ​ ១ ​គូ​នេះ​កំពុង​ត្រូវ​បានដាក់​ឱ្យនៅ​ដាច់ដោយឡែក​ដើម្បី​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ខណៈ​ស្ដ្រី​ជនជាតិ​អង់គ្លេស​ដំបូង​គេ​នៅក្នុង​នាវា​ទេសចរណ៍ Viking Cruise Journey ដែល​អាយុ​ ៦៥ ​ឆ្នាំ​ត្រូវបាន​តេស្ដ​វិជ្ជមាន​កាលពី​ថ្ងៃទី​ ១០ ​មីនា​ត្រូវបាន​គេ​បញ្ជូនមក​សម្រាក​ព្យាបាល​នៅ​រាជធានី​ភ្នំពេញ តាម​ការស្នើសុំ​របស់​ស្ថានទូត​អង់គ្លេស​។

សេចក្ដី​ជូនដំណឹង​នេះ​បាន​សរសេរ​ថា​៖ «​ជា​សរុប​អ្នកដំណើរ​ជនជាតិ​​អង់គ្លេស វិជ្ជមាន​វីរុស​កូវីដ​ ១៩ គឺ​ចំនួន​ ៣ ​នាក់​ក្នុងចំណោម​អ្នកដំណើរ​ និង​អ្នក​បម្រើការ​នៅលើ​នាវា​ទាំងអស់​ចំនួន​ ៦៤ ​នាក់​»​។

នាវា​ទេសចរណ៍ Viking Cruise Journey ដែល​បាន​ធ្វើ​ដំណើរ​ចេញពី​ទីក្រុង​ហូជីមិញ​កាលពី​ថ្ងៃទី​ ៥ ខែមីនា និង​មក​ដល់​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃទី​ ៧ ​មីនា និង​បន្តដំណើរ​ទៅកាន់​ទីក្រុង​កំពង់ចាម​នៅ​ថ្ងៃទី​ ១០ ​មីនា​គឺ​មាន​​អ្នកដំណើរ​ ៣៤ ​នាក់ និង​អ្នកបម្រើការ​ ៣៤ ​នាក់ និង​មាន​ចំនួន​ ៧ ​សញ្ជាតិ រួមមាន អាមេរិកាំង​ ១៤ ​នាក់​ចក្រភព​អង់គ្លេស​ ១១ ​នាក់​កាណាដា​ ៤ ​នាក់ ហូឡង់​ ១ ​នាក់ ភូមា​ ១ ​នាក់ វៀតណាម​ ៧ ​នាក់ និង​កម្ពុជា​ចំនួន​ ២៤ ​នាក់​។

ក្រសួង​សុខាភិបាល​បន្ត​ស្រាវជ្រាវ​អ្នក​ដែល​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ជាមួយ​អ្នកដំណើរ​លើ​នាវា​នេះ​បន្ថែមទៀត​ទាំង​នៅ​រាជធានី​ភ្នំពេញ និង​ទីក្រុង​កំពង់ចាម បន្ទាប់ពី​បាន​រកឃើញ​ស្ដ្រី​ជា​អ្នកបកប្រែ​ម្នាក់​រួមទាំង​កូន និង​បុរស​បើក​រ៉ឺម៉ក​ម៉ូតូ​ចំនួន​ ២ ​នាក់​។ ប៉ុន្តែ​អ្នក​ប៉ះពាល់​ទាំងនោះ​បានធ្វើ​តេស្ដ​អវិជ្ជមាន និង​បាន​អនុញ្ញាតឱ្យ​ត្រឡប់​ទៅផ្ទះ​ដោយ​ត្រូវ​ស្ថិតក្រោម​ការតាមដាន​សុខភាព​ផ្ទាល់ខ្លួន​រយៈពេល​ ១៤ ​ថ្ងៃ​។ គិត​ចាប់តាំងពី​ខែកុម្ភៈ​មក​កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូវីដ​ ១៩ ​មាន​ចំនួន​ ៥ ​នាក់​គឺ​ជនជាតិ​ចិន​ម្នាក់​នៅ​ខេត្ត​​ព្រះសីហនុ និង​បុរស​ជនជាតិខ្មែរ​ម្នាក់​នៅ​ក្រុង​សៀមរាប​។

កាលពី​ថ្ងៃ​ម្សិលមិញ ភ្នំពេញ-ប៉ុស្ដិ៍​មិនទាន់​ទទួលបាន​ការឆ្លើយតប​ពី​លោកស្រី ឱ វណ្ណឌីន មន្ត្រី​នាំពាក្យ​ក្រសួង​សុខាភិបាល​នៅឡើយ​ទេ​៕