ភ្នំពេញ​៖​ក្រសួង​សុខាភិបាល ​នៅ​ថ្ងៃ​ទី ៨ ​ខែ​មិថុនា ឆ្នាំ ២០២០​ បានប្រកាស​ពីការ​ជា​សះស្បើយ ​ពី​ជំងឺ​កូ​វីដ​ ១៩ ​ម្នាក់​ទៀត ដែល​ធ្វើឱ្យ​ចំនួន​អ្នកជា​សះស្បើយ​កើន​ដល់​ ១២៤​ នាក់ ក្នុងចំណោម​អ្នកជំងឺ​ទាំងអស់​ចំនួន​ ១២៦​ នាក់​។ អ្នកជា​សះស្បើយ​នេះ គឺជា​បុរស​ជនជាតិខ្មែរ​អាយុ​២៦​ឆ្នាំ ដែល​បាន​រកឃើញ​ឆ្លង​ជំងឺ​កូ​វីដ ​១៩​ កាលពី​ថ្ងៃទី​ ២៩ ​ខែ​ឧសភា បន្ទាប់​ពី​វិលត្រឡប់​មកពី​ប្រទេស​ថៃ​។​

​បុរស​ដែលជា​សះស្បើយ​នេះ គឺ​ត្រូវបាន​អនុញ្ញាតឱ្យ​ចាក​ចេញពី​មន្ទីរពេទ្យ​កម្ពុជា​-​ជប៉ុន​ មង្គល​បូរី​នៅ​ខេត្ត​បន្ទាយមានជ័យ បន្ទាប់​​ពី​ត្រូវបាន​ធ្វើតេស្ដ​ចំនួន​ ២ ​លើក​ ទទួលបាន​លទ្ធផល​អវិជ្ជមាន​វីរុស​កូ​វីដ​ ១៩​។​

​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា​៖ «​ចំពោះ​អ្នកជំងឺ​ដែល​នៅ​សេសសល់​ ២​នាក់​ទៀត គឺ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្ត​ភាពខ្មែរ​-​សូ​វៀត ដែលជា​បុរស​ជនជាតិខ្មែរ​ ដែល​បាន​ឆ្លង​ជំងឺ​កូ​វីដ​ ១៩ បន្ទាប់ពី​វិល​ត្រឡប់​ពី​ប្រទេស​ហ្វីលី​ពីន និង​បុរស​ជនជាតិខ្មែរ​-​បារាំង ដែល​ទើប​វិលត្រឡប់​ពី​ប្រទេស​បារាំង​»​។

​អ្នកជំងឺ​ជាសះស្បើយ​លើក​ទី​ ១២៤​ នេះ គឺមាន​ទីលំនៅ​នៅ​ភូមិរ​កាពរ​ ៥ ឃុំរ​កាពរ​ ៥ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ហើយ​ត្រូវបាន​ក្រសួងសុខាភិបាល ​ប្រកាសថា ​ឆ្លង​ជំងឺ​កូ​វីដ​ ១៩​ នៅ​ថ្ងៃទី​ ២៩ ​ឧសភា គឺ​បន្ទាប់ពី​គាត់​បាន​ទៅ​ចូលរួម​នៅក្នុង​កម្មវិធីសិក្សា​​តាម​បែប​សាសនា​មួយ​ នៅក្នុង​ប្រទេស​ថៃ ហើយ​បាន​វិលត្រឡប់​មកដល់​កម្ពុជា​វិញ​ នៅ​ថ្ងៃទី​ ២៨ ​ខែឧសភា​។​

​បុរស​រូបនេះ គឺ​បានធ្វើ​ដំណើរ​តាម​រថយន្ត​ទេសចរណ៍​មួយគ្រឿង​ ចេញពី​ប្រទេស​ថៃ ជាមួយ​បុរស​ជន​ជាតិ​ខ្មែរ​ចំនួន​ ៩ នាក់ទៀត ហើយ​បន្ទាប់ពី​មកដល់​​​ចំណុច​ព្រំដែនច្រក​​អូ​រប​ីជាន់ ត្រូវ​បាន​​អាជ្ញាធរ​ឃាត់​ដើម្បី​យក​សំណាក​មក​ធ្វើតេស្ដ​ នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ ដោយ​ម្នាក់​ទទួលលទ្ធផល​​វិជ្ជ​មាន និង​ ៩​ នាក់​ទៀត​អវិជ្ជមាន​ត្រូវបញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​ នៅ​ខេត្តបន្ទាយមានជ័យ​។​

​នៅ​ថ្ងៃ​ទី ៨​ ខែ​មិថុនា​ ភ្នំពេញ​ ប៉ុស្ដិ៍​ មិនអាច​សុំ​ការបញ្ជាក់​បន្ថែម​ពី​លោកស្រី ឱ វណ្ណឌី​ន អ្នក​​នាំពាក្យ​ក្រសួង​​សុខាភិបាល​បានទេ​។​

​ក្រសួង​សុខា​ភិបាល​បញ្ជា​ក់ថា ករណី​ជំងឺ​កូ​វីដ ​១៩ ​ភាគ​ច្រើន​លើស​លុប គឺជា​ករណី​នាំចូល​ពី​ក្រៅ​ប្រទេស​។

​កាលពី​ចុងខែ​ឧសភា អង្គការ​សុខភាព​ពិភពលោក​បាន​បញ្ជាក់ថា ក្នុង​រយៈពេល​កន្លងមក​នេះ កម្ពុជា​បាន​ទទួល​​ជោគជ័យ​ក្នុងការ​ទប់ស្កាត់​មិន​ឱ្យមាន​ការឆ្លង​នៅក្នុង​សហគមន៍ ប៉ុន្តែ​ប្រទេស​នេះ​បាន​រាយ​ការណ៍​នូវ​ការឆ្លង​ជា​ចង្កោម​ធំៗ​ចំនួន ​៥​។​

​ចង្កោម​ទី​១ ​អ្នក​ឆ្លង ៧ នាក់ នៅលើ​នាវា​ទេស​ចរណ៍​ឈ្មោះ Viking Mekong ដែល​ធ្វើ​ដំណើរ​ចេញពី​ប្រទេស​វៀតណាម និង​ជា​ករណី​ឆ្លង​ជា​ចង្កោម​លើក​ដំបូង​នៅ​កម្ពុជា​។​ ចង្កោម​ទី២ គឺ​មនុស្ស ៣៤ នាក់ បាន​ឆ្លង​ជំងឺ​កូ​វីដ ១៩ បន្ទាប់ពី​ធ្វើដំណើរ​ទៅ​ចូលរួម​កម្មវិធី​សាសនា​មួយ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី និង​បន្ទាប់មក​ អ្នក​ទាំង​នោះ បាន​ចម្លង​ទៅដល់​អ្នក​ដែល​ប៉ះពាល់​ផ្ទាល់​ចំនួន ៩ នាក់​ទៀត​។ ចង្កោម​ទី៣ គឺ​មនុស្ស​ចំនួន ៣១ នាក់ បាន​ឆ្លង​ស្ថិត​ក្នុង​ចំណោម​ក្រុម​ទេសចរ​ជន​ជាតិ​បារាំង​មួយ ​ទៅកាន់​ខេត្ត​ព្រះសីហនុ ហើយ​បាន​ធ្វើឱ្យ​ឆ្លង​ទៅដល់​អ្នក​ប៉ះពាល់​ផ្ទាល់​ចំនួន ៨ នាក់​ថែម​ទៀត​។​

​ចំណែក​ចង្កោម​ទី៤ គឺ​មួយ​ករណី​នាំចូល​ពី​ប្រទេស​ថៃ ហើយ​បាន​ចម្លង​ទៅដល់​មនុស្ស​ដែលមាន​ទំនាក់​ទំនង​ជា​ប្រពៃណី​ចំនួន ៤ នាក់​ទៀត ហើយ​ចង្កោម ​ទី៥ គឺ​អ្នក​ដំណើរ​ជនជាតិ​ចិន​មកពី​ទីក្រុង Guangzhou ដែល​បាន​ចម្លង​ទៅដល់​អ្នក​ប៉ះពាល់​ផ្ទាល់​ចំនួន​ ៤ ​នាក់​ទៀត​។​

កាលពី​ថ្ងៃទី ​៧​​ ខែ​មិថុនា​ ក្រសួងសុខាភិបាល​ បានលើកឡើង​ពី​ការព្រួយបារម្ភ​ អំពី​ការឆ្លង​នៅក្នុង​ចំណោម​នៃ​ក្រុម​មនុស្ស ដែលនាំឱ្យ​មាន​រលក​ទី​ពីរ​ នៃ​ការឆ្លង​នៅ​កម្ពុជា បន្ទាប់ពី​សង្កេតឃើញថា មាន​ពលរដ្ឋ​មួយចំនួន​ ដែល​បាន​ធ្វើដំណើរ​កម្សាន្ត​ទៅ​កន្លែង​ទេសចរណ៍​ផ្សេង​ៗ​នៅក្នុង​ប្រទេស មាន​ការ​ធ្វេស​ប្រហែស​ មិន​អនុវត្ត​នូវ​វិធាន​ការការ​ពារ​ខ្លួន​ពី​ជំងឺ​កូ​វីដ​ ១៩​។​

​ក្រសួង​សុខា​​ភិបាល ​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​បន្ត​ប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់ គឺ​ត្រូវ​បន្ត​សម្អាត​ដៃ​ជាមួយ​សាប៊ូ អាល់​កុល ឬ​ជែ​ល​ឱ្យបាន​ញឹកញាប់ ពាក់​ម៉ាស់​ឬ​ក្រមា​នៅពេល​កណ្ដាស់​ឬ​ក្អក ត្រូវរ​ក្សាគ​ន្លាត​សុវត្ថិភាព​សង្គម​ និង​បុគ្គល ត្រូវ​ផ្អាក​រៀបចំ​កម្មវិធី​ជួបជុំ​ដូចជា​ពិធី​រៀបការ​ និង​ពិធី​សាសនា​ រួមទាំង​ការមិន​ធ្វើ​ដំណើរ​ចេញ​ក្រៅ​ ក្នុង​ករណី​មិន​ចាំបាច់​ជា​ដើម​៕