កំពង់ស្ពឺៈ មន្ត្រីអនុរក្សពន្ធនាគារខេត្តកំពង់ស្ពឺ ពីររូប រងការចោទថាបានទិញទូរស័ព្ទដៃជាច្រើនគ្រឿងលក់ទៅឲ្យជនជាប់ឃុំប្រើប្រាស់ដើម្បីតេសុំលុយពីក្រុមគ្រួសារ និងទិញគ្រឿងញៀនប្រើប្រាស់។
ប្រភពពីមន្ត្រីធ្វើការក្នុងពន្ធនាគារខេត្តកំពង់ស្ពឺបានឲ្យដឹងថា មន្ត្រីអនុរក្សទាំងពីររូបនោះគឺមានលោក ដោក សារឿន ប្រធានការិយាល័យប្រតិបត្តិ និងលោក ចាន់ វន ប្រធានផ្នែកអប់រំកែប្រែស្តារនីតិសម្បទា ហើយភាពមិនប្រក្រតីនៃការលក់ទូរស័ព្ទទៅឲ្យអ្នកជាប់ឃុំ និងការបណ្តោយឲ្យមានការប្រើប្រាស់គ្រឿងញៀននេះគឺទើបតែត្រូវបានលាតត្រដាងថ្មីៗនេះបន្ទាប់ពីប៉ុន្មានថ្ងៃមុននេះប្រធានពន្ធនាគារបានដាក់បញ្ជាឲ្យមន្ត្រីអនុរក្សផ្សេងទៀតដើរប្រមូលយកខ្នើយ មុង និងភួយរបស់អ្នកទោសមកឆែកឆេរ។
ប្រភពឲ្យដឹងថា៖ «រឿងទូរស័ព្ទដែលជនជាប់ឃុំប្រើនេះ គឺមានយូរមកហើយគ្រាន់តែមិនត្រូវបានរកឃើញច្រើនដូចពេលនេះ ពីមុនគឺមានមួយៗទេតែការឆែកឆេរក្រោយនេះគឺរកឃើញជាង ៣០ គ្រឿង»។
ប្រភពមន្ត្រីដដែលនេះបានបន្តថាតាមរយៈចម្លើយសារភាពរបស់ជនជាប់ឃុំ គឺពួកគេបានទិញទូរស័ព្ទនោះពីមន្ត្រីអនុរក្សក្នុងតម្លៃ ៤០ ម៉ឺនរៀលក្នុងមួយគ្រឿងដើម្បីទុកតេទៅកាន់ក្រុមគ្រួសារ និងមិត្តភក្តិដើម្បីសុំលុយទុកចាយក្នុងពន្ធនាគារ។
ប្រភពថា៖ «អ្នកជាប់ឃុំខ្លះគាត់មិនចូលចិត្តរបបបាយដែលត្រូវបានផ្តល់ឲ្យទើបគាត់ត្រូវការលុយដើម្បីទិញម្ហូបឆ្ងាញ់ហើយក៏មានករណីខ្លះជនជាប់ឃុំបានប្រើប្រាស់គ្រឿងញៀនក្នុងពន្ធនាគារផងដែរ តែមិនត្រូវបានហាមឃាត់ដោយសារពួកគេបានចំណាយប្រាក់»។
បើតាមប្រភពដដែលមន្ត្រីក្នុងពន្ធនាគារខេត្តកំពង់ស្ពឺស្ទើរទាំងអស់សុទ្ធតែបានដឹងឮពីរឿងនេះ តែមិនត្រូវបានអនុញ្ញាតឲ្យនិយាយជាចំហនោះទេ ហើយបច្ចុប្បន្ននេះលោក ដោក សារឿន និងលោក ចាន់ វន ត្រូវបានប្រធានពន្ធនាគារ លោក កាក់ សាវ៉ុន តម្រូវឲ្យផ្អាកពីការងារមួយរយៈដើម្បីរៀបចំសណ្តាប់ធ្នាប់ និងបង្ការនូវភាពមិនប្រក្រតីទាំងនេះ។
តបនឹងការចោទប្រកាន់នេះ លោក ដោក សារឿន បានអះអាងថា លោក បានសុំសម្រាកពីការងាររយៈពេល ២ ខែ ដើម្បីព្យាបាលសុខភាពក្រោយរងគ្រោះថ្នាក់ចរាចរណ៍មួយមិនមែនត្រូវបានតម្រូវឲ្យផ្អាកពីការងារនោះទេ។
លោកថ្លែងថា៖ «បច្ចុប្បន្ន ខ្ញុំមានជំងឺមិនអាចធ្វើការបាននោះទេ។ ការចោទនោះ គឺជាការបង្ខូចឈ្មោះរបស់ខ្ញុំតែប៉ុណ្ណោះ ខ្ញុំស្មោះត្រង់នឹងការងារណាស់ ខ្ញុំមិនហ៊ានធ្វើបែបនោះទេ ខ្ញុំធ្លាប់ជាអ្នកសរសេររបាយការណ៍ចម្លើយរបស់អ្នកជាប់ឃុំទាំងនោះ ម៉េចក៏ពួកគេមកឆ្លើយដាក់ខ្ញុំអ៊ីចឹង បើលោក ចាន់ វន គឺពិតប្រាកដណាស់ អ្នករាល់គ្នាសុទ្ធតែដឹងថាគាត់ហ៊ានធ្វើបែបនោះ»។
លោក ចាន់ វន ប្រធានផ្នែកអប់រំកែប្រែស្តារនីតិសម្បទា និងប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ លោក កាក់ សាវ៉ុន មិនអាចទាក់ទងសុំការឆ្លើយតបបានទេកាលពីម្សិលមិញនេះ៕