ភ្នំពេញៈ បន្ទាប់ពីរយៈពេលជិតមួយឆ្នាំការផ្គត់ផ្គង់ទឹកនៅពន្ធនាគារព្រៃសនៅទីបំផុតត្រូវបានស្តារដូចដើមឡើងវិញប៉ុន្តែអ្នកជាប់ឃុំនៅតែត្រូវបានបង្ខំឲ្យបង់ប្រាក់សម្រាប់ការប្រើប្រាស់ទឹកនោះ។ នេះបើតាមអ្នកជាប់ឃុំ និងអ្នកធ្វើការនៅទីនោះ។
ប្រព័ន្ធទឹកត្រូវបានកាត់ផ្តាច់កាលពីឆ្នាំមុនដោយសារតែការសាងសង់ផ្លូវនៅខាងក្រៅពន្ធនាគារនេះ។
ភ្នំពេញ ប៉ុស្តិ៍ បានរាយការណ៍ កាលពីខែធ្នូថា ឆ្មាំពន្ធនាគារនៅពេលនោះបានចាប់ផ្តើមលក់ទឹកជាធុងៗក្នុងតម្លៃថ្លៃខណៈមានការកើនឡើងនូវបញ្ហាជំងឺ និងការវ៉ៃដំ។ ប៉ុន្តែបើទោះបីជា ការផ្គត់ផ្គង់ទឹកត្រូវបានស្តារឡើងវិញនាសប្តាហ៍ថ្មីៗនេះក៏ដោយក៏បុគ្គលិក និងអ្នកជាប់ឃុំនៅពន្ធនាគារព្រៃសបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីសប្តាហ៍មុនថាស្ថានភាពមិនទាន់ប្រសើរនៅឡើយទេ។
ឆ្មាំពន្ធនាគារម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានថ្លែងថារហូតមកត្រឹមខែមុន «ឡានដឹកទឹកចំនួនបីបានផ្គត់ផ្គង់ទឹកដល់ពន្ធនាគារជារៀងរាល់ថ្ងៃ។ ប៉ុន្តែវាថ្លៃណាស់ដូច្នេះមានតែអ្នកទោសដែលមានលុយប៉ុណ្ណោះដែលអាចទិញបានចំណែកអ្នកក្រអត់លុយត្រូវតែប្រើទឹកស្តុកដែលធំក្លិនស្អុយមុជទៅធ្វើឲ្យកើតរមាស់»។
បើទោះបីជាឥឡូវនេះមានការផ្គត់ផ្គង់ទឹកដូចដើមឡើងវិញក្តីក៏ឆ្មាំពន្ធនាគារបានថ្លែងថាមន្រ្តីពន្ធនាគារនៅតែមានចេតនាផ្តល់ទឹកមិនគ្រប់គ្រាន់ដល់អ្នកជាប់ឃុំ។
លោកបានថ្លែងថា៖ «អ្នកជាប់ឃុំបានចូលលុយគ្នាទិញទឹកពីព្រោះទឹកដែលផ្តល់ឲ្យដោយពន្ធនាគារគឺមិនគ្រាប់គ្រាន់»។ ឆ្មាំពន្ធនាគាររូបនេះបានបន្ថែមទៀតថាទឹកក្នុងពន្ធនាគារគឺមានតម្លៃ ៥ ដង ថ្លៃជាងតម្លៃទឹកដែលដាក់លក់ធម្មតា។
លោកបន្តថា៖ «អ្នកទោសត្រូវតែមានលុយពីព្រោះនៅក្នុងពន្ធនាគារពួកគេត្រូវតែទិញអ្វីៗគ្រប់យ៉ាង»។
«ប្រសិនបើពួកគេមិនមានលុយវាលំបាកណាស់សម្រាប់ពួកគេពួកគេមិនអាចមានអាហារ និងទឹកគ្រប់គ្រាន់ទេ»។
អ្នកទោសម្នាក់ដែលសុំមិនបញ្ចេញឈ្មោះក៏បានថ្លែងដូចនឹងការនិយាយរបស់ឆ្មាំពន្ធនាគារនេះដែរថាស្ថានភាពពិតជាកាន់តែអាក្រក់ទៅៗចាប់តាំងពីមានការផ្គត់ផ្គង់ទឹកឡើងវិញ។
លោកបញ្ជាក់ថា៖ «ម៉ាស៊ីនស្នប់បូមទឹកត្រូវបានបើកជិត ២០ នាទីក្នុងមួយថ្ងៃដូច្នេះយើងទទួលបានទឹកតិចជាងមុន។ ទឹកតិចណាស់ដែលខ្ញុំត្រូវតែចំណាយលុយបន្ថែមដើម្បីទិញទឹកផឹក»។
លោកស្រី Naly Pilorge នាយិកាអង្គការសិទ្ធិមនុស្សលីកាដូបានថ្លែងថាទឹកស្អាតគឺជា «សិទ្ធិមូលដ្ឋានសម្រាប់អ្នកទោសទាំងអស់» ដែលត្រូវតែទទួលបាន។
លោកស្រីបន្តថា៖ «រាល់ពន្ធនាគារទាំងអស់ត្រូវតែទទួលខុសត្រូវចំពោះសុខភាពអ្នកទោសដែលជាប់នៅក្នុងពន្ធនាគាររបស់ខ្លួនហើយពន្ធនាគារនឹងមិនអាចបំពេញកាតព្វកិច្ចនៃការគាំពារសុខភាពអ្នកទោសបានទេប្រសិនបើអ្នកទោសមិនទទួលបានសេវានោះដោយមិនគិតថ្លៃរួមទាំងទឹកស្អាត ទឹកផឹក និងអនាម័យ»។
លោក ស៊ន កែវ អ្នកនាំពាក្យសម្រាប់អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃបានបញ្ជាក់ថាការផ្គត់ផ្គង់ទឹករបស់ពន្ធនាគារព្រៃសគឺត្រូវបានស្តារដូចដើមឡើងវិញប៉ុន្តែលោកបានបដិសេធមិននិយាយអំពីបញ្ហាយកលុយប្រើប្រាស់ទឹកពីអ្នកទោសទេ។
លោកបានថ្លែងថា៖ «ខ្ញុំមិនដឹងច្រើនអំពីបញ្ហានោះទេប៉ុន្តែយើងតែងតែផ្តល់ទឹកដល់ពួកគេ»។
លោក ស៊ុន លាន ប្រធានមណ្ឌលកែប្រែ ១ នៃពន្ធនាគារព្រៃសមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ៕ PS