បាត់ដំបងៈ យោងតាមអ្នកជំនាញសុខាភិបាល បានឲ្យដឹងថា ខណៈដែលការឆ្លងមេរោគអេដស៍ ដល់ប្រជាជនច្រើននាក់នៅក្នុងឃុំរកាបន្តកើនឡើង មនុស្សជាច្រើននាក់ដែលឆ្លងមេរោគនេះ កំពុងមានសុខភាពធ្លាក់ដុនដាបយ៉ាងឆាប់រហ័ស ចាប់តាំងពីគេរកឃើញមានការឆ្លងមេរោគនេះដំបូង នៅដើមខែធ្នូ។
លោកវេជ្ជបណ្ឌិត លី ពេញស៊ុន អនុប្រធាន NCHADS បានថ្លែងថា៖ «ស្ថានភាពនេះកំពុងតែដុនដាបជាងមុន។ មានអ្នកជំងឺមួយចំនួនដែលពិតជាមានប្រព័ន្ធស៊ាំចុះខ្សោយ ហើយកាន់តែងាយរងនឹងជំងឺ»។
ដោយសារតែមួយភាគ ស្ថានភាពសុខភាពរបស់អ្នកភូមិកាន់តែយ៉ាប់យ៉ឺន និងមានចំនួនឆ្លងជំងឺផ្សេងទៀត WHO និង NCHADS ជឿជាក់ថា ការឆ្លងជំងឺនេះ ដោយសារតែការចាក់ថ្នាំដោយគ្រូពេទ្យដែលគ្មានអាជ្ញាប័ណ្ណ បានចាប់ផ្តើមយូរមុនពេលរកឃើញទៅទៀត។
លោក វេជ្ជបណ្ឌិត Masami Fujita មេដឹកនាំក្រុមការងារអង្គការសុខភាពពិភពលោក ផ្នែកមេរោគអេដស៍ បានថ្លែងថា៖ «ដោយសារប្រព័ន្ធស៊ាំមានកម្រិតផ្សេងៗ ក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍អ្វីដែលយើងទទួលបានគឺថា ការឆ្លងមេរោគនេះបានរីករាលដាល តាំងពីមុនដើមខែធ្នូទៅទៀត»។
បច្ចុប្បន្ននេះ អង្គការសុខភាពពិភពលោក បានធ្វើការពិនិត្យកាន់តែទំនើបបន្ថែមទៀត ដើម្បីកំណត់នូវពេលវេលាដែលមេរោគនេះចាប់ផ្តើមរីករាលដាល។
រយៈពេលពីរសប្តាហ៍ចុងក្រោយនេះ អ្នកភូមិផ្ទុកមេរោគអេដស៍ចំនួនពីរនាក់ ពីឃុំរកា ក្នុងនោះគឺកូនង៉ែតស្រីម្នាក់ និងស្ត្រីវ័យចំណាស់ម្នាក់បានស្លាប់នៅក្នុងមន្ទីរពេទ្យ។ នេះបើយោងតាមសាច់ញាតិនិងមន្រ្តី។
ស្ត្រីអាយុ ៧៣ ឆ្នាំត្រូវបានរកឃើញមានជំងឺរបេង ដែលជាមូលហេតុ នាំមុខនៃការស្លាប់នៅទូទាំងពិភពលោក ចំពោះមនុស្សផ្ទុកមេរោគអេដស៍។
ទារកអាយុ ៦ ខែម្នាក់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ បើយោងតាមម្តាយរបស់នាង ដែលមានផ្ទុកមេរោគអេដស៍ផងដែរ។
ម្តាយឈ្មោះ ចាន់ ចឿប បានថ្លែងថា៖ «យើងបានចាប់ផ្តើមប្រើថ្នាំពន្យារជីវិត ប៉ុន្តែកូនស្រីរបស់ខ្ញុំ មិនអាចទ្រាំទ្រនឹងការព្យាបាល ដូច្នេះនាងត្រូវសម្រាក នៅក្នុងមន្ទីរពេទ្យខេត្តរយៈពេលមួយសប្តាហ៍ បន្ទាប់មកត្រូវបានផ្ទេរទៅមន្ទីរពេទ្យគន្ធបុប្ផានៅសៀមរាប... ហើយបីថ្ងៃក្រោយ មកនាងបានស្លាប់»។
លោក Fujita បានបញ្ជាក់ថា៖ «អ្នកផ្ទុកមេរោគអេដស៍មានប្រព័ន្ធស៊ាំចុះខ្សោយដែលពួកគេងាយរងនឹងជំងឺផ្សេងទៀត»។
ជំទប់ទី១ ឃុំរកា លោក សឿម ឆោម បានប៉ាន់ប្រមាណថា ជិតមួយភាគបីនៃអ្នកដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានផ្ទុកមេរោគអេដស៍ ឥឡូវនេះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ជាតួលេខដែលជំទាស់ដោយអាជ្ញាធរសុខភាពរបស់រដ្ឋាភិបាល។
លោក សឿម ឆោម ដែល រួមទាំងប្រពន្ធរបស់លោកត្រូវរកឃើញមានមេរោគអេដស៍នោះ បានថ្លែងថា៖ «ប្រជាជនទាំងនេះមានជំងឺរាងកាយដទៃទៀតដូចជា របេង សួត ថ្លើម និងជំងឺបេះដូង»។
បើទោះបីជាមានករណីកាន់តែធ្ងន់ធ្ងរក៏ដោយ ក៏ប៉ុន្តែរដ្ឋាភិបាលកំពុងផ្តល់ការព្យាបាល ប្រឆាំងមេរោគដោយឥតគិតថ្លៃតែចំពោះអ្នកដែលមេរោគអេដស៍បានរីកចម្រើនទៅសម្លាប់កោសិកាឈាមស CD4 ច្រើនប៉ុណ្ណោះ ។ អ្នកសុខភាពល្អមានកោសិកា CD4 ពី ៦០០ ទៅ ១២០០ ។
លោកវេជ្ជបណ្ឌិត ពេញស៊ុននៃអង្គការ NCHADS បានថ្លែងថា៖«នៅពេលដែលពួកគេមានចំនួន CD4 ត្រឹម៣៥០ ឬទាបជាងនេះ ពួកគេមានសិទ្ធិទទួលបានការព្យាបាល»។
យោងតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថា ស្ដង់ដារអន្ដរជាតិសម្រាប់ការព្យាបាលគឺកោសិកា CD4 ចំនួន ៥០០ ដើម្បីបញ្ឈប់មេរោគនេះកុំឲ្យឈានដល់ដំណាក់កាលសម្លាប់ជីវិត។
លោកវេជ្ជបណ្ឌិត ពេញស៊ុន បញ្ជាក់ថា៖ «នេះគឺជាស្តង់ដារជាតិរបស់យើង។ ប្រសិនបើពួកគេមានកោសិកាចំនួន CD4 ខ្ពស់ជាងនេះ ពួកគេនៅតែមានសុខភាពល្អ និងមិនត្រូវការ ការព្យាបាលទេ»។
NCHAD បានឲ្យដឹងថា គិតមកដល់ថ្ងៃទី ៣១ ខែមករា មនុស្សចំនួន ២៣៤ នាក់ ត្រូវបានប្រកាសថា មានផ្ទុកមេរោគអេដស៍នៅក្នុងឃុំរកា ប៉ុន្តែមានមនុស្សតែ១៧៩ នាក់ ក្នុងនោះកុមារ ២៨ នាក់បានទទួលថ្នាំព្យាបាលពន្យារជីវិត។ NCHADS បានបន្ថែមថា មនុស្សប្រហែល ៤០ ភាគរយ នៃអ្នកផ្ទុកមេរោគអេដស៍បច្ចុប្បន្នមិនមានសិទិ្ធទទួលបានការព្យាបាលទេ។
កម្មវិធីជាតិ ក៏បានបញ្ឈប់ការព្យាបាលអ្នកជំងឺវ័យចំណាស់ដែលមិនអាចទ្រាំទ្រនឹងផលរំខាននៃការព្យាបាល។
លោក Fujita បានថ្លែងថា៖ «នេះជារឿងចម្លែក ព្រោះពិធីសារធម្មតាកំណត់ថា មនុស្សវ័យចំណាស់ ត្រូវការការយកចិត្តទុកដាក់បន្ថែមទៀតក្នុងអំឡុងពេលព្យាបាលពន្យារអាយុជីវិត លើកលែងតែពួកគេមានជំងឺផ្សេងទៀតធ្ងន់ធ្ងរ»។
អង្គការក្រៅរដ្ឋាភិបាលដែលធ្វើសកម្មភាពនៅភូមិរកា បានឲ្យដឹងថា ទោះជាយ៉ាងណា កាន់តែបន្ទាន់ជាងថ្នាំទៅទៀតនោះ គឺអ្នកភូមិត្រូវការម្ហូបអាហារ និងជំនួយហិរញ្ញវត្ថុ។
លោក ពេញស៊ុន បានថ្លែងថា បច្ចុប្បន្នគ្មានផែនការផ្តល់ជំនួយហិរញ្ញវត្ថុដល់អ្នកភូមិក្នុងឃុំរកាទេក្រៅពីការបង់ចំណាយដឹកជញ្ជូនទៅមន្ទីរពេទ្យ។
លោក អ៊ុំ សុភាព ប្រធានអង្គការខាណា បានថ្លែងថា៖ «ទិដ្ឋភាពមិនមែនជាបញ្ហាសុខភាពតែមួយមុខដោយសារជំងឺនេះទេ គឺបញ្ហាសេដ្ឋកិច្ច នៃសេចក្តីត្រូវការប្រចាំថ្ងៃមិនត្រូវបានដោះស្រាយទេ»។
លោកបានបន្តថា មនុស្សជាងពាក់កណ្តាលដែលរស់នៅក្នុងឃុំនេះ រកបានប្រាក់ក្រោម ១ ដុល្លារក្នុងមួយថ្ងៃមុនពេលកើតមានករណីឆ្លងជំងឺនេះ។
លោកសុភាព បានចោទសួរថា៖ «គ្រួសារទាំងមូល មានជំងឺនេះ ហើយគ្មានលទ្ធភាពរកប្រាក់ចំណូលទេ ឥឡូវនេះ។ តើគេអាចចិញ្ចឹមគ្រួសារបានដោយរបៀបណា?»៕ TK