ភ្នំពេញៈ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃម្សិលមិញថា មានអ្នកជំងឺកូវីដ ១៩ ម្នាក់ទៀត ហើយត្រូវបានព្យាបាលជាសះស្បើយ និងបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។ លទ្ធផលនេះបានធ្វើឱ្យចំនួនអ្នកជំងឺដែលត្រូវបានព្យាបាលជាសះស្បើយកើនដល់ ១៣០ នាក់ ឬស្មើ ៩២% ក្នុងចំណោមអ្នកឆ្លងជំងឺនេះទាំងអស់ ១៤១ នាក់ និងពុំមានករណីថ្មីនោះទេ។
ក្រសួងបញ្ជាក់ថា អ្នកជាសះស្បើយថ្មីនេះគឺជាបុរសជនជាតិខ្មែរអាយុ ២៩ ឆ្នាំ ត្រូវបានធ្វើតេស្ដវិជ្ជមានជំងឺកូវីដ១៩កាលពីថ្ងៃទី ១៣ មិថុនា បន្ទាប់ពីបុរសនេះបានធ្វើដំណើរតាមជើងយន្តហោះដែលដឹកអ្នកដំណើរចំនួន ៤៦ នាក់ចេញពីប្រទេសឥណ្ឌូនេស៊ី មកដល់កម្ពុជាកាលពីថ្ងៃទី ១២ មិថុនា។
ក្រសួងបន្តថា៖ «អ្នកសម្រាកព្យាបាល [ជំងឺកូវីដ] នៅមន្ទីរពេទ្យរដ្ឋនៅសល់ចំនួន ១១ នាក់ គឺបុរសជនជាតិខ្មែរ ៧ នាក់ និងស្ដ្រីជនជាតិខ្មែរម្នាក់រួមទាំងបុរសជនជាតិឥណ្ឌូនេស៊ី ដែលវិលត្រឡប់ពីប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃទី ២៥ មិថុនា កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ខណៈអ្នកជំងឺកូវីដ ២ នាក់ទៀត ដែលទើបវិលត្រឡប់មកពីប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី ២៦ មិថុនា កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ»។
កម្ពុជា គឺជាប្រទេសដែលពុំទាន់មានករណីឆ្លងនៅក្នុងសហគមន៍នៅឡើយទេ ហើយករណីស្ទើរតែទាំងអស់គឺសុទ្ធតែជាករណីនាំចូលពីក្រៅប្រទេស។ មន្ត្រីក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធកំពុងផ្ដោតខ្លាំងទៅលើវិធានការត្រួតពិនិត្យអ្នកដំណើរនៅព្រលានយន្តហោះ ដោយរាល់អ្នកដំណើរទាំងអស់ត្រូវធ្វើតេស្ដ និងធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃ។
ទោះបីជាយ៉ាងណាកាលពីថ្ងៃទី ២៨ ខែមិថុនា រដ្ឋមន្ត្រីក្រសួង សុខាភិបាលលោក ម៉ម ប៊ុនហេង បានរំឭកឱ្យពលរដ្ឋបន្តអនុវត្តវិធានការការពារខ្លួន ដូចជាការលាងសម្អាតដៃ ពាក់ម៉ាស់ ឬក្រមានៅពេលកណ្ដាស់ ឬក្អក។ ត្រូវរក្សាគម្លាតសុវត្ថិភាពសង្គម និងបុគ្គល ដើម្បីការពារកុំឱ្យកើតមានរលកទី ២ នៃការឆ្លងជំងឺកូវីដ ១៩ នៅកម្ពុជា។
អង្គការសុខភាពពិភពលោកអះអាងថា អ្នកដែលមានហានិភ័យខ្ពស់ឆ្លងជំងឺនេះ គឺអ្នកដែលពុំអនុវត្តវិធានការការពារខ្លួនឱ្យបានត្រឹមត្រូវ និងតែងធ្វើដំណើរចល័តពីកន្លែងមួយទៅកន្លែងមួយ។
ពីម្សិលមិញលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបញ្ជាក់ខ្លីថា ជំងឺកូវីដ ១៩ ទាំងអស់ដែលបានព្យាបាលជាសះស្បើយនៅកម្ពុជាគឺពុំទាន់មានករណីលាប់ជំងឺឡើងវិញនោះទេ។
អង្គការសុខភាពពិភពលោកអះអាងថា គិតត្រឹមថ្ងៃទី ២៩ មិថុនា មានអ្នកឆ្លងជំងឺកូវីដទាំងអស់ជិត ១០ លាននាក់ និងអ្នកស្លាប់ជិតកន្លះលាននាក់ដែលត្រូវបានគេរាយការណ៍មកកាន់ខ្លួន។ ប៉ុន្តែតួលេខពីសាកលវិទ្យាល័យអាមេរិក Jonh Hopkins បានឲ្យដឹងថា ជំងឺនេះបានឆ្លងជាង ១០ លាននាក់ និងស្លាប់ជាងកន្លះលាននាក់៕