ភ្នំពេញៈ បេក្ខជនជាប់បាក់ឌុប ឆ្នាំ ២០១៥ និទ្ទេសA សរុប ១០៨ នាក់នៅព្រឹកថ្ងៃនេះ នឹងត្រូវជួបសំណេះសំណាល ដើម្បីទទួលការលើកទឹកចិត្តពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈបេក្ខជនធ្លាក់បាក់ឌុបមួយចំនួន កាលពីម្សិលមិញ បានដាក់ពាក្យស្នើសុំពិនិត្យកំណែឡើងវិញដោយសង្ស័យពីភាពមិនប្រក្រតីនៃកំណែវិញ្ញាសារបស់ខ្លួន។
ក្នុងចំណោមបេក្ខជនទទួលបាននិទ្ទេស A ចំនួន ១០៨ នាក់ ដែលក្រសួងអប់រំ បានប្រកាសផ្សាយមានមកពីរាជធានីភ្នំពេញ ៤៨ នាក់ សៀមរាប ១៨ នាក់ បាត់ដំបង ១៧ នាក់ ត្បូងឃ្មុំ ៦នាក់ តាកែវ ៦ នាក់ កណ្តាល ៥ នាក់ កំពង់ចាម ៥ នាក់ កំពត ៥ នាក់ ព្រះវិហារ ២ នាក់ កំពង់ធំ ២ នាក់ បន្ទាយមានជ័យ ២ នាក់ ក្រចេះ ២ នាក់ ព្រះសីហនុ ២ នាក់ កំពង់ស្ពឺ ១នាក់ ស្វាយរៀង ១ នាក់ និងនៅប៉ៃលិន ១ នាក់។
មិនខុសពីឆ្នាំមុន រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន បានឲ្យដឹងថា នៅឆ្នាំ ២០១៥ នេះ បេក្ខជននិទ្ទេស A ទាំង ១០៨ រូបនឹងចូលជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមការរៀបចំម៉ោង ៩ ព្រឹកនៅវិមានសន្តិភាព។
លោកថា៖ «សម្រាប់ការលើកទឹកចិត្តរបស់សម្តេចនាយករដ្ឋមន្ត្រី (ហ៊ុន សែន) ថានឹងឲ្យអ្វីខ្លះនោះគឺយើងអត់ទាន់ដឹងនោះទេ ទាល់តែជួបសំណេះសំណាលសិន»។
កាលពីឆ្នាំ ២០១៤ ខណៈដែល សិស្សនិទ្ទេស A មានត្រឹមតែចំនួន ១១ នាក់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់ការលើកទឹកចិត្តដោយក្នុងម្នាក់ៗ ទទួលបានកុំព្យូទ័រយួរដៃមួយគ្រឿង IPAD មួយគ្រឿង ម៉ូតូមួយគ្រឿង និងប្រាក់ ១ ២៥០ ដុល្លារ ព្រមទាំងការផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រផងដែរ។
ទន្ទឹមនឹងការរង់ចាំជួបសំណេះសំណាលជាមួយលោកនាយករដ្ឋមន្ត្រី នៅថ្ងៃអង្គារនេះ កាលពីម្សិលមិញ ក្រុមសិស្សនិទ្ទេស A ទាំង ១០៨ នាក់ ក៏បានជួបប្រជុំគ្នាជាលើកដំបូង តាមការរៀបចំរបស់សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ក្នុងគោលដៅបង្ហាញមុខ ស្គាល់គ្នាទៅវិញទៅមក និងដើម្បីអនុញ្ញាតឲ្យពួកគេបានស្វែងយល់ពីអាហារូបករណ៍ចំនួន ១២០ កន្លែង ដែលសាកលវិទ្យាល័យស្តង់ដារអាមេរិកមួយនេះមាន សម្រាប់ផ្ដល់ឲ្យសិស្សប្រឡងជាប់ឆ្នាំ ២០១៥។ នេះបើតាមទីប្រឹក្សាសាកលវិទ្យាល័យ AUPP លោក ពុយ គា។
លោក ពុយ គា ថា៖ «តាមលទ្ធផលនៃកំណែទម្រង់ប្រឡងបាក់ឌុបឆ្នាំ ២០១៥ ដែលមានសិស្សជាប់និទ្ទេស A និង B ច្រើនខុសពីឆ្នាំមុន អ៊ីចឹងសាកលវិទ្យាល័យនេះ បានសម្រេចប្រកាសផ្តល់អាហារូបករណ៍ចំនួន ១២០ កន្លែង ប៉ុន្តែមិនមែនមានន័យថា ពួកគេសុទ្ធតែបានទេ ព្រោះរៀនត្រូវការភាសា អ៊ីចឹងហើយគឺពួកគេត្រូវប្រឡងភាសា ដើម្បីអាចចូលរៀនបាន ហើយកត្តាជីវភាពក៏នឹងត្រូវពិចារណាដែរ»។
ជាការកត់សម្គាល់ ក្រោយក្រសួង ប្រកាសឲ្យមានការដាក់ពាក្យប្តឹងស្នើសុំពិនិត្យវិញ្ញាសាឡើងវិញ កាលពីម្សិលមិញ បេក្ខជនប្រឡងធ្លាក់ខ្លះ ក៏បានយកពាក្យទៅស្នើសុំដល់ក្រសួង និងខ្លះទៀតទៅសួរនាំពីនីតិវិធីនៃការដាក់ពាក្យសុំ។
ម្នាក់ក្នុងចំណោមអ្នកដែលបានដាក់ពាក្យស្នើសុំការពិនិត្យសំណេរកិច្ចការប្រឡងឡើងវិញ បេក្ខជន លី ម៉ាឡា សិស្សវិទ្យាល័យព្រះសីហនុ មកពីខេត្តកំពង់ចាម បានឲ្យដឹងថា រូបគេ បានខិតខំរៀន និង បំពេញចម្លើយបានច្រើនក្នុងសន្លឹកកិច្ចការ ហើយក្រោយពេលប្រឡងក៏បានផ្ទៀងផ្ទាត់ចម្លើយជាមួយមិត្តភក្តិរបស់ខ្លួនដែលប្រហាក់ប្រហែលគ្នា ប៉ុន្តែមិត្តភក្តិរបស់គេ បានជាប់ទទួលនិទ្ទេស B ចំណែកម៉ាឡា បែរជាធ្លាក់ទៅវិញ។
ម៉ាឡាថា៖«ការផ្ទៀងផ្ទាត់ក្រោយពេលប្រឡងក្នុងម៉ោងនីមួយៗ គឺចម្លើយយើងដូចគ្នាខ្លះ ប្រហាក់ប្រហែលគ្នាខ្លះ ខ្ញុំគិតថា មិនអាចគម្លាតឆ្ងាយដល់ថ្នាក់គេបាន B ខ្ញុំធ្លាក់នោះទេ ខ្ញុំសង្ឃឹមថា ក្រសួងនឹងពិនិត្យមើលឡើងវិញ»។
ក្នុងពាក្យស្នើសុំរបស់ ម៉ាឡា ចុះថ្ងៃទី ១៤ ខែ កញ្ញា បានសុំតវ៉ាពិនិត្យឡើងវិញនូវកិច្ចការមុខវិជ្ជា គណិតវិទ្យា រូបវិទ្យា និងប្រវត្តិវិទ្យា ដោយអះអាងថា ខ្លួនបានធ្វើត្រូវ តែបែរជាធ្លាក់។
ម៉ាឡា បានឲ្យដឹងដែរថា ស្រប ពេលដែលគេចូលដាក់ពាក្យសុំនោះ ក៏មានបេក្ខជនពី ៤ ទៅ ៥ នាក់ផ្សេងទៀត បានដាក់ដូចគេដែរ។
បេក្ខជនម្នាក់ទៀត មួង សុមិនា សិស្សវិទ្យាល័យជាស៊ីម សាមគ្គី បានរៀបរាប់ពីផលវិបាកក្នុងការដាក់ពាក្យស្នើសុំ ដោយសារក្រសួងមិនបានប្រកាសជាក់លាក់ពីនីតិវិធី និងទីតាំងនៃការដាក់ពាក្យស្នើសុំឡើយ។
សុមិនា ថា៖ «ខ្ញុំមិនជឿថា មុខវិជ្ជាភាសាខ្មែរ និងអង់គ្លេសខ្ញុំធ្លាក់បែបនេះទេ ខ្ញុំគិតថា អាចកែច្រឡំ ឬខុស តែពេលខ្ញុំទៅសួរនាំគេនៅក្រសួងអប់រំ បែរជាគេដេញពីនេះ ទៅនោះ មិនមានណែនាំច្បាស់លាស់នោះទេ»។
តបនឹងរឿងនេះ លោក ហង់ ជួនណារ៉ុន បានអះអាងថា ការស្នើសុំពិនិត្យកំណែវិញ្ញាសា បេក្ខជនត្រូវមានភ័ស្តុតាងជាក់លាក់ ដូចជា លិខិត បញ្ជាក់ពីគ្រូទទួលបន្ទុកថា្នក់ជុំវិញការសិក្សារបស់បេក្ខជននោះ ការភ្ជាប់មកនូវពិន្ទុប្រឡងប្រចាំឆមាស ដើម្បីជាមូលដ្ឋានក្នុងការពិនិត្យឡើងវិញ។
លោកថា៖ «យើងជឿថា ការកែរបស់គ្រូកំណែគឺមានភាពសុក្រឹត ហើយកុំព្យូទ័រជាអ្នកចាត់ថ្នាក់ គឺមិនខុសឡើយ តែយើងនៅតែស្វាគមន៍សម្រាប់អ្នកមិនសុខចិត្តឲ្យដាក់ពាក្យប្តឹង ដើម្បីឲ្យបានអស់ចិត្ត ហើយទីតាំងគឺនៅក្រសួង ឬមកជួបខ្ញុំតែម្តង»៕